Tuesday, August 21, 2018

(សូមទស្សនាវីដេអូ)៖ ប្រធានគណបក្សនយោបាយ​ដែលចូលរួមក្នុង «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នឹងត្រូវតែងតាំងឲ្យមានឋានៈ​ស្មើទេសរដ្ឋមន្ត្រី និងអនុប្រធាន ឬអគ្គលេខា ឋានៈស្មើ រដ្ឋមន្រ្តី

ជំនន់ទឹកស្ទឹងព្រែកត្នោត កំពុងបន្ដគំរាមកំហែងខណ្ឌដង្កោ រាជធានីភ្នំពេញ, ទឹកនឹងចាប់ផ្តើមស្រកវិញនៅស្អែកថ្ងៃត្រង់

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ជំនន់ទឹកស្ទឹងព្រែកត្នោត កំពុងបន្ដការគំរាមកំហែង ដែលអាចលិចតំបន់ មួយក្នុងទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ បើសិនមិនអាចគ្រប់គ្រង និងទប់ស្កាត់ទាន់ពេលវេលាដែលមាន ប្រសិទ្ធភាព ខណៈស្ថានភាពនេះប្រហាក់ប្រហែលកាលពីខែកក្កដាកន្លងទៅនេះ។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានបញ្ជាក់ថា ចំពោះស្ថានភាពជំនន់ទឹកនេះ ក្រុមបច្ចេកទេសជំនាញរបស់ក្រសួង ក្រោមការបញ្ជាពីលោករដ្ឋមន្រ្តី លឹម គានហោ អាចគ្រប់គ្រង បានទាំងស្រុង មិនមានអ្វីជាបញ្ហាចោទនោះទេ បន្ទាប់ពីតួទំនប់សណ្ដរស្ទឹងព្រែកត្នោតទាំង៣កន្លែង បានជួសជុលរួចរាល់។
លោក ចាន់ យុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ទឹកចាប់ផ្តើមឡើងគំហុក ចាប់ពីម៉ោង១រំលងអធ្រាត្រមក។ មកដល់ម៉ោង១១នេះ ទឹកបានឡើងពេញបន្ទុក ដោយហូរពីលើទំនបើបង្ហៀរ៧មករា កម្ពស់០,៧៣ ម៉ែត្រ (ប្រហាក់ប្រហែលនឹងជំនន់កាលពីខែកក្កដាកន្លងទៅ) និងកំពុងបន្តឡើងសន្សឹមៗបន្ថែមទៀត។ ប៉ុន្តែសភាពការណ៍ជំនន់នេះ យើងអាចគ្រប់គ្រងបានទាំងស្រុង មិនមានបញ្ហាអ្វីទេ ហើយមានការហូរច្រោះតួ ទំនប់សណ្តរស្ទឹង៣កន្លែង តែយើងបានធ្វើការជួសជុលរួចរាល់អស់ហើយ»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ស្ថានភាពអាកាសធាតុ ក៏បានធូរស្រាលម្សិលមិញ មិនមានភ្លៀងធ្លាក់ខ្លាំងទេ ឯទឹកនៅផ្នែកខាងលើបានស្រកចុះបណ្តើរៗ ឯទ្វារទឹកនៅអាងទឹកតាសាល និងរលាំងជ្រៃ ក៏បានសម្រុតចុះមួយ ចំនួនហើយដែរ ដើម្បីកាត់បន្ថយបរិមាណទឹក កុំឲ្យហូរបុកមកក្រោមខ្លាំងពេក។ ខណៈនៅទំនប់ ៧មករា ក្រុមការងារបាននិងកំពុងបង្វែរទឹកខ្លះចូលទៅទន្លេបាទី។
បើតាមលោក ចាន់ យុត្ថា ការដោះទឹក មានសភាពយឺតជាងមុនបន្តិច ដោយសារពេលនេះទឹកទន្លេបាសាក់ក៏ មានកម្ពស់ខ្ពស់ ប៉ុន្ដែជំនន់ពេលនេះ អាចរហូតដល់ស្អែកថ្ងៃត្រង់ ទើបចាប់ធូរស្រាលទៅវិញ ៕





ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ អញ្ជើញ​ បើកកិច្ចប្រជុំ​ត្រួតពិនិត្យការងារ ​៧ខែដើមឆ្នាំ​ និងទិសដៅបន្ត​

