Friday, March 26, 2021

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួល

 សេចក្ដីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញុ។

សូមអានសេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុងដូចខាងក្រោម៖



អំណោយជាសម្ភារពេទ្យ ​និងគ្រឿងឧបភោគបរិភោគត្រូវបាន​សមាគមសហគ្រិនវ័យក្មេងកម្ពុជា ​នាំយកទៅប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប​

 សៀមរាប៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជា បាននាំអំណោយមនុស្សធម៌ ជាម៉ាស់ អាល់កុល ជែល ម៉ាស៊ីនបាញ់អាល់កុល និងគ្រឿងឧបភោគបរិភោគជាច្រើនបន្ថែមទៀត ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដែលមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងលោកអភិបាលនៃគណៈអភិបាលខេត្ត ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្តសៀមរាប ដើម្បីយកទៅផ្តល់ជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងពលរដ្ឋខ្វះខាតនៅ ក្នុងអំឡុងពេលធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក ពិន ប្រាកដ បានបញ្ជាក់ថា បញ្ហាការប្រយុទ្ធប្រឆាំង និងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ដោយត្រូវគោរពប្រតិបត្តិនូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។

លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ ។ ជាក់ស្តែងក្រៅពីការរៀបចំមណ្ឌលចត្តាឡីស័កនៅតាមបណ្តាក្រុង ស្រុក អាជ្ញាធរ ខេត្តក៏បានធ្វើការរឹតបណ្តឹង នៅតាមបណ្តាច្រកព្រំប្រទល់រវាងខេត្តសៀមរាប កំពង់ធំ និងបន្ទាយមានជ័យ ក្នុងការពិនិត្យតាមដានសុខភាពបឋម របស់ក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានជម្ងឺកូវីដ-១៩ មុនចូលមកដល់ក្រុងសៀមរាប។

អំណោយដែលប្រគល់ជូននាឱកាសនោះ មាន មី ៦០កេស , ទឹកសុទ្ធ ២០០យួរ ម៉ាស៊ីនបាញ់អាល់កុល ០១គ្រឿង , ទឹកសម្លាប់មេរោគ ៣០ដប , អាល់កុល ៦០លីត្រ , នំបុ័ង ៧០០ដើម , ម៉ាស់២៥ ប្រអប់ ,ទឹកស៊ីអ៊ីវ ០៥យូរ, ជែល ១កេស , ត្រីខ ២៨យួរ ,ទឹកដោះគោខាប់ ៣កេស និងពងទា ៥០០ពងផងដែរ ដែលអំណោយទាំងអស់នេះ លោកនឹងចាត់បញ្ជូនឲ្យដល់គោលដៅសំខាន់ៗ នៅជួរមុខប្រើប្រាស់តែម្តង៕





សេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនៅបន្ទប់ពិគ្រោះនិងព្យាបាលជំងឺចំនួន០៣ទីតាំង នៅក្នុងខេត្តកំពង់ស្ពឺ

 កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនៅបន្ទប់ពិគ្រោះនិងព្យាបាលជំងឺចំនួន០៣ទីតាំង នៅក្នុងខេត្តកំពង់ស្ពឺ។

ព័ត៌មានលម្អិតសូមអាននូវសេចក្ដីជូនដំណឹងដូចខាងក្រោម៖



ម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរូ» នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រកឃើញវិជ្ជមានជំងឺកូវីដ១៩

 ម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរូ» ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩។

ការរកឃើញម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរូ» មានវិជ្ជមានជំងឺកូវីដ១៩ ក្រោយគ្រូពេទ្យចំនួន២នាក់ មានអាយុ ២៨ឆ្នាំ និង២៤ឆ្នាំ ត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដែលបម្រើការងារនៅបន្ទប់ពិគ្រោះព្យាបាលជំងឺខាងលើនេះ។

ជុំវិញករណីរកឃើញគ្រូពេទ្យនៅបន្ទប់ព្យាបាលជំងឺ «សាន ភីរូ» នាថ្ងៃទី២៥ ខែមីនា ម្សិលមិញ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបានចេញចូលរកសេវាព្យាបាលជំងឺនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរូ» ដែលមានលេចចេញរោគសញ្ញាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម អាចទៅតេស្តសុខភាពរកមេរោគនៅវិទ្យាល័យ បាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរ ពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ដោយឡែក អ្នកដែលបានចេញចូលទីតាំងខាងលើ ឬប៉ះពាល់ជាមួយគ្រូពេទ្យនៅទីនេះ តែមិនទាន់ចេញរោគសញ្ញា ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ៕



