Friday, April 02, 2021

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១

 ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅអគារ២០២០ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយ-នាយរងសេនាធិការ នាយខុទ្ធការល័យ ស្នងការ នាយការិយាល័យដែលមានការពាក់ព័ន្ធ ព្រមទាំងភ្ជាប់តាមប្រព័ន្ធ Video Conference ទៅគ្រប់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត វិទ្យាស្ថាន និងមជ្ឈមណ្ឌលហ្វឹកហ្វឺនផងដែរ៕





លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ផ្ញើសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ

 នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២១ ខាងមុខនេះ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានផ្ញើសា​រលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ សូមប្រកបដោយសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ។

សូមអានសារលិខិតជូនពរដូចខាងក្រោម៖






ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ចុះផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ

 កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយសមាជិកគណៈកម្មាធិការសាខា និងសមាជិក សមាជិកាស្រុកបរិបូណ៌ បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អម សុភា បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ១៩ នាពេលបច្ចុប្បន្ននេះ គ្រប់សាខា និងអនុសាខាតែងតែបានអនុវត្តតាមការណែនាំរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដោយបានបន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយជាប្រចាំពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីអនាម័យ និងវិធានការនានាក្នុងការថែទាំងសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងកើតឡើងនៅលើប្រទេសទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរ។

លោក អម សុភា បានមានប្រសាសន៍បន្តទៀតថា ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តអោយបានតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ ៣ការពារ ៣កុំ និង ២ចូលរួម។

ក្នុងឱកាសនោះ លោក ក៏បានចែកជូននូវសាប៊ូ និងជែល ដល់ប្រជាពលរដ្ឋដែលបានមកចូលរួម ក្នុងម្នាក់ទទួលបាន សាប៊ូ ១ដុំ និងជែលសម្រាប់លាងដៃ ១ដបតូច៕





កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ បន្តរបស់រដ្ឋបាលខេត្តកែប

 រដ្ឋបាលខេត្តកែបបានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដល់លោក លោកស្រី ថ្នាក់ដឹកនាំក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងនគរបាល ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ មន្ត្រី ប.ស.ស.គ.ជ.ប បុគ្គលិកអគ្គីសនី ទឹកស្អាត សាលាបច្ចេកទេសដុនបូស្កូស មន្ត្រីជាប់កិច្ចសន្យា ព្រមទាំងអ្នកសារព័ត៌មានដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក SINOVAC សម្រាប់បន្តចាក់ជូនក្រុមមនុស្សមានអាយុចាប់ពី១៨ឆ្នាំឡើង ចាប់ពីនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨:00នាទីព្រឹកដល់ម៉ោង១២:00ថ្ងៃត្រង់ និងម៉ោង១៤ :00នាទីរសៀលដល់ម៉ោង១៧:00នាទីល្ងាច នៅតាមមន្ទីរពេទ្យបង្អែកខេត្តកែប តាមកាលបរិច្ឆេទដូចខាងក្រោម៖




អាជ្ញាធរជាតិអប្សរា រៀបចំពិធីក្រុងពាលីជួសជុលប្រាសាទផ្ទី

 នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមមានលោក គឹម សុធិន លោក ឡុង កុសល អគ្គនាយករង ព្រមទាំងមន្រ្តី-បុគ្គលិក ពលករ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីក្រុងពាលីបែបសាសនា ដើម្បីជួសជុលប្រាសាទផ្ទី ដែលស្ថិតនៅកណ្ដាលបារាយណ៍ប្រាសាទបេងមាលា។

ពិធីសាសនាមួយត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅបរិវេណការដ្ឋានកំណាយប្រាសាទផ្ទី ក្នុងបំណងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំដំណើរការការដ្ឋានជួសជុលប្រាសាទ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីមន្រ្តី បុគ្គលិក និងពលករនៃអាជ្ញាធរជាតិអប្សរា ដែលត្រៀមការងារជួសជុល និងលើកតម្លៃប្រាសាទនេះឲ្យល្អប្រសើរឡើងវិញផងដែរ។

គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ សិក្សានៅប្រាសាទផ្ទីឡើងវិញនៅដើមខែមីនា ដើម្បីលម្អិតពីរចនាសម្ពន្ធប្រាសាទនេះ ក្រោយសប្បុរសជនមួយរូប គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយាន បានប្រកាសពីកិច្ចសហការឧបត្ថម្ភដើម្បីជួសជុលប្រាសាទនេះឡើងវិញ៕






អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពន្លឿនក្នុងការសាងសង់ច្រាំងទន្លេប្រវែង២,០០០ម៉ែត្រ ដើម្បីបញ្ជៀសការបាក់-ស្រុតច្រាំងទន្លេ

 កំពង់ចាម៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពន្លឿនក្នុងការសាងសង់ច្រាំងទន្លេប្រវែង២,០០០ម៉ែត្រ នៅក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស ដោយមានការចូលរួមពី អភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្កភាពពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសរបស់ក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន ឯ.ក។

បន្ទាប់ពីកិច្ចពិភាក្សាលើវឌ្ឍនភាពនៃគម្រោងរៀបបាវខ្សាច់(Geo-textile) ទប់ការពារការបាក់-ស្រុតច្រាំងទន្លេ ប្រវែង២.០០០ ម៉ែត្រ នៅ ឃុំឬស្សីស្រុក, ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ និងឃុំសូរគង ស្រុកកងមាស។

លោកអភិបាលខេត្ត ក៏បានឯកភាពទៅលើគំរូប្លង់ដែលក្រុមហ៊ុនបានស្នើឡើង និងស្នើឲ្យក្រុមហ៊ុនទទួលការសាងសង់ពន្លឿនការងារខណៈរដូវវស្សានឹងជិតចូលមកដល់នាពេលខាងមុខ។ ជាមួយគ្នានេះក្រុមហ៊ុនត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ក្នុងការបូមដីកោះដុះថ្មី និងដីខ្សាច់ តម្រង់ចរន្តទឹកហូរ នៅតំបន់កោះតូច ចន្លោះរវាងស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ជៀសការបាក់-ស្រុតច្រាំងទន្លេ។

តាមការបញ្ជាក់ពីអ្នកបច្ចេកទេស របស់ក្រុមហ៊ុន រីវើសាយឌីវេឡុបម៉ិន ឯ.ក បានធ្វើបទបង្ហាញ អំពីគម្រោងប្លង់បច្ចេកទេស រៀបចំបាវខ្សាច់(Geo-textile) ដើម្បីទប់ច្រាំងទន្លេ ប្រវែង២០០០ ម៉ែត្រ ដោយចាប់ផ្តើម បូមខ្សាច់ធ្វើបាតជាបណ្តើរៗ ចាប់ពីដើមខែមេសានេះតទៅហើយ ក្នុងជំហានទី១ ឲ្យបានកំពស់ ០៤ម៉ែត្រ និងចាប់រៀបចំបាវខ្សាច់ បន្តក្នុងជំហានទី២ ឲ្យបាន៨,៥ ម៉ែត្រ ស្មើនឹង៥០% នៃកំពស់ច្រាំងទន្លេ រួចត្រូវបន្តធ្វើជំហានទី៣ ទៀត រហូតដល់កំពស់ ១២ ម៉ែត្រ បញ្ចប់ គម្រោង ដែលស្មើនឹង៧៥% នៃកំពស់ច្រាំងទន្លេ។ ក្រុមហ៊ុន បានប្រើប្រាស់ទន្និន័យមូលដ្ឋានអំពីកំពស់ទឹកទន្លេ ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងទិន្នន័យ ផែនទីបាតទន្លេ ពីវេបសាយ របស់គណៈកម្មាធិការទន្លេមេគង្គ គណៈកម្មាធិការទន្លេមេគង្គ (MRC Mekong river commission)៕