ពោធិ៍សាត់៖ នៅសាលប្រជុំរដ្ឋបាលខេត្ត នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអនុប្រធានប្រចាំការ ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងជាតំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយ ៧ខែ ដើមឆ្នាំ និងទិសដៅបន្ត។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រតិភូអមដំណើរ អភិបាលរងខេត្ត គណៈនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថខេត្ត បញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្ត មន្ត្រីនៃរដ្ឋបាលខេត្ត មន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ និងអង្គការជាដៃគូ ជាច្រើនរូប ទៀតផងដែរ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់» ដែលជាយន្ដការចូលរួមឆ្លើយតបនឹងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ

ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល នៅពេលនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។ នេះជាការថ្លែងឱ្យដឹងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ។
នៅក្នុងកិច្ចពិគ្រោះយោបល់រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានគណបក្សន​យោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល​លោក ផៃ ស៊ីផាន បានថ្លែងថា ជាការចាប់ផ្តើមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ការបោះឆ្នោតបានកន្លងហើយ ទុកបញ្ហានោះមួយអន្លើ ហើយយើងអាចចូលរួមកសាងប្រទេសជាតិរបស់យើងជាមួយគ្នា ហើយមិនយូរប៉ុន្មានទេការបោះឆ្នោត២០២២ នឹងមកដល់។ ការអញ្ជើញជួបជុំនេះ គឺមិនមែនមកគាំទ្រគោលការណ៍នយោបាយគណបក្សប្រជាជនកម្ពុជានោះទេ ហើយមិនមែនជាផលប្រយោជន៍របស់រាជរដ្ឋាភិបាលនោះដែរ ប៉ុន្តែដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេស។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តួចផ្តើមគំនិត និងពន្យល់ពីហេតុផលនៃការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដែលជាយន្តការចូលរួមឆ្លើយតប និងផលប្រ​យោជន៍ប្រជាពលរដ្ឋ។ យន្តការនេះអាចហៅកាត់ថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»។
អ្នកនាំពាក្យរូបនេះ បានពន្យល់ថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» មានភារកិច្ចដូចជា៖
ទី១៖ ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយដល់រាជរដ្ឋាភិបាល(ធាតុចូល)
ទី២៖ ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណៈរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សា មានអត្តនោម័តធ្វើញត្តិជូនព្រឹទ្ធសភាតតំាង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា
ទី៣៖ ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី
ទី៤៖ ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។
ចំពោះសមាសភាព និងយន្តការរួមមាន៖
ទី១៖ សមាសភាព ដោយស្ម័គ្រចិត្តមកលើគណបក្សដែលបានចូលរួមបោះឆ្នោត អាណត្តិទីប្រាំមួយ ជាមួយនឹងការឯកភាពពីនាយករដ្ឋមន្រ្តី
ទី២៖ គណបក្សនីមួយៗមានតំណាងពីររូប ដែលជាប្រតិភូ និងតែងតំាងដោយព្រះរាជក្រឹត្យ ស្នើរដោយនាយករដ្ឋមន្រ្តី
ទី៣៖ ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍បានគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀង បញ្ជីបោះឆ្នោត
ទី៤៖ ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ
ទី៥៖ លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុង វិមានសន្តិភាព។
ចំពោះកិច្ចដំណើរការរួមមាន៖

ទី១៖ ប្រជុំមួយខែម្តង តាមការកោះប្រជុំ របស់ប្រធានបន្តវេន
ទី២៖ ប្រជុំជាមួយនាយករដ្ឋមន្រ្តី០៦ខែម្តង ឬជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី
ទី៣៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាល៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់អ្នកនយោបាយទាំងអស់ជាពិសេសក្រុមប្រឆាំងគួរចេះបែងចែកគ្នាឱ្យច្បាស់ពីពាក្យថា «ចាត់តាំង» និង «តែងតាំង» របស់ព្រះមហាក្សត្រ

