Tuesday, January 26, 2016

លោកចន ឃើរី អរគុណកម្ពុជាដែល​បានចូលរួមថែរក្សាស​ន្ដិភាពនៅលើពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (ប្រភពពី GNN)

នៅក្នុង​ជំនួបជាមួយសម្ដេចតេជោនាយករដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ លោក ចន ឃើរី (John Kerry)  រដ្ឋមន្រ្ដីការបរទេសហរដ្ឋអាមេរិក បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមរក្សាសន្ដិភាពនៅលើពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ក្នុងនោះដែរលោកក៏បានសង្កេតឃើញថា  ប្រទេសកម្ពុជាមានការរីកចំរើនគួរឲ្យកត់សម្គាល់ទីបំផុត ជាពិសេសគឺរាជធានីភ្នំ​ពេញមានការអភិវឌ្ឍន៍ ដោយខុសប្លែកពីប៉ុន្មាន​ឆ្នាំមុន ដែលលោក​បានមកកាន់ប្រទេសកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី (John Kerry) ចូលរួមសម្ដែងការគួរ​សម​ និងពិភាក្សាការងារ នៅមានវិមានសន្ដិភាព ទីស្ដីការនាយករដ្ឋមន្រ្ដី។ បន្ទាប់ពីកិច្ចជំនួបបានបញ្ចប់ឯកឧត្ដម អ៊ាង សុផាល្លែត ជំនួយការផ្ទាល់សម្ដេចតេ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌​មាន​ថា លោក ចន ឃើរី (John Kerry)  បានជម្រាប​ជូនសម្ដេចតេជោ ថា នៅពេលដែលលោក​មកដល់ប្រទេសកម្ពុជាលើកនេះ លោកសង្កេតឃើញថា ប្រទេសកម្ពុជាមានការរីកចំរើនគួរឲ្យកត់សម្គាល់ទីបំផុត ជាពិសេសគឺរាជធានីភ្នំពេញមានការអភិវឌ្ឍន៍ ដោយខុសប្លែកពីប៉ុន្មានឆ្នាំមុន ដែលលោកបានមកកាន់ប្រទេសកម្ពុជា។ ជាមួយនឹងការរីកចំរើននេះលោក ចន ឃើរី (John Kerry) បានមានប្រសាសន៍ថា កម្ពុជាមានសក្ដានុពល និងឱកាសជាខ្លាំងសម្រាប់ជនជាតិអាមេរិក មកវិនិយោគនៅកម្ពុជា។

ឯកឧត្ដម អ៊ាង សុផាល្លែត ជំនួយការផ្ទាល់ស​ម្ដេច​​តេជោ បានមានប្រសាសន៍ប្រាប់អ្នកសារ​ព័ត៌​មានបន្ដថា នៅក្នុងឱ​កាសនេះលោក ចន ឃើររី  (John Kerry) បានគោរពថ្លែងអំណរគុ​ណ​​​ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមក្នុងប្រតិបត្ដិការថែរក្សាសន្ដិភាពនៅលើពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ក្នុងន័យនេះលោក ចន ឃើរី បានលើកឡើងថា ប្រទេ​ស​កម្ពុជាជាប្រទេសតូច តែចូលរួមថែរក្សាសន្ដិភាពនៅលើពិភពលោកគឺពិតជាមានសារៈសំខាន់ និងមានអត្ថន័យជាទីបំផុត។ លោក ចន ឃើរី (John Kerry) បានជម្រាបជូនសម្ដេចតេជោបន្ដថា លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីរៀបចំសម្រាប់កិច្ចប្រជុំអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្ដទៅនៅខែកុម្ភះខាងមុខនេះផង និងដើម្បីស្វែងវិធីក្ដោបយកឱកាសធ្វើយ៉ាងណាឲ្យទំនាក់ទំនងប្រទេសទាំង២កម្ពុជា-អាមេរិក ឲ្យបានកាន់តែធំធេងឡើង។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់លោក ចន ឃើរី (John Kerry) និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រគល់នូវរូបចម្លាក់មកជូនកម្ពុជាវិញ ហើយសម្ដេចតេជោក៏បានស្នើឲ្យសហរដ្ឋអាមេរិក បន្ដសកម្មភាពនេះតទៅទៀត។ នៅក្នុងឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានជួយកម្ពុជានាពេលកន្លងមក  ដោយសម្ដេចតេជោបានលើកឡើងថា ការរីកចំរើនរបស់កម្ពុជា ក៏មានការចូលរួមចំណែកពីសហរដ្ឋអាមេរិកផងដែរ។ ទាក់ទងនឹងវិស័យពាណិជ្ជកម្មសម្ដេចតេជោ បានលើឡើងថា គប្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំង២ កម្ពុជា-អាមេរិក ឲ្យមានការរីកចំរើនបន្ដទៀត។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ដទៀតថា ទំនាក់ទំនងលើវិស័យប្រយុទ្ធប្រឆាំងភេរវកម្មរវាងកម្ពុជានិងអាមេរិក គឺកំពុងប្រព្រឹត្តទៅយ៉ាងល្អ ហើយសម្ដេចតេជោ បានស្នើឲ្យបន្ដកិច្ចសហប្រតិបត្ដិការនេះបន្ដទៀត។ ទន្ទឹមនេះសម្តេចបានសុំឲ្យអាមេរិក បន្តជួយដល់កម្ពុជាលើវិស័យសុខាភិបាល វិស័យអប់រំ ការដោះមីន និងពិចារណាឲ្យកម្ពុជា នាំផលិតផលចេញទៅអាមេរិក ដោយគ្មានកូតា និងមិនគិតពន្ធ ដែលកត្ដានេះនឹងជំរុញឲ្យកម្ពុជាឈានឆ្ពោះទៅការអភិវឌ្ឍន៍បន្ថែទៀត។
 សូមជម្រាបថា ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយលោក ចន ឃើរី (John Kerry) រដ្ឋមន្រ្ដីការបរទេសហរដ្ឋមេរិក មិនបានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងគណបក្សប្រឆាំងនៅកម្ពុជានោះទេ៕


