Tuesday, August 21, 2018

​ខេត្ត​កំពង់ឆ្នាំងរៀបចំកិច្ចប្រជុំ ស្តីពីការ​ផ្ដល់​សេវា​រដ្ឋបាល​ដែល​មានលក្ខណៈស្មុគស្មាញនៅ​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ​

កំពង់ឆ្នាំង៖ នៅ​រសៀល​ថ្ងៃ​ទី២០ ខែសីហា ឆ្នាំ២០១៨ លោក ​អម​ សុភា អភិបាល​រង​ខេត្តកំពង់ឆ្នាំង និង​ជា​អនុប្រធាន​ប្រចាំ​ការ​គណៈកម្មការ​ដឹកនាំ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ខេត្ត បានដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​ ស្ដីពីការ​អនុវត្ត​ការងារ​ផ្ដល់​សេវា​រដ្ឋបាល​ដែល​មាន​លក្ខណៈស្មុគស្មាញ​ ដែល​បាន​​ប្រតិភូកម្ម​ទៅ​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ​ខេត្ត។
កិច្ចប្រជុំ​ពិភាក្សានេះ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោកប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​, ប្រធាន​មន្ទីរឧស្សាហកម្ម និង​សិប្បកម្ម, អនុប្រធាន​មន្ទីរ​ទេសចរណ៍, តំណាង​មន្ទីរ​រ៉ែ និង​ថាម​ពល, ប្រធាន​ និងអនុប្រធាន​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ។
ក្នុង​ឱកាសនោះ​ លោក​អភិបាល​រងខេត្ត បាន​លើក​ឡើង​ថា​ ការ​អនុវត្ត​យន្ត​កា​រច្រក​ចេញ​ចូល​តែមួយ​នេះ កា​រអនុវត្ត​ជាក់​ស្ដែងបើទុក​ជា​ទើស​ ឬ​ចង្អៀត​ត្រង់​ណា ក៏​យើង​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អស់​គ្នា ដោះ​ស្រាយ​តាម​ជំហាន​នីមួយៗ​ គោល​បំណងគឺ​បង្កភាព​ងាយ​ស្រួល​ដល់ប្រ​ជាពលរដ្ឋក្នុង​ការ​មក​ទទួល​សេវា​​​។

ជាមួយ​គ្នានោះ​ដែរ លោក​ក៏​បាន​ផ្ដាំ​ផ្ញើ​មន្ទីរ​ជំនាញ និង​អង្គភាព​ច្រកចេញចូលតែមួយ​ត្រូវ​អនុវត្តកិច្ចការមួយចំនួនដូចខាងក្រោម៖
១. ​អនុវត្ត​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន
២. ជំរុញ​ការ​ផ្សព្វផ្សាយ​ ដល់​ប្រជាពល​រដ្ឋឱ្យ​បាន​ទូលំទូលាយ ​ទោះ​ក្នុ​ងមធ្យោបាយ​បែប​ណាក៏​ដោយ ជាពិសេស​ប្រធាន​មន្ទីរ​ជំនាញ​ ត្រូវ​ផ្សព្វផ្សាយ​​អំពី​​ដំណើរការ​ការ​ផ្ដល់​សេវា​រដ្ឋបាល​នៅ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​ ឱ្យ​គាត់​យល់​ថា​ ការ​មក​ទទួល​សេវា​នៅអង្គភាព​ច្រក​ចេញ​ចូលតែមួយ​​ មាន​គុណភាព ប្រសិទ្ធភាព និង​តម្លាភាព៕





No comments:

Post a Comment