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ​បានថ្លែងប្រាប់បណ្ដាអ្នកនយោបាយទាំងអស់ ជាពិសេសក្រុមប្រឆាំងថា ត្រូវបែងចែកគ្នាឲ្យដាច់ពីពាក្យថា «ចាត់តាំង» និង «តែងតាំង» ដែលត្រាស់បង្គាប់ដោយព្រះមហាក្សត្រ ព្រោះកាលណាមិនបែងចែកឱ្យដាច់នោះទេ វានឹងបង្កឱ្យមានការភ័យខ្លាចខ្លាំងណាស់។ ការលើកឡើងរបស់លោក ហ៊ុន សែន ត្រូវបានធ្វើឡើង នៅក្នុងកិច្ចពិគ្រោះយោបល់ជាមួយប្រធានគណបក្សនយោបាយទាំង១៦ នៅវិមានសន្តិភាព បន្ទាប់ពីមានការឆ្លើយឆ្លងគ្នារវាងអ្នកនយោបាយ ប្រឆាំងលើករ​ណីនេះ ក្រោយព្រះមហាក្សត្រខ្មែរ ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី នៃកម្ពុជា សម្រាប់អាណត្តិទី៦ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រយៈពេលកន្លងទៅនេះ គឺមានការលើកឡើងចេះចុះអំពីព្រះមហាក្សត្រ ចាត់តាំង នាយករដ្ឋមន្ដ្រី។ សូម្បីតែពាក្យចាត់តាំង តែងតាំង ក៏បែងចែកគ្នាមិនដាច់ផង នេះគឺជារឿងមួយដែលគួរឲ្យភ័យខ្លាច»។ ដើម្បី​យល់ពីការត្រាស់បង្គាប់ចាត់តាំង​​ ពីសំណាក់ព្រះមហាក្សត្រឱ្យកាន់តែច្បាស់បន្ថែម លោក ហ៊ុន សែន បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន និងអ្នកនយោបាយទាំងអស់ ត្រូវទៅមើលរដ្ឋធម្មនុញ្ញ ដើម្បីដឹងច្បាស់ថា ការចាត់តាំងនេះអនុវត្តតាមមាត្រាណាមួយ ដោយលោកក៏បានលើកឡើងនូវការពន្យល់លើមាត្រាក្នុងរដ្ឋធម្មនុញ្ញបន្ថែមទៀតផង។​
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានគូសបញ្ជាក់ថា បើអនុវត្តតាមមាត្រា១២៩ នៃរដ្ឋធម្មនុញ្ញ គឺតម្រូវឲ្យមានការស្នើពីប្រធានរដ្ឋសភា និងមានការឯកភាពពី អនុប្រធានរដ្ឋសភាទាំង២ ទើបព្រះមហាក្សត្រឡាយព្រះហស្ថចាត់តាំង វីរជនម្នាក់ ដែលចេញពីគណបក្សឈ្នះឆ្នោតឱ្យរៀបចំរាជរដ្ឋាភិបាល រួចទៅសុំការទុកចិត្តពីរដ្ឋសភា។ ប៉ុន្ដែលើកនេះ ព្រះមហាក្សត្រទ្រង់យោងតាមសំណើរបស់ព្រឹទ្ធបុរសនៃសភា ដូច្នេះមានន័យថា ការចាត់តាំងនេះគឺអនុវត្តនូវច្បាប់ធម្មនុញ្ញ​បន្ថែម ស្ដីពីដំណើរការ​ជាប្រក្រតី នៃស្ថាប័នរដ្ឋ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសរំលេចថា អ្នកនយោបាយកុំគ្រាន់តែចង់ធ្វើការប្រឆាំងណាមួយនោះ ដោយហ៊ានបកស្រាយដោយមិនច្បាស់លាស់ គឺត្រូវចេញមកតបត មិនមែនឆ្លើយឆ្លងគ្នាតាមសារព័ត៌មាន ឬបង្ហោះនៅលើបណ្ដាញសង្គមនោះទេ ពោលត្រូវហ៊ានចេញមកជួបមុខគ្នាទើបអាចបកស្រាយជាមួយគ្នាបាន៕






​ខេត្ត​កំពង់ឆ្នាំងរៀបចំកិច្ចប្រជុំ ស្តីពីការ​ផ្ដល់​សេវា​រដ្ឋបាល​ដែល​មានលក្ខណៈស្មុគស្មាញនៅ​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ​