អាជ្ញាធរជាតិអប្សរា បើកទឹកបារាយណ៍​សម្រាប់ជូនប្រជា​ពលរដ្ឋប្រើប្រាស់ (ប្រភពពី GNN)

នៅខែមករាឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានបង្ហូរទឹកជូនប្រជាពលរដ្ឋស្រោចស្រពស្រែចំ​នួន​​២៦៤៧ ហិកតាស្រែបណ្តេញទឹក ស្រែប្រាំង និងស្រែរនាមចំនួន២៦៤៧ហិកតា ដែលស្ថិតនៅក្នុង​ឃុំចំនួន៧ ក្នុងស្រុកស្រុកពួក និងក្រុងសៀមរាប ត្រូវបានអាជ្ញាជាតិអប្សរាបើកទឹកបារាយណ៍ ដើម្បីប្រើប្រាស់ស្រោចស្រព ។

តាមរបាយការណ៍របស់​នាយកដ្ឋានគ្រប់គ្រងទឹក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦បញ្ជាក់ថា ឃុំដែលបានស្នើសុំទឹក​ប្រើប្រាស់ក្នុងខែមករានេះ មានចំនួន៤ឃុំគឺ
ឃុំសំរោងយា ស្រែបណ្តេញទឹកចំនួន​៧៤០​ហិក​តា,​​ឃុំកែវពណ៌ ស្រែប្រាំងចំនួន​៥៥៣​ហិកតា,​ ឃុំពួក ស្រែប្រាំង ៤០០​ហិកតា,​ ឃុំខ្នាត​ ស្រែប្រាំង និងស្រែរ​នាម៤០០ហិកតា។ ចំណែក​ក្រុ​ង​​សៀមរាបមាន៣ឃុំគឺ​ ឃុំស្វាយដង្គំ ស្រែប្រាំង​ចំ​នួន​៣០ហិកតាឃុំក្របីរៀល ស្រែប្រាំងចំនួន​២០០​ហិកតា និងឃុំស្រង៉ែ ស្រែប្រាំង​ចំនួន​៣២៤​ហិកតា។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ការ​បើកទឹកបារាយណ៍សម្រាប់ជូនពួកគាត់​ប្រើប្រាស់ គឺអាស្រ័យ​លើការស្មើសុំរបស់ពួកគាត់ តាមរយៈសហគមន៍ប្រើប្រាស់ទឹក។ ក្រោយទទួលបានសំណើសុំប្រើប្រាស់ទឹកពីប្រធាន​សហ​គម​ន៍ ​ក្រុម​ជំនាញដែលប្រចាំការនៅបារាយណ៍នឹងពិនិត្យមើលស្ថានភាពជាក់ស្តែង ហើយបើកជូនតែម្តង ដើម្បី​ជៀសវាសភាពយឺតយ៉ាវ ដែលអាចបង្កភាព​ខូចខាតដល់ដំណាំ​កសិកម្មរបស់ប្រជាពលរដ្ឋ។

លោក រ៉ាឌីណា បន្ថែមថា បើទោះជាឆ្នាំនេះ​យើងមានបរិមាណទឹកតិច តែយើងសង្ឃឹមថា នឹងមិនខ្វះខាតនោះទេ។ លោករៀបរាប់ថា តាមគោលការណ៍​គ្រប់គ្រងទឹករបស់​អាជ្ញាធរជាតិអប្សរា យើងបានព្យាយាមសន្សំសំចៃ​ខ្ពស់ក្នុងការប្រើប្រាស់ទឹក​ និងប្រមូលទឹកពីប្រភពផ្សេងៗ​មកបញ្ចូលជាបន្ត ដោយលៃយ៉ាងណាឲ្យមាន​ទឹកស្តុកទុកក្នុងបារាយណ៍ សម្រាប់ការងារអភិរក្ស​បេតិកភណ្ឌ និងសម្រាប់រដ្ឋាករទឹក​សៀមរាប យកទៅចម្រោះធ្វើទឹកស្អាត ផ្គត់ផ្គង់ក្រុង​សៀមរាប តែក៏មិនបណ្តោយឲ្យដំណាំកសិកម្ម របស់ប្រជាពលរដ្ឋជួប​គ្រោះរាំងស្ងួតខ្វះទឹកនោះដែរ​៕

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៥ (ប្រភពពី GNN)

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជា បានអញ្ជើញ​ចូលរួមជាអ​ធិប​តីភាព ក្នុងពិធីបើក​វេទិកាស្រូវអង្ករកម្ពុជា​លើកទី៥ នៅព្រឹកថ្ងៃទី២៥ មករា ឆ្នាំ២០១៦ នៅ ឯ​ស​ណ្ឋាគារ​សុខាភ្នំពេញ។

