Thursday, April 03, 2014

បទអត្ថាធិប្បាយ៖ នយោបាយ​បាច​អង្កាម​បញ្រ្ចាសខ្យល់​របស់​បក្ស​សង្គ្រោះ​ជាតិ​


មកដល់​តំណាក់​កាល​បច្ចុប្បន្ន​នេះ​ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ទើ​​រតែ​អស់​ផ្លូវ ឬ (​សេណា​រីយ៉ូនយោបាយ) ដែល​មាន​បរទេសមួយចំ​នួន​​បាន​គូស​វាស​ពី​ក្រោយ​ឲ្យ​​​​​ដើរ​ទៅ​ហើយ ប៉ុន្តែ​ ពួក​គេ​នៅ​តែ​​ចិញ្ចឹម​ចិត្ត​បង្ក​ឲ្យ​មាន​ចលាចល​​ក្នុង​សង្គម​​តាម​​​​គ្រប់​រូប​ភាព​ដើម្បី​ធ្វើ​យ៉ាង​ណា​​​ឲ្យអ្នក​ដែល​គូស​វាស​នោះ​ និង​​ប្រជាពលរដ្ឋមួយចំ​នួន​​នៅ​មើល​ឃើញ​ថា​ បក្ស​ខ្លួន​នៅ​មាន​សម្លេង​ និង​បន្ត​ធ្វើឲ្យ​មាន​​​​ការ​រាំង​ស្ទះ​​ដល់​ការ​អភិវឌ្ឍ​ន៍​ប្រទេសជាតិដោយ​មិន​រាថយ។

ចេតនានាំគ្រោះ​សម្រាប់​ជាតិ​ដោយ​គណបក្ស​ប្រឆាំង ក៏មាន​ការ​ឃុប​ឃិត​គ្នា​យ៉ាង​ស្អិត​​រមួតផង​ដែរជាមួយ​អង្គការ​សមាគម និងសហជីព​មួយ​ចំ​នួន​ ដើម្បី​ជា​ជំ​នួយកម្លាំង​ក្នុង​ការ​បង្ក​ការតវ៉ាតាម​គ្រប់​រូប​ភាព​ ជាលក្ខណៈពហុវិស័យ (បាន​ន័យ​ថា តួអង្គម្នាក់ពីរនាក់ប៉ុណ្ណោះ​ ឃើញ​ចេញ​មុខតវ៉ាស្ទើរគ្រប់​រឿង និង​គ្រប់​ជំ​នាញ) នៅពេល​មាន​ការ​ប្រមូល​ផ្តុំឃើញ​មុខ​គ្រប់​ពេល គ្រប់​ទី​កន្លែង។

សកម្មភាព​របស់​ក្រុម​ប្រឆាំង​ ​មានដូច​ជា​ ​ការ​ប្រកាសកៀង​គរ​​ប្រជា​ពលរដ្ឋ​​​ឱ្យ​មក​ធ្វើ​មហា​បាតុកម្ម ញុះញង់​​កម្មករ​ឲ្យទាម​ទារ​តម្លើង​ប្រាក់​ខែតាម​ចំ​នួន​ខ្ពស់​ដែល​គេចង់​បាន ហើ​យ​​ថ្មីៗនេះ​​ប្រកូក​ប្រកាស​ប្រមែរ​ប្រមូល​សកម្មជនរបស់​ខ្លួន​ បាន​មួយ​ចំនួន​តូច​មក​ធ្វើ​ជា​សមាជ ​នៅ​ទី​ស្នាក់​ការ​​របស់​ខ្លួន ប៉ុន្តែ ដោយនៅពេល​នោះ​ ​ឃើញ​ថា ​ចំនួន​អ្នក​គាំទ្រមាន​ចំ​នួន​តិចតួច​ពេក​ មេបក្ស​ប្រឆាំង​ សម រង្ស៊ី​ ក៏​បញ្ជា​ឲ្យ​​លើក​​​វេទិកា​មក​ដាក់​នៅ​កណ្តាល​ផ្លូវជាតិ​ ដើម្បី​​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ បង្ហាញ​ថា​​អ្នក​ចូល​រួមក្នុង​សមាជ​នោះ​​មាន​​ចំនួន​​ច្រើន​។