កំពង់ឆ្នាំង៖ នៅ​រសៀល​ថ្ងៃ​ទី២០ ខែសីហា ឆ្នាំ២០១៨ លោក ​អម​ សុភា អភិបាល​រង​ខេត្តកំពង់ឆ្នាំង និង​ជា​អនុប្រធាន​ប្រចាំ​ការ​គណៈកម្មការ​ដឹកនាំ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ខេត្ត បានដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​ ស្ដីពីការ​អនុវត្ត​ការងារ​ផ្ដល់​សេវា​រដ្ឋបាល​ដែល​មាន​លក្ខណៈស្មុគស្មាញ​ ដែល​បាន​​ប្រតិភូកម្ម​ទៅ​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ​ខេត្ត។
កិច្ចប្រជុំ​ពិភាក្សានេះ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោកប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​, ប្រធាន​មន្ទីរឧស្សាហកម្ម និង​សិប្បកម្ម, អនុប្រធាន​មន្ទីរ​ទេសចរណ៍, តំណាង​មន្ទីរ​រ៉ែ និង​ថាម​ពល, ប្រធាន​ និងអនុប្រធាន​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ។
ក្នុង​ឱកាសនោះ​ លោក​អភិបាល​រងខេត្ត បាន​លើក​ឡើង​ថា​ ការ​អនុវត្ត​យន្ត​កា​រច្រក​ចេញ​ចូល​តែមួយ​នេះ កា​រអនុវត្ត​ជាក់​ស្ដែងបើទុក​ជា​ទើស​ ឬ​ចង្អៀត​ត្រង់​ណា ក៏​យើង​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អស់​គ្នា ដោះ​ស្រាយ​តាម​ជំហាន​នីមួយៗ​ គោល​បំណងគឺ​បង្កភាព​ងាយ​ស្រួល​ដល់ប្រ​ជាពលរដ្ឋក្នុង​ការ​មក​ទទួល​សេវា​​​។

ជាមួយ​គ្នានោះ​ដែរ លោក​ក៏​បាន​ផ្ដាំ​ផ្ញើ​មន្ទីរ​ជំនាញ និង​អង្គភាព​ច្រកចេញចូលតែមួយ​ត្រូវ​អនុវត្តកិច្ចការមួយចំនួនដូចខាងក្រោម៖
១. ​អនុវត្ត​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន
២. ជំរុញ​ការ​ផ្សព្វផ្សាយ​ ដល់​ប្រជាពល​រដ្ឋឱ្យ​បាន​ទូលំទូលាយ ​ទោះ​ក្នុ​ងមធ្យោបាយ​បែប​ណាក៏​ដោយ ជាពិសេស​ប្រធាន​មន្ទីរ​ជំនាញ​ ត្រូវ​ផ្សព្វផ្សាយ​​អំពី​​ដំណើរការ​ការ​ផ្ដល់​សេវា​រដ្ឋបាល​នៅ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​ ឱ្យ​គាត់​យល់​ថា​ ការ​មក​ទទួល​សេវា​នៅអង្គភាព​ច្រក​ចេញ​ចូលតែមួយ​​ មាន​គុណភាព ប្រសិទ្ធភាព និង​តម្លាភាព៕





ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ឆ្នាំង អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ឋផលការងារ និងលើកទិសដៅអនុវត្តបន្ត

កំពង់ឆ្នាំង៖ លោកស្រី តុង ណារី ប្រធានគណៈកម្មាធិការទទួល បន្ទុកកិច្ចការស្រ្តីនិងកុមារខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ ក្នុងស្រុកកំពង់លែង។ ដើម្បីធ្វើការបូកសរុបលទ្ធផលការងារ ប្រចាំខែ សីហា ឆ្នាំ២០១៨ និងលើកទិសដៅការងារអនុវត្ត បន្តសម្រាប់ខែបន្ទាប់។
កិច្ចប្រជុំក៏មានការចូលរួមពីកញ្ញា ជួន វឌ្ឍនារី អនុប្រធានមន្ទីរ កិច្ចការនារី ខេត្ត, លោកស្រី ព្រំ ធីតា ប្រធាន គ.ក.ស.ក ស្រុក ព្រមទាំងមានការចូលរួម ពីអនុប្រធាន គ.ក.ស.ក ស្រុក, គ.ក.ន.ក ឃុំ, មន្ទីរ/អង្គភាព, មណ្ឌល សុខភាព និងការិយាល័យស្រុកដែលពាក់ព័ន្ធ។ ប្រធាន គ.ក.ន.ក ឃុំ បានរាយការណ៍ពីសកម្មភាពដែលកើតឡើង និងលើកពីបញ្ហាប្រឈមនានា នៅក្នុងឃុំរបស់ខ្លួនដើម្បីរកដំណោះស្រាយ។

