Monday, January 25, 2021

អភិបាលរងខេត្តកោះកុង អញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ នៅព្រែកខ្សាច់ ស្រុកគិរីសាគរ

 កោះកុង៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ នៅព្រែកខ្សាច់ ស្រុកគិរីសាគរ។

លោកអភិបាលរងខេត្ត បានបង្ហាញសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង ដែលមានឱកាសបានជួបសំណេះសំណាលជាមួយ លោកគ្រូ-អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ទាំងអស់នៅទីនេះ និងបានពាំនាំនូវការសួរសុខទុក្ខពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនចំពោះ លោកគ្រូ-អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនជនរួមជាតិទាំងអស់ដែលលោកតែងតែនឹករលឹក និងគិតគូរពីសុខទុក្ខបងប្អូនកូនក្មួយគ្រប់ពេលវេលា។

លោកអភិបាលរងខេត្ត តំណាងអោយលោកឧកញ៉ា លី យ៉ុងផាត់ និង លោកស្រី គឹម ហ៊ាង អគ្គនាយក ក្រុមហ៊ុន កោះកុង អេស អ៊ុត គីរីសាគរ សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស ជាពិសេស ចំពោះបងប្អូនប្រជាពលរដ្ឋ នៅទីនេះដែលបានសហការយ៉ាងល្អ ជាមួយក្រុមហ៊ុន ដើម្បីអភិវឌ្ឍន៍ ភូមិ ឃុំ របស់យើងឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ។

លោកបានបន្តថា បើគ្មានការចូលរួមពីសំណាក់បងប្អូនទាំងអស់ទេ ការអភិវឌ្ឍន៍ក៏មិនអាចទទួលបានជោគជ័យនោះដែរ។ ដូចបងប្អូនទាំងអស់គ្នា បានដឹងស្រាប់ហើយថា ឃុំ ព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង របស់យើងនេះ កាលពីមុនជាតំបន់ ដាច់ ស្រយាល មណ្ឌលសុខភាព គ្មានផ្លូវគមនាគមន៍ គ្មានសាលារៀន និងគ្មានមណ្ឌលសុខភាព។ ប៉ុន្តែបច្ចុប្បន្នយើងមាន ហេដ្ឋារចនាសម្ព័ន្ធទាំងនេះបណ្តើរៗហើយ។ ចំណែក ជីវភាពរបស់បងប្អូនក៏កាន់តែធូរធាជាលំដាប់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើង៕





សហប្រធាន ICC បារាំង និងជប៉ុន អញ្ជើញទស្សនកិច្ចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

 នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ សហប្រធានបារាំង ជប៉ុន ICC អង្គរ និងសំបូរព្រៃគុក បានអញ្ជើញមកទស្សនារមណីយដ្ឋានសំបូរព្រៃគុក និងបានពិនិត្យ ស្វែងយល់ដល់កិច្ចការអភិរក្សក្នុងតំបន់ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិសំបូរព្រៃគុកផងដែរ៕







អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធដើម្បីត្រៀមជួបជាមួយអាជ្ញាធរសវនកម្មជាតិ

 កោះកុង៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធដើម្បីត្រៀមជួបជាមួយអាជ្ញាធរសវនកម្មជាតិ។

លោកអភិបាលរងខេត្ត បានលើកឡើងថា សវនកម្មជាតិ នឹងចុះមកធ្វើសវនកម្ម ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការអនុលោមតាមបទប្បញ្ញត្តិ និងកិច្ចប្រតិបត្តិការការងារស្ថិតិនៅក្រោមការគ្រប់គ្រងរបស់ខេត្តកោះកុង សម្រាប់ការិយបរិច្ឆេទ២០២០ និងឆ្នាំពាក់ព័ន្ធ ព្រមទាំងធ្វើការតាមដានអនុសាសន៍សវកម្ម ដែលអាជ្ញាធរសវនកម្មជាតិ។ ដើម្បីមានមូលដ្ឋានក្នុងការផ្តល់កិច្ចសហការ ជាមួយប្រតិភូសវនកម្មជាតិ ដូច្នេះមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ត្រូវត្រៀមជាស្រេចនូវឯកសារចាំបាច់នានា សម្រាប់ជូនសវកម្ម នាថ្ងៃទី១ ខែកុម្ភៈ ខាងមុខ៕