ដើម្បី​បន្ត​ការំខាន​ដល់​ជីវភាពរស់​នៅ​របស់​ប្រជា​ពលរដ្ឋ​​​ ក្រុម​បក្ស​ប្រឆាំង​បន្ត​​បង្កើត​ឲ្យ​​​​​មាន​​ជាកូន​ខ្យល់​តូចៗ​ ដើម្បី​ជាឈ្នាន់​បញ្ឆេះ​ឲ្យ​មាន​អំពើ​ហិង្សា​​រវាង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច និង​អ្នក​តវ៉ា ដើម្បី​បំពង​សម្លេង​​​។ ​​ការ​ចិញ្ចឹម​ឲ្យ​មាន​កូន​​​ខ្យល់​បក់ ដើម្បី​បញ្ឆេះ​ចលនា​​ឡើង​​វិញ​​​​នេះ​ ត្រូវបាន​​ដើរ​តួ​​ដោយ​​​លោក​​ស្រី​ មួរ​ សុខ​ហួរ​ ក្នុង​ការ​ធ្វើ​ការ​ប្រមូល​ផ្តុំ​មនុស្សបួន​ ទៅ​ដប់​នាក់​​ នៅ​​ក្បែរ​​ៗ​ទី​លាន​ប្រជាធិ​ប​តេយ្យ​​ ជារៀង​រាល់​ព្រឹក។ ពួក​គេ​គ្មាន​ជំនាញ​ក្នុង​ការ​ចុះ​ទៅ​ជួយ​ច្រូត​ស្រូវ​ ឬចុះ​ទៅ​ជួយ​ដក​ស្ទូង​ប្រជាពលរដ្ឋ​ទេ​ តែ​បើ​ជំនាញ​បក់​ដៃ​​ប្រកូក​ប្រកាស​មក​ធ្វើ​បាតុកម្ម​​ ទើប​​ជា​ជំនាញ​​របស់​​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​។

ការ​ធ្វើ​ឲ្យ​មាន​អស្ថេរ​ភាព​សង្គម​​នេះ​ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​បន្តិច​បន្តួច​ផង​ដែរ​ដល់​​​សេដ្ឋ​កិច្ច​ជាតិ​ និង​ចំណូល​របស់​ប្រជាពលរដ្ឋ​​ ជាពិសេស​ចំណូល​​របស់​គ្រួសារ​ប្រជា​ពល​​រដ្ឋ​​នៅតាម​ជន​បទ​ ​​    ដោយសារ​​តែ​ក្រុម​គ្រួសារ​ ឬ​សាច់​ញាត្តិ​​ដែល​មក​ធ្វើ​ការ​នៅ​ទី​ក្រុង​ ​មិន​​​​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​​ការ​ងារ​ ដោយ​ត្រូវ​បាន​ក្រុម​សកម្មជន​របស់​បក្ស​សង្គ្រោះ​​ជាតិ​ បង្ខំ​ឲ្យ​ចេញ​មក​ប្រមូល​​ផ្តុំ​ធ្វើ​​បាតុកម្ម​ ជាមួយ​បក្ស​ខ្លួន​​​។

ឮការ​បង្ក​នូវ​ចលាចល​​គ្រប់​បែប​យ៉ាង​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ជាពិសេស​អាជីករ​លក់​ដូរ​ មាន​ការ​ធុញ​ទ្រាន់​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ជាខ្លាំង​។​ ក្រុម​អ្នក​វិនិយោគ​ និង​ប្រជា​ពលរដ្ឋ​ បាន​ទម្លាក់​​កំហុស​ទាំង​ស្រុង​ទៅ​លើ​គណបក្ស​ប្រឆាំង​ ពី​ព្រោះ​បក្ស​មួយ​នេះ​បា​​ន​ធ្វើ​​​ឲ្យ​ប៉ះ​ពាល់​ដល់​សង្វាក់​​ផលិត​កម្ម​ និង​ផលិត​ផល​វាយនៈភ័ណ្ឌ​ដែល​ត្រូវ​នាំ​ចេញ​​ដែល​មាន​​ទំហំ​ទឹក​ប្រាក់​រហូត​ដល់​រាប់​លាន​ដុល្លារ​។​ ជាក់​ស្តែង​ ការវាយតម្លៃ​របស់​ក្រសួង​មហាផ្ទៃ​ដែល​​បាន​ផ្សាយ​នៅ​​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៤ ឲ្យដឹងថា ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន  មាន​ចំនួន ៧,៦​លាន​​ដុល្លារ ដែល​ក្នុងនោះ​ការខូចខាត​នៅ​រាជធានី​ភ្នំពេញ មាន​ទៅ​ដល់​ជាង ៧,៥​លាន​ដុល្លារ​​។ ចំណែក​ការខូចខាត​នៅ​រោងចក្រ​កាត់ដេរ ដោយសារ​កូដកម្ម បាតុកម្ម​ទាមទារ​ដំឡើង​​​ប្រាក់​ឈ្នួល​របស់​កម្មករ​វិញ មាន​ចំនួន​ប្រមាណ ៧២​លាន​ដុល្លារ ក្នុងនោះ​រួមមាន ការ​​ខូច​​ខាត​ទ្រព្យ​សម្បត្តិ ១៧,២​លានដុល្លារ​ ខូច​សង្វាក់​ផលិតកម្ម ៤៦,២​លាន​ដុល្លារ ខូច​សម្ភារៈ​​ផ្សេងៗ​​ចំនួន ៨,៧​លានដុល្លារ​។​
ស្ថិត​ក្នុង​ស្ថាន​ភាព​នេះ   គឺ​ស្រប​គ្នា​ទៅ​នឹង​ការ​ព្យាករណ៍​​​ របស់ធនាគារ​អភិវឌ្ឍ​អាស៊ី​ ( ADB )​ ដែល​ថា​ កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នៅឆ្នាំ​២០១៤​នេះ នឹង​ធ្លាក់​ចុះ​តិច​តួច​​ គឺ​មក​​នៅ​ត្រឹម​ ៧​% បើប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៣ ដែល​មាន​ ៧,២%​។​