សម្តេច តេជោ ហ៊ុន សែន ក៍បានអញ្ជើញ ផ្ដល់កិត្តិយស ក្នុងការប្រគល់​ពានរង្វាន់
ដល់បណ្តារក្រុមហ៊ុន ស្រូវអង្ករមួយចំនួន ដែលទទួលបាន​​ជោគជ័យលើផ្នែក​​អង្ករដែលមាន​គុណ​ភាពល្អប្រ​ណិត ព្រមទាំង​បានអញ្ជើញ​​ទស្សនាស្តង់តាំង​ពិពណ័
បង្ហាញពីផលិតផល​ស្រូវអង្ករ តាមបណ្ដារ​ក្រុមហ៊ុន ផ្សេងៗ ក្នុងបរិយាកាស​ស្និទស្នាលរីករាយ​ក្រៃលែង។
ពិធីនេះមានការចូល​រួមពីអ្នកពាក់ព័ន្ធ​នៅក្នុងវិស័យស្រូវ​អង្ករជាច្រើន ក្រុមហ៊ុន រួមមាន​តំណាងក្រសួងស្ថាប័ន​ពាក់ព័ន្ធ សហគមន៍ក​សិកម្ម ក្រុមហ៊ុននាំ​ចេញអង្ករ ម្ចាស់រោងម៉ា​ស៊ីនកិនស្រូវក្រុមហ៊ុដឹក​ជញ្ជូនតំណាងដៃគូ​អភិវឌ្ឍន៍ និស្សិត និងភ្ញៀវជាតិ អន្តរជាតិមួយ​ចំនួនទៀត។
សម្តេច​តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វេទិកានេះ ពិតជាមានសារសំខាន់​ដើម្បី​ធ្វើការពិភាក្សា​លើបញ្ហា​ស្រូវអង្ករ ដែលមាន​ទំនាក់ទំនងជាមួយនឹង​ការជំរុញលើ​កស្ទួយផលិត​កម្មដំណាំ​ស្រូវ ការកែច្នៃ និងការនាំចេញ​អង្ករកម្ពុជាទៅ​កាន់ទីផ្សារពិភព​លោក និងផែន​ការយុទ្ធសាស្រ្តសម្រាប់វិស័យ​ស្រូវអង្ករកម្ពុជា​ទាំងមូល។
សម្តេច​តេជោ ហ៊ុន សែន បានជំរុញអោយ​ស្ថាប័ន និងក្រុមហ៊ុនពាក់​ព័ន្ឋនឹងវិស័យ​ស្រូវអង្ករទាំងអស់ ត្រូវបង្កើនការ​យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការធ្វើ​អោយ វិស័យស្រូវអង្ករ​នេះកាន់តែមាន​ការរីកចម្រើន​បន្ថែមទៀត ។
ជាមួយ​គ្នានោះ សម្តេចក៏​បានបង្ហាញពីយុទ្ឋ​សាស្ត្រមួយចំនួនដើម្បីទទួលបាន​ជោគជ័យលើ    វិ​ស័​យ​ស្រូវអង្ករនេះ​ដែលក្នុងនោះរួមមានៈ
១- ការជ្រើស​ពូជស្រូវ
២- ផលិតកម្មដំណាំ​ស្រូវ រួមនឹងការដោះស្រាយ​បញ្ហាទឹក
៣- ការទុក​ដាក់ ឃ្លាំងស្តុក និងម៉ាស៊ីន​សម្ងួតស្រូវ
៤- ការទទួល​ឥណទាន លើផ្នែកអា​ជីកម្មស្រូវអង្ករ
៥- ការស្វែងរ​កទីផ្សារ នៃការនាំចេញស្រូវ​អង្ករ
៦- ការត្រៀម​ខ្លួនរបស់កម្ពុជាក្នុង​ការនាំចេញអង្ករនាពេលខាង​មុខ
សម្តេច​តេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ទៀតថា ការបញ្ឈប់យកថ្លៃ​លើផ្លូវជាតិលេខ៤ គឺជាការចូលរួមចំណែក​លើកកម្ពស់ជីវភាពរបស់​ប្រជាពលរដ្ឋ ព្រមទាំងជួយបង្កើន​ការប្រកួតប្រជែងរបស់អ្នកនាំចេញ​ផងដែរ តែការដឹកជញ្ជូ​នធ្ងន់ៗ នៅតែជាបញ្ហា​នាំឲ្យផ្លូវខូចធ្ងន់ធ្ងរ។ ដើម្បីបញ្ចៀស​បញ្ហាទាំងនេះ សម្តេច​តេជោ ហ៊ុន សែន បានសំណូមពរ​ឲ្យក្រុមហ៊ុនដឹកជញ្ជូនធ្ងន់ៗ នៅតាម​បណ្តោយផ្លូវជាតិ​លេខ៤ បង្វែរទៅដឹកជញ្ជូនតាមផ្លូ​វដែកជំនួសវិញ ដើម្បីបញ្ចៀសការ​ខូចផ្លូវ៕



សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តម Kenji Kitahashi អភិបាលក្រុងគិតាត្យូស៊ូ របស់ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា នារសៀល​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦​ នេះ បាន​អនុញ្ញាតឲ្យ ឯកឧត្តម Kenji Kitahashi អភិបាល​ក្រុងគិតា​ត្យូស៊ូ របស់​ប្រទេសជប៉ុន ចូលជួប​សម្តែងការ​គួរសម និងពិភា​ក្សា​ការងារ នៅវិមាន​សន្តិភាព។

ឯកឧត្តម អ៊ាង សុផ​ល្លែត​ ជំនួយការ​ផ្ទាល់សម្តេច​តេជោ​បាន​ប្រាប់​​អ្នកសារ​ព័ត៌មាន នៅក្រោ​យ​​​ជំនួបថា  ឯកឧត្តម Kenji Kitahashi ​បានជម្រាប​ជូនសម្តេច​តេជោ​ថា​លោកបាន​ធ្វើការយ៉ាង​ជិតស្និត​ជាមួយ​សាលារាជធានី​ភ្នំពេញ ដើម្បីរៀបចំ​ការចង​សម្ព័ន្ធ​មេត្រី សាលារាជ​ធានីភ្នំពេញ ជាមួយ​នឹង​ទីក្រុង គិតា​ត្យូស៊ូ ហើយ​បាននឹង​កំពុង​ដំណើរ​យ៉ាងល្អ ដោយ​ឈាន​នឹងទៅ​ចុះ​កិច្ច​សន្យា នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦ខាង​មុខនេះ។

