Thursday, January 19, 2017

ព័ត៌​មាន​សង្គមក​ម្ពុជា​ក្រើន​រំលឹក ដោយ​សារតែករ​ណីរបស់​លោក Trump នៅ​អាមេរិក ​

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump មិនមែនជាអ្នកនយោបាយតែមួយរូបដែលប្រើប្រាស់អំណាចតាមរយៈព័ត៌មានសង្គមនោះទេ។ នៅព្រលឹមស្រាងៗ លោក Trump បានសរសេរបង្ហោះនៅលើគេហទំព័រ Twitter របស់គាត់ ដើម្បីរិះគន់អ្នកប្រឆាំង       ស្ថាប័នទាំងឡាយ ក៏ដូចជាទស្សនៈយោបល់ទាំងឡាយណាដែលមិនចុះសម្រុងនឹងគាត់។ នៅឯកម្ពុជាឯណេះវិញ នាយករដ្ឋមន្រ្តីដែលកាន់អំណាចដ៏យូរ លោក ហ៊ុន សែន បានប្រើប្រាស់ Facebook ជាឧបករណ៍ដើម្បីដាក់ចេញគោលនយោបាយ ជាការឃោសនាគណបក្សរបស់គាត់ និងដាក់គុកតំណាងរាស្រ្តគណបក្សប្រឆាំង។ កម្ពុជា និងអាមេរិកប្រហែលជាប្រទេសខុសគ្នាទាំងស្រុង ក៏ប៉ុន្តែប្រសិនជាក្រឡេកមើលទៅលើគេហទំព័រ Facebook របស់លោក ហ៊ុន សែន ពេលនោះយើងឃើញថា អំណាចដែលដាក់ទៅលើរដ្ឋាភិបាល និងព័ត៌មានអាស្រូវក្លែងក្លាយនៅកម្ពុជា បានផ្តល់ជាមេរៀនដ៏មានតម្លៃសម្រាប់មហាជនអាមេ    រិក ខណៈដែលខ្លួនរៀបចំសម្រាប់មេលេង Twitter ដ៏ធំជាងគេសម្រាប់អាមេរិក។
រយៈពេលប្រាំមួយថ្ងៃមុនពេលអាមេរិកសម្ពោធប្រធានាធិបតីទី ៤៥ របស់ខ្លួននៅថ្ងៃទី ២០ ខែមករា លោក ហ៊ុន សែន នឹងប្រារព្ធខួប ៣២ ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់ប្រទេសកម្ពុជា។ ការរក្សាបាននូវអំណាចរយៈពេលយូរនោះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ ជាអ្នកនយោបាយដែលមានបទពិសោធដែលបានចូលរួម ហើយក្រោយមករត់ចេញពីជួរ និងបន្ទាប់ពីនោះបានផ្តួលរំលំពួកខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ចាប់តាំងពីពេលនោះមក លោក ហ៊ុន សែន បានប្រើប្រាស់នូវភាពប៉ិនប្រសព្វរបស់គាត់ទៅលើក្រុមគ្រួសាររាជានិយម ធ្វើឱ្យប៉ះពាល់បជ្ចឹមប្រទេសដោយសារតែងាកកាន់តែជិតទៅរកក្រុងប៉េកាំង និងបានបំបិតមាត់ក្រុមប្រឆាំងក្នុងប្រទេសរបស់គាត់តាមរយៈកម្លាំងឃោរឃៅ។
លោក ហ៊ុន សែន ចាប់យកការប្រើប្រាស់ Facebook លើកដំបូងនៅឆ្នាំ ២០១៣ គឺជាសេចក្តីសម្រេចចិត្តបែបកលយុទ្ធ ដើម្បីអំពាវនាវរកអ្នកបោះឆ្នោតក្មេងៗ ក្រោយពីការបោះឆ្នោតបានបញ្ចប់។ សព្វថ្ងៃនេះ លោក ហ៊ុន សែន ជារឿយៗបានបង្ហោះរូបថតចៅរបស់គាត់ ក៏ដូចជាខ្លួនឯងផង និងរូបថតសហការីរបស់គាត់ជាមួយកសិករ ឬជាមួយក្រុមគ្រួសាររាជវង្សផងដែរ ទាំងអស់នេះសុទ្ធធ្វើឡើងដើម្បីបង្ហាញមុខមាត់កាន់តែស្រស់ស្រាយទៅកាន់អ្នកបោះឆ្នោតវ័យក្មេង។
ការព្រួយបារម្ភបន្ថែមទៀតគឺថា លោក ហ៊ុន សែន កំពុងប្រើប្រាស់ Facebook ជាឧបករណ៍នយោបាយដើម្បីគ្រប់គ្រងប្រទេសនេះ និងគៀបសង្កត់ក្រុមប្រឆាំងនឹងគាត់។ លោក ហ៊ុន សែន ក៏លែងនិយាយផ្សាយនូវសុន្ទរកថាវែងៗតទៅទៀតទេ ដែលបានចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ ដែលជារបស់ក្រុមគ្រួសារគាត់។ Facebook បានផ្តល់        ឱ្យលោក ហ៊ុន សែន នូវច្រកទ្វារក្នុងការនិយាយអំពីបំណងប្រាថ្នារបស់គាត់ ហើយនឹងសេរីភាពថ្មីរបស់គាត់ដើម្បីចោទប្រកាន់សមាជិកគណបក្សប្រឆាំងដែលធ្វើខុស។
អ្នកគាំទ្ររបស់គាត់មាន ៦,៥ លាននាក់ ដែលមនុស្សភាគច្រើនត្រូវបានគេចោទប្រកាន់ថា ត្រូវបានគេទិញ មិនត្រឹមតែយុវជនប៉ុណ្ណោះទេ ថែមទាំងអ្នកនយោបាយប្រជាធិបតេយ្យជាច្រើនដែលស្មោះត្រង់នឹងបក្សរបស់គាត់ផងដែរ។ តាមរយៈ Facebook លោក ហ៊ុន សែន បានរកឃើញវិធីទាក់ទងដោយផ្ទាល់ទៅនឹងមន្ត្រីរដ្ឋាភិបាលដែលត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តន៍នូវរាល់ការណែនាំរបស់គាត់។
នេះគឺជារបៀបនៃការដាក់ចេញនូវគោលការណ៍ច្បាប់ណែនាំតាមរយៈ Facebook។ នៅក្នុងកិច្ចប្រជុំផ្សេងៗ មន្រ្តីរដ្ឋាភិបាលជានិច្ចជាកាលពិនិត្យមើលទូរស័ព្ទរបស់ពួកគេដើម្បីមើលថា តើលោក ហ៊ុន សែន បានបង្ហោះនូវការណែនាំណាមួយស្តីពីនយោបាយដែលបានដាក់ចេញនោះដែរឬទេ។ ជាឧទាហរណ៍ លោក ហ៊ុន សែន បានប្រកាសដោយមិនរំពឹងទុកទុកជាមុនថា និសិត្សដែលទទួលបានពិន្ទុខ្ពស់ក្នុងការប្រលងមធ្យមសិក្សាទុតិយភូមិនឹងមិនត្រូវបានគេផ្តល់ឱ្យដោយស្វ័យប្រវត្តិចូលទៅក្នុងមជ្ឈមណ្ឌលគរុសល្យទៀតទេ។ ផ្ទុយទៅវិញ អ្នកដែលចង់ក្លាយជាគ្រូបង្រៀនត្រូវទៅប្រឡង។ គោលនយោបាយថ្មីនេះជាគោលនយោបាយចាស់ដែលពីរឆ្នាំកន្លងមកនោះលោក ហ៊ុន សែន បានទាមទារឱ្យមានការផ្លាស់ប្តូរ។ សេចក្តីសម្រេចថ្មីរបស់គាត់សមស្របទៅនឹងការអនុវត្តជាក់ស្តែងនៅក្នុងក្រសួងអប់រំយុវជន និងកីឡា ហើយច្បាប់មួយចំនួនត្រូវបានផ្លាស់ប្តូរជាថ្មីម្តងទៀតដើម្បីតម្រូវចិត្តលោកនាយករដ្ឋមន្រ្តី។ គ្មានការពិភាក្សានយោបាយណាមួយ គ្រាន់តែដាក់ចេញឱ្យមានការអនុវត្តប៉ុណ្ណោះ។
