Sunday, January 24, 2016

សម្តេច​តេជោ ហ៊ុន សែន៖ សមាគម​មិត្តភា​ព​កម្ពុជា-ថៃ ធ្វើ​សកម្មភាព​កីឡាកាន់​តែសកម្ម​ថែម​ទៀត ដើម្បីចូលរួម​ប្រកួតជាមួយ​ប្រទេសដទៃ​ទៀត

សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ស្នើ​ឱ្យសមាគម​មិត្តភាព​កម្ពុជា-ថៃ ធ្វើ​សកម្មភាពកីឡាកាន់​តែសកម្ម​ថែមទៀត ដើម្បីចូលរួម​ប្រកួតជាមួយ​ប្រទេសដទៃទៀត ក្នុងឱកាស​ដែល​សម្តេច បានអនុញ្ញាតឱ្យ ឯកឧត្តម ថាណាសាក់ ប៉ាទិម៉ា​ប្រាកន (Tanasak Patimapragorn) ឧបនាយករដ្ឋមន្ត្រីថៃ ចូលជួប​សវនាការ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៣មករានេះ។

ក្រោយជំនួបបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយក​រដ្ឋ​មន្ត្រី​​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា៖ នៅក្នុង​​ជំនួប​នេះ ឯកឧត្តម ថាណាសាក់ ប៉ាទិម៉ាប្រាកន​ បាន​រាយ​ការណ៍​ជូនសម្តេច​តេជោ ហ៊ុន សែន អំពីការប្រកួត ​បាល់ទាត់​នៅពេល​ល្ងាចនេះ ហើយលោក​​បាន​​មាន​ប្រសាសន៍​ថា នេះជាលើក​ទី១ហើយ ដែល​កម្ពុជា និងថៃ បានរៀប​ចំការ​ប្រកួតនេះឡើង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព រវាងប្រទេស​ទាំងពីរឱ្យមាន​សន្ទុះ​​កាន់តែខ្លាំងឡើងថែមទៀត ។

ឯកឧត្តម ​មាន​ប្រសាសន៍ថា ការប្រកួត​បាល់ទាត់នេះ គឺមានការ​ចាក់ផ្សាយ​បន្តផ្ទាល់ទាំង​នៅប្រទេស​ថៃ និង​កម្ពុជា ។ ជាង​​នេះទៀត លោកបាន​គោរព​សុំការ​អនុញ្ញាត​ផ្តួច​ផ្តើម​គំនិត​ធ្វើ​យ៉ាង​​ណារៀប​ចំ​ ឱ្យមានការ​ប្រកួត កីឡាប្រដាល់ កម្ពុជា-ថៃ ជាមួយនឹង​ប្រទេស​ដទៃទៀត គឺមាន​ន័យថា កម្ពុជា-ថៃ រួមគ្នាប្រកួត ជាមួយ​ប្រទេសដទៃ។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមាន ​ប្រសាសន៍ថា ថ្ងៃនេះ​ជាព្រឹត្តិការណ៍​ដ៏ល្អ​មួយ ដែលឧបនាយក​រដ្ឋមន្ត្រី​​ទាំង​កម្ពុជា​ផង និងថៃផង បាន​ចូលរួម និងចាត់​ទុកថា​ជាឱកាស​ដ៏កម្រ ហើយ​ព្រឹត្តិការណ៍​នេះសោត​គឺចាត់​ទុកថា​ ជាការ​យកចិត្តទូក​ដាក់លើ​ទំនាក់ទំនង​ រវាង​ប្រទេស​​យើង​ទាំង​ពីរ ។ ចំពោះ​ការផ្តួច​ផ្តើម​របស់លោក Tanasak​ ថា ចង់​រៀបចំ​ឱ្យមានការ​ប្រកួត កីឡាប្រដាល់ កម្ពុជា-ថៃ ជាមួយនឹង​ប្រទេស​ដទៃទៀត​នោះ សម្តេចបាន​យល់ស្រប ហើយបាន​ចាត់ទុកថា ការផ្តួច​ផ្តើមនេះ គឺជាការ​ល្អដោយ​ក្រុម​កម្ពុជា-ថៃ ជាក្រុម​រួមគ្នា ដើម្បី​ប្រកួតជា​មួយ​​នឹង​ប្រទេស​ដទៃទៀត រួមទាំង​ប្រទេស​នៅអឺរ៉ុប​ផងដែរ។ ជាងនេះ​ទៀត សម្តេចក៏បា​នប្រគល់តួនាទី ជូន​ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ដែលជា ​ប្រធាន​សមាគម​មិត្តភាព កម្ពុជា​-ថៃ និងបាន​​ផ្តល់​អនុសាសន៍​ណែនាំ​ឱ្យ​សមាគម​មិត្តភាព​កម្ពុជា-ថៃ ធ្វើសកម្មភាពឱ្យកាន់តែសកម្មថែមទៀត៕ 
អត្ថបទ៖ ប៊ុនធី