រដ្ឋបាលខេត្តកែប រៀបចំយុទ្ធនាការបាញ់សម្លាប់មេរោគក្នុងបរិវេណផ្សារកែប ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងចូលសហគមន៍កាន់តែខ្លាំង

 កែប៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប រួមជាមួយលោក ភូ លិ អភិបាលរងខេត្ត បានចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណផ្សារកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ដែលអនុវត្តដោយក្រុមការងារជំនាញ របស់មន្ទីរសុខភិបាល នៃរដ្ឋបាលខេត្តកែប។

នាឱកាសនោះអភិបាលខេត្ត មានប្រសាសន៍ថា មកដល់ពេលនេះ ទាក់ទងនឹងព្រឹត្តិការណ៍២០ កុម្ភៈនេះ ខេត្តបានរកឃើញករណីវិជ្ជមានកូវីដ១៩ ទៅលេីប្រជាពលរដ្ឋចំណូលស្រុក មកពីខេត្តផ្សេង ចំនួន២នាក់ មកបំពេញការងារនៅខេត្តកែប។ ចំពោះបុគ្គល ២នាក់នេះ កំពុងព្យាបាល ដោយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យបង្អែកខេត្ត ។

លោកបានបន្ថែមទៀតថា ចំពោះបុគ្គលដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវបានក្រុមការងារឆ្លេីយតបបន្ទាន់ របស់រដ្ឋបាលខេត្ត នាំយកទៅធ្វេីចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត និងយកសំណាកវត្ថុវិភាគលេីកទី១ និងទទួលបានលទ្ធផលអវិជ្ជមាន និងកំពុងរងចាំលទ្ធផលលេីកទី២។ ដោយឡែកទីតាំងមួយចំនួនដែលបានប៉ះពាល់ ត្រូវបានគ្រប់គ្រងបាន ដោយក្រុមការងារឆ្លេីយតបបន្ទាន់ ជាពិសេសគឺផ្សារកែបនេះ។

លោក សោម ពិសិដ្ឋ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ពិសេសវិធានការ ៣ការពារ និង ៣កុំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំបីខាន៕





អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍រោងទងជាន់ទី២នៅទីតាំងមុខខាងជើងប៉ែកខាងលិចប្រាសាទបាយ័ន្ត

 សៀមរាប៖ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍រោងទងជាន់ទី២នៃមុខខាងជើងប៉ែកខាងលិចប្រាសាទបាយ័ន្តបណ្តោះអាសន្ន ដើម្បីជួសជុលកម្រាលថ្មនៅជ្រុងនីរតីនៃជាន់ទី៣ និងទល់ទ្រចំណុចមួយចំនួនដែលប្រឈមនឹងគ្រោះថ្នាក់នៅជាន់ទី១និងទី២នៃប្រាសាទបាយ័ន្ត។

ការបិទចរាចរណ៍នេះធ្វើឡើងក្នុងគោលបំណងថែទាំ និងការាពារប្រាសាទក៏ដូចជាដើម្បីធានានូវសុខសុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ។

អាជ្ញាធរជាតិអប្សរាសង្ឃឹមថា ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់នឹងយោគយល់ ហើយចូលរួមសហការបានយ៉ាងល្អប្រសើរដើម្បីភាពរលូននៃដំណើរការអភិរក្សសម្បត្តិដូនតាទាំងអស់គ្នា៕



រដ្ឋបាលខេត្តកែប ចេញសេចក្តីណែនាំបន្ថែមពីការរឹតបណ្តឹងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩

 នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែប ចេញសេចក្តីណែនាំបន្ថែមស្តីពីការរឹតបណ្តឹងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩ នៅមូលដ្ឋានខេត្តកែប

សូមអានសេចក្តីជូនដំណឹងរដ្ឋបាលខេត្តកែប នៅខាងក្រោមដូចតទៅ៖



ខេត្តស្វាយរៀង ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ប្រភេទ Sinovac ថ្ងៃទី១