Facebook ក៏ត្រូវបានប្រើប្រាស់ផងដែរដោយក្រុមប្រឆាំងនឹងលោក ហ៊ុន សែន។ បក្សប្រឆាំងដ៏សំខាន់របស់គាត់គឺលោក សម រង្ស៊ី ដែលគេហទំព័រ Facebook របស់គាត់មានអ្នកគាំទ្រចំនួន ៣,៥ លាននាក់ ដែលគេហទំព័រនេះរិះគន់នាយករដ្ឋមន្រ្តី និងបង្ហោះព័ត៌មានរិះគន់គណបក្សកាន់អំណាច។ យុទ្ធសាស្រ្តនយោបាយដ៏ពេញចិត្តរបស់លោក សម រង្ស៊ី បានបង្កឱ្យមាននូវទស្សនៈបែបជាតិខ្មែរនិយម ដោយការធ្វើអាជីវកម្មទៅលើទំនាក់ទំនងជិតស្និទ្ធរវាងលោក ហ៊ុន សែន និងទីក្រុងហាណូយ។ គ្រាមួយនោះ លោក សម រង្ស៉ីបានដកបង្គោលនៅតាមព្រំដែនកម្ពុជា -វៀតណាម ដែលជាការប្រឆាំងទៅនឹងអ្វីដែលគាត់ជឿថា ជាការទន្ទ្រានចូលទឹកដីកម្ពុជា។
ក្នុងហេតុការណ៍ស្រដៀងគ្នាមួយកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៥ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងលោក ហុង សុខហួរ បានបង្ហោះនៅលើទំព័រ Facebook របស់លោក សម រង្ស៊ី អំពីសន្ធិសញ្ញាព្រំដែនឆ្នាំ ១៩៧៩ រវាងវៀតណាម និងកម្ពុជា។ ការបង្ហោះនេះបានបង្ហាញភស្តុតាងថា កម្ពុជាបានផ្តល់ដីទៅឱ្យប្រទេសវៀតណាម។ ប៉ុន្តែផែនការនេះបានជះឥទ្ធិពលមកលើខ្លួនឯងវិញ ដោយសារកំហុសនៃការបកប្រែ ឯកសារដែលបានបង្ហោះបានប្រើពាក្យថា «រំលាយ» ជាជាង «ការឱ្យនិយមន័យឡើងវិញ» ចំពោះការពិពណ៌នា អំពីព្រំដែននេះ ដែលស្ថានភាពនេះសមល្មមសម្រាប់លោក ហុង សុខហួរ ត្រូវបានចោទប្រកាន់ពី «បទក្លែងបន្លំឯកសារសាធារណៈ»។ និយាយបានម្យ៉ាងវិញទៀត គាត់ត្រូវបានគេចោទប្រកាន់ពីបទឃោសនាព័ត៌មានក្លែងក្លាយនៅលើ Facebook។ កាលពីខែវិច្ឆិកា លោកត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគារចំនួនប្រាំពីរឆ្នាំ។ កាលពីខែធ្នូ ឆ្នាំ ២០១៦ លោក សម រង្ស៊ី និងសមាជិកនៃក្រុម Facebook ចំនួនពីរនាក់ត្រូវបានគេកាត់ទោសកំបាំងមុខចំពោះទង្វើដូចគ្នានេះ។
នៅប្រទេសកម្ពុជា ដំណឹងក្លែងក្លាយត្រូវបានគេប្រើប្រាស់នៅក្នុងទិសដៅមួយ ដែលជានិច្ចជាកាលគាំទ្របក្សកាន់អំណាច។ ចំណែកឯសន្ធិសញ្ញា «ក្លែងក្លាយ» ដែលបានបង្ហោះនៅលើ Facebook ជាលទ្ធផលបានធ្វើឱ្យសមាជិកគណបក្សប្រឆាំងបួនរូបជាប់ពន្ធនាគារ ហើយព័ត៌មានក្លែងក្លាយផ្សេងទៀតកាលពីចុងខែធ្នូ ដែលរៀបចំឡើងដោយគណបក្សកាន់អំណាចមានផលវិបាកតិចតួច។ នៅពេលនេះ មន្ត្រីអន្តោប្រវេសន៍ដែលស្មោះត្រង់នឹងគណបក្សកាន់អំណាចធ្វើពុតជាថា ត្រូវបានឡានលោក ម៉ាង ពុទ្ធី បុក។ ទោះបីជាមានក្លីបវីដេអូនៃ «គ្រោះថ្នាក់» ត្រូវបានគេចាក់ផ្សាយនៅលើព័ត៌មានសង្គមនោះថា ព្រឹត្តិការណ៍នេះត្រូវបានគេប្រឌិតឡើងយ៉ាងច្បាស់ក៏ដោយ ក៏លោក ម៉ាង ពុទ្ធី ត្រូវបានគេចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និងត្រូវរង់ចាំការកាត់ទោសឱ្យជាប់ពន្ធនាគារ។
Facebook នៅក្នុងប្រទេសកម្ពុជាមិនបានបង្កើតឱ្យមានតម្លាភាព ហើយក៏មិនមានចំណេះដឹងបែបប្រជាធិបតេយ្យ ឬមិនបានគោរពទៅលើគណបក្សប្រឆាំង។ Facebook បានក្លាយទៅជាឧបករណ៍ផ្សេងទៀត តាមរយៈនោះ អាជ្ញាធរមានអំណាចបានប្រើប្រាស់ Facebook ក្នុងគោលបំណងដើម្បីទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង។
វាគឺអាចធ្វើទៅបានដែលលោកប្រធានាធិបតី Trump អាចអនុវត្តន៍នូវរបៀបប្រហាក់ប្រហែលគ្នាទៅនឹងលោក ហ៊ុន សែន ។ លោក Trump បានជ្រើសរើសរួចជាស្រេចហើយនូវអ្នកស៊ីជោធ្វើជាសមាជិកគណៈរដ្ឋមន្ត្រីរបស់គាត់ ហើយបើនិយាយអំពីតុលាការវិញ ដោយយកអ្នកដែលស្មោះត្រង់ជាមួយគាត់ និងជួលកូនចៅរបស់គាត់ឱ្យធ្វើការ។ គាត់ប្រហែលជាប្រាស់ចាកចេញពីអ្វីដែលគាត់បាននិយាយនៅក្នុងយុទ្ធនាការរបស់គាត់ថា គាត់នឹងកាត់ទោសលោកស្រី Hillary Clinton ប៉ុន្តែគ្រាន់តែជាការគំរាមនៃការប្រើប្រាស់តុលាការដើម្បីដាក់ផ្ទាំងស៊ីបទៅលើអ្នកប្រឆាំងគាត់តែប៉ុណ្ណោះ។ ព័ត៌មានក្លែងក្លាយ ដែលលោក Trump បានប្រើប្រាស់នៅក្នុងយុទ្ធនាការនោះអាចទៅជាភស្តុតាងប្រឆាំងនឹងអ្នករិះគន់គាត់ ដូចនៅកម្ពុជាអញ្ចឹង។
មហាជនអាមេរិកត្រូវតែទប់ទល់នឹងឥទ្ធិពលនៃព័ត៌មានសង្គម និងអំណាចរដ្ឋ។ ការធ្វើឱ្យមានជំនឿទុកចិត្តទៅលើតម្លាភាព ការផ្សព្វផ្សាយឃោសនាទៅលើព័ត៌មានមិនពិត និងការគៀបសង្កត់ទៅលើក្រុមអ្នកប្រឆាំងតាមរយៈព័ត៌មានសង្គមនេះ គឺជាការអនុវត្តន៍អំណាចផ្តាច់ការសតវត្សរ៍ទី ២១ នេះ៕
ប្រភព: East Asia Forum ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧


សភា​សម្ព័ន្ធ​សហជី​ពជាតិ​កម្ពុជា ចូល​រួម​វេទិកា​ពិគ្រោះ​យោបល់​ស្វែងរ​កលក្ខខណ្ឌ​ការងារ​ល្អ ​និងប្រាក់​ឈ្នួល​ខ្ពស់សម​រម្យស​ម្រាប់កម្មករ

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នេះ ថ្នាក់ដឹកនាំ និងមន្ត្រីសហព័ន្ឋសហជីពជាសមាជិកសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-NACC ចំនួន ១២១រូប បានចូលរួមវេទិកាពិគ្រោះយោបល់ស្វែងរកលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់សមរម្យសម្រាប់កម្មករ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលម៉ូឌែន៥ ក្រោមអធិបតីភាពលោក ឧស្ម័ន ហាសាន់ រដ្ឋលេខាធិការក្រសួងការងារ ។

នៅក្នុងឱកាសនោះផងដែរ សមាជិកនៃអង្គវេទិកាបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុសទៅលើប្រធានបទ ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ដែលបានលើកឡើងទាំងផលវិជ្ជមាន និងអវិជ្ជមាន ដើម្បីផ្សព្វផ្សាយដល់សមាជិកសហជីព ក៏ដូចប្រជាពលរដ្ឋដែលមានបំណងចង់ទៅធ្វើការជាពលករនៅក្រៅប្រទេស ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានប្រជាពលរដ្ឋ ដែលបានទៅធ្វើការនៅក្រៅប្រទេសចំនួន១,១៥លាននាក់ និងបានផ្ញើថវិកាមកក្រុមគ្រួសារប្រមាណ១,៧ពាន់លានដុល្លារក្នុងមួយឆ្នាំ ៕