បទអត្ថាធិប្បាយ ដោយ​ រត្ន័​ សណ្ដាប់​៖ ប្រមុខការ​ទូ​​ត​​អាមេ​រិកំាង ​អាច​នឹង​កាន់​កំាបិត​​មុខ​ពីរ​​មក​កម្ពុជា​

ប្រភពព៌ត័មាន​ពី​ក្រ​សួង​ការ​បរទេស​កម្ពុជា​បានដឹង​ថា​ លោក ចន ឃែរី (Jonh Kerry) ​ ប្រមុខការទូត​​​​អាមេរិកំាង​​​នឹ​ងមក​ធ្វើ​​​ទស្សនកិច្ច​ជាផ្លូវការ​នៅ​កម្ពុជា​  រយៈ​ពេល​២ថ្ងៃ ទី២៥-២៦ ខែមករា ឆ្នាំ​២០១៦ខាង​មុខ។​​​ នេះ​ជាដំណើរទស្សនកិច្ចជា​​ប្រវត្ដិ​សាស្រ្ដ​ មួយទៀត ដែល​គេ​ឃើញ​​ប្រមុខ​ការ​ទូត​អាមេរិក​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ​ដែល​នឹងជា​លើក​ទី៣​ក្នុង​រយៈ​ពេល៦០​ឆ្នាំ​គត់។ ​ គេ​គួរ​រំ​ឭក​ថា រដ្ឋមន្រ្ដី​ការ​បរទេស​អាមេរិកំាង  មក​ធ្វើទស្សនកិច្ច​​លើក​ទី​មួយ​ នៅ​ឆ្នាំ​១៩៥៥​ គឺ​លោក John Foster Dulles ឆ្នាំ១៩៥៥ បន្ទាប់​ពី​កម្ពុជា​បាន​ទទួល​ឯក​រាជពីរឆ្នាំ ​និង​លើក​ទីពីរ​នៅ ឆ្នាំ​១៩៩៥ គឺ​លោក Warren Christopher
អស់​រយៈ​ពេលប្រមាណ​​៦ទសវត្សរ៍ ដែល​មានកំពូល​អ្នក​ការ​ទូតរបស់​​ប្រទេស​មហា​អំណាច​លើពិភពលោក​មក​កម្ពុជា​ ជាប្រទេស​តូចតាច​យ៉ាងនេះ​ គឺមិន​មែន​ជា​រឿង​ធម្មតា​ទេ។​ រឿង​ដែល​មិន​ធម្មតា​នេះ​ យើង​សូម​​ធ្វើការ​​អធិប្បាយសង្ខេប​​ដូចខាង​ក្រោម៖​
ទីមួយ) លោក ចន ឃែរី​ ដែលនឹងធ្វើ​មកទស្សនកិច្ច​​កម្ពុជា​នេះ គឺ​ក្រោម​ការ​ណែនំា​របស់​លោក​ប្រធានា​ធិបតី​ ប៉ារ៉ាក់ អូប៉ាម៉ា​ ដែល​បច្ចុប្បន្ន​នេះ​ ភាសានយោបាយ​​អាមេរិក​ឲ្យ​ឈ្មោះ​ថា ​«ប្រធានាធិបតី​ចំាផ្ទះ​-Lame Dick President»។​  ដូចការសន្យា​របស់លោក​ អូប៉ាម៉ា  ​កាល​ពី ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​ទៅ ​នៅ​ គូឡាឡាំពួ ​នឹ​ងលោក​អញ្ជើញ​ប្រមុខ​រដ្ឋាភិបាល​ទំាង​១០​ របស់​អាស៊ាន​ ទៅ​ប្រ​ជុំ​លើក​ក្រោយ​នៅសហរដ្ឋអាមេរិក​។​ លោក​អូប៉ាម៉ា បាន​កំណត់​រួច​​ហើយ​គឺ​យក​​ថ្ងៃ​ទី​១៥-១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ​ប្រារព្វ​នៅ​ទីក្រុង​មួយ​នៅ​រដ្ឋធានី​កាលី​ហ្វ័រនី​ភូមិភាគខាង​ជើង។​​
