Friday, April 02, 2021

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពន្លឿនក្នុងការសាងសង់ច្រាំងទន្លេប្រវែង២,០០០ម៉ែត្រ ដើម្បីបញ្ជៀសការបាក់-ស្រុតច្រាំងទន្លេ

 កំពង់ចាម៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពន្លឿនក្នុងការសាងសង់ច្រាំងទន្លេប្រវែង២,០០០ម៉ែត្រ នៅក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស ដោយមានការចូលរួមពី អភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្កភាពពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសរបស់ក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន ឯ.ក។

បន្ទាប់ពីកិច្ចពិភាក្សាលើវឌ្ឍនភាពនៃគម្រោងរៀបបាវខ្សាច់(Geo-textile) ទប់ការពារការបាក់-ស្រុតច្រាំងទន្លេ ប្រវែង២.០០០ ម៉ែត្រ នៅ ឃុំឬស្សីស្រុក, ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ និងឃុំសូរគង ស្រុកកងមាស។

លោកអភិបាលខេត្ត ក៏បានឯកភាពទៅលើគំរូប្លង់ដែលក្រុមហ៊ុនបានស្នើឡើង និងស្នើឲ្យក្រុមហ៊ុនទទួលការសាងសង់ពន្លឿនការងារខណៈរដូវវស្សានឹងជិតចូលមកដល់នាពេលខាងមុខ។ ជាមួយគ្នានេះក្រុមហ៊ុនត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ក្នុងការបូមដីកោះដុះថ្មី និងដីខ្សាច់ តម្រង់ចរន្តទឹកហូរ នៅតំបន់កោះតូច ចន្លោះរវាងស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ជៀសការបាក់-ស្រុតច្រាំងទន្លេ។

តាមការបញ្ជាក់ពីអ្នកបច្ចេកទេស របស់ក្រុមហ៊ុន រីវើសាយឌីវេឡុបម៉ិន ឯ.ក បានធ្វើបទបង្ហាញ អំពីគម្រោងប្លង់បច្ចេកទេស រៀបចំបាវខ្សាច់(Geo-textile) ដើម្បីទប់ច្រាំងទន្លេ ប្រវែង២០០០ ម៉ែត្រ ដោយចាប់ផ្តើម បូមខ្សាច់ធ្វើបាតជាបណ្តើរៗ ចាប់ពីដើមខែមេសានេះតទៅហើយ ក្នុងជំហានទី១ ឲ្យបានកំពស់ ០៤ម៉ែត្រ និងចាប់រៀបចំបាវខ្សាច់ បន្តក្នុងជំហានទី២ ឲ្យបាន៨,៥ ម៉ែត្រ ស្មើនឹង៥០% នៃកំពស់ច្រាំងទន្លេ រួចត្រូវបន្តធ្វើជំហានទី៣ ទៀត រហូតដល់កំពស់ ១២ ម៉ែត្រ បញ្ចប់ គម្រោង ដែលស្មើនឹង៧៥% នៃកំពស់ច្រាំងទន្លេ។ ក្រុមហ៊ុន បានប្រើប្រាស់ទន្និន័យមូលដ្ឋានអំពីកំពស់ទឹកទន្លេ ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងទិន្នន័យ ផែនទីបាតទន្លេ ពីវេបសាយ របស់គណៈកម្មាធិការទន្លេមេគង្គ គណៈកម្មាធិការទន្លេមេគង្គ (MRC Mekong river commission)៕





No comments:

Post a Comment