ការ​​ងាករេ​​​មួយ​​ទៀត​​សម្រាប់​​វៀតណាម​

រយៈពេល ១ ឆ្នាំកន្លងទៅ ខ្ញុំបានលើកឡើងថា ឆ្នាំ ២០១៦ នឹងជាឆ្នាំសំខាន់សម្រាប់ការនាំយករចនាសម្ព័ន្ធនយោបាយក្នុងប្រទេសឲ្យស៊ីសង្វាក់គ្នាជាមួយនឹងគោលជំហរថ្មីរបស់វៀតណាមនៅក្នុងផែនការសេដ្ឋកិច្ច និងសន្តិសុខពិភពលោក។ បន្ទាប់ពីការបោះឆ្នោតរបស់អាមេរិក វៀតណាមកំពុងត្រូវការដំបូន្មានថ្មី និងកាន់តែប្រសើរជាងមុន។ វៀតណាមចាំបាច់ត្រូវធ្វើការកែសម្រួលជំហរខ្លួន។
ការបោះឆ្នោតអាមេរិកបានធ្វើឲ្យទីក្រុងហាណូយភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វៀតណាមរៀបចំផែនការសម្រាប់គោលនយោបាយរបស់ គ្លីនតុន ដែលនៅតែប្រកាន់ជំហរតឹងរឹងលើចិន។ នេះនឹងអនុញ្ញាតឲ្យទីក្រុងហាណូយអាចតថ្លៃយ៉ាងតឹងជាងមុនជាមួយចិន។ ភាពជាដៃគូកាន់តែជិតស្និទ្ធជាមួយវ៉ាស៊ីនតោននឹងមានទឹកមាត់ប្រៃក្នុងការតថ្លៃ។ ប៉ុន្តែ គ្មាននរណាម្នាក់ដឹងច្បាស់អំពីគោលនយោបាយរបស់ ត្រាំ ទៅលើរឿងនោះទេ។
មានជំនឿមុតមាំថា បន្ទាប់ពីបោះឆ្នោត សភានឹងអនុម័តកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកប្រធា នាធិបតីនឹងចុះហត្ថលេខា ហើយប្រធានាធិបតីជាប់ឆ្នោត ហ៊ីលឡារី គ្លីនតុន នឹងទទួលយកវាមកធ្វើជាផែនការសេដ្ឋកិច្ចសម្រាប់តំបន់ប៉ាស៊ីហ្វិកភាគច្រើនសម្រាប់ការចងចាំនៅសតវត្សរ៍ទី ២១។ អ្នកខ្លះនៅតែសង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងកែសម្រួលវោហារសាស្ត្ររបស់គាត់នៅពេលឃោសនា ហើយនឹងមកគិតគូររឿងពាណិជ្ជកម្មនោះវិញ។ ប៉ុន្តែ ត្រាំ បានបញ្ចេញប្រតិកម្មមិនទទួលយកទិន្នន័យ ឬការផ្តល់យោបល់របស់អ្នកជំនាញ។
តើគេគួរតែសង្គ្រោះកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកនោះដោយត្រឹមតែប្រទេស ១១ ដែរឬទេ? កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកនោះកើតឡើងដោយមានលក្ខខណ្ឌ ពោលគឺប្រទេសនីមួយៗត្រូវតែសម្របសម្រួលដើម្បីទទួលបានត្រឡប់មកវិញនូវផលប្រយោជន៍ពីភាពជាសមាជិក។ សម្រាប់វៀតណាម លក្ខខណ្ឌទាំងនេះនឹងប៉ះពាល់ដល់ការគ្រប់គ្រងរបស់គណបក្សកុម្មុយនីស្ត ជាពិសេសពាក់ព័ន្ធនឹងសេដ្ឋកិច្ច។ បើមិនបានរាប់បញ្ចូលទីផ្សារធំជាងគេរបស់ពិភពលោក និងផលប្រយោជន៍សន្តិសុខដែលរួមចំណែកដោយសមាជិកភាពរបស់វ៉ាស៊ីនតោននោះទេ វានឹងមិនអាចចេញទៅរួចនោះទេ។ សភាវៀតណាមបានទទួលស្គាល់រឿងនោះ នៅពេលខ្លួនបានព្យួរការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនោះ។
វៀតណាមគឺជាសមាជិកមួយក្នុងចំណោមសមាជិក ៥ របស់កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកដែលគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយអាមេរិក។ ក្នុងខណៈចាប់តាំងពីដើមនៃយុទ្ធនាការបោះឆ្នោត ត្រំា មានគោលដៅរិះគន់របស់គាត់លើចិន គាត់ពិតជាបាននាំឲ្យវៀតណាមចូលទៅក្នុងគោលនយោបាយប្រជាភិថុតរបស់គាត់តាំងពីពេលនោះមក។ នៅក្នុងការជួបជុំមួយ គាត់បាននិយាយថា កម្មករអាមេរិក ឥឡូវនេះ “ប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងកម្មករនៅវៀតណាម ជាប្រទេសមួយដែលមានប្រាក់បៀវត្សរ៍ទាបជាងគេបំផុតនៅលើលោក”។ វៀតណាមមិនអាចរំពឹងថា នឹងមានកិច្ចព្រមព្រៀងសមរម្យណាមួយក្នុងការចរចាទ្វេភាគីជាមួយរដ្ឋបាល ត្រាំ នោះទេ។
មជ្ឈភាពអាស៊ានត្រូវបានគេលើកឡើង ដើម្បីជាការឆ្លើយតបទៅនឹងការដកខ្លួនរបស់អាមេរិក។ ប៉ុន្តែ ប្រសិនបើអាស៊ានមិនអាចរួមគ្នានៅក្នុងជម្លោះជាមួយចិន នៅពេលវ៉ាស៊ីនតោនកំពុងតែលូកដៃនោះ តើអាស៊ាននឹងងើបឈរដូចម្តេចទៅ នៅពេលអ្វីៗវាកាន់តែរឹងតែងថែមទៀតនោះ? ហ្វីលីពីន ជាប្រធានអាស៊ានថ្មី ប្រាកដណាស់នឹងមិននាំមុខលើរឿងនោះទេ។ ម៉ាឡេស៊ីកំពុងចែចង់ជាមួយចិនរួចទៅហើយ ហើយនៅវៀតណាមវិញ គេតែងតែមានក្រុមផ្សេងគ្នាដែលលើកឡើងថា វ៉ាស៊ីនតោនមិនអាចទុកចិត្តបានទេ។ ដូច្នេះ គេត្រូវតែរណបចិន ទោះចង់ឬមិនចង់។