ដូច្នេះ​ ការ​ថម​ថយ​​នេះ​ គឺពិត​​ជា​​បណ្តាល​​​មក​ពី​ភាព​​មិន​ច្បាស់​លាស់​​នៃ​ឆន្ទៈ​​នយោ​បាយ​​​​​បច្ចុប្បន្ន​​របស់​បក្ស​ប្រឆាំង​ និង​នយោបាយ​ខុសឆ្គងកន្លង​មក​​របស់​បក្ស​នេះ​​​ ដែល​​​បាន​​ដឹក​នាំ​​កម្មករ​រោង​ចក្រ​កាត់​ដេរ​​ឲ្យ​មក​ធ្វើ​បាតុកម្ម​យ៉ាង​ពិត​ប្រាកដ​​ ហើយ​មក​ដល់​ពេល​​​នេះ​ប្រជា​ពលរដ្ឋ​ កាន់​តែ​អស់​ជំនឿ ​​ទៅ​លើ​​គណបក្ស​ប្រឆាំង​មួយ​នេះ ខ្លាំង​ណាស់​ ពី​ព្រោះ​​​ផល​វិបាក​គឺ ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​មាន​ការ​ថយ​ចុះ​ បង្កភាព​វឹក​វរ​ក្នុង​សង្គម​ រំខាន​ការ​រក​ស៊ី​របស់​ប្រជា​ពលរដ្ឋ​ ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​ខាត​បង់​នូវ​ប្រាក់​ចំណូល​ ហើយ​ទី​បំផុត​បាន​​​ធ្វើ​ឲ្យ​​ជីវភាព​​ប្រជា​ពលរដ្ឋ​​​កាន់​តែ​ក្រី​ក្រទៅ​វិញ​។​​

តាម​ពិត​ បើ​ពិនិត្យ​ឲ្យ​ស៊ី​ជម្រៅ​​ទៅ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ​ទេ​ ដែល​ត្រូវ​ទទួល​​រង​នូវ​ការ​ខាត​បង់​យ៉ាង​ធ្ងន់​ធ្ងរ​ ពី​ព្រោះ​ប្រជាប្រិយ​ភាព​របស់​បក្ស​ប្រឆាំង​មួយ​នេះ​ កាន់​តែ​មាន​អ្នក​គាំទ្រ​តិចទៅៗ​ ពី​មួយថ្ងៃ ទៅ​មួយ​ថ្ងៃ​​។ ម្យ៉ាង​ទៀត​ ការ​តវ៉ា​របស់​ពួក​គេ​ ក៏​កាន់​តែ​ឥត​ន័យ​ ដោយ​សារ​សំណើផ្សេង​ៗ​របស់​ពួក​គេ​ស្នើ​ឲ្យសហគមន៍​អន្តរជាតិ​ ​ដាក់​ការ​គាប​សង្កត់​​មក​លើ​រាជរដ្ឋាភិបាល​​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​ស្រប​ច្បាប់​ កាន់​តែ​គ្មាន​ប្រសិទ្ធិ​ភាព​។​​ មូល​ហេតុ​ សំខាន់​ និង​ធំ​បំផុត​ដែល​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ខាត​បង់​មួយទៀត​ គឺ​ការ​សន្យា​ជ្រុល​ហួស​ហេតុ​ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​នេះ​កាន់​តែ​ជាប់​ផុង​​ជាមួយ​​នឹង​ពាក្យ​សន្យា​របស់​ខ្លួន​ចំពោះមុខ​​ប្រជាពលរដ្ឋ​។​​
       