ឯកឧត្តម Kenji Kitahashi បាន​បន្តថា ទំនាក់​ទំនង​រវាង​ទីក្រុង នៃប្រទេស​ទាំងពីរ គឺមានតាំង​ពីយូរលង់ណាស់​មក​ហើយ ជាពិសេស​ក្នុងការ​សហការ​លើ​បញ្ហ​ទឹកស្អាត ប៉ុន្តែថ្ងៃ​អនាគត​នឹងមាន​ទិសដៅ​ជួយ​ដល់សាលា​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹងបញ្ហា​បរិស្ថាន បញ្ហាចម្រុះ​ទឹកកខ្វក់ និង​បញ្ហាដទៃទៀត។ ក្នុងន័យ​នេះដែរ ឯកឧត្តម Kenji Kitahashi បានស្នើឲ្យ​សម្តេចតេជោ ហ៊ុន សែន ជួយគាំទ្រលើ​គម្រោងទាំង​នេះផង។

ជាការឆ្លើយ​តបសម្តេច​តេជោ នាយករដ្ឋមន្រ្តី​បានមាន​ប្រសាសន៍ថា ទំនាក់ទំនង​រវាង​សាលារាជធានីភ្នំពេញ និងទីក្រុង​គិតាត្យូស៊ូ បានផ្តោត​ទៅលើ​បញ្ហាទឹកស្អាត ប៉ុន្តែប្រធាន​បទនេះត្រូវបាន​ផ្លាស់ប្តូរបន្តិចហើយ ដោយភ្នំពេញ​កំពុងមាន​បញ្ហាកង្វះ​ទឹកស្អាតផង និងបញ្ហា​បង្ហូរទឹកក​ខ្វក់ទៅទឹក​ទន្លេផង។ ក្នុងន័យនេះ​សម្តេច​បាន​ស្នើសុំ ឲ្យមានការ​ពិនិត្យដើម្បី​ស្វែងរក​ដំណោះ​ស្រាយ ទី១ជម្លៀសទឹកភ្លៀង​ឲ្យចេញពីរាជធានី កុំឲ្យមាន​ទឹកជំនន់ ទី២ ធ្វើយ៉ាងណា​សម្អាតទឹកក​ខ្វក់មុន​នឹងបង្ហូ​ចូលទៅកាន់​ទន្លេរ និងបឹង។

សម្តេចក៏បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​ឯកឧត្តម Kenji Kitahashi និងរដ្ឋាភិបាល​ជប៉ុនផង​ដែរ ដែលបានជួយ​គាំទ្រ ដល់ទំនាក់ទំនង​រវាងទីក្រុង​ទាំងពីរ និងបានជួយ​ឧបត្ថម្ភដល់​បញ្ហាទឹកស្អាត ដល់ទីក្រុងភ្នំពេញ និងបញ្ហា​ដទៃទៀតផងដែរ៕

សម្ដេចតេជោ៖ ការដកហូតផ្លូវជាតិលេខ​៤មកវិញមិនត្រឹមតែជួយសម្រួល​ដល់ការចំណាយ​របស់ពលរដ្ឋនោះទេ ថែមទាំងជួយសម្រួល​ដល់ការធ្វើពាណិជ្ជកម្មផងដែរ (ប្រភពពីGNN)

ក្នុងពេល​អញ្ជើញ​ជាអធិបតី​ភាពដ៏ខ្ពង់​ខ្ពស់ក្នុង​ពីធីបើក​វេទិកា​​ស្រូវអង្ករ​​កម្ពុ​ជាលើកទី៥ ស​ម្ដេ​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បាន​លើក​ឡើងថា ការលុបចោល​កិច្ចព្រម​ព្រៀងជា​មួ​យ​ក្រុម​ហ៊ុន AZ ហើយបាន​ដកហូតផ្លូវជាតិ​លេខ៤មក​ឲ្យរាជ​រដ្ឋា​ភិបាល​គ្រប់វិញ មិន​ត្រឹម​​តែ​ជួ​យ​សម្រួល​​​ការចំណាយរបស់ប្រជាពលរដ្ឋនោះ ថែមទាំងជួយសម្រួលដ​ល់ការធ្វើពាណិ​ជ្ជកម្ម​របស់​កម្ពុជាផងដែរ។
​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានលើក​ឡើង​ថា បន្ទាប់ពី​រាជរដ្ឋាភិបាល​ដ​ក ហូត​ផ្លូវ​លេខ​ជាតិ៤ ពីក្រុម​ហ៊ុនមក​វិញ មិនត្រឹម​តែជួយ​កាត់បន្ថយ​ការចំណា​យរបស់​ប្រជាពលរ​ដ្ឋ​នោះទេ ​ថែមទាំង​បានជួយ​សម្រួល ដល់ការ​ធ្វើពាណិជ្ជកម្ម​របស់​កម្ពុជា​ផងដែរ។ ការលើក​ឡើ​ង​នេះ គឺ​គ្រា​​ដែល​សម្ដេចតេជោ បានអញ្ជើញជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ក្នុងពីធី​បើកវេទិកា​​ស្រូវ អង្ករ​​កម្ពុ​ជា​លើកទី៥ ដែលរៀប​ចំឡើង​ដោយ​សហព័ន្ធស្រូវ​អង្ករកម្ពុជា ​នៅឯ​សណ្ឋាគារ​សុ​ខា ភ្នំ​ពេ​ញ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។