ពិធីបើកវគ្គបណ្តុះបណ្តាលអំពីច្បាប់ អំពីបច្ចេកទេស និងនីតិវិធីនៃការអនុវត្តចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

 ពោធិ៍សាត់៖ ថ្ងៃទី២៥ មករា ឆ្នាំ២០២១ លោក ចេង ឡៃ អភិបាលរងនៃគណះអភិបាលខេត្តពោធិ៍សាត់ តំណាងលោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់និងជាប្រធានគណៈកម្មការរដ្ឋបាល បានចូលរួមបើកវគ្គបណ្តុះបណ្តាលដល់សមាជិកគណៈកម្មការរដ្ឋបាល លើតួនាទី និងភារកិច្ចសម្រាប់ការអនុវត្តចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ឃុំ មេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីផ្តលជូនសិក្ខាកាមដែលជាគណៈកម្មការរដ្ឋបាល មានការយល់ដឹងបន្ថែមអំពីច្បាប់ អំពីបច្ចេកទេស នីតិវិធី និងអំពីការចូលរួមទាំង៥ជំហាននៃដំណើរការក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ៕






លោកស្រី មិថុនា ភូថង បន្តចុះសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យខិតខំបង្កើតការងារថ្មីៗ និងថែរទាំសុខភាពឱ្យបានល្អ

 កោះកុង ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមដំណើរជាមួយសមាជិក សមាជិកាគណៈកម្មាធិការសាខា សហការជាមួយ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល អាជ្ញាធរ មូលដ្ឋាន និងមានការចូលរួមជាភ្ញៀវកិត្តិយសពី លោកឧកញ៉ា ស្រី ចាន់ថន បានអញ្ជើញចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារងាយរងគ្រោះ ចាស់ជរា ជនពិការ គ្រួសាររស់នៅជាមួយមេរោគអេដស៍ ស្ត្រីទើបសម្រាលកូនជួបការលំបាក សរុបចំនួន ២៥គ្រួសារ រស់នៅភូមិ ពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

នាឱកាសនោះលោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្រុមការងារបាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោក ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសគ្រួសារដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែរបានលើកឡើងថា (ទីណាមានទុក្ខលំបាក ទីនោះមានកាបាទក្រហមកម្ពុជា )។

លោកស្រី ក៏បានផ្តាំផ្ញើដល់បងប្អូន ពុក ម៉ែ ប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវខិតខំបន្ត និងពង្រីកមុខរបរចិញ្ចឹមជីវិតស់នៅប្រចាំថ្ងៃអោយកាន់តែល្អប្រសើរជាងមុន និងបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត អនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ ការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ អាកាសធាតុចុះត្រជាក់ខ្លាំង ជាពិសេសចាស់ជរា និងកុមារតូចៗ ត្រូវស្លៀកពាក់ខោអាវក្រាស់ៗ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ កម្មវិធីនោះដែរក៏មានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រែអំបិលបានចុះមកពិនិត្យជំងឺជូនបងប្អូន ពុក ម៉ែ ប្រជាពលរដ្ឋនៅទីនោះដោតឥតគិតថ្លៃផងដែរ ។

សម្ភារដែលសាខាបានផ្ដល់ជូនចំនួន ២៥គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស អាវយឺត២ ថ្នាំបាញ់មូស ២កំប៉ុងតូច ព្រមទាំងថវិកា ចំនួន ៨០,០០០រៀល ដូចៗគ្នា។ ដោយឡែកគ្រួសាររស់នៅជាមួយមេរោគអេដស៍ចំនួន០២នាក់ក្នុងម្នាក់ៗទទួលបានបន្ថែម ស៊ាបូ៤ដុំ និងគ្រួសារស្ត្រីទើបសម្រាលចំនួន០៣នាក់ ក្នុងម្នាក់ទទួលបាន សាប៊ូ៤ដុំ នឹងខោទឹកនោមកូនក្មេង ២០ខោ បន្ថែមពីលើមុខអំណោយផងដែរ៕





អភិបាលខេត្តកោះកុង ក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវខិតខំបន្តពង្រីកមុខរបរថ្មីៗ និងរក្សាអនាម័យស្អាតជានិច្ច

