Monday, December 13, 2021

វិភាគអន្តរជាតិ៖ ៦ចំណុច នៃការយល់ឃើញរបស់រុស្ស៊ី ចំពោះអ៊ុយក្រែន


(ម៉ូស្គូ)៖ នៅក្រោយជំនួបតាមប្រព័ន្ធវីដេអូ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្ដាហ៍មុន ក្រុមមន្ត្រីរុស្ស៊ី បានបន្ទោសថាអង្គការ NATO គឺជាអ្នកបង្កឱ្យមានការប្រឈមមុខដាក់គ្នា និងចាត់ទុកអ៊ុយក្រែនថាជារដ្ឋអាយ៉ងរបស់លោកខាងលិច ហើយបានប្រកាន់ ជំហរថារុស្ស៊ីនឹងមិនដកកងទ័ពចេញពីតំបន់ព្រំដែនស្ថិតនៅក្បែរប្រទេសអ៊ុយក្រែន នោះឡើយ។


បើតាមក្រុមមន្ត្រីចារកម្មអាមេរិក, រុស្ស៊ីមានផែនការវាយប្រហារលើអ៊ុយក្រែននៅដើមឆ្នាំ២០២២ខាងមុខនេះ។ ក្រុមមន្ត្រីអាមេរិក និងសហភាពអឺរ៉ុបបានចេញមុខ ព្រមានជាបន្តបន្ទាប់់ពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងម៉ូស្គូ ហ៊ានបើកការវាយប្រហារមែននោះ។ ប៉ុន្តែពួកគេមិនបាននិយាយ ឬក៏បង្ហាញការប្ដេជ្ញាចិត្តថានឹងចូល ជួយអ៊ុយក្រែនតាមរយៈកម្លាំងយោធា ដែរឬក៏យ៉ាងណានោះទេ?


ខាងក្រោមនេះគឺជាចំណុចទាំង៦ ដែលរុស្ស៊ីយល់ឃើញចំពោះអ៊ុយក្រែន ហើយចំណុចទាំងអស់សុទ្ធតែជាឧបសគ្គធំរារាំងដល់ការស្វែងរកដំណោះស្រាយ៖


១- អ៊ុយក្រែនចង់ដើរចេញពីដែនឥទ្ធិពលរុស្ស៊ី៖ ភាពតានតឹងជាមួយរុស្ស៊ីសព្វថ្ងៃ បាន និងកំពុងរុញច្រានឱ្យអ៊ុយក្រែន កាន់តែមានទំនោរឆ្ពោះទៅរកលោកខាងលិច។ ជាក់ស្ដែង បើតាមការស្ទង់មតិកាលពីខែវិច្ឆិកា កន្លងទៅ របស់អង្គការស្ទង់មតិ Rating Group Ukraine ប្រជាជនអ៊ុយក្រែន ៦២ភាគរយចង់ឱ្យប្រទេសរបស់ពួកគេ ចូលរួមជាមួយសហភាពអឺរ៉ុប និង ៥៨ភាគរយចង់ក្លាយជាសមាជិក NATO។ តែបំណងប្រាថ្នាទាំងនេះគឺជា «បន្ទាត់ក្រហម» កំណត់ដោយលោក ពូទីន។


មិនតែប៉ុណ្ណោះ ការស្ទង់មតិកាលពីដើមខែធ្នូនេះ ក៏បានបង្ហាញផងដែរថាប្រជាជនអ៊ុយក្រែន ៧២ភាគរយ យល់ថារុស្ស៊ីគឺជាសត្រូវ។


២- លោក ពូទីន ចង់ឱ្យអ៊ុយក្រែនត្រឡប់មកនៅក្រោមឥទ្ធិពលរុស្ស៊ី


បើគេចាំមិនភ្លេចទេ, នៅក្នុងជំនួបជាមួយអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស នៅឯកិច្ចប្រជុំកំពូល NATO កាលពីឆ្នាំ២០០៨ នៅក្នុងទីក្រុង ប៊ុយការ៉េស (Bucharest) ប្រទេសរូម៉ានី, លោក ពូទីនធ្លាប់បានប្រាប់លោក ប៊ូស ដូច្នេះថា «អ្នកមិនដឹងទេ, ចច! អ៊ុយក្រែនមិនមែនជារដ្ឋនោះទេ។ លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះជាការឆ្លើយតបទៅនឹងលោក ប៊ូស ដែលលើកទឹកចិត្តឱ្យអ៊ុយក្រែន និងហ្ស៊កហ្ស៊ី ចូលជាសមាជិក NATO។