ប្រមុខរាជ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន បាន​មា​​​ន​ប្រសាសន៍​ថា ​ការ​ដក​ហូត​សិទ្ធិ​គ្រប់​គ្រង​ផ្លូ​វជាតិ​លេខ៤​ពីក្រុម​ហ៊ុន AZ មកវិញ គឺបា​​ន​សម្រួល​ដល់ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស និង​មិន​ត្រូវ​បង់ប្រាក់​ទៀតនោះទេ ហើយថែម​ទាំងជួយ​សម្រួលការងារ​ធ្វើពាណិជ្ជកម្ម កាត់​​បន្ថ​យ​​ថ្លៃ​ដើម និងបង្កើន​ការប្រកួត​ប្រជែងនៅ​ក្នុងទីផ្សារ​ខាងក្រៅថែម​ទៀត។
គួររំលឹក​ថា​កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ​សម្ដេចតេជោ​ ហ៊ុ​ន សែន នាយក​រដ្ឋមន្រ្ដី បានប្រកាស​សម្រេចលុបចោល​​កិច្ចកិច្ច​ព្រមព្រៀង​ជាមួយ​ក្រុម​ហ៊ុន AZ ដែល​កំពុង​តែ​វិនិ​យោគ​ពី​ផ្លូវ​ជាតិ​លេខ​៤ ហើយយក​លុយពីរ​ថយន្ដ​ដែលធ្វើ ដំណើ​រឆ្លង​កាត់ផ្លូ​វនេះ​។

​ដូច្នេះចាប់​ម៉ោង១២​​សូន្យ​នាទី ថ្ងៃ១៣ ខែមករា ឆ្នាំ២០១៦ មកម្លេះ គឺប្រជាពល​រដ្ឋ​​ដែ​​លធ្វើ​អ្ន​ក​​ធ្វើ​​ដំណើរ​​ទូ​ទាំង​ប្រ​ទេ​​​សឆ្លង​កា​ត់​ផ្លូវ​ជាតិលេខ៤​​ទាំងអស់ គឺមិនត្រូវ​បង់លុយ​​តទៅ​​ទៀ​ត​​ឡើ​យ។ ការសម្រេច​នេះ បានធ្វើឲ្យ​ប្រជាពល​រដ្ឋនៅទូទាំង​ប្រទេស​សប្បាយចិត្ដ​ជាខ្លាំង និងបាន​​ថ្លែង​អំណរ​គុណដល់​ប្រមុខរាជ​រដ្ឋាភិបាល ដែលតែង​តែយក​ចិត្ដទុ​ក​ដាក់ដល់​ជី​វភាព​រស់​នៅ​​រ​បស់​ប្រជា​ពលរដ្ឋ។ នៅក្នុង​ពីធីបើក​វេទិកា​​ស្រូវអង្ករ​​កម្ពុ​ជា​លើកទី៥​ដដែលនេះ សម្ដេច​តេជោ​ ហ៊ុន សែន បានជំរុញ​អាជ្ញាធរ​ពា​ក់ព័ន្ធ និង​ក្រុមហ៊ុនដឹក​ជញ្ជូនទំនិញ​នានា គិតគូ​ពីដឹក​​ជញ្ជូន​​ទំ​និញ តាមផ្លូវ​រថភ្លើង​វិញពីរាជ​​ធានីភ្នំពេញ​​ទៅ​ខេត្ដព្រះសីហនុ និងពីខេត្ដ​ព្រះសីហនុ​មករាជ​​ធា​នី​​​ភ្នំ​ពេញ​ព្រោះរាជ​រដ្ឋាភិបាល​បានស្ថាបនា​ផ្លូវរថភ្លើងរួច​រាល់ហើយ។
សម្ដេច​តេជោ ហ៊ុន សែន បានលើក​ឡើងទៀត​ថា ​មានទំនិញ​មួយចំនួន បានដាក់​លើស​ទំងន់​ដូច​​ជាដែក និងស៊ីម៉ង់​ត៍ជាដើម ដែលបាន​បើកនៅ​លើផ្លូវ​ជាតិលេខ៤ ដែលអាច​នាំឲ្យផ្លូវ​ឆាប់ខូច ដូច្នេះ​សម្ដេចតេជោ​ស្នើឲ្យ​អាជ្ញាធ​រពាក់ព័ន្ធ ត្រូវគិត​គូពីបញ្ហានេះ ដោយបង្វែរ​ពីការ​​ដឹក​ជញ្ជូ​ន​តាម​​ផ្លូ​វជាតិ មកដឹក​តាមផ្លូវរ​ថភ្លើង​វិញម្ដង ដែលមាន​ភាពងាយស្រួល និងចំណេញ​ជាង៕


លោកជំទាវ ម៉ែន សំអន ចូលរួមពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល និងពិធីស្រោចព្រះសុគន្ធវារី

កាលពីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទំាងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទបាននំាយកបច្ច័យ ទេយ្យទាន និងថវិកា ទៅចូលរួមពិធីបុណ្យចម្រើនអាយុវឌ្ឍនមង្គល និងពិធីស្រោចព្រះសុគន្ធវារី ថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចម្រើនព្រះជន្មាយុ៨៤ ព្រះវស្សាយាងចូល៨៥ ព្រះវស្សារបស់ព្រះអង្គ។