ទស្សនៈមិត្តអ្នកអាន៖ «ចូលរួមចាក់វ៉ាក់សាំង និងការអនុវត្តវិធានការសុខាភិបាល ត្រូវដើរទន្ទឹមគ្នា»

 គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេសសរុប ទាំងអស់បានចំនួន២៣៥ ៤៤៤នាក់ហើយ។ ចំណែករបាយការណ៍របស់ក្រសួងការពារជាតិ កម្ពុជា ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក៏បានឲ្យដឹងដែរថា ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) លើកទី១ ជូនកងទ័ព និងគ្រួសារកងទ័ពកើនដល់ចំនួន សរុប១១៨,៦៤៣ នាក់ ខណៈចាក់លើកទី២ បានចំនួន ៩៩,៤៥២នាក់។

ក្នុងដំណាក់កាលដំបូងនេះ កម្ពុជា ទទួលបានវ៉ាក់សាំងជាជំនួយរបស់មិត្តចិននិងពីយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោកសរុបចំនួនប្រមាណ ៩២ ៤០០០ដូស រួចហើយដែល ចំនួ​ននេះ អាចចាក់ជូនប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បានប្រមាណ៤៦ ម៉ឺននាក់ ដោយ កាត់ចេញនូវចំនួនវ៉ាក់សាំងដែលអាចខូចខាតដោយការបែកបាក់។ ដូច្នេះ សរុបយុទ្ធនាការនៃ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១មក មានប្រជាពលរដ្ឋ បានមកទទួលវ៉ាក់សាំងចំនួន ជិត៤៤ម៉ឺន នាក់ហើយ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាប្រមុខដឹកនាំមិនបានព្រ​ងើ​យកន្តើយចំពោះខឿនការពារសុខភាពប្រជាពលរដ្ឋនោះឡើយ ហើយលោកនាយករដ្ឋមន្ត្រី បា​នកំណត់ច្បាស់ថា ត្រូវជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានចំនួនពី១០លា​ន ទៅ១៣ លាននាក់ពោលគឺចាក់ឱ្យបាន៨០ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបជាង១៦លាននាក់។ គោលដៅនេះគឺដើម្បីជំរុញនូវការកាត់បន្ថយការឆ្លងនិងស្លាប់នៅក្នុងសហគមន៍និងឈា​នទៅរកការវិលត្រឡប់មកប្រក្រតីភាពដូចមុនពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ជាថ្មីវិញ។

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះវ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) ចំនួន១.៥លានដូស បានមកដល់កម្ពុជាហើយដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិនដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ទន្ទឹមគ្នានេះដែរមិត្តចិន ក៏ នឹងបន្តផ្តល់នូវជំនួយវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ចំនួន៧០ម៉ឺន ដូសបន្ថែមទៀតផងដែ​រដែលនឹងមកដល់កម្ពុជានៅដំណាច់ខែមីនានេះតាមការបញ្ជាក់របស់លោក វ៉ាង វិនធាន ឯ​កអគ្គរដ្ឋទូត ចិនប្រចាំនៅកម្ពុជា។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ Sinovac ប្រមាណ៤លានដូស បន្ថែមទៀត ពីភាគីចិន ដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋទៅតាមផែនការ។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា នឹងទទួលបាននូវការចាក់វ៉ាក់សាំងនេះ ដូចគ្នាជាបន្តបន្ទាប់ពីរដ្ឋ ដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្តទៅតាមដំណាក់កាលនីមួយៗ។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសកម្មភាពយ៉ាងស្វិតស្វាញដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍។ ក៏ដូចជាប្រទេសនៅលើពិភពលោកផងដែរ ក្រៅតែពីការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ដោយប្រើវិធានសុខាភិបាលទប់ស្កាត់កុំឱ្យឆ្លងហើយនោះការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ១៩ គឺជាក្តីសង្ឃឹមមួយទៀតសម្រាប់ធ្វើឱ្យការរស់នៅនិងជីវភាពរបស់ ប្រជាពលរដ្ឋ ក៏ដូចជាដំណើរការក្នុងសង្គម និងសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរឡើងវិញ។