 ស្វាយរៀង៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទSinovac តាមគោលការណ៍ស្ម័គ្រចិត្ត ជាមួយគ្នានេះក៏មានការចាក់ជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ស្ថិតនៅសាលប្រជុំធំអាគា”ឃ”សាលាខេត្តស្វាយរៀង ផងដែរ។

សូមជម្រាបជូនថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ចាក់បានចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះ ជាថ្ងៃទី១ នៃការបើកឆាកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌទូទាំងទាំងប្រទេសក្រោមការគិតគូរនិងដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុខមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង-ស្រុក ទូទាំង៨ក្នុងខេត្តស្វាយរៀង ទៅតាមពេលវេលា និងទីកន្លែងដែលរដ្ឋក្រុង ស្រុក បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត៕





រដ្ឋបាលខេត្តក្រចេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ការពារជំងឺកូវីដ-១៩ ទូទាំងខេត្ត

 ក្រចេះ៖ នៅព្រឹកថ្ងៃថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេត្ត និងលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងរៀបចំដំណើរការនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ -១៩ ជូនដល់មន្រ្ដីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលងាយប្រឈមជំងឺកូវីដ-១៩ សម្រាប់ក្រុងក្រចេះ ចំនួន០២ទីតាំង គឺទីតាំង១-រដ្ឋបាលខេត្ត និង២- មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។

លោកអភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា វ៉ាក់សាំងការពារកូវីដ-១៩ ដែលមានឈ្មោះថា ស៊ីណូវ៉ាក់នេះដែរ គឺជាការចាក់វគ្គ២ សម្រាប់ខេត្តក្រចេះ ដោយវគ្គ១ ចាក់វ៉ាក់សាំង ស៊ីណូហ្វាម ចាក់បានចំនួន ៣.៥៩០នាក់ ហើយវគ្គនេះគឺចាក់ទាំង៦ស្រុកក្រុង មាន១១ទីតាំង លើ១២ក្រុម ដោយទីតាំងនៅរដ្ឋបាលខេត្តមានការចាក់ជា២ក្រុមផងដែរ ហើយតាមផែនការគឺចាក់១ថ្ងៃ បានចំនួន ២៥០ នាក់។ លោកបានបន្តថា ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈនេះដែរ បានធ្វើឲ្យខេត្តក្រចេះទទួលរងឥទ្ធិពល នៃជំងឺកូវីដ-១៩នេះ សរុប១៩០នាក់ ដែលបានពាក់ព័ន្ធផ្ទាល់ ហើយក្នុងនោះកំពុងតែធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្ត ហើយអ្នកដែលពាក់ព័ន្ធប្រយោលអាជ្ញាធរបានណែនាំ និងកំពុងឲ្យធ្វើចត្តាឡីស័កតាមផ្ទះផងដែរ ហើយការចាក់វ៉ាក់សាំងនេះ គឺមិនមានផលប៉ះពាល់ដល់សុខភាពអ្វីទេ គ្រាន់តែអ្នកបានចាក់ ត្រូវតមតាមវេជ្ជបញ្ជាររបស់គ្រូពេទ្យ។

លោក វ៉ា ថន សូមថ្លែងអំណរអរគុណចំពោះ ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ការយកចិត្តទុកដាក់ និងក្តីព្រួយបារម្មណ៍ចំពោះប្រជាពលរដ្ឋ ហើយអ្វីកាន់តែមិនអាចកាត់ថ្លៃបាន គឺការផ្តល់ឲ្យនូវថ្នាំវ៉ាក់សាំងការពារជំងឺកាចសាហាវ ដែលកំពុងឆ្លងរីករាលជាសកល ឲ្យទទួលបានវ៉ាក់សាំងដើម្បីការពារពីការឆ្លងនូវជំងឺនេះ និងសូមជំរុញលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមកចូលរួមចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានរៀបចំ ហើយម្យ៉ាងវិញទៀតចំពោះបងប្អូនដែលមាន អាការៈសង្ស័យថាមានឆ្លងជំងឺកូវីដ-១៩ សូមរាយការជូនអាជ្ញា ដើម្បីមកពិនិត្យធ្វើតេស្ត៍យកសំណាក និងធ្វើចត្តាឡីស័កផងដែរ៕




យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជំហានទី២ ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម

 កំពង់ចាម៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជំហានទី២ ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។ កម្មវិធីបើកក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយមើលឃើញថា ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ គ្មានដែនកំណត់ ដែលបង្កើតឱ្យមានការផ្ទុះឡើងក្នុងទ្រង់ទ្រាយធំដូចជាព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលស្ទើរតែធ្វើឲ្យយើងបាត់បង់ម្ចាស់ការគ្រប់គ្រងទៅហើយ។ ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តថា មានតែធ្វើការចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ នេះទេ ទើបយើងអាចកាត់បន្ថយ ការឆ្លងរាលដាលបាន។ លោកបានមានប្រសាសន៍ទៀតថា កន្លងមក ខេត្តកំពង់ចាមយើង បានរងឥទ្ធិពល នៃការឆ្លងជម្ងឺកូវីដ ១៩ មកពីតាមបណ្តាខេត្តផ្សេងៗ ពោលគឺ ខេត្តរបស់យើង មិនមានជម្ងឺនេះ ផ្ទុះឡើងដោយឯកឯង នៅក្នុងសហគមន៍នោះឡើយ។ ដូច្នេះ ប្រការនេះហើយ ដែលយើងនាំគ្នា មកទទួលវ៉ាក់សាំងបង្ការ ពីព្រោះថានៅពេលយើងម្នាក់ៗបានចាក់វ៉ាក់សាំងនេះហើយ គឺយើងនឹងទទួលបាន កងការពារនៅក្នុងខ្លួនយើង ដែលមានលទ្ធភាព អាចការពាររាងកាយយើង រហូតដល់ទៅក្នុងរង្វង់ ៩០% ដែលជៀសផុត ពីការឆ្លងជម្ងឺដ៏កាចសាហាវមួយនេះ។

គួរបញ្ជាក់ថា ផែនការយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី២ នេះ ខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំង ចំនួន ៣៩.០០០ដូស ដែលអាចចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋស្ម័គ្រចិត្ត បានចំនួន ១៨.០០០នាក់ ហើយយុទ្ធនាការនេះ អនុវត្តរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ ពោលគឺ ចាប់ពីថ្ងៃទី០១ រហូតដល់ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាអរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជាជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បានអរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជាជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសនៅពេលដែលវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ចំនួន៧០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេសកម្ពុជា នៅរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដើម្បីទុកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលវ៉ាក់សាំង និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន ប្រគល់វ៉ាក់សាំងនេះ ព្រមទាំងមានការចូលរួមពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាផងដែរ។

គួរបញ្ជាក់ថា វ៉ាក់សាំង ៧០ម៉ឺនដូស នេះ មានពីរចំណែក ក្នុងនោះ ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង៤០ម៉ឺនដូសប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ៧០ម៉ឺនដូសនេះ គឺជាការផ្តល់ជូនលើកទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន៦០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ៕




អគ្គនាយកស៊ីម៉ាក់ ចុះពិនិត្យវឌ្ឍ នភាពការរៀបចំទីតាំងសុនខនិងអ្នកជំនាញសុនខហិតរកអ្នកផ្ទុកកូវីដ-១៩

 កំពង់ឆ្នាំង៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់កំពង់ឆ្នាំង លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានចុះពិនិត្យវឌ្ឍនភាពការរៀបចំទីតាំងសុនខនិងអ្នកជំនាញសុនខហិតរកអ្នកផ្ទុកកូវីដ១៩។

