Friday, December 31, 2021

(វីដេអូ)៖ សេចក្តីអំពាវនាវ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)

 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអំពាវនាវដល់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត ដែលកំពុងធ្វើការតវ៉ាឱ្យបញ្ឈប់ការតវ៉ានេះជាបន្ទាន់ និងងាកមកអនុវត្តតាមនីតិវិធីនៃការដោះស្រាយវិវាទការងាររួមវិញ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីអំពាវនាវដល់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត ដែលកំពុងធ្វើការតវ៉ា និយោជក និងសាធារណជន ឱ្យបានជ្រាបថា ការធ្វើសកម្មភាពសម្តែងមតិនាពេលកន្លងមកនេះ គឺជាបាតុកម្មខុសច្បាប់ និងបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិកដែលកំពុងបម្រើការងារផង ផលប្រយោជន៍និយោជកផង និងសាធារណជនផង។


ក្រសួងសូមអំពាវនាវដល់បងប្អូនដែលធ្វើការតវ៉ាឱ្យបញ្ឈប់ការតវ៉ានេះជាបន្ទាន់ និងសូមវិលមកអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីនៃការដោះស្រាយវិវាទការងាររួមវិញ ស្របតាមស្មារតីមាត្រា៣០២ ដល់មាត្រា ៣១៧ នៃច្បាប់ស្តីពីការងារ និងប្រកាសលេខ៣១៧ សកបយ. ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០១ ស្តីពីនិតីវិធីនៃការដោះស្រាយវិវាទការងាររួមដែលបានកំណត់នីតិវិធីបន្ត គឺត្រូវប្តឹងទៅតុលាការ ដើម្បីបញ្ចប់ករណីវិវាទ ក្រោយពេលផ្សះផ្សា ការចេញសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការអនុវត្តវិធានការវិវាទស្របច្បាប់ មិនអាចរកដំណោះស្រាយបាន។


ចំពោះបងប្អូនដែលកំពុងធ្វើការតវ៉ា ដោយលើកមូលហេតុថា និយោជកបានទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដល់ខ្លួនមិនត្រឹមត្រូវតាមច្បាប់ សូមបងប្អូនទាក់ទងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ 012 872 161 / 092 888 585 / 087 525 656 ដោយផ្តល់ព័ត៌មានអំពីប្រាក់ឈ្នួល ប្រាក់អត្ថប្រយោជន៍ ដែលខ្លួនធ្លាប់ទទួលបាន រូបមន្តគណនា និងមូលដ្ឋានគណនា ដើម្បីក្រសួងធ្វើការផ្ទៀងផ្ទាត់ឡើងវិញ។ ក្រសួងនឹងបង្គាប់ឱ្យនិយោជកធ្វើការទូទាត់សំណងបន្ថែមដល់បងប្អូន ក្នុងករណីដែលបងប្អូនបានសហការផ្តល់ព័ត៌មានពេញលេញ ហើយក្រសួងរកឃើញថា និយោជកពិតជាបានគណនាមិនត្រឹមត្រូវតាមច្បាប់ពិតប្រាកដមែន។


អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម អតីតបុគ្គលិកដែលកំពុងធ្វើការតវ៉ា និយោជក និងសាធារណជនជ្រាបជាព័ត៌មាន និងសហការបញ្ចប់ការតវ៉ាខុសច្បាប់នេះ៕



(វីដេអូ)៖ សេចក្តីជូនដំណឹងស្តីពីការបពា្ឈប់ជាបន្ទាន់នូវការធ្វើសកម្មភាពបាតុកម្មដោយខុសច្បាប់របស់ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត

 

រដ្ឋបាលរាជធានីភ្នំពេញ៖ ការធ្វើបាតុកម្មខុសច្បាប់របស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងរំលឹកជាថ្មីម្ដងទៀត ឲ្យតំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត បញ្ឈប់ជាបន្ទាន់នូវការធ្វើបាតុកម្មដោយខុសច្បាប់។

បន្ថែមលើនេះ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវ ដើម្បីក្រើនរំលឹកជូនលោក-លោកស្រី និងក្រុមបាតុករ ឲ្យបញ្ឈប់នូវសកម្មភាពតវ៉ាដោយខុសច្បាប់ ដើម្បីឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែជាក់ស្តែងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ លោក-លោកស្រី និងក្រុមបាតុករ នៅតែបន្តរឹងរូសមិនគោរពតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបន្តសកម្មភាពបំពានម្តងហើយម្តងទៀត ផ្ទុយទៅនឹងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដដែល។

ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងជាថ្មីម្តងទៀតដល់លោក-លោកស្រី និងក្រុមបាតុករ ត្រូវបន្តការចរចាតាមនីតិវិធី ដូចមានចែងក្នុងច្បាប់ស្តីពីការងារ តាមរយៈយន្តការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្ទៀងផ្ទាត់ការទូទាត់សំណង ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ និងស្នើឲ្យលោក-លោកស្រី ត្រូវបញ្ឈប់នូវសកម្មភាពតវ៉ាដោយខុសច្បាប់ជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ។ ក្នុងករណីលោក-លោកស្រី នៅតែបន្តសកម្មភាពបាតុកម្មដោយខុសច្បាប់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕



Facebook ឈ្មោះ «Srey Aun Naga» បន្តទម្លាយផែនការ ឈឹម ស៊ីថរ អុកឡុក បិទផ្លូវ រារាំងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ជាពិសេស គឹការរំខាន បំផ្លាញការរៀបចំកម្មវិធីឆ្លងឆ្នាំថ្មី Countdown

នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2021 នេះ Facebook «Srey Aun Naga» បានបង្ហោះសារ ដោយមានភ្ជាប់ជាមួយនិងវីដេអូរយៈពេល២នាទី និង២វិនាទី ដោយបានរៀបរាប់ថា «បងប្អូនដែលធ្វើបាតុកម្មតវ៉ានិងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលមិនបានចូលរួមប្រជុំតាម Zoom កាលពីថ្ងៃទី២៩ ធ្នូ ២០២១ សូមពិចារណា គិតគូឱ្យបានល្អិតល្អន់នូវការណែនាំ រៀបចំធ្វើផែនការរបស់នាង ឈឹម ស៊ីថរ ក្នុងការបន្តធ្វើបាតុកម្មខុសច្បាប់ អុកឡុក បិទផ្លូវសាធារណៈ រារាំងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ការដឹកទំនិញ និងការចេញចូលធ្វើការរបស់បុគ្គលិក ដែលមិនបានចូលរួមតវ៉ា ជាពិសេស គឹការរំខាន បំផ្លាញការរៀបចំកម្មវិធីឆ្លងឆ្នាំថ្មី Countdown ។សកម្មភាពទាំងនេះ គឺសុទ្ធសឹងជាការបង្កហេតុដោយខុសច្បាប់ ហើយខាងអាជ្ញាធរគេពិតជាមានហេតុផលត្រឹមត្រូវក្នុងការប្រើវិធានការច្បាប់មកលើពួកយើងបាន»។


សូមស្តាប់សំឡេងដែល ឈឹម ស៊ីថរ បានបញ្ជា និងរៀបផែនការយ៉ាងល្អិតល្អន់ ឱ្យបាតុករធ្វើឱ្យបានជាដាច់ខាតនៅថ្ងៃឆ្លងឆ្នាំ ៖







ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាឲ្យកងទ័ពទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍របស់សម្តេចតេជោ «ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ» !

 (ភ្នំពេញ)៖ ក្នុងសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាឲ្យកងទ័ពទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ទីស្តីការក្រសួងការពារជាតិ «រាល់ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ»។

សារលិខិតរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាដល់កងទ័ពយ៉ាងដូច្នេះថា «ចំពោះមុខនេះ ខ្ញុំក៏សូមអំពាវនាវដល់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់ ចូលរួមប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ស្របពេលនឹងខួប២៣ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្នុងខ្លឹមសារថា៖ "កម្ពុជាជាប្រទេសរាជានិយម មានបាវចនាចំនួន ៣ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវផ្តូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឱ្យខានតែបាន។ ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ»

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះចំពោះស្នាដៃ និងសមិទ្ធផលធំធេងជាច្រើន ក្នុងភារកិច្ចការពារបូរណភាពទឹកដី, ការពារសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ដែលនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់ បានខិតខំប្រឹងប្រែងពុះពារសម្រេចបាន ដោយជម្នះគ្រប់ការលំបាក និងធ្វើពលិកម្មគ្រប់បែបយ៉ាង។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកងទ័ពតែងតែវត្តមានចុះជាប់ជានិច្ចជាមួយនឹងប្រជាពលរដ្ឋ ដោះស្រាយវិបត្តិយថាហេតុ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមាន ខណៈដែលភារកិច្ចស្នូលរបស់កងទ័ពក៏នៅតែត្រូវបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្លួនបំផុត។

ជាពិសេស នៅចំពោះមុខបញ្ហាប្រឈមនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងគ្រប់ដំណាក់កាលទាំងអស់ គិតចាប់តាំងពីការផ្ទុះករណីដំបូងនៅក្នុងប្រទេស, ការទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍, ការគ្រប់គ្រងការឆ្លងចូលក្នុងសហគមន៍ រហូតដល់ការបង្កើតបាន់ភាពស៊ាំ ក្នុងសហគមន៍តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលសម្រេចបានជោគជ័យគួរជាទីមោទនៈ ហើយមកដល់បច្ចុប្បន្ននេះ ជាដំណាក់កាលនៃការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ដើម្បីស្តារផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច ក៏កងទ័ពបាន និងកំពុងបន្តចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ។

ក្នុងឱកាសចូលថ្មី ឆ្នាំសាកល ២០២២នេះ លោក ហ៊ុន ម៉ាណែត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទទាំងអស់ សូមឱ្យទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន៕