ប្រពៃណីស្រោចសុគន្ធវារីនេះ កើតមានតាំងពីសម័យពុទ្ធកាលមកម្ល៉េះ ហើយមរតកវប្បធម៌ ដែលបានសាយភាយផ្សព្វផ្សាយ ចូលដល់បណ្ដាប្រទេសជាច្រើននៅជុំវិញមហាសាគរប៉ាស៊ីហ្វិក និងមួយផ្នែកធំទៀតនៃពិភពលោក។ ពិធីស្រោចស្រពសុគន្ធវារី ដែលយើងកំពុងធ្វើនាពេលនេះ ពិតជាសមស្របទៅនឹងគន្លងប្រពៃណីសាសនា ដែលដូនតាខ្មែរបានប្រតិបត្ដិ ហើយនៅតែបន្ដអនុវត្ដដល់សព្វថ្ងៃ ហើយប្រពៃណីបុណ្យដ៏ប្រសើរនេះ មិនតែរាស្រ្ដប៉ុណ្ណោះទេដែលធ្វើ សូម្បីតែព្រះមហាក្សត្រម្ចាស់ផែនដី ក៏ព្រះអង្គតែងតែប្រារព្វពិធីរបៀបនេះ តាំងតែពីបឋមវង្ស ទុតិយវង្ស តតិយវង្សដរាបរហូតដល់បច្ចុប្បន្ន។

នាឱកាសនោះផងដែរ លោកជំទាវឧបនាយករដ្ឋមន្រ្តី ក៏បានបួងសួងថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ជាពិសេសប្រជាពលរដ្ឋនៅទូទាំប្រទេស សូមអោយជួបសេចក្តីសុខចម្រើន អាយុយ៉ឺនយូរ ប្រកបកិច្ចការអ្វីសូមអោយសម្រេចបានដូចក្តីបំណងប៉ងប្រាថ្នា និងជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






រដ្ឋមន្ត្រីការបរទេសអាស៊ានក៏ដូចជាប្រទេសកម្ពុជាបានថ្កោលទោសដល់ប្រទេសកូរ៉េខាងជើងដែលបានបាញ់អាវុធធុនធ្ងន់គំរាមកូរ៉េខាងត្បូង

នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នេះនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានកិច្ចចរចាផ្លូវការរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ចន ឃឺរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ខណៈដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃគឺពីថ្ងៃទី២៥និង២៦ខែមករា។

នៅក្នុងជំនួបចរចាទ្វេភាគីជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្តម ចន ឃើរី (John Kerry) បានកោតសរសើរចំពោះការរីកចំរើននៅកម្ពុជា និងកោតសរសើរដល់ដំណើរការរីកចំរើនរបស់សាលាក្តីខ្មែរក្រហម ដើម្បីឲ្យមេដឹកនាំខ្មែរក្រហមទទួលខុសត្រូវចំពោះការសម្លាប់ពលរដ្ឋខ្មែរដោយឯកឧត្តមបានបញ្ជាក់ថាប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ចំរើនយ៉ាងច្រើន។ហើយឯកឧត្តមមានសេចក្តីរីករាយ ដែលបានមកដល់ប្រទេសកម្ពុជា ហើយឯកឧត្តមធ្លាប់បានធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍បានលឿនគួរអោយកត់សំគាល់ ដោយឯកឧត្តមរំពឹងថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យបរិស្ថាន សុខាភិបាលនិងទន្លេមេគង្គ ព្រមទាំងបញ្ហាជាច្រើនទៀតទាក់ទងសន្តិសុខក្នុងតំបន់។

ឯកឧត្តម ឩបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានបន្ទាប់ពីចប់កិច្ចចរចាផ្លូវការឲ្យដឹងទៀតថា នៅក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម ចន ឃែរី (John Kerry) បានសរសើរពីការរីកចំរើន នៃសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ និងបានស្នើឲ្យប្រទេសដែលពាក់ព័ន្ធនិងជម្លោះសមុទ្រចិនខាងត្បូងចូលតុចចរចាគ្នាដោយសន្តិភាព និងសន្តិវិធី និងរួមគ្នាធ្វើ C.O.C ឲ្យបានឆាប់បំផុត ពីព្រោះអាមេរិកមិនបានកាន់ជើង ឬគាំទ្រប្រទេសណាមួយដែលពាក់ព៏ន្ធក្នុងជម្លោះដែនសមុទ្រខាងត្បូងឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៏បន្តថា៖ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏ដូចជាប្រទេសកម្ពុជាបានថ្កោលទោសដល់ប្រទេសកូរ៉េខាងជើងដែលបានបាញ់អាវុធធុនធ្ងន់គំរាមកូរ៉េខាងត្បូង និងជំរុញឲ្យមេដឹកនាំកូរ៉េខាងជើងគោរពតាមកិច្ចព្រមព្រៀងជាមួយប្រទេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។


អត្ថបទ៖ សាវឿន

សម្តេចនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញពីភាព​ខុសគ្នារវាង កម្ពុជាក្នុង​របបប៉ុលពត និង​កម្ពុជាសព្វថ្ងៃ!

នាថ្ងៃ​ទី២៦ ខែមករា ឆ្នាំ២០១៦នេះ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះ​នៅក្នុងទំព័រ Facebook ផ្លូវការផ្ទាល់​សម្តេចដែលមាន​ឈ្មោះថា Samdach Hun Sen Cambodian Prime Minister ដោយបានប្រៀប​ធៀបពីរបប ប៉ុល ពត នៅឆ្នាំ១៩៧៩ និងការអភិវ​ឌ្ឍន៍កម្ពុជាសព្វថ្ងៃ ដែលការប្រៀប​ធៀបនោះមានខ្លឹមសារ​ទាំងស្រុង​ដូចតទៅ


