Tuesday, July 08, 2014

បទអត្ថាធិប្បាយ ៖ ទស្សនៈដែល​ធ្វើឱ្យ​​បក្ស​ប្រឆាំង​ខក​ចិត្ត​ « បើច្បាប់ថ្មីមិនមក ច្បាប់ចាស់នៅតែដំណើរការជាធរមាន »

ថ្មី​ៗនេះ សម្តេច​តេជោ ហ៊ុន សែន  បាន​ថ្លែង​ថា « បើច្បាប់ថ្មីមិនមក ច្បាប់ចាស់នៅតែ​ដំណើរ​ការជាធ​រ​មាន​​​​» ។​ ពិត​ណា​ស់​ថា ​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺជា​ច្បាប់​កំពូល​របស់​ជាតិ ដែល​បាន​បង្កើតជាមូលដ្ឋានគ្រឹះនៃច្បាប់ទាំងទ្បាយរបស់ប្រទេសដើម្បី​ស្ថិរភាព​នយោ​បាយ សង្គម និង​ការ​អភិវឌ្ឍ​ន៍​  ហើយ​ច្បាប់​ដែល​បាន​អនុម័តនីមួយៗមិន​ងាយ​នឹង​ធ្វើ​វិសោធនកម្ម​ញឹក​ញ៉ាប់​ តាម​ទំ​នើង​ចិត្ត​នោះ​ឡើយ។

ជាក់​ស្តែង ពាក់​ព័ន្ធ​នឹងងច្បាប់​​បោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ គឺ​រដ្ឋធម្មនុញ្ញ ជំពូក​ទី ៧ មាត្រា​ ៧៦ នៅក្នុង​វាក្យ​ខណ្ឌចុងក្រោយ បាន​ចែង​យ៉ាង​ច្បាស់​​ថា​ «  អង្គការ​រៀបចំ​ការ​​បោះ​​ឆ្នោត នីតិវិធី និងបទ​បញ្ជា​នៃការបោះឆ្នោត ត្រូវបានកំណត់​ដោយ​ច្បាប់​បោះ​ឆ្នោត» ។ បើ​បែ​​​​ប​នេះ ​​តើស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតចាំ​បាច់ក្លាយជា​ស្ថាប័ន​​ធម្ម​នុញ្ញ នឹង​ត្រូវ​ជ្រើស​តាំង​សមាស​ភាពសមាជិក​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​​ថា គ.ជ.ប នោះ ដោយ​សំឡេង​បោះ​ឆ្នោត​គាំទ្រ​ចំនួន ២ ភាគ ៣ នៃ​សមាជិក​រដ្ឋ​សភាដែរ ឬ​​ទេ? ការប្រកាន់ជំហរ​ទាមទារ​លើសំ​ណើរ​ស្នើរសុំដែលផ្ទុយពីផ្លូវច្បាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិគឺដើម្បីអ្វី?

គណបក្សសង្គ្រោះជាតិបានដឹង​យ៉ាង​ច្បាស់​ណាស់​ថា រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣ គឺ​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ និង​រាល់​ឯកសារ​គតិ​យុត្តិ​ផ្សេងៗ ​​ ដោយ​សំឡេង​ ២ ភាគ ៣   នៃ​សមា​​ជិក​​រដ្ឋ​សភា​ ហើយរាល់​ពេលដំណើរ​ការ​អនុម័ត​ច្បាប់​ម្តងៗ តែង​តែ​ជួប​ប្រទះ​នូវ​វិបត្តិ​​​​ជាញឹក​​ញាប់​ ជា​ពិសេស​ គឺ​វិបត្តិ​នៃ​ការ​ខ្វះ​កូរ៉ុម​កនៃកិច្ច​ប្រជុំសភា ដែល​គណបក្សមាន​សំឡេង​ភាគតិច​​នៅក្នុង​រដ្ឋ​សភា​ តែង​តែ​យក​គណបក្ស​​​ឈ្នះ​ឆ្នោត​​ដែល​មាន​សំឡេងភាគ​​ច្រើន​ជា​ចំណាប់​​​ខ្មាំង​ ដើម្បី​​ផល​ប្រយោជន៍​នយោបាយ​រប​​ស់​បក្ស​ខ្លួន​ជានិច្ច​។
ចុះហេតុអ្វីក្នុងស្ថានការណ៍នយោបាយដែលពោពេញដោយសុខសន្តិភាព ការ​អភិវឌ្ឍន៍​​ជាតិ គេចផុតពីវិបត្តិការជាប់គាំងនយោបាយ បក្សប្រឆាំងបែជាទាមទារឲ្យ​មាន​ការ​អនុម័ត​​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ដោយ​សំឡេង ២​ភាគ​៣ នោះទៅវិញ ?