លោកស្រី ក៏បានជំរុញ និងធ្វើការណែនាំដល់ គ.ក.ស.ក ស្រុក និង គ.ក.ន.ក ឃុំ ធ្វើយ៉ាងណាត្រូវផ្សព្វផ្សាយ និងទប់ស្កាត់ពីបញ្ហាអំពើហឹង្សាក្នុងគ្រួសារ អំពើរំលោភបំពានលើកុមារ និងស្រ្តីងាយរងគ្រោះ ត្រូវសហការណ៍ជាមួយ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់លើជន ប្រព្រឹត្តខុសច្បាប់ ព្រមទាំងត្រូវរាយការណ៍ឱ្យបានទាន់ពេលវេលាពីបញ្ហា ដែលកើតមានលើស្រ្តី និងកុមារ ជនងាយរងគ្រោះនៅក្នុងស្រុក/ឃុំរបស់ខ្លួន៕






(សូមទស្សនាវីដេអូ) បើកទំព័រប្រវត្តិសាស្ត្រថ្មី៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជុំពិសាបាយមហាគ្រួសារខ្មែរជាមួយគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត ដើម្បីពិគ្រោះយោបល់លើការកសាង និងអភិវឌ្ឍជាតិ!

ជំនួបនាយករដ្ឋមន្ត្រី-មេដឹកនាំគណបក្សនយោបាយ៖ វប្បធម៌ថ្មី និងភាពចាស់ទុំនយោបាយជួយកម្ពុជាឱ្យកាន់តែរីកចម្រើននិងរឹងមាំ