ក្រុមមន្ត្រីរុស្ស៊ី និងបណ្ដាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន ជារឿយៗតែងតែចាត់ទុកថាអ៊ុយក្រែន ដែលធ្លាប់ជាដែនដីអតីតសហភាពសូវៀត គឺនៅតែជាផ្នែកមួយនៃ ទឹកដីរុស្ស៊ី។ បន្ថែមពីលើនេះ សូម្បីតែលោក ពូទីនផ្ទាល់ក៏បានលើកឡើងដែរថាអធិបតេយ្យភាពពិតប្រាកដរបស់អ៊ុយក្រែន អាចមានទៅរួច ដរាបណាស្ថិតនៅក្រោម ភាពជាដៃគូជាមួយរុស្ស៊ី តែប៉ុណ្ណោះ។


៣- អ៊ុយក្រែនជាទ្រនាប់ការពាររបស់រុស្ស៊ី


រុស្ស៊ីតែងតែចាត់ទុកថាបណ្ដារដ្ឋទាំងអស់នៅក្នុងតំបន់អឺរ៉ុបខាងកើត ជាពិសេសបណ្ដាប្រទេសដែលមានព្រំដែនជាប់នឹងខ្លួន គឺជាទ្រនាប់ការពារដ៏សំខាន់មិនអាចខ្វះ បាន និងជាដែនឥទ្ធិពលផ្ដាច់មុខរបស់ខ្លួន ដើម្បីការពារការវាយប្រហារណាមួយពីសំណាក់ NATO។


៤- រុស្ស៊ីតែមួយ


កាលពីឆ្នាំ២០០៩, ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានប្រើពាក្យ «រុស្ស៊ីតែមួយ» ដោយចង់សំដៅទៅលើរុស្ស៊ី, អ៊ុយក្រែន និងបេឡារុស ហើយលោកបានអះអាងថា គ្មាននរណាត្រូវបានអនុញ្ញាតឱ្យលូកលាន់ចូលក្នុងទំនាក់ទំនងនៃប្រទេសទាំង ៣នោះទេ។ ដូច្នេះហើយ ទើបរុស្ស៊ីបានផ្ដល់លិខិតឆ្លងដែនដល់ប្រជាជនដែលស្ថិតនៅ តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ដើម្បីឱ្យពួកគេធ្វើជាពលរដ្ឋរុស្ស៊ី។ តាមរយៈការកាន់លិខិតឆ្លងដែនរុស្ស៊ីនេះ, ទីក្រុងម៉ូស្គូ អាចធ្វើអន្តរាគមន៍យោធាទៅតាម ច្បាប់របស់ខ្លួន ដើម្បីការពារពលរដ្ឋរុស្ស៊ី។


៥- សុបិនអាក្រក់របស់រុស្ស៊ី


សុបិនអាក្រក់របស់រុស្ស៊ី នោះគឺអ៊ុយក្រែនក្លាយជាប្រទេសមួយខ្លាំងក្លា មានស្ថិរភាព និងប្រជាធិបតេយ្យ។ ក្រុមអ្នកជំនាញជាច្រើនយល់ថាលោក ពូទីន តែងតែប្រើ អ៊ុយក្រែន ដើម្បីបង្វិលស្ថានការណ៍នយោបាយ ឬស្វែងរកការគាំទ្រនៅក្នុងស្រុក។ តួយ៉ាង ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានធ្លាប់យកតំបន់គ្រីមៀមកធ្វើជាឧទាហរណ៍ពីការ បង្រួបបង្រួមប្រទេស ដោយចង់សំដៅថា «ការបែកបាក់មានន័យស្មើនឹងភាពចលាចល»។


