Friday, April 02, 2021

រដ្ឋបាលខេត្តក្រចេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ការពារជំងឺកូវីដ-១៩ ទូទាំងខេត្ត

 ក្រចេះ៖ នៅព្រឹកថ្ងៃថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេត្ត និងលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងរៀបចំដំណើរការនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ -១៩ ជូនដល់មន្រ្ដីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលងាយប្រឈមជំងឺកូវីដ-១៩ សម្រាប់ក្រុងក្រចេះ ចំនួន០២ទីតាំង គឺទីតាំង១-រដ្ឋបាលខេត្ត និង២- មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។

លោកអភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា វ៉ាក់សាំងការពារកូវីដ-១៩ ដែលមានឈ្មោះថា ស៊ីណូវ៉ាក់នេះដែរ គឺជាការចាក់វគ្គ២ សម្រាប់ខេត្តក្រចេះ ដោយវគ្គ១ ចាក់វ៉ាក់សាំង ស៊ីណូហ្វាម ចាក់បានចំនួន ៣.៥៩០នាក់ ហើយវគ្គនេះគឺចាក់ទាំង៦ស្រុកក្រុង មាន១១ទីតាំង លើ១២ក្រុម ដោយទីតាំងនៅរដ្ឋបាលខេត្តមានការចាក់ជា២ក្រុមផងដែរ ហើយតាមផែនការគឺចាក់១ថ្ងៃ បានចំនួន ២៥០ នាក់។ លោកបានបន្តថា ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈនេះដែរ បានធ្វើឲ្យខេត្តក្រចេះទទួលរងឥទ្ធិពល នៃជំងឺកូវីដ-១៩នេះ សរុប១៩០នាក់ ដែលបានពាក់ព័ន្ធផ្ទាល់ ហើយក្នុងនោះកំពុងតែធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្ត ហើយអ្នកដែលពាក់ព័ន្ធប្រយោលអាជ្ញាធរបានណែនាំ និងកំពុងឲ្យធ្វើចត្តាឡីស័កតាមផ្ទះផងដែរ ហើយការចាក់វ៉ាក់សាំងនេះ គឺមិនមានផលប៉ះពាល់ដល់សុខភាពអ្វីទេ គ្រាន់តែអ្នកបានចាក់ ត្រូវតមតាមវេជ្ជបញ្ជាររបស់គ្រូពេទ្យ។

លោក វ៉ា ថន សូមថ្លែងអំណរអរគុណចំពោះ ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ការយកចិត្តទុកដាក់ និងក្តីព្រួយបារម្មណ៍ចំពោះប្រជាពលរដ្ឋ ហើយអ្វីកាន់តែមិនអាចកាត់ថ្លៃបាន គឺការផ្តល់ឲ្យនូវថ្នាំវ៉ាក់សាំងការពារជំងឺកាចសាហាវ ដែលកំពុងឆ្លងរីករាលជាសកល ឲ្យទទួលបានវ៉ាក់សាំងដើម្បីការពារពីការឆ្លងនូវជំងឺនេះ និងសូមជំរុញលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមកចូលរួមចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានរៀបចំ ហើយម្យ៉ាងវិញទៀតចំពោះបងប្អូនដែលមាន អាការៈសង្ស័យថាមានឆ្លងជំងឺកូវីដ-១៩ សូមរាយការជូនអាជ្ញា ដើម្បីមកពិនិត្យធ្វើតេស្ត៍យកសំណាក និងធ្វើចត្តាឡីស័កផងដែរ៕




No comments:

Post a Comment