ដើម្បីជាការតបស្នងនូវការខិតខំស្វះស្វែងរកនូវវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋរបស់ប្រមុខ នៃរាជរដ្ឋាភិបាលនិងដើម្បីឱ្យស្ថានភាពនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ រលាយបាត់ទៅវិញ ក្នុងពេលឆាប់ៗ ខាងមុខនេះ ប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវតែឆាប់រួសរាន់ទៅទទួលយក នូវការចាក់វ៉ាក់សាំងនេះ ឱ្យបានលឿនបំផុតតាមការចង្អុលបង្ហាញតាមគោលដៅដែលត្រូវ ចាក់វ៉ាក់សាំងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នាពេលខាងមុខឱ្យបានគ្រប់ៗគ្នា។ ការដែលប្រជាពលរដ្ឋស្ម័គ្រចិត្តទៅទទួលយកការចាក់វ៉ាក់សាំងនាពេលនេះ គឺពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះផង ដើម្បី ការពារអាយុជីវិតផ្ទាល់ខ្លួននិងក្រុមគ្រួសារផង និងដើម្បីជំរុញឱ្យការរស់នៅនិងជីវភាពប្រចាំថ្ងៃ របស់សង្គមជាតិយើងវិលមករកប្រក្រតីភាពផងដែរ។

មួយវិញទៀតវិធានការនៃការចាក់វ៉ាក់សាំងនេះក៏នឹងផ្តល់នូវជំនឿទុកចិត្តដល់អ្នកវិនិយោគ ដែលកំពុងនិងចង់មកវិនិយោគនៅកម្ពុជាផងដែរ ដោយមិនចាត់ទុកកម្ពុជាជាប្រទេសគ្រោះ ថ្នាក់ដោយសារជំងឺកូវីដ១៩ ហើយ យើងសង្ឃឹមថាសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនឡើងវិញ ដូចកាលពីមុនមានវិបត្តិនៃជំងឺកូវីដ១៩ ដូច្នោះដែរ។

តាមរយៈវត្តមានវ៉ាក់សាំងជាបន្តបន្ទាប់ដោយការទិញឬជាជំនួយនានារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល សង្ឃឹមយ៉ាងមុតមាំថានឹងធ្វើឱ្យពលរដ្ឋកម្ពុជាទទួលបានវ៉ាក់សាំងប្រ​ឆាំងជំងឺកូវីដ១៩ដើម្បី ការពារអាយុជីវិតបានគ្រប់ៗគ្នាដែលជាកម្លាំងមួយបន្ថែមទៀតរួមចំណែ​កធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងពេលដ៏ឆាប់ខាង មុខនេះជាក់ជាមិនខាន។

ដូច្នេះ ពលរដ្ឋគ្រប់រូបទន្ទឹមនឹងការចូលរួមក្នុងការទៅចាក់វ៉ាក់សាំង ក៏ត្រូវតែបន្តអនុវត្តអោយបា​នម៉ឺងម៉ាត់និងទៀងទាត់នូវវិធានសុខាភិបាលព្រោះ «ចាក់វ៉ាក់សាំង» និងវិធានការ «៣ ការ​ពារ និង ៣កុំ» ត្រូវតែដើរទន្ទឹមគ្នាដើម្បីការពារអាយុជីវិតយើង៕

ដោយ៖ ពង្ស សុក្រឹត្យ



វីដេអូ៖ ម្ចាស់បន្ទប់ជួលចំនួន៤៦បន្ទប់ នៅខេត្តពោធិ៍សាត់ ប្រកាសមិនយកថ្លៃឈ្នួលស្នាក់នៅ ដើម្បីចូលរួមជួយសំរាលដល់ រាជរដ្ឋាភិបាលក្នុងគ្រាមានវិបត្តិកូវីដ-១៩

 

លោក វង្សី វិស្សុត៖ វ៉ាក់សាំងមិនតិចជាង១០លានដូស នឹងមកដល់ជាបន្តបន្ទាប់

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានថ្លែងថា កម្ពុជាមិនមានអ្វីព្រួយបារម្ភ ចំពោះការខ្វះខាតថវិកាសម្រាប់ទិញវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនោះទេ ព្រួយបារម្ភតែការខ្វះខាតវ៉ាក់សាំង សម្រាប់ទិញតែប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា វ៉ាក់សាំងចំនួន១០លានដូស នឹងមកដល់កម្ពុជា ជាបន្តបន្ទាប់នៅចុងឆ្នាំ២០២១នេះ។