អ្នកវិភាគចៅ ចាក់ស្មុក នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ បានបង្ហោះផ្សាយនូវអត្ថបទវិភាគមួយ ក្រោមចំណងជើងថា «ជំនួបនាយករដ្ឋមន្ត្រី-មេដឹកនាំគណបក្សនយោបាយ៖ វប្បធម៌ថ្មី និងភាពចាស់ទុំនយោបាយជួយកម្ពុជាឱ្យកាន់តែរីកចម្រើននិងរឹងមាំ »ជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំនៃគណបក្សមួយចំនួនដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៨ នៅវិមានសន្តិភាព។ ជាជំនួបប្រវត្តិសាស្ត្រលើកទី១ ដែលមានគោលបំណងពង្រឹងទំនាក់ទំនង សាមគ្គីជាតិ ខ្មែរក្នុងចំណោមគណបក្សនយោបាយដើម្បីបម្រើជាតិ និងប្រជាជន។ នេះគឺជា វប្បធម៌សន្ទនារវាងគណបក្សនយោបាយ និងរដ្ឋាភិបាលដែលជាឱកាសផ្លាស់ប្តូរ បទពិសោធ ក៏ដូចជាការលើកសំណូមពរផ្សេងៗពីសំណាក់គណបក្សនយោបាយ ដែលមានចូលរួមប្រកួតក្នុងការបោះឆ្នោតដើម្បីភាពរីកចម្រើនរបស់ជាតិ។ ពួកគាត់មិនទទួល បានអាសនៈនៅរដ្ឋសភាមែន ប៉ុន្តែគណបក្សនយោបាយទាំងនេះទទួលបានសំឡេងគាំទ្រពីអ្នកគាំទ្ររបស់ខ្លួនរាប់សិបម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា។
ជំនួបរដ្ឋាភិបាល-គណបក្សនយោបាយនេះ ផ្តួចផ្តើមដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្វាគមន៍ដោយគណបក្សនយោបាយនានាដោយបានមើលឃើញពីផលប្រយោជន៍ជាតិរួម។ ការចាប់ផ្តើមឡើងនូវកិច្ចសន្ទនាថ្មីនេះ បានបង្ហាញពីភាពចាស់ទុំនៃអ្នកនយោបាយខ្មែរ ក៏ដូចជាបង្ហាញពីការគិតគូរ ផលប្រយោជន៍ជាតិ និងប្រជាជនជាធំក្នុងនាមជាជនជាតិខ្មែរម្ចាស់ប្រទេស។ គណបក្សនយោបាយនិងរាជរដនឋាភិបាលគឺជា “ខ្មែរនិយម”។ ខ្មែរគ្រប់ភាគីទាំងអស់បាននិយាយគ្នា តម្កល់ឧត្តមផលប្រយោជន៍ប្រជាជនជាអាទិភាព ដោះស្រាយបញ្ហាជាតិ និងសង្គមរួមគ្នា និងមានគោលដៅរួមគ្នាកសាងប្រទេស ធ្វើឱ្យជាតិរីកចម្រើន ពលរដ្ឋមានសេចក្តីសុខសប្បាយ មានជីវភាពធូរធារ ហើយ ប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងមានការគោរពឯករាជភាព អធិបតេយ្យភាព និងបូរណភាពដែនដី។ អ្នកនយោបាយទាំងអស់នេះ ទោះបីជាមានអ្វីកើតឡើងក៏ដោយក៏មិនបានរត់ចោលស្រុក និងរត់ចោលប្រជាជន ដូចក្រុមអ្នកនយោបាយប្រឆាំងឡើយ។
ចំណែកអ្នកនយោបាយនៃខ្មោចគណបក្សសង្គ្រោះជាតិបានប្រកាន់នូវបន្ទាត់នយោបាយបរទេសនិយម ស្តាប់ការបង្គាប់បញ្ជារបស់បរទេស និងឃុបឃិតជាមួយបរទេស ដើម្បីអនុវត្តផែនការក្បត់ជាតិ ផែនការបដិវត្តន៍ពណ៌បំផ្លាញកម្ពុជា។ អ្នកនយោបាយប្រឆាំងក្រៅច្បាប់ទាំងនេះនិយមតែបរទេស ហើយហៅតែបរទេសឱ្យមកជិះជាន់លើខ្មែរ ធ្វើសកម្មភាពបម្រើបរទេសប្រឆាំងខ្មែរ បញ្ចុះបញ្ចូលបរទេសឱ្យដាក់ទណ្ឌកម្មលើខ្មែរ បិទរោងចក្រឱ្យកម្មករអត់ការងារធ្វើ។ ចុងក្រោយ ក្រុមអ្នក នយោបាយរត់ចោលស្រុកបានខិតខំបំផ្លាញការបោះឆ្នោត និងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែត្រូវបានបរាជ័យទាំងស្រុងព្រោះ ពលរដ្ឋខ្មែរមិនជឿតាមការញុះញង់របស់ពួកគេ ដេកផ្ទះ ឈ្នះស្អាត ដោយពលរដ្ឋបានចេញទៅបោះឆ្នោត ចំនួន ៨៣,០២% នៃចំនួនអ្នកមានឈ្នោះក្នុងបញ្ជីបោះឆ្នោត។ ពួកគេបានធ្វើយុទ្ធនាការកុំឱ្យបរទេសទទួលស្គាល់លទ្ធផលបោះឆ្នោត ប៉ុន្តែប្រទេសជាច្រើនបានទទួលស្គាល់លទ្ធផលបោះឆ្នោត ព្រមទាំងអប អរសាទរគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីថែមទៀត។
ទីបំផុតអ្នកដែលចាញ់ គឺក្រុមអ្នកនយោបាយរត់ចោលស្រុកអតីតបក្សសង្គ្រោះជាតិ បាត់បង់ទាំងការគាំទ្រ បាត់បង់ទីតាំងឈរជើងនយោបាយ ឥឡូវនេះផ្ទៃក្នុងទាំងមូលបានបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ និង វណ្ឌកនឹងច្បាប់។ អ្នកដែលឈ្នះប្រកបដោយមោទនភាព និងកិត្តិយសបំផុតគឺប្រជាជនកម្ពុជាដែលបានជ្រើសរើសយកគណបក្សត្រូវដែលជឿជាក់ថានឹងអាចការពារជាតិ ការពារសន្តិភាព និងការអភិវឌ្ឍជាតិ បាន។ ឥឡូវនេះមេដឹកនាំដែលបងប្អូនបានផ្តល់សេចក្តីទុកចិត្តបានបង្កើតនូវវប្បធម៌បង្រួបបង្រួមកម្លាំងសាមគ្គីជាតិ ឯកភាពជាតិខ្មែរតាមគន្លងប្រជាធិបតេយ្យ ប្រមូលផ្តុំនូវកម្លាំងធនធានមនុស្សគ្រប់បក្សដើម្បីរួមគ្នាកសាងជាតិ និងបម្រើប្រជាជនកម្ពុជា។ ជំនួបនាយករដ្ឋមន្ត្រី-មេដឹកនាំគណបក្សនយោបាយ គឺវប្បធម៌ថ្មី និងភាពចាស់ទុំនយោបាយជួយកម្ពុជាឱ្យកាន់តែរីកចម្រើននិងរឹងមាំ៕
ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៨

