ក្នុងឱកាសនៃការបំពេញទស្សនកិច្ចការងារ និងការអញ្ជើញចូលរួមពិព័រណ៌ចិន-អាស៊ានលើកទី១១និងកិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ានលើកទី១១ នៅទីក្រុងណាននីងនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តមPham Binh Minhឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបពិភាក្សាដែលបានចំណាយពេលប្រមាណ៣០នាទី សម្តេចតេជោនាយករដ្ឋមន្រ្តីនិងឯកឧត្តមឧបនាយករដ្ឋមន្រ្តីវៀតណាម បានសំដែងនូវការវាយតំលៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា‑វៀតណាម ដែលទទួលបាននូវការរីកចំរើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានសន្យារួមគ្នាថាក្នុងការខិតខំរួមគ្នាក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរីកចំរើនទ្វេឡើងថែមទៀត ពិសេស ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចការវិនិយោគទេសចរណ៍សំដៅធ្វើយ៉ាងណាឲ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ កើនដល់៥ពាន់លានដុល្លានៅឆ្នាំ២០១៥ខាងមុខ។ កិច្ចសន្ទនាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីវៀតណាមក៏បានប្តេជ្ញារួមគ្នាក្នុងការបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យបានចប់សព្វគ្រប់តាមអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។