៦- ត្រឡប់ទៅរកសម័យចក្រភពរុស្ស៊ី


រុស្ស៊ីបានបាត់បង់ចក្រភពសូវៀតអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ បច្ចុប្បន្ន រុស្ស៊ីកំពុងសម្លឹងឃើញឱកាសក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួនឡើងវិញ ដោយបាន បោះជំហានទៅកាន់តំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយសារតែពួកគេយល់ថាអំណាចរបស់សហរដ្ឋអាមេរិកកំពុងថយចុះ។ លោកស្រី កាចា កាឡាស (Kaja Kallas) ជានាយករដ្ឋមន្ត្រី នៃប្រទេសអេស្ដូនី បានកត់សម្គាល់កាលពីសប្ដាហ៍មុនថា លោក ពូទីន កំពុងប្រើប្រាស់ការគំរាមកំហែងផ្នែកយោធា ដើម្បីបង្ខំឱ្យ NATO ធ្វើការជ្រើសរើសជំហានជាក់លាក់មួយ ហើយគួរឱ្យបារម្ភបំផុត នោះគឺការបំបែកបំបាក់ និងធ្វើឱ្យអឺរ៉ុបធ្លាក់ចូលក្នុងដែនឥទ្ធិពលរុស្ស៊ីជាថ្មី៕


ប្រភព៖ stripes (ថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១)

ដោយៈ Fresh News




ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ផ្ញើសារជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ

(ភ្នំពេញ)៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រី បានផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំ។

   

នាឱកាសដ៏ប្រពៃវិសេសថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមការអនុញ្ញាតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន ជន្នាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត ជាពិសេសការស្វះស្វែងរក ជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជួយដល់ជនងាយរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរថ្លង់ យុទ្ធជន របួស ជនពិការ ព្រមទាំងជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។ ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕





សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ

 (ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៦៧ ឈានចូល៦៨ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។


សារលិខិតរបស់សម្តេច សាយ ឈុំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីសោមនស្សរីករាយ សូមថ្លែងនូវអំណរសាទរជាមួយមនោសញ្ចេតនាប្រកបដោយសេចក្តីស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ឈានចូល ៦៨ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
ខ្ញុំសូមកោតសរសើរ ចំពោះវីរភាពដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី បំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុនៃការងារមនុស្សធម៌។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកាកបាទក្រហមកម្ពុជា និងជាអ្នកដឹកនាំស្ត្រីដ៏ឆ្នើមមួយរូប ហើយក៏បានបំពេញតួនាទី យ៉ាងសំខាន់រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា ការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សេចក្តីថ្លៃថ្នូរ កិត្តិយស តួនាទីរបស់ស្ត្រី និងកុមារ ព្រមទាំងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ខ្ញុំ និងភរិយា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រៃ គុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានបញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ និងសូមប្រសិទ្ធពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ចមានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕





កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣០ម៉ឺនដូសបន្ថែមទៀត ជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ៣០ម៉ឺនដូស​បន្ថែមទៀត ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាបន្តទៀតហើយ។

ប្រទេសកម្ពុជា ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ប្រមាណ ៦.៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។ មកដល់ពេលនេះវ៉ាក់សាំងចម្រុះជាង ៣លានដូសហើយ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ វ៉ាក់សាំងជាជំនួយរបស់កូវ៉ាក់ដែលដឹកនាំមកដល់ប្រទេសកម្ពុជានោះ មានដូចជាស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា ម៉ូដេណា និងចនសុន&ចនសុន។
កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ តាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញ ជំនួយពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់នោះ មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤០លានដូស។
ភាពជោគជ័យរបស់កម្ពុជា លើការរកបានវ៉ាក់សាំង និងការសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានស្ទើរតែ១០០ភាគរយ លឿនជាងផែនការគ្រោងទុកនេះ នាំឱ្យអង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសជាច្រើន បង្ហាញនូវការស្ញប់ស្ញែង និងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាឆ្លងផុតពីហានិភ័យ និងការរាតត្បាតនៃជំងឺកូវីដ១៩ ហើយកំពុងបើកប្រទេសជាតិឡើងវិញគ្រប់វិស័យផងដែរ៕