ដោយ​សារ​កិច្ចសហប្រត្ដិការ​រវាង​អាមេរិក​និង​កម្ពុជា​ មិន​សូវ​មាន​ភាព​រលួន​កន្លងមក​ ម្យ៉ាង​ទៀត​​​នយោបាយ​របស់​អាមេរិក​​ កំពុង​តែ​ទាក់គ្នា​ដូច​ខ្សែរអំបោះ​ ក្នុង​យុទ្ធសាស្រ្ដ​នយោ​បាយ​ភូមិសាស្រ្ដ ​(​​​Geopolitics) សំដៅ​​នៅ​ប្រទេស​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​។ ដូចនេះ​ជា​ការ​ចំាបាច់​ណាស់ ដែល​តម្រូវ​ឲ្យ​តំណាង​ប្រេសិត​ពិសេសរបស់ ​​លោក អូប៉ាម៉ា​ ត្រូវ​​មក​ជួប​លោក​នាយករដ្ឋមន្រ្ដី​ ហ៊ុន សែន​ ដើម្បី​អញ្ជើញ​ជា​ផ្លូវ​ការ​ផង​ និង​​ជជែក​គ្នា​ក្រៅ​ផ្លូវការ​។​
ទង្វើនេះ ​គឺ​ជា​អ្វី​ដែល​គេ​ហៅថា​​ ជាការ​រៀបចំ​យុទ្ធសាស្រ្ដ​របស់​ប្រទេស​​មហាអំណាច​ដើម្បី​ឲ្យ​សម័យ​ប្រជុំ​ កំពូល​នៅ​ពាក់កណ្ដាល​​ខែ​កុម្ភៈ​​ខាង​មុខ ត្រូវតែ​ប្រព្រឹត្ដ​ទៅឲ្យបាន​​លទ្ធ​ផល​​យ៉ាង​ណា​ដែល​អាមេរិក​ចង់បាន​ ជៀសវាង​ការប្រទូស្ដ​ប្រទ្រាស់​​គ្នា​ ក្នុង​ពេល​អង្គ​ប្រជុំ​។​
ចំណែកឯរឿងទីពីរនេះ យើង​យល់ថាជានយោបាយ​​កេង​ចំណេញ​សុទ្ធសាធ គឺ​បាន​​ធ្វើឲ្យ​យើង​នឹក​ដល់​កិច្ច​ប្រជុំ​កំពូល​នៅ​កម្ពុជា​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២​ នៅរាជធានី​ភ្នំពេញ​ ដែល​មាន​វត្ដមាន​របស់​ លោក អូប៉ាម៉ា​ និង​ប្រមុខ​ការ​ទូត​របស់​លោក អូប៉ាម៉ា​ គឺ លោកស្រី​ ហ៊ីលឡារី​ គ្លីនតុន (​Hillary Clinton) ដែលកាលណោះ ​​បាន​ដាក់សម្ពោតមក​លើ​​លោក​នាយក​រដ្ឋមន្រ្ដី​ ហ៊ុន សែន​ ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គិត​គួរ​​ឲ្យមែន​ទែន​ក្នុង​រឿង​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ ​សម្រួល​បរិយាកាស​នយោបាយ​ឲ្យ​ដល់​បក្ស​ប្រឆំាង​ ក្នុង​គោល​បំណង​ចង់​ឲ្យ​មេ​ដឹក​នំា​បក្សប្រឆំាង ​គឺលោក សម រង្ស៊ី​ បាន​វិល​ចូល​មក​ប្រទេស​​កម្ពុជាវិញ ​​ដើម្បី​បាន​មក​ចូល​រួម​​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​។​
ក្នុង​បរិការនេះ​ យើងយល់ថា​ អ្នកវិភាគ​នយោបាយ​​មួយចំនួន​ក៏អាចយល់បាន​ និង​រង់ចំា​ស្ដាប់​ លោក ចន​ ឃែរី​ តើ​លោក​នឹ​ងច្រៀង​ចម្រៀង​ដដែលៗ ​ពេល​មកកម្ពុជា​ឬ​យ៉ាង​ណា?​  ​បើ​យ៉ាង​នោះ​មែន លោក ឃែរី​ ពិតជាច្រៀងមិន​ហួស​ពី​ប្រធានបទ៖ លើកកំពស់​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​ បន្ទូរបន្ថយ​បរិយាកាស​នយោបាយ​នៅកម្ពុជា​ អនុញ្ញាតឲ្យ​បក្សប្រឆំាង​ស្រែក​ឡូឡាតាមចិត្ដ​នៅកម្ពុជា​ ត្រូវរំលោភ​នីតិវិធី​ និង​ច្បាប់របស់​កម្ពុជា​ គឺ​សុំឲ្យ​ដោះ​លែង​អ្នក​ជាប់​ទោស​ព្រហ្មទណ្ឌ​ ដែល​ជាសមាជិក​សកម្ម​របស់​បក្សប្រឆំាង​ ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី​ បាន​ចូល​ស្រុក​វិញ ។ល។​