ការថ្លែងរបស់លោក វង្សី វិស្សុត ធ្វើឡើងក្នុងឱកាសជាតំណាងរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ចំនួន១.៥លានដូស ដែលកម្ពុជាទិញពីប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «បើនិយាយពីធនធានថវិកាសម្រាប់ទិញវ៉ាក់សាំង ដូចជាមិនចោទទេសម្រាប់កម្ពុជា។ យើងជាប្រទេសក្រ ប៉ុន្តែយើងមានលទ្ធភាពទិញគ្រប់គ្រាន់។ បញ្ហាចោទសម្រាប់យើង គឺតើមានវ៉ាក់សាំងទិញឬអត់? ដែលនេះជាបញ្ហារួមរបស់ពិភពលោក និងកម្ពុជា។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ យើងអាចរៀបចំផែនការមួយ ទាក់ទងដៃគូផ្សេងៗ យើងអាចធានាថា មានវ៉ាក់សាំងមកជាហូរហែរហូតដល់ដាច់ឆ្នាំនេះ មិនតិចជាង១០លានដូសទេ»។


លោក វង្សី វិស្សុត បានលើកឡើងថា វ៉ាក់សាំង គឺជាមធ្យោបាយដោះស្រាយជាយុទ្ធសាស្ត្រ និងជាគន្លឹះមួយ គួបផ្សំជាមួយនឹងការ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ «៣ ការពារ និង ៣ កុំ» សម្រាប់ការពារអាយុជីវិតប្រជាជន និងទប់ទល់នឹងការរាតត្បាតជំងឺកូវីដ-១៩ ព្រមទាំងសម្រាប់ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ ពិសេស ស្តារជីវភាពរស់នៅជាប្រក្រតីរបស់ប្រជាជនឡើងវិញបានឆាប់រហ័ស។

លោកបន្តថា ជាការពិត ពុំមានប្រទេសណាមួយ មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ក្នុងពេលតែមួយដំណាលគ្នាបានទេ។ ដោយសារសមត្ថភាពផលិត, ការចាក់វ៉ាក់សាំងតម្រូវឱ្យមានការរង់ចាំ មានវេន និងការធ្វើអាទិភាវូបនីយកម្មមុន និងក្រោយ។


លោកបន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តបុរេសកម្ម ប្រឹងប្រែង ប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ វ៉ាក់សាំងឱ្យបានឆាប់ និងគ្រប់គ្រាន់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្ម័គ្រចិត្តទទួលចាក់វ៉ាក់សាំង។

រហូតមកដល់ពេលនេះ កម្ពុជាទទួលបាននូវវ៉ាក់សាំងបីប្រភេទផ្សេងគ្នា៖ ទី១ វ៉ាក់សាំង Sinopharm, ដែលបានមកដល់កម្ពុជាចំនួន៦ សែនដូស តាំងពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២១, ទី២ វ៉ាក់សាំង Covishield របស់ក្រុមហ៊ុន AstraZeneca ពីយន្តការកូវ៉ាក់ (COVAX Facility) កាលពីថ្ងៃទី២ ខែ មីនា ឆ្នាំ ២០២១ កន្លងទៅចំនួន ៣២៤ ០០០ ដូស និងទី៣ វ៉ាក់សាំង SINOVAC ចំនួន ១,៥ លានដូស ដែលទទួលនៅថ្ងៃទី២៦ ខែមីនានេះ។


លោក វង្សី វិស្សុត បញ្ជាក់ទៀតថា ប្រសិនពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំង Sinopharm ចំនួន៤ សែនដូសបន្ថែមទៀត ដែលជាជំនួយរបស់ភាគីមិត្តចិន ជំហានទី២ ក្នុងក្របខណ្ឌអំណោយ១លានដូស នឹងមកដល់កម្ពុជា នៅថ្ងៃទី ៣១ ខែ មីនានេះ។ ដោយឡែក ចំពោះវ៉ាក់សាំង Covishield បន្ថែមមួយចំនួនទៀត សម្រាប់ជំហានទី២ ដែលជាជំនួយពីយន្តការកូវ៉ាក់ (COVAX Facility) ក៏នឹងមកដល់កម្ពុជា ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះផងដែរ។ បន្តពីនេះ វ៉ាក់សាំងពីប្រភពទាំង២ ខាងលើ បូករួម ជាមួយវ៉ាក់សាំងបានពីការទិញផ្ទាល់ពី Sinopharm និង SINOVAC ក៏ដូចជាវ៉ាក់សាំង Covishield ឬ AstraZeneca ផលិតនៅឥណ្ឌា ដែលកំពុងធ្វើការចរចាទិញផងដែរ នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត ស្របទៅតាមផែនការចាក់វ៉ាក់សាំងរបស់កម្ពុជា។

លោកបន្តថា កម្ពុជាកំពុងសិក្សា និងទំនាក់ទំនងជាមួយក្រុមហ៊ុន Johnson & Johnson របស់អាមេរិក ដើម្បីទិញវ៉ាក់សាំង Janssen ពីក្រុមហ៊ុននេះដែរ៕