ការទាមទាររបស់គណបក្សប្រឆាំងត្រូវបានក្រុមអ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជាជាយល់ឃើញថា ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជាដែលកំពុងតែចាក់​គ្រឹះយ៉ាងរឹងមាំ​នៅ​កម្ពុជា ។ ម៉្យាង​វិញ​ទៀត ក្នុង​បរិបទនេះ គឺគេបាន​ដឹង​ច្បាស់​ណាស់​ថា  ប្រសិន​ជា​ធ្វើ​តាម​សំ​ណើ​របស់គណបក្ស​សង្គ្រោះ​ជាតិ​ ប្តូររូប​មន្តពី៥០ភាគ​រយ បូក​១ មក​ ២ភាគ​៣មែន​នោះ បញ្ហាទាំង​អស់​នឹង​ជាប់​គាំង ពីព្រោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​មិន​អោយ​មាន​ការ​អនុម័ត​អ្វី​បាន​ទាំង​អស់  និយាយ​ជា​រួម​ រាល់​សំ​ណើណាមួយ​របស់​គណបក្ស​ប្រជាជន ក្នុង​ការ​ពន្លឿន​ប្រសិទ្ធិភាព​ក្នុង​ការ​​អនុវត្តច្បាប់​នានា ប្រាកដជា​នឹង​ត្រូវ​បាន​បដិសេធ​ដោយ​គណបក្ស​ជំ​ទាស់។ នោះហើយ​ជា​ពហុវិបត្តិ​ជាថ្មី​របស់កម្ពុជា ដែលអាចកើតមានទ្បើងតាមរយៈរូបមន្ត ដែលប្រាស់ចាកពីផ្លូវ​ច្បាប់​នេះ ។ បើ គ.ជ.ប ពិតជាត្រូវអនុម័តដោយសំឡេង ២ ភាគ ៣ នោះ​​ភាព​ជាប់គាំងកាន់​តែមាន​សភាពធ្ងន់ធ្ងរជាងរូបមន្ត ២ ភាគ ៣  នៃការ​​បង្កើ​តរាជ​​រដ្ឋា​ភិ​​បា​ល​ទៅទៀត ព្រោះថា អតីតកា​​ល រដ្ឋធម្មនុញ្ញមាត្រា ៩០ វាក្យខណ្ឌទី ៨ បានសរសេរថា (រដ្ឋសភា​បោះឆ្នោត ទុកចិត្តដល់​រាជ​រដ្ឋាភិបាល​តាមមតិគាគច្រើន ២ ភាគ ៣  នៃស​មាជិ​ក​​សភាទាំងមូល) ហើយ​រូបម​ន្ត​នេះ បានធ្វើ​ឲ្យមានការ​ជាប់គាំ​ងនយោ​បាយ​នៅ​ក្រោយ​​កា​រ​​​​​បោះឆ្នោតម្តងៗតែ​ប៉ុណ្ណោះ។ ប៉ុន្តែ ក្រោ​យមក ដោយឆន្ទៈ​នយោបាយក្នុងការបង្រួប​ប​ង្រួ​​ម​ជាតិរបស់​គណបក្ស​ប្រជាជនកម្ពុជា បាន​ទម្លុះទម្លាយ​នៃភាពជាប់គាំងនេះ ដោយ​មាន​កា​​រ​​បង្កើតរាជរដ្ឋាភិបាលចម្រុះ រវាងគណបក្ស ប្រជា​ជនកម្ពុជា និង​គណ​បក្ស​ហ៊្វុនស៊ីនប៉ិច ។ ប៉ុន្តែ បើ ២ ភាគ ៣  មិនអាចបង្កើត គ.ជ.ប វិញនោះ នៅ​កម្ពុជា​ក៏មិនអា​ច​មានការ​បោះឆ្នោត​បាន​ ហើយបើមិន​បា​ន​បោះ​ឆ្នោត​ក៏មិនអាច មានរាជ​រដ្ឋា​ភិបាល ហើយបើមិន​មានរាជ​រដ្ឋា​ភិបាល ដំណើរ​​ការប្រ​ជាធិ​ប​​តេយ្យ​សេរីពហុបក្សនៅកម្ពុជា ពិត​ជា​ត្រូវបានបំផ្លាញ។ បើ​ដំណើរ​​​ប្រ​ជាធិ​ប​​តេយ្យ​សេរីពហុបក្សនៅកម្ពុជា ពិត​ជា​ត្រូវបានបំផ្លាញ ប្រាកដណាស់ គឺ​បំផ្លាញ​ដោយ រូបមន្ត២ភាគ​៣ ដែលស្នើរដោយគណបក្សសង្គ្រោះជាតិ ។