លោក ហេង រតនា បានបញ្ជាក់ថា ភារកិច្ចនេះត្រូវអភិវឌ្ឍន៍តាមស្តង់ដារសុវត្ថិភាពសុខភាពសាធារណ: និងដើម្បីចូលរួមក្នុងការបង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។ ការអភិវឌ្ឍបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩នេះកំពុងដំណើរការជាមួយក្តីសង្ឃឹមនិងភាពជឿជាក់៕






ទស្សនៈវិភាគ៖ «ឥរិយាបថថ្មីរបស់ប្រជាពលរដ្ឋ បង្ហាញពីគុណសម្បត្តិដ៏អស្ចារ្យរបស់មេដឹកនាំកម្ពុជា»

 ស្ថិតក្នុងបរិការដែលកម្ពុជាកំពុងតែរងនូវការវាយប្រហារដ៏គួរឱ្យព្រួយបារម្ភមួយនៅពេលថ្មីៗនេះ ពីមេរោគកូវីដ- ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកំពុងមានការភ័យខ្លាចនិងព្រួយបារម្ភជាខ្លាំងនោះ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺប្រជាពលរដ្ឋកម្ពុជា មិនបានភ័យស្លន់ស្លោររហូតបង្កឱ្យមានចលាចលនៅក្នុងផ្ទៃប្រទេសនោះឡើយ។ ប្រជាពលរដ្ឋភាគច្រើនមានជំហររឹងមាំ មិនតក់ស្លុតហួសហេតុ បង្កការជ្រួលច្របល់នោះទេ។

គេនៅចាំបានថា កន្លងមក គឺនៅពេលដែលមានព្រឹត្តិការណ៍អាសន្នណាមួយកើតឡើង ប្រជាពលរដ្ឋកម្ពុជាមួយចំនួនមិនខ្វល់ថារឿងនោះធំឬតូច ពិត ឬមិនពិតនោះទេ តែងតែភាពភ្ញាក់ផ្អើលខ្លាំងរហូតដល់បាត់ម្ចាស់ការ ដូចជាករណីផ្អើលនាំគ្នាទៅដកប្រាក់ពីធនាគារព្រោងព្រាត នាំគ្នាប្រជែងទៅទិញស្បៀងស្តុកទុកដែលបង្កឱ្យទំនិញគ្រប់ប្រភេទឡើងថ្លៃ នាំគ្នាធ្វើដំណើរគេចចេញពីកន្លែងមួយទៅកន្លែងមួយ នាំគ្នាតម្រង់ជួរដណ្តើមចាក់ប្រេងឥន្ធនៈ សំរុកទៅទិញថ្នាំពេទ្យ ឬធ្វើពិធីសែនព្រេងបែបអបិយជំនឿផ្សេងៗតាមគ្រប់រូបភាពដែលបានបង្កនូវភាពចលាចល។ ប៉ុន្តែបច្ចុប្បន្ន សកម្មភាពបែបនេះគឺមិនបានកើតឡើងដូចពេលមុនៗទៀតឡើយព្រោះ​តែប្រ​​ជា​ពលរដ្ឋកម្ពុជាសម័យថ្មីនេះ បានផ្លាស់ប្តូរពីការភ័យតក់ស្លុត និងស្លន់ស្លោរ មកជាការជឿទុកចិត្តខ្ពស់លើរាជរដ្ឋាភិបាលដែលជាអាណាព្យាបាលរបស់ខ្លួនយ៉ាងលើសលុបទៅវិញ។

តើការផ្តល់នូវជំនឿទំនុកចិត្តដ៏ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរក្នុងសម័យនេះបានកើតចេញពីកត្តាអ្វីខ្លះ? សូមក្រឡេកមើលកត្តាចំនួន៣សំខាន់ៗក្នុងចំណោមកត្តាជាច្រើនទៀតដូចខាងក្រោម៖