តួនាទីនាំមុខនៅក្នុងការបង្កើតបញ្ញត្តិសេដ្ឋកិច្ចនោះគឺកំពុងងាកទៅរកទីក្រុងប៉េកាំង។ តាមជាក់ស្តែង វៀតណាមនឹងរីកចម្រើននៅក្នុងផែនការសេដ្ឋកិច្ចដឹកនាំដោយចិនជាងរបស់កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់តំបន់ (RCEP) អាចបើកចំហតំបន់អាស៊ីបូព៌ាទៅជាពាណិជ្ជកម្មកាន់តែសេរី ប៉ុន្តែ ផែនការនោះនៅខ្វះការការពារវិនិយោគិនឲ្យបានគ្រប់ជ្រុងជ្រោយ ការដាក់កម្រិតលើការអន្តរគមន៍របស់រដ្ឋ និងទិដ្ឋភាពឆ្លងកាត់ព្រំដែនផ្សេងៗទៀតនៃបរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌។
ថ្នាក់ដឹកនាំរបស់បក្សនៅទីក្រុងហាណូយអាចសប្បាយចិត្តជាមួយនឹង RCEP ប្រសិនបើចិនមានបំណងឃុំគ្រងការងាកទៅលោកខាងលិចខ្លាំងពេករបស់ទីក្រុងហាណូយ។ ប៉ុន្តែ កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកនោះមិនមែននិយាយតែអំពីពាណិជ្ជកម្មនោះប៉ុណ្ណោះទេ។ វាក៏និយាយអំពីការបង្ខំឲ្យថ្នាក់ដឹកនាំនោះអនុវត្តនូវអ្វីដែលពួកគេមិនមានសេចក្តីក្លាហានក្នុងការអនុវត្តដោយផ្ទាល់ខ្លួន។ លក្ខខណ្ឌរបស់កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក ពោលគឺការធ្វើឲ្យមានភាពស្មើគ្នារវាងសហគ្រាសឯកជន និងរដ្ឋ ព្រមទាំងច្បាប់ការពារវិនិយោគិននោះ នឹងនាំឲ្យមានការកើនឡើងខ្លាំងផ្នែកវិនិយោគទៅវៀតណាម។ នៅពេលចិនកាន់តែក្លាយទៅជាទីកន្លែងដែលកាន់តែប្រថុយប្រថាននិងកាន់តែថ្លៃក្នុងការធ្វើជំនួញនោះ វៀតណាមដែលមិនយកពន្ធនាំចូល ភាពសុវត្ថិភាពផ្លូវច្បាប់ និងកាន់តែទទួលបានផលចំណូលច្រើននោះនឹងនាំឲ្យមានការទាក់ទាញវិនិយោគិនចេញពីចិន។
ជាការពិត ការវិនិយោគមានសន្ទុះខ្លាំងនៅមុនពេលមានកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក។ ចំនួនគម្រោងមានអាជ្ញាប័ណ្ណបានកើនឡើងទៅចំនួន ២១២០ នៅឆ្នាំ ២០១៥ ពីចំនួន ១២៣៧ ក្នុងឆ្នាំ ២០១០។ ប្រាក់ភាគច្រើនបានចូលទៅកាន់វិស័យរោងចក្រ ដែលប្រទេសនាំមុខគេមានកូរ៉េខាងត្បូង ជប៉ុន និងចិន។ រោងចក្ររបស់គេអាចជួយបម្រើដល់ទីផ្សារក្នុងស្រុករបស់គេ ប៉ុន្តែពួកគេក៏ស្វែងរកប្រទេសវៀតណាម ជាទីតាំងតម្លៃថោកជាងគេក្នុងការផលិត និងនាំចេញទៅកាន់ទីផ្សាររបស់កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក ដែលរាប់បញ្ចូលទាំងអាមេរិកផង។
ប្រសិនបើរដ្ឋការរបស់ ត្រាំ នៅតែបន្តជំហរតឹងរឹងរបស់ខ្លួនលើប៉េកាំង ការវិនិយោគនឹងបន្តងាកចេញពីចិន។ ប៉ុន្តែ បើគ្មានកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក វៀតណាម ឥឡូវនេះ គឺជាប្រទេសតែមួយគត់ក្នុងក្រុមប្រទេសដែលចង់ជោគជ័យជាងគេ ដើម្បីទទួលបានលំហូរសាច់ប្រាក់ថ្មីៗ។ ដោយគ្មានយកពន្ធនាំចូល ពួករោងចក្រមានសេរីភាពក្នុងការប្រៀបធៀបតម្លៃនៅទីតាំងតម្លៃទាបផ្សេងៗទៀត ដូចជាកម្ពុជា និងមីយ៉ាន់ម៉ា។
ដើម្បីរក្សាការប្រកួតប្រជែង វៀតណាមត្រូវតែលើកកម្ពស់កំណែទម្រង់ដែលកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកតម្រូវឲ្យធ្វើ។ ប្រទេសនោះត្រូវតែលប់ចោលការលើកលែងលើសហគ្រាសរដ្ឋ ផ្តោតលើផលិតភាព និងផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់នៃសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ ប៉ុន្តែសហគ្រាសរដ្ឋនោះគឺមានប្រជាប្រិយភាពក្នុងមូលហេតុល្អគឺ ពួកគេអាចត្រូវប្រើដើម្បីទាក់ទាញមតិសាធារណៈសម្រាប់មន្ត្រីមូលដ្ឋាន និងមជ្ឈឹម។ ហើយ ផលប្រយោជន៍នយោបាយដែលកើតពីការទទួលបានការងារ និងវិនិយោគផ្ទាល់ដែលគេត្រូវការដើម្បីរក្សាមណ្ឌលបោះឆ្នោតសំខាន់ៗឲ្យសប្បាយចិត្ត។ យើងមិនគួររំពឹងថា មន្ត្រីវៀតណាមនឹងមិនសូវមានប្រជាភិថុតជាងប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកនោះទេ។
ការស្លាប់កិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកបានដកសម្ពាធខ្លាំងចេញសម្រាប់វៀតណាមក្នុងការធ្វើអ្វីដែលខ្លួនត្រូវធ្វើដើម្បីភាពប្រសើរខាងសេដ្ឋកិច្ច។ បើគ្មានសម្ពាធនេះ និងគ្មានការចូលទៅកាន់ទីផ្សារអាមេរិកទេ វៀតណាមត្រូវតែធ្វើការទ្វេដងដើម្បីអនុវត្តកំណែទម្រង់។ ហើយពួកគេនឹងត្រូវតែធ្វើវាជាមួយចិនដែលកំពុងតែមានឥទ្ធិពលកាន់តែខ្លាំង ពោលគឺផលប្រយោជន៍ដែលគួរតែលើកទឹកចិត្តពួកគេឲ្យធ្វើការងារនោះ៕
ប្រភព៖ East Asia Times ចុះថ្ងៃ១៨ ខែមករា ឆ្នាំ២០១៧