​          ចំណុចចុងក្រោយ ​ដែលយើងរៀបរាប់​មកនេះ​ យើង​យល់ថា​ ​​គឺ​ពិតជា​ប្រយោជន៍​របស់​​​លោក អូប៉ាម៉ា​ និងក្រុមរបស់គាត់សុទ្ធសាធ ​ពិសេសគណបក្សប្រជាធិបតេយ្យ​​ដែល​បច្ចុប្បន្ន​​ កំពុង​ឆ្លង​កាត់​ព្យុះសង្ឃារា​​ កំពុង​ឃោសនា​ដណ្ដើម​ការគំាទ្រ​ពី​សំណាក់​ពលរដ្ឋ​អាមេ​រិក​​កំាង​ ដើម្បី​ឈាន​ដល់​ការ​ឈ្នះ​ឆ្នោត​លើ​​គណបក្សសាធារណរដ្ឋ​ ​ក្នុងពេល​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​​ ដែល​នឹង​ប្រព្រឹត្ត នៅ​ថ្ងៃ​ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខ​។​
ក្នុង​ន័យនេះ​ ប្រសិន​បើរាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើតាម​សំណូម​ពរ​ ​លោក​ ចន ឃែ​រី​ ​នោះ​ គឺទីមួយ ធ្វើ​ឲ្យ​ខ្មែរ​ដែល​មាន​សញ្ឆាតិអាមេរិកកំាង​រាប់ម៉ឺននាក់​ ​បោះឆ្នោត​ឲ្យ​គណបក្ស ប្រជាធិបតេយ្យ ​ដែលពួក​អាណិកជនទំាង​នោះជាអ្នក​គំាទ្រ​គណបក្សប្រឆំាង​នៅ​កម្ពុជា​។ ​​ទី​ពីរ គឺ​លោក ចន ឃើរី​ បង្ខំឲ្យរាជ​រដ្ឋាភិបាលកម្ពុជា យក​​​ច្បាប់នីតិរដ្ឋ មកអង្គុយ​លើតែម្ដង។​
ជាសរុប ​អ្វី​ដែល​យើង​បាន​អធិប្បាយ​មក​នេះ​ គឺ​គ្រាន់តែ​ចង់បង្ហាញ​ថា​ប្រទេស​នីមួយៗ ទោះ​បី​ជា​ប្រទេសនោះ​តូចក្ដី ឬធំដល់​ជាមហាអំណាច​ទោល​ក្រោម​មេឃ​​ក្ដី​ ​គេ​តែង​​តែ​ដើរនយោបាយ​ធ្វើ​ឲ្យចំណោញ​ប្រទេស​គេ​ ទោះ​ជារឿងរ៉ាវ​តូច​តាច​ក្ដី​ គេត្រូវ​តែឈ្នះ​ ​រី​ឯ​កម្ពុជាវិញ​​ គេ​ក៏ត្រូវ​តែ​គិត​ប្រយោជន៍​របស់​ប្រទេសគេ​​ដែរ។​

ដូច្នេះ​ការ​ធ្វើ​អធិប្បាយ​នេះ គ្រាន់តែ​ជា​ទស្សនទាន​មួយ​ចង់​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​​​យល់​អំពី​ដំណើរ​ទស្សនកិច្ចរបស់​ប្រមុខការទូត​​អាមេរិក ដែល​មកកម្ពុជា ​​ គឺ​ច្បាស់​ជា​​​កាន់កំាបិត​មុខពីរ​មកជាមួយពុំ​ខាន​!​​ យើង​សង្ឃឹមថា នយោបាយ​សហរដ្ឋអាមេរិក នឹង​មិន​ដើរ​​តាម​​​លំអាន​ប្រវត្ដិសាស្រ្ដ​ឆ្នាំ​១៩៧៥ ម្ដង​ទៀត​ទៅចុះ​៕​