១- កត្តាបុគ្គលភាពដ៏អង់អាចនិងសមត្ថភាពដ៏កម្រមានដូចរបស់មេដឹកនាំកម្ពុជា៖

ភាពម៉ត់ចត់និងអង់អាចព្រមទាំងសមត្ថភាពខ្ពស់ពិតប្រាកដនិងការលះបង់របស់មេដឹកនាំកម្ពុជាដើម្បីប្រ​ជាពលរដ្ឋរបស់ខ្លួនគឺជាកត្តាដ៏សំខាន់បំផុតមិនអាចខ្វះបានឡើយ។ ជាក់ស្តែង តាំងពីមានករណីឆ្លងក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២០ និងនៅដើមឆ្នាំ២០២១ មក មេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋទូទៅមើលឃើញថា បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ដើម្បីប្រយុទ្ធទប់ស្កាប់នូវការឆ្លងរីករាលដាលកម្រិតធ្ងន់នៃជំងឺកូវីដ-១៩។

អ្វីដែលនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើគឺក្នុងបុព្វហេតុការពារអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរដែ​លធ្វើឱ្យប្រជាពលរដ្ឋតែងតែកោតសរសើរពីគម្រូវីរៈភាពរបស់លោកជាប់ជានិច្ច។ លោកបានដើរតួនាទីដ៏សំខាន់បំផុតនិងជាស្នូលនៅក្នុងគ្រប់ជំហាននៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវជាសកលមួយនេះ ហើយត្រូវបានមហាជនទូទៅមើលឃើញថាជាមដឹកនាំដែ​លតែងតែភ្ជាប់ខ្លួនទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ធ្ឋនៅគ្រប់កាលៈទេសៈទាំងអស់។

២- កត្តាឯកភាពនិងសាមគ្គីភាពក្នុងជួររាជរដ្ឋាភិបាលដ៏រឹងមាំ គឺការគោរពបទបញ្ជារបស់ប្រមុខដឹកនាំគ្រប់កាលៈទេសៈ៖

ការអនុវត្តតាមបទបញ្ជាដោយស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅគ្រប់ផ្នែកទាំងអស់ដោយស្រុះដៃគ្នានិងប្រកៀកស្មាគ្នាជានិច្ចក្នុងសមរភូមិប្រយុទ្ធនឹងកូវីដ-១៩ គឺបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មិនសរសើរមិនបានឡើយ។ នាពេលបច្ចុប្បន្នេះ ក្រសួងសុខាភិបាលក៏ដូចជាក្រសួង-ស្ថាប័ននានា ព្រមទាំងកងកម្លាំង ប្រដាប់អាវុធ គ្រប់ប្រភេទ អាជ្ញាធរមានសមត្ថកិច្ចនិងភាគីពាក់ព័ន្ធទាំងអស់ បាននិងកំពុងប្រយុទ្ធទប់ទល់និងតស៊ូពុះពារនូវរាល់ការលំបាកនៃការឆ្លងរីករាលដាលក្នុងសហគមន៍ដើម្បីឆ្ពោះទៅទប់ស្កាត់អោយបាននូវស្ថានភាពឆ្លងក្នុង

ស​ហគមន៍ដ៏គួរឱ្យព្រួយបារម្ភ ជាពិសេសគឺសភាពការណ៍ជាយថាហេតុណាមួដែលអាចនឹងកើតឡើង។ គឺក្រុមមនុស្សទាំងនេះហើយដែលបានធ្វើសកម្មភាពជាគម្រូដ៏ល្អតាមរយៈការលះបង់ទាំងកំលាំងកាយចិត្ត និងថវិកាដើម្បីបុព្វហេតុការពារប្រជាពលរដ្ឋពីជំងឺឆ្លងកូវីដ-១៩។ ការខិតខំប្រឹងប្រែងពីគ្រប់ផ្នែកពាក់ព័ន្ធនេះ ត្រូវបានគេជឿថា គឺបានកើតចេញពីការដឹកនាំ ប្រ​កបដោយយុទ្ធសាស្ត្រច្បាស់លាស់របស់រាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ។