 ដូច្នេះ​ ទោះបី​ជាក្រុមមេដឹកនាំ គណបក្សប្រឆាំង ចិញ្ចឹម​ចិត្ត​ ​ ខិតខំប្រឹងប្រែង ព្យាយា​ម​​​​ម្តង​​ហើយ​​ម្តងទៀត​ ដើម្បី​​បង្ក​នូវ​អស្ថេរភាព​សង្គម​ តាម​រយៈ​ការ​កៀង​គរ​ប្រជា​ពលរដ្ឋ​​​ឲ្យ​មក​ចូល​រួម​ការ​ប្រមូល​ផ្តុំ​ជាមួយ​ខ្លួន​ តាម​រូបភាព​ផ្សេង​ៗ​ ដូច​ជា​សមាជ​ ឬ​បាតុកម្ម​ ឬ​​ការ​ប្រមូល​ផ្តុំ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​យ៉ាងណា​ ក៏​រហូត​មក​ដល់​ពេល​នេះ​ សហគមន៍​ជាតិ​ និង​អន្ដរជាតិ នៅ​តែ​​យល់​ឃើញ​​ថា​​​ ទង្វើរបស់​គណបក្ស​ប្រឆាំងគឺ​ជារឿងអត់​ប្រយោជន៍​ ពីព្រោះ​ដំណើរ​ការ​របស់​ប្រទេស​ ទាំង​ស្ថាប័ន​នីតិបញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ ជាពិសេស​មន្ត្រី​រាជការ​តាម​ក្រសួង​មន្ទីរ​នានា និង​គ្រឹៈស្ថាន​សិក្សា​នា​នា​​ កំពុង​ដំណើរ​ការ​ជាប្រក្រតី​។
សហគមន៍​អន្តរជាតិ​ តែង​តែ​លើក​អនុសាសន៍​ជារឿយៗ​ហើយ​ថា​ សូម​ឲ្យ​បក្ស​ប្រឆាំ​ង​មួយ​នេះ​ធ្វើ​ការ​តវ៉ា​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ច្បាប់​​ មាន​ន័យ​ថា​ ធ្វើ​ការ​តវ៉ា​ក្នុង​នាម​ជាអ្នក​តំណា​ង​​រាស្ត្រ​ស្រប​ច្បាប់​នៅក្នុង​វេទិកា​នៃ​រដ្ឋ​សភា​ ដោយ​មិនត្រូវ​ធ្វើការ​តវ៉ា​តាម​ចិញ្ចើម​ថ្នល់​បែបនេះ​​ឡើយ​ ព្រោះ ​ដំណោះ​ស្រាយ​នយោបាយ​ គឺ​មាន​តែ​ការ​ចរចា​ តាម​បែប​នយោបាយ​ប៉ុណ្ណោះ​ ចំណែក​ឯការ​តវ៉ានៅ​តាម​ដង​ផ្លូវ​មិន​មែន​ជាដំណោះ​ស្រាយល្អ ដែល​​នាំ​ទៅ​រក​ភាព​ជោគ​ជ័យ​​សម្រាប់​ការ​រីក​ចំ​រើន​នៃ​សង្គម​ជាតិ និង​លើក​កម្ពស់​ជី​វភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​​ឡើយ។

ដូច្នេះ យុទ្ធនាការ​អ្វី​ក៏ដោយ ប្រសិន​បើ​ធ្វើ​ឡើង​ក្រៅ​រង្វង់​ច្បាប់ និង​មាន​ចេតនា​បំ​រើ​ផល​ប្រយោជន៍​នយោបាយ​សួន​តួ ដោ​យ​មិន​គិត​អំ​ពី​ផល​វិបាក និង​ការ​ខូច​ខាត​អន្តរាយ​ដល់​សង្គម​ជាតិ​ហើយ​នោះ មាន​តម្លៃស្មើ​នឹងពួក​គេ បាន​ និង​កំ​ពុង​បាចអង្កាម​បញ្ច្រាសខ្យល់​យ៉ាង​នោះ​ឯង ពីព្រោះ​ អំ​ពើអាក្រក់​របស់​ក្រុម​អ្នក​ប្រព្រឹត្ត ដូច​ទង្វើ​របស់​បក្ស​ប្រឆាំង​សព្វ​ថ្ងៃ គឺជា​ការទទួល​ខុស​ត្រូវ​របស់​ពួក​គេចំ​ពោះ​មុខប្រជា​ពល​រដ្ឋ នៅ​ពេល​ដែល​ផល​ប្រយោជន៍​ជាតិ​ទាំង​មូល​ត្រូវ​បាន​បំ​ផ្លាញ​ដោយ​ស្នាដៃពួក​គេទាំង​នោះ៕​

អត្ថបទដោយ៖ ពង្ស សុក្រិត្យ

សេច​ក្តី​ជូន​ព័ត៌មាន៖ សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​​ដឹក​នាំ​គណៈ​ប្រតិ​ភូ​​ជាន់​ខ្ពស់​ចូល​រួម​​កិច្ច​ប្រជុំ​កំពូល​លើ​ទី២ MRC នៅ​ទី​ក្រុង ហូជីមិញ


Press Release of MFAIC, Samdech Techo Prime Minster Will lead a high delegation to attend the 2nd Summit of MRC in Ho Chi Ming City