ជំនួបរវាងលោក ហោ ណាំហុង និងប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ប្រចាំកម្ពុជាដែលនឹងបញ្ចប់អាណត្តិនឹងបង្ហាញខ្លួនប្រធានបេសកកម្មថ្មី

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តាងណាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបជាមួយលោកប្រធានបេសកុកម្មគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ប្រចាំកម្ពុជាដែលនឹងបញ្ចប់អាណត្តិនឹងបង្ហាញខ្លួនប្រធានបេសកកម្មថ្មី។
លោក ហោ ណាំហុង បានរំលឹកថា ICRC បានដើរ តួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ក្រោយការដួលរំលំខ្មែរក្រហម ដែលពេលនោះប្រជាជនកម្ពុជារាប់លាននាក់ កំពុងជួបប្រទះនូវភាពអត់ឃ្លាន ទុរភិក្សយ៉ាងខ្លាំង និងគ្មានជម្រក។ នៅពេលនោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាអនុរដ្ឋមន្ត្រីការបរទេស បានធ្វើការជាមួយ ICRC, Oxfam, World Vision, UNICEF, និងអង្គការបារាំងផ្សេងទៀតជាច្រើន។ល។ ដើម្បីជួយប្រជាជនកម្ពុជាឱ្យរួចពីភាពអត់ឃ្លាន និងទុរភិក្ស។
លោកបានបន្ថែមថា សព្វថ្ងៃនេះ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ក៏បានរួមសហការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជាដែលមាន លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានក្នុងការជួយប្រជាជនកម្ពុជាក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិ និងប្រជាពលរដ្ឋដែលរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។
លោក ហោ ណាំហុង បានថ្លែងអំណរគុណចំពោះលោក Bart Vermeiren ក្នុងអាណត្តិរបស់លោកជានិច្ចកាលបានខិតខំប្រឹងប្រែងជាមួយកាកបាទ ក្រហមកម្ពុជារហូតទទួលបានជោគជ័យជាច្រើនដែលគួរឱ្យកោតសរសើរ។

លោក ហោ ណាំហុង បានជូនពរលោក Bart Vermeiren ឱ្យមានសុខភាពល្អ ទទួលបានជោគជ័យថ្មីថែមទៀតនៅក្នុងបេសកកម្មមនុស្សធម៌នៅជុំវិញពិភពលោក និងសុំឱ្យ ICRC នៅតែជាដៃគូដ៏ល្អមិនអាចខ្វះបានរបស់កាកបាទក្រហមកម្ពុជា ៕



លោកស្រី ម៉ែន សំអន ទទួលទានអាហារមិត្តភាព ជាមួយគណៈប្រតិភូជាន់ខ្ពល់គណៈកម្មាធិការមជ្ឈិមរណសិរ្សកសាងជាតិទ្បាវ

លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានទទួលគណៈប្រតិភូដែលដឹកនាំដោយ លោក សាយ សោមភូនភូមិវីហាន សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សបដិវត្តប្រជាជនឡាវ និងជាប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សកសាងជាតិឡាវ នារាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។
លោកស្រីបានមានប្រសាសន៍ថា៖ ប្រជាជនកម្ពុជា តែងចងចាំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្សរដ្ឋរណសិរ្ស  និងប្រជាជនឡាវ ជាបងប្អូន ដែលរយៈកាលកន្លងមក តែងតែជួយឧបត្ថម្ភ និងគាំទ្រនៅគ្រប់កាលៈទេសៈ ដល់បុព្វហេតុរំដោះជាតិ កសាងសន្តិភាព និងវឌ្ឍនភាពរបស់កម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក សាយសំភូន ភូមិវិហាន បានលើកឡើងអំពីការរីកចម្រើនរបស់កម្ពុជា និងបានឆ្លុះបញ្ចាំងឱ្យឃើញពីការរួមសាមគ្គីគ្នាជាធ្លុងមួយ នៅក្នុងសង្គមប្រជាជាតិខ្មែរ ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោកស្រីក៏បានស្នើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ៕




កិច្ច​សម្រួល​ពាណិជ្ជក​ម្មតាមប្រព័ន្ធ​អេឡិច​ត្រូនិច​ឆ្លង​កាត់​ព្រំដែន​នឹងស​ម្រួលនីតិ​វិធី និង​ប​ង្កើនទំហំ​នៃកា​រនាំ​ចេញ