បើកទំព័រប្រវត្តិសាស្ត្រថ្មី៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជុំពិសាបាយមហាគ្រួសារខ្មែរជាមួយគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត ដើម្បីពិគ្រោះយោបល់លើការកសាង និងអភិវឌ្ឍជាតិ!

នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបថ្នាក់ដឹកនាំគណបក្សចូលរួមបោះឆ្នោតចំនួន១៦ ដើម្បីពិគ្រោះយោបល់លើការងារកសាង និងអភិវឌ្ឍន៍ជាតិ ដែលកិច្ចពិគ្រោះយោបល់នេះធ្វើឡើងនៅវិមានរាជរដ្ឋាភិបាលតែម្តង។
ថ្នាក់ដឹកនាំគណបក្សនយោបាយទាំង១៦ ដែលចូលរួមកិច្ចពិគ្រោះយោបល់នេះរួមមាន៖
១៖ គណបក្សខ្មែររួបរួមជាតិ
២៖ គណបក្សពន្លឺថ្មី
៣៖ គណបក្សសញ្ជាតិកម្ពុជា
៤៖ គណបក្សខ្មែរក្រោក
៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
៧៖ គណបក្សសាធារណរដ្ឋខ្មែរ
៨៖ គណបក្សរស្មីខេមរា
៩៖ គណបក្សហ៊្វុនស៊ិនប៉ិច
១០៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច
១១៖ គណបក្សយុវជនកម្ពុជា
១២៖ គណបក្សធម្មាធិបតេយ្យ
១៣៖ គណបក្សឆន្ទៈខ្មែរ
១៤៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៥៖ គណបក្សខ្មែរតែមួយ
១៦៖ គណបក្សប្រជាជនកម្ពុជា
ដោយឡែកគណបក្សនយោបាយចំនួន៤ផ្សេងទៀតមិនបានចូលរួមនោះទេ រួមមាន៖ ១៖ គណបក្សមាតុភូមិយើង, ២៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង ទី៤៖ គណបក្សខ្មែរឈប់ក្រ។
ទោះយ៉ាងណាគេបានមើលឃើញថា ជំនួបពិគ្រោះយោបល់រវាងប្រមុខរាជរដ្ឋាភិបាល និងមេដឹកនាំបក្សនយោបាយនេះ ត្រូវបានគេចាត់ទុកជាការវិវឌ្ឍន៍ថ្មីមួយនៅក្នុងឆាកនយោបាយរបស់កម្ពុជា និងជារឿងកម្រមួយនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ គេបានចាត់ទុកការវិវឌ្ឍន៍នេះជារឿងដ៏ល្អប្រសើរសម្រាប់សង្គមកម្ពុជា ក៏ដូចជាដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។ ជាពិសេសជាដំណើរវិវឌ្ឍន៍ផ្នែកនយោបាយដែលនាំមកនូវប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាតែម្តង។
លោក ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ការជួបពិគ្រោះយោបល់នេះ ជាការបង្ហាញឲ្យឃើញពីការឯកភាពជាតិ យ៉ាងពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា និងឈានដល់ការបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ការបង្កើតកិច្ចពិគ្រោះយោបល់នេះ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយមិនឈ្នះឆ្នោត យកធ្វើជាធាតុចូលក្នុងដឹកនាំ និងអភិវឌ្ឍជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
បើតាមលោក ហ៊ុន សែន កិច្ចពិគ្រោះយោបល់នេះ ក៏ដើម្បីផ្តល់ឱកាសឲ្យគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតហើយ មិនទទួលបានអាសនៈនោះ បានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ។

កាលពីពេលកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានអះអាងថា នៅក្នុងអាណត្តិថ្មីនេះលោកចង់ប្រមូលរាល់ធនធានទាំងអស់មករួមគ្នាអភិវឌ្ឍន៍ជាតិ៕