ទីក្រុងភ្នំ​ពេញយើង​សព្វថ្ងៃ គឺជនរួមជាតិប្រាកដជាបាន​ឃើញពីការរីកចម្រើននៅនឹង​ភ្នែកស្រាប់។ ទន្ទឹមនឹងការរីក​លូតលាស់ គឺរាជរដ្ឋាភិបាល​ខិតខំកែរសម្រួល​រៀបចំប្រព័្ឋទីក្រុង​អោយមានលក្ខណៈ​កាន់តែល្អប្រសើរឡើង។ តែទោះបី​យ៉ាងណាក៏ការអភិវឌ្ឍន៍​នៅក្នុងទីក្រុងគឺ​ប្រឈមនឹងបញ្ហាមួយចំនួន​ដែលត្រូវកែរលម្អរ​ជាបន្តបន្ទាប់ទាំង​នៅពេលនេះ និងទៅ​អនាគត។
ខ្ញុំចងចាំ​បានច្បាស់​ណាស់ កាលពីយើង​រំដោះទីក្រុង​ភ្នំពេញបាន​ពីររបបប៉ុលពត នៅឆ្នាំ ១៩៧៩ ដែលទី​នេះគឺជាទី​ក្រុងខ្មោចស្ងាត់​ជ្រងំ
គួរអោយខ្លាច។ ទីក្រុងដែល​ធ្លាប់មានមនុស្សរស់​នៅរាប់​លាន​នាក់អ៊ូអរ មានរថយន្តតូច​ធំធ្វើដំណើរ និងមាន​អាជីវករ ពាណិ​ជ្ជករ និងទេ​ស​ចរ​ បានក្លាយ​ជា​ទីក្រុងដែលបោះបង់​ចោលទាំងស្រុងក្នុង​របបខ្មេរក្រហម។ ខ្ញុំឃើញ​​គំនរខ្មោច​រថ​យន្ត និងម៉ូតូ សៀវភៅ​សិក្សា និងសំភារៈ​របស់របរ​ប្រើប្រាស់ត្រូវ​បានគេយក​មកគរចោលនៅ​តាម​​ទីធ្លាសាធា​រ​ណៈ។ ខ្ញុំ​ពិតជាស្លុត​ខ្លាំ​ងណាស់ នៅពេលឈាន​​ជើង​ចូលដ​ល់រាជធានីភ្នំ​ពេ​ញ​ដំបូងនៅឆ្នាំ ១៩៧៩។ ​ទីក្រុវវប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម និង​សេដ្ឋ​កិច្ចកម្ពុជា ដែលធ្លាប់ល្បីរន្ទឺរ​កាលពីមុន គឺ​ត្រូវបានបំផ្លាញ​ចោល។ ចម្រៀងមួយបទ​​ដែលជន​រួមជាតិ​បានស្តាប់ហើយរំជួលចិត្តនៅពេលនោះគឺ​ ឱភ្នំពេញអើយ!។​


យើងក្រ​លេកមើល​​ទីក្រុងភ្នំពេ​ញ​សព្វថ្ងៃ​ ដែល​មានកំណើនប្រ​ជា​ពលរដ្ឋឡើងជិតដល់ ២ លា​ន​​នាក់ និងកំណើនលំ​នៅដ្ឋាន យានយន្តមធ្យោ​បាយធ្វើដំណើរគ្រប់ធន់ គ្រឹះស្ថាន​សិក្សាអប់រំគ្រ​ប់​កម្រិត និងកំណើនមុខរបរ និងប្រាក់ចំណូលដែ​លធ្វើអោយពលរដ្ឋមានជីវភាព​រស់នៅកាន់តែប្រ​សើរថ្នៃថ្នូរ។ កត្តាទាំងអស់នេះ គឺបានជួយជំរុញ​សេដ្ឋកិច្ជាតិអោយមាន​សន្ទុះរីកច​ម្រើ​នព្រមគ្នា។
ទោះបីទីក្រុង​យើងរីកចម្រើនបែបនេះក្តី ក៏ប៉ុន្តែចំពោះបុគ្គ​លមួយចំនួនតូច​គឺមិនបាន​ឃើញពីភាព​រីកច្រើននេះទេ។ ព្រោះពួកគេមិនបាន​ឆ្លងកាត់ការតស៊ូលំបាក​វេទនាក្នុងការកសាង​ទីក្រុងពី​ក្រោមចំណុច​សូន្យរហូតមកទល់ពេលនេះ។ ហើយម៉្យាវិ​ញទៀត ពីព្រោះ​ពួកគេក៏មិន​ដែលបានកសាងទីក្រុងអ្វីដែរ។ ដូច្នេះគេមិន​បានដឹងអំពី​ការរីកចម្រើពិត​ប្រាកដមែន។


ខ្ញុំបន្ត​ដឹកនាំ និងខិតខំកសាង​ទីក្រុង និងប្រទេ​សជាតិយើងទាំ​ងមូលអោយកា​ន់តែរីក​លូតលាស់​លឿនទៅមុខ ជាមួយ​និងការ​ចូលរួមរបស់​ជនរួមជាតិ និងយុវជន​ទូទាំងប្រទេស៕​


ត្រឹម​រយៈពេល ៤ខែប៉ុណ្ណោះ ទំព័រហ្វេស​ប៊ុកផ្លូវការ​របស់លោក ហ៊ុន សែន បានទ​ទួលការ like ពីប្រជាពល​រដ្ឋចំនួនជាង ២លាននាក់

នៅក្នុងរយៈ​ពេលត្រឹមតែ ៤ខែប៉ុណ្ណោះ ក្រោយការប្រកាស​ជាផ្លូវការរបស់ទំព័រFacebookដែលមានឈ្មោះ​ថា Samdech Hun Sen, Cambodian Prime Minister របស់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គិតត្រឹម​ខែកញ្ញា ឆ្នាំ២០១៥ មកដល់ថ្ងៃទី២៦ ខែម​ករា ឆ្នាំ២០១៦ នេះ ទទួ​លបានកា​រគាំទ្រ​យ៉ាងពេ​ញទំហឹងពី​ប្រជាជនទាំងក្នុង និងក្រៅ​ប្រ​ទេស។  ពីមួយនា​​ទីទៅមួយ​នាទីមា​ន​អ្នក​ចុច Likeប្រមា​ណ៥០០នាក់  និងក្នុង​មួយថ្ងៃ​ៗមានអ្នក Like ប្រមាណជាង១​ម៉ឺននាក់ ។ ចំនួនអ្នក​គាំទ្រដ៏ច្រើនបំផុត​នេះ បានធ្វើឲ្យហ្វេសប៊ុ​ករបស់លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន មានអ្ន​កចុច Like កើន​ទ្បើងទៅដល់​ចំនួនជាង ២,០០០, ០០០ (ជាងពីរ​លាននាក់)នៅព្រឹកថ្ងៃទី​២៦ ខែមករា ឆ្នាំ២០១៦នេះ។