វិធានការសុខាភិបាលដើម្បីការពារជំងឺឆ្លងជាសាធាណៈត្រូវបានដាក់ចេញជាបន្តបន្ទាប់តា​ម​រយៈការគិតគូរពីផលប៉ះពាល់លើគ្រប់ជ្រុងជ្រោយ និងគ្រប់ផ្នែកទាំងអស់ដែលប្រជាពលរដ្ឋ អា​ចជួបប្រទះ។ ជាមួយគ្នានេះ វិធានការហិរញ្ញវត្ថុ ក៏ត្រូវបានគេមើលឃើញថា បានរៀបចំយ៉ាងល្អដែលធានាបាននូវស្ថេរភាពនៃការចំណាយជាប្រចាំ ទាំងការទ្រទ្រង់ចរន្តការងារទូទៅនិងទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

៣- កត្តាចំណេះដឹងនិងសច្ចភាពសង្គម៖

ប្រជាពលរដ្ឋកម្ពុជាសម័យថ្មី មានចំណេះដឹងកាន់តែទូលំទូលាយ មានកម្រិតវិភាគ បានកា​ន់តែច្បាស់លាស់។ ហេតុដូច្នេះហើយ ភាគច្រើនពួកគាត់កាន់តែមានជំនឿថា ពួកគាត់ ពិតជាត្រូវការវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយខ្វះមិនបាននៅគ្រប់កាលៈទេសៈទាំងអស់។ ជាការពិតណាស់ ការបង្ហាញឱ្យឃើញរឹតតែច្បាស់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលជាអាណាព្យាបាល និងជាឪពុកម្តាយរបស់ប្រជាពលរដ្ឋតាមរយៈការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយចាត់ទុកតម្រូវការរបស់ប្រជាពលរដ្ឋគឺជារឿងសំខាន់និងដំ​បូងគេបង្អស់នោះ បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែច្រើនលើសលុបគាំទ្រប្រមុខរាជរដ្ឋាភិបាល។ ការគាំទ្រពីប្រជាពលរដ្ឋនេះហើយដែលជាកំលាំងជួយជ្រោមជ្រែង និងជំរុញឱ្យកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ទទួលបានប្រសិទ្ធភាពខ្ពស់គួរឱ្យកត់សម្គាល់។

ជាក់ស្តែង បើក្រឡេកមើល សកម្មភាពការងារប្រចាំថ្ងៃទាំងការយកសំណាក ការរៀបចំគ្រប់​គ្រងការធ្វើចត្តាឡីស័ក និងការដាក់ចេញនូវវិធានការបន្ទាន់នានា ការព្យាបាលអ្នកជំងឺ ការរៀ​បចំយន្តការថ្មីៗបន្ថែមទាំងផ្លូវច្បាប់ និងជាពិសេស គឺការគិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរប​ស់ប្រជាពលរដ្ឋគឺជាការងារដ៏ស្មុគស្មាញនិងជាការលំបាកណាស់ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែប្រឹងប្រែងធ្វើជាប្រចាំនិងជាប់ជានិច្ចដើម្បីបម្រើឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

សរុបមកវិញ កត្តាដ៏សំខាន់ៗទាំង៣ខាងលើនេះ គឺបានជះឥទ្ធិពលដល់ផ្នត់គំនិតរបស់ប្រជាព​លរដ្ឋខ្មែរដែលធ្វើអោយប្រជាពលរដ្ឋជាទូទៅគឺបានផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ក្លាយទៅជាពលរដ្ឋដែលមានភាពនឹងនរជាងមុន មិនសូវទទួលរងឥទ្ធិពលអវិជ្ជមានពីមជ្ឈដ្ឋានអាក្រក់ណា មួយ និងមិនសូវជឿពាក្យចចាមអារាមផ្តេសផ្តាសដែលកត្តាទាំងអស់នេះក៏បានបង្ហាញអំពីគុ​ណសម្បត្តិដ៏អស្តារ្យរបស់មេដឹកនាំកម្ពុជាផងដែរ៕

ដោយ៖ ស ជាតិ