Friday, March 26, 2021

អំណោយជាសម្ភារពេទ្យ ​និងគ្រឿងឧបភោគបរិភោគត្រូវបាន​សមាគមសហគ្រិនវ័យក្មេងកម្ពុជា ​នាំយកទៅប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប​

 សៀមរាប៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជា បាននាំអំណោយមនុស្សធម៌ ជាម៉ាស់ អាល់កុល ជែល ម៉ាស៊ីនបាញ់អាល់កុល និងគ្រឿងឧបភោគបរិភោគជាច្រើនបន្ថែមទៀត ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដែលមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងលោកអភិបាលនៃគណៈអភិបាលខេត្ត ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្តសៀមរាប ដើម្បីយកទៅផ្តល់ជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងពលរដ្ឋខ្វះខាតនៅ ក្នុងអំឡុងពេលធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក ពិន ប្រាកដ បានបញ្ជាក់ថា បញ្ហាការប្រយុទ្ធប្រឆាំង និងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ដោយត្រូវគោរពប្រតិបត្តិនូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។

លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ ។ ជាក់ស្តែងក្រៅពីការរៀបចំមណ្ឌលចត្តាឡីស័កនៅតាមបណ្តាក្រុង ស្រុក អាជ្ញាធរ ខេត្តក៏បានធ្វើការរឹតបណ្តឹង នៅតាមបណ្តាច្រកព្រំប្រទល់រវាងខេត្តសៀមរាប កំពង់ធំ និងបន្ទាយមានជ័យ ក្នុងការពិនិត្យតាមដានសុខភាពបឋម របស់ក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានជម្ងឺកូវីដ-១៩ មុនចូលមកដល់ក្រុងសៀមរាប។

អំណោយដែលប្រគល់ជូននាឱកាសនោះ មាន មី ៦០កេស , ទឹកសុទ្ធ ២០០យួរ ម៉ាស៊ីនបាញ់អាល់កុល ០១គ្រឿង , ទឹកសម្លាប់មេរោគ ៣០ដប , អាល់កុល ៦០លីត្រ , នំបុ័ង ៧០០ដើម , ម៉ាស់២៥ ប្រអប់ ,ទឹកស៊ីអ៊ីវ ០៥យូរ, ជែល ១កេស , ត្រីខ ២៨យួរ ,ទឹកដោះគោខាប់ ៣កេស និងពងទា ៥០០ពងផងដែរ ដែលអំណោយទាំងអស់នេះ លោកនឹងចាត់បញ្ជូនឲ្យដល់គោលដៅសំខាន់ៗ នៅជួរមុខប្រើប្រាស់តែម្តង៕





No comments:

Post a Comment