តើមាន​មូលហេតុអ្វីខ្លះ​ដែលនាំឲ្យហ្វេសប៊ុក​របស់លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន កើនសន្ទុះ​ចំនួនអ្នកចុច Like ដ៏លឿនបែបនេះ។ គ្មានអ្វីជាអាថ៍កំបាំងនោះទេសម្រាប់សម័យបច្ចេកវិទ្យាដ៏ទំនើបនេះ គឺដោយសារតែ​លោ​​កនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជ្រើ​សរើសយកបណ្តាញទំនាក់ទំនងស​ង្គម​ហ្វេសប៊ុកធ្វើជាវេទិការសា​ធាណៈផ្សព្វ ផ្សាយពីសកម្មភាពថ្នាក់ដឹកនាំ និងសមិទ្ធផលជាតិសំខាន់ៗ ការទទួលបានព័ត៌មានឆាប់​រហ័ស​ពីគម្រោងអភិវឌ្ឍន៍ប្រទេសជាតិ និង​ដោះ​ស្រាយបញ្ហា​ជូ​ន​ប្រជាជន បានលឿន និងប្រកប​​ដោយប្រសិទ្ធភា​ពបំ​ផុត ដែលថ្មីៗនេះ បាន​ផ្តល់កា​ដូពិសេស​ជូនប្រជាពលរដ្ឋ រួមមាន ៖
  សម្រេចមិ​ន​តម្រូវឲ្យប្រជាពលរដ្ឋធ្វើប័​ណ្ណដែលមានកម្លាំ​ងម៉ាស៊ីន ក្រោម១​២៥CC លើក​លែងពន្ធប្រ​ថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អច​លនទ្រព្យរវាងឳពុកម្តាយបង្កើត​ និងកូនបង្កើ​ត រវាងប្តីប្រពន្ធនិង​យាយតាចៅបង្កើត
  សម្រេច​បញ្ឍប់ការយ​កប្រាក់ពីប្រ​ជាពលរដ្ឋដែ​លប្រើរថយន្ត​ឆ្លងកាត់កំណា​ត់ផ្លូវវេងស្រេង និងផ្លូវ​ជាតិលេខ៤
  សម្រេ​ចចាប់ពីខែសី​ហា ឆ្នាំ២០១៧ ចំពោះប្រ​ជាពលរដ្ឋ ដែលប្រើ​ប្រាស់បណ្តា​ញអគ្គិ​សនីរដ្ឋ ក្នុងបរិ​មាណ ពី៥០គីទ្បូវ៉ាត់ម៉ោងចុះ​ក្រោម បង់ថ្លៃ​ត្រឹម ៦១០ រៀល។
បន្ថែមលើនេះ លោក ហ៊ុន សែន ក៏បានប្រកាសរៀ​បចំកម្មវិធី​ប្រកួតប្រជែងផ្តល់​រង្វាន់ដល់យុវជនដែលប្រើប្រាស់បណ្តាញ ហ្វេសប៊ុក ជុំវិញកា​របង្កើតវីដេអូ បក​ស្រាយ អំពីប្រធាន​មួយចំនួន ដែលមានសារៈសំខាន់ក្នុ​ងការកសាង អភិវឌ្ឍស​ង្គមផងដែរ ។
បើទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានការម​មាញឹកនឹងកិច្ចការប្រទេសជាតិប៉ុណ្ណាក្តីក៏លោក នាយករដ្ឋមន្ត្រី បានឆ្លៀតយកពេលវេលាមានដ៏តម្លៃ​ឆ្លើយតបទៅនឹងការcomment ឬសំ​ណូម​ពរ​របស់ប្រជាពលរដ្ឋ ​ និងបានសម្រួលដោះស្រាយ​បញ្ហាបា​នជាច្រើន ក្នុងពេលដ៏ខ្លី ។ ទាំងនេះ គឺសបញ្ជាក់ពីការយក​ចិត្តទុកដាក់ ភាពស្និទ្ធស្នាល និងទំនាក់ទំ​នងយ៉ាងស្អិតរមួតរបស់ប្រមុខរាជរដ្ឋា​ភិបាលជាមួយប្រជាជ​នគ្រ​ប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ការរើស​អើង​ជាតិសាសន៍ និង​ពណ៌សម្បុរណាទាំងអស់។

ផ្ទុយមកវិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែឆ្លើយតបដោយ​ភ្ជាប់មកជាមួយនូវ​ខ្លឹមសារអ​ប់​រំ ​ពីសុជីវធម៌ ​ក្រមសីលធម៌ ប្រកបដោយក្តីមេត្តាធម៌ ព្រហ្មវិហារធម៌​ទាញឱ្យដើរទៅ​រកផ្លូវត្រូវវិញ ចំ​ពោះ​សកម្មជនបក្សប្រឆាំងមួយចំនួនដែលត្រូវ​បានពង្វក់ស្មារតីឱ្យគិត និងធ្វើសកម្មភាព​បែបអគតិ និងជាតិនិយមជ្រុ​លនិយម ៕