ភ្នំពេញ៖ លោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្ដីពី «កិច្ចសម្រួលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន» ដែលជាការរៀបចំរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិប្រចាំអាស៊ីប៉ាស៊ីហ្វិក (UNESCAP) ដែលជាអ្នកផ្ដល់ជំនាញការចូលរួមជាវាគ្មិនក្នុងសិក្ខាសាលានេះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។ សិក្ខាសាលានេះមានការចូលរួមពីក្រសួងពាក់ព័ន្ធ ក៏ដូចជាភ្នាក់ងារពាក់ព័ន្ធរបស់ឡាវ និងវៀតណាមផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ លោកអនុរដ្ឋលេខាធិការបានកត់សម្គាល់ថា នៅក្នុងពេលបច្ចុប្បន្ន ពាណិជ្ជកម្មអន្តរជាតិមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនីមួយៗ ដោយនាំឱ្យមានប្រតិបត្តិការឆ្លងកាត់ព្រំដែនរឹតតែច្រើនឡើង។ ប្រតិបត្តិការទាំងនោះ ចាំបាច់ឆ្លងកាត់នីតិវិធីស្មុគស្មាញ បង្កើតជាបន្ទុកធ្ងន់ធ្ងរដល់អ្នកនាំចេញ-នាំចូល។ ដូចនេះហើយ ដើម្បីកាត់បន្ថយបន្ទុកនេះ ក៏ដូចជាកាត់បន្ថយចំណាយប្រតិបត្តិការ រដ្ឋាភិបាលបានសម្រួលនីតិវិធីគយ និងនីតិវិធីតាមព្រំដែនដទៃទៀតសម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ តាមរយៈការដាក់ឱ្យប្រើប្រាស់នូវវិធានការសម្រួលពាណិជ្ជកម្មមួយចំនួន។
សិក្ខាសាលានេះ ជាការផ្ដួចផ្ដើមរបស់អង្គការ UNESCAP ដែលអាចនាំនូវផលចំណេញក្នុង រយៈពេលវែងសម្រាប់តំបន់ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាស ឬតាមអេឡិចត្រូនិច ដើម្បីឱ្យការធ្វើពាណិជ្ជកម្មអន្តរជាតិរឹតតែមានប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងអនុលោមតាមច្បាប់ដែលមានជាធរមាន។
លោកអនុរដ្ឋលេខាធិការបន្តមានប្រសាសន៍ថា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងការគាំទ្រយ៉ាងខ្លាំងក្នុងការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម ហើយក្រសួងបានស្នើសុំជំនួយបច្ចេកទេសបន្ថែមពីដៃគូរអភិវឌ្ឍដើម្បីរៀបចំនីតិវិធីស្របតាមទម្រង់ B និង C។ ម្យ៉ាងវិញទៀត ការបង្កើតឱ្យមានបង្អួចតែមួយគឺជាចំណុចអាទិភាពចម្បងសម្រាប់ដោះស្រាយបញ្ហានីតិវិធី និងហេដ្ឋារចនាសម្ព័ន្ធ។ ចំណុចអាទិភាពទីពីរ គឺកិច្ចសម្រួលពាណិជ្ជកម្មកម្រិតសកលលោក តាមរយៈការបង្កើតបុស្តិ៍ចេញចូលតែមួយនៅតាមព្រំដែន។
យោងលើការស្រាវជ្រាវរបស់ UNESCAP ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសម្រួលពាណិជ្ជកម្មតាមអេឡិចត្រូនិចទូទាំងតំបន់ អាចនាំឱ្យទំហំនៃការនាំចេញកើនឡើង ២៥៧ ប៊ីលានដុល្លារអាមេរិកប្រចាំឆ្នាំ។ ម្យ៉ាងវិញទៀត ទោះបីជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះមិនគ្របដណ្ដប់ទូទាំងតំបន់ក៏ដោយ ក៏អាចនាំឱ្យទំហំនៃការនាំចេញកើនឡើង ៣៦ ប៊ីលានដុល្លារអាមេរិកប្រចាំឆ្នាំផងដែរ ហើយថេរវេលាសម្រាប់ធ្វើការនាំចេញធ្លាក់ចុះពី ៤៤% និងចំណាយធ្លាក់ចុះ ៣១%៕




លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៖ កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជាប្រទេស​ដំបូង​គេ នៅ​ក្នុង​កម្មវិធីមូលនិធិហិរញ្ញវត្ថុរួមគ្នា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅមុនពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១៧ លើកទី៤៧ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីការបើកឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី មូលនិធិហិរញ្ញវត្ថុរួមគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសដំបូងគេ នៅក្នុងកម្មវិធីមូលនិធិហិរញ្ញវត្ថុរួមគ្នា ដែលត្រូវបានបង្កើតឡើងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅទីក្រុងដាវ៉ូស។
នាឱកាសនោះផងដែរ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះហត្ថលេខាលើឯកសារ ស្តីពីការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីមូលនិធិហិរញ្ញវត្ថុរួមគ្នា ដែលមានសារៈសំខាន់បំផុតសម្រាប់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន៕




លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​អំពីការ​ខិត​ខំប្រឹង​ប្រែង​លើក​កម្ពស់​ផលិត​ភាព​ក​សិកម្ម នៅក្នុង​បណ្ដា​ប្រទេស​ដែល​មានសក្ដា​នុពល​កសិកម្ម​ខ្ពស់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញអំពីការខិតខំប្រឹងប្រែងលើកកម្ពស់ផលិតភាពកសិកម្ម នៅក្នុងបណ្ដាប្រទេសដែលមានសក្ដានុពលកសិកម្មខ្ពស់ ទាំងនៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ពិតជាអាចចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងលើពិពភលោក តាមរយៈការបង្កើនបរិមាណស្បៀង និងកាត់បន្ថយតម្លៃស្បៀងឱ្យថោកសមរម្យ។
នេះជាការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសចូលរួមនៅក្នុងពិសារអាហារការងារថ្ងៃត្រង់ដែលរៀបចំដោយ កម្មវិធីស្បៀងអាហារពិភពលោក (World Food Program-WFP) ក្រោមប្រធានបទ ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម ការកសាង និងការពង្រឹងភាពជាដៃគូពហុភាគីពាក់ព័ន្ធ ដែលធ្វើឡើងនៅ World Food Programme Tent, Jakobshorn, Davos នៅថ្ងៃទី១៨ ខែ មករា ឆ្នាំ២០១៧ ។
នៅក្នុងជំនួបនេះដែរ គឺមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំកំពូលៗមកពីវិស័យឧស្សាហកម្ម ប្រទេសដៃគូ និងមកពីបណ្ដាប្រទេសដែលលូតលាស់នៅ អាហ្វ្រិក អាស៊ី អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល ថ្នាក់ដឹកនាំ កសិករ និងអ្នកជំនាញ ដើម្បីបង្ហាញពីវឌ្ឍនភាពនានា និងកំណត់យុទ្ធសាស្ត្រភាពជាដៃគូនៃពហុភាគីពាក់ព័ន្ធ ដើម្បីកៀងគរការគាំទ្រ។ នៅក្នុងជំនួបនេះមានបញ្ហាសំខាន់ៗមួយចំនួនត្រូវបានលើកឡើងដើម្បីពិភាក្សារួមមាន៖ ១-តើមានអ្វីខ្លះដែលអាចរៀនសូត្រពីបទពិសោធន៍ នៃបណ្ដាប្រទេសដៃគូដែលលូតលាស់នៅអាហ្វ្រិក និងអាស៊ី ? ២-តើកាលានុវត្តភាពថ្មីនៅប្រទេសឥណ្ឌា និងអាមេរិកឡាទីន អាចជះឥទ្ធិពលធំសម្បើមដល់ការផ្លាស់ប្ដូរមូលដ្ឋានទីផ្សារវិស័យកសិកម្មឬទេ? ៣-តើទម្រង់ដៃគូពហុភាគីពាក់ព័ន្ធ ដែលគាំទ្រដោយចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម អាចជះឥទ្ធិពលលើកាលានុវត្តភាពទាំងនោះយ៉ាងដូចម្ដេច?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីសម្រេចគោលដៅនេះ យើងត្រូវធ្វើការងារមួយចំនួនរួមមាន ១-ការយកចិត្តទុកដាក់គ្រប់គ្រងធនធានទឹកឱ្យបានល្អ ២-ការផ្ដល់បច្ចេកទេស និងផ្ទេរបច្ចេកទេសសម្រាប់ជួយដល់កសិករ និងទី៣-ការផ្ដល់ធាតុចូលកសិកម្មដែលមានតម្លៃទាបសមរម្យដល់កសិករ ជាពិសេសការធានាតម្លៃប្រេង និងថាមពលឱ្យនៅទាប។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម Grow Asia និង Grow Africa របស់វេទិកាសេដ្ឋកិច្ចពិភពលោក និងការលើកទឹកចិត្តឱ្យពង្រីកវិសាលភាពនៃភាពជាដៃគូនេះថែមទៀតឱ្យកាន់តែទូលំទូលាយជាមួយនឹងគ្រប់តួអង្គដែលពាក់ព័ន្ធក្នុងការជំរុញល្បឿនអភិវឌ្ឍ ទាំងនៅក្នុងកម្រិតតំបន់ និងក្នុងពិភពលោក៕



លោក ប៊ុន ហុន ប្រធានគណៈមេធាវីពីរអាណត្តិ នឹងត្រូវផ្ទេរតំណែងនៅរសៀលនេះ

នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ លោក ប៊ុន ហុន ប្រធានគណៈមេធាវីពីរអាណត្តិជាប់គ្នា នឹងត្រូវផ្ទេរតំណែងជូនលោក សួន វិសាល ប្រធានគណៈមេធាវីអាណត្តិទី១១ ។
សេចក្ដីប្រកាសព័ត៌មាន របស់គណៈមេធាវីបង្ហាញថា ពិធីនេះនឹងធ្វើ ឡើងនៅសណ្ឋាគារសូហ្វីតែល ភូកេត្រា ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។
ក្នុងពិធីនេះក៏មានការចែកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី ដល់សិស្សមេធាវីជំនាន់ទី១៣ និងទី១៤ និង ចែកវិញ្ញាបនបត្រវិក្រឹត្យការវិជ្ជាជីវៈមេធាវីសម្រាប់មេធាវីចូលតាមមាត្រា៣២ ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី៕



លោក​នាយករ​ដ្ឋមន្រ្តី ហ៊ុន សែន ជួប​ពិភា​ក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយ​ករដ្ឋម​ន្រ្តីស៊ុយ​អែត​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Stefan Löfven នាយករដ្ឋមន្រ្តីនៃប្រទេសស៊ុយអែត (Sweden) នៅ Congress Center, Davos នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៧ ក្នុងពេលដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរអញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១៧ នៅទីក្រុង Davos ប្រទេសស្វីស ។
ក្នុងឱកាសនោះផងដែរ លោក Stefan Löfven បានថ្លែងអំណរគុណចំពោះលោក ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ និងរដ្ឋាភិបាលស៊ុយអែត ស្តីពីការសន្ទនាកម្រិតសង្គម និង Global Deal Initiative ។ បច្ចុប្បន្ននេះមានប្រទេសជាច្រើនកំពុងមានចរន្តគាំទ្រគំនិតផ្តួចផ្តើមស្តីពី Global Deal Initiative។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលបានជួយកម្ពុជាតាំងពីដើមទសវត្សរ៍៨០មក ក្នុងពេលកម្ពុជាជួបប្រទះការលំបាកគ្រប់យ៉ាង។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានស្នើឱ្យលោកនាយរដ្ឋមន្រ្តីស៊ុយអែត បើកស្ថានអគ្គរដ្ឋទូតរបស់ខ្លួននៅប្រទេសកម្ពុជាដើម្បីពង្រឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែមានទំហំធំឡើង។ ជាមួយគ្នានេះ លោកក៏បានស្នើភាគីស៊ុយអែត ពិនិត្យលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា រួមទាំងការលើកទឹកចិត្តដល់អ្នកវិនិយោគស៊ុយអែត ទៅបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងជំនួបនោះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើដល់លោកនាយករដ្ឋមន្រ្តីស៊ុយអែត គាំទ្រនូវបេក្ខភាពរបស់ប្រទេសកម្ពុជា ជាសមាជិកមិនអចិន្រៃ្តយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជាពិសេសទៅទៀតនោះ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញលោកនាយករដ្ឋមន្រ្តីស៊ុយអែតមកបំពេញទស្សនកិច្ចនៅក្នុងពេលដែលកម្ពុជារៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ក្នុងខែឧសភា ឆ្នាំ២០១៧នេះ។
សូមជម្រាបផងដែរថា ក្នុងកិច្ចសន្ទនាគ្នានេះ មេដឹកនាំប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ និងបញ្ហាជនភៀសខ្លួននៅតំបន់អាស៊ី និងអឺរ៉ុបដែលកំពុងវិវត្តកើតឡើង ដែលមេដឹកនាំអឺរ៉ុប និងអាស៊ានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត៕