 ទោះយ៉ាង​ណា  រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ប្រសូតចេញ​ពី​ការ​បោះ​ឆ្នោត​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ សេរី​ពហុបក្ស​ ​ប្រាកដជាមាន​កាតព្វ​កិច្ច​ការពារ​​ជាតិ ហើយ​នឹង​ប្រកាន់​យ​ក​​គ្រប់​វិធាន​ការ​ទាំង​អស់​ ដើម្បី​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​បាវចនា​ជាតិ សាសនា ព្រះ​ម​ហា​​​ក្សត្រ​ និង​ជា​ពិ​សេស​ការ​ពារ​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ ក៏​ដូច​ជា​ធានា​នូវ​ប្រក្រតី​ភាព​នៃ​ដំ​ណើរ​ការ​សង្គម និងសេដ្ឋកិច្ច​ ជាពិសេស​ជី​វភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ ​នឹង​មិន​ធ្វើ​អ្វី​ ដើម្បី​បំ​ពេញ​ចិត្តក្រុម​បក្សប្រឆាំង ហើយមក​បំ​ផ្លាញផល​ប្រយោជន៍​រួម​របស់​ជាតិ​នោះ​ទេ​ ។

 ល្មម​​ដល់​ពេលដែល​មេដឹកនាំ​គណបក្សប្រឆាំង បញ្ឈប់សកម្មភាពបង្កគ្រោះ​ថ្នាក់​​ដល់​សង្គម​ជាតិ ហើយតម្កល់ផលប្រយោជន៍ជាតិជាធំ។ ល្បែង​ប្រជាធិបតេយ្យត្រូវ​លេង​នៅក្នុង​ប្រព័ន្ធ​ច្បាប់​ដ៏​​រឹងមាំ​មួយ ដែលមាន​ការជឿទុកចិត្ត​គ្នា​ ហើយគួរ​ក្រឡេកមើល​បណ្តា​ប្រទេស​ប្រជាធិ​ប​តេយ្យធំៗ នៅលើពិភពលោកការបោះឆ្នោត​គឺជា​រឿង​ដ៏​សាមញ្ញ​បំផុត ហើយក្រោយ​ការ​បោះ​ឆ្នោត គណបក្ស​នីមួយ​ត្រៀមខ្លួន​ទទួលយក​លទ្ធផល​ដោយ​មិន​តវ៉ា។ អ្នកឈ្នះ​និង​អ្នកចាញ់​ឆ្នោត​ផ្ទេរ​តួនាទី ដោយ​គ្មាន​ឧស​គ្គ​អ្វី​ឡើយ។ នេះ​មកពី​អ្នកនយោបាយ​ប្រកួតប្រជែង​ដោយស្មោះ​ត្រង់​និង​តម្លាភាព ហើយ​ពួកគេ​គោរព​សិទ្ធិ​សម្រេច​របស់​ប្រជាពលរដ្ឋ មាន​ចិត្ត​ជា​អ្នក​កីទ្បា​លើ​ទីលាន​ប្រជាធិបតេយ្យពិតប្រាកដ។
មេដឹក​នាំ​គណបក្សប្រឆាំង គួរទទួលយកសំ​ឡេង​ឆ្នោត​ដែល​ប្រជាពល​រដ្ឋបាន​បោះ​ជូន​គណបក្សសង្គ្រោះ​ជាតិចំ​នួន​៥៥ អាសនៈ គឺអាច​ឱ្យ​ក្រុម​អ្នក​តំ​ណាង​រាស្ត្រចូល​ទៅ​បំ​ពេញ​កាតព្វ​កិច្ចជូន​ជាតិ​បាននៅ​ក្នុង​រដ្ឋសភា ហើយរាល់ការកែប្រែ ឬការ​អនុម័ត​ច្បាប់​ និង​រាល់​ឯកសារ​គតិ​យុត្តិ​ផ្សេងៗ គួរធ្វើក្នុងក្របខ័ណ្ឌរដ្ឋសភាជាតិ មិន​គួរគប្បី​ធ្វើខ្លួន​ឯងជាដង្កូវសង្គម តាមដង​ផ្លូវ​ដែលចាំតែស៊ីរូង បំផ្លិចបំផ្លាញជាតិនោះទេ ។ ហើយបើអ្នកតំណាង​រាស្ត្រ​ទាំង​៥៥​រូប​មិន​ចូល​សភា​ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មីទេ នោះច្បាប់ស្តីពី អង្គការ​រៀបចំ​ការ​បោះ​​​ឆ្នោត នីតិវិធី និងបទបញ្ជានៃការបោះឆ្នោតចាស់ត្រូវនៅជាធរមាន​ក្នុងការ​រៀប​ចំបោះ​ឆ្នោត​​ជ្រើសតាំង​តំណាង​រាស្ត្រនីតិកាលទី៦ នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខដដែល៕

អត្តបទដោយ: ឧត្តម សក្តិ

បទយកការណ៍ ស្តីពីឱកាស​ទទួលបានការ​ងារ​​​ធ្វើ​សមរម្យ​ និង​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​នីក្នុងក្រុមហ៊ុន​ Terre Rouge Cellection (វគ្គទី០៩២)