 កោះកុង៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ជូនប្រជាពលរដ្ឋចំនួន ៣៣០ គ្រួសារ នៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកស្រី ក៏បានស្នើសុំបងប្អូន ពុកម៉ែ ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំបន្ត និងពង្រីកមុខរបរចិញ្ចឹមជីវិតស់នៅប្រចាំថ្ងៃអោយកាន់តែល្អប្រសើរជាងមុន និងបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត អនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ ការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ អាកាសធាតុចុះត្រជាក់ខ្លាំង ជាពិសេសចាស់ជរា និងកុមារតូចៗ ត្រូវស្លៀកពាក់ខោអាវក្រាស់ៗ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕





ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតប្រាក់ជូនប្រជាពលរដ្ឋនៅខេត្តកែប

 កែប៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ទទួលស្វាគមន៍ក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួន១៥០នាក់ ដែលមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅ ខេត្តកែប នៅទីតាំងវត្តចរិយាវង្ស ភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប។ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ទប់ស្កាត់ជំងឺកូវីដ១៩ និងជំងឺផ្សេងៗ តាមរយៈការផ្តល់ថ្នាំពេទ្យ ពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ចំនួន ២០០នាក់ នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ។

លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានមាន ប្រសាសន៍បញ្ជាក់ថា ក្រុមគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗដែលមានបទពិសោធន៍ ព្យាបាលជំងឺច្រើនឆ្នាំ មកពិគ្រោះនិងព្យាបាលជំងឺជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងនោះ មានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើឈាម តម្រងនោម និងមានពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះជាដើម។

មានប្រសាសន៍សំណេះសំណាល នាឱកាស នោះ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់លោក ហ៊ុន ម៉ានី ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជួយពិនិត្យ ព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃនាពេលនេះ ។ លោក ក៏បានថ្លែងកោតសរសើរចំពោះអាជ្ញាធរ សមត្ថកិច្ចគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និងសហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ធ្វើឲ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាលរបស់ក្រុមគ្រូពេទ្យបានប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាន នូវលទ្ធផលល្អប្រសើរ។

ជាមួយគ្នា នេះ លោកអភិបាលខេត្ត បានសំណូមពរដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមអោយបន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយទៀតសំដៅលើកំពស់សុខមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាពក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕






លោក ហង់ ពៅ ដឹកនាំក្រុមការងារមកជិះកង់សាកល្បងលើផ្លូវកង់ថ្មីនៅរមណីយដ្ឋានអង្គរ

 នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែមករា ឆ្នាំ២០២១ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជិះកង់សាកល្បងលើផ្លូវកង់ថ្មី ដែលជាផលិតផលទេសចរណ៍ថ្មីសម្រាប់ឆ្នាំ២០២១នៅក្នុង រមណីយដ្ឋានអង្គរ។ លោកបានមានប្រសាសន៍ថា ថ្ងៃនេះយើងនាំគ្នាមកជិះកង់សាកល្បងលើផ្លូវកង់ថ្មីដែលយើងបានស្ថាបនាឡើងនាឆ្នាំ២០២០កន្លងទៅនេះ ក្នុងគោលបំណងដើម្បីពិនិត្យ សាកល្បង និងត្រៀមទទួលស្វាគមន៍ដល់សហប្រធានគណៈកម្មាធិកាICC ដែលនឹងមកពិនិត្យ និងដកបទពិសោធន៍កម្រិតសប្បាយពេញចិត្តចំពោះគម្រោងនេះយ៉ាងណា ហើយថាតើនៅមានចំណុចណាខ្លះទៀតដែលត្រូវកែសម្រួលដើម្បីឱ្យស្របតាមគោលការណ៍រមណីយដ្ឋានដែលជាបេតិកភណ្ឌពិភពលោក។

លោក បានមានប្រសាសន៍បន្ថែមទៀតថា ការស្ថាបនាផ្លូវកង់នេះឡើងក្រោមទស្សនៈគិតគូរវែង ឆ្ងាយរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដើម្បីជួយសម្រួលចរាចរណ៍និងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមចំណែកថែរក្សាបរិស្ថានក្នុងតំបន់អង្គរ និងទាក់ទាញទេសចរណ៍កីឡា អ្នកជិះកង់កម្សាន្ត អ្នកជិះកង់ហាត់ប្រាណដើម្បីសុខភាពជាដើម។

លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកជិះកង់កម្សាន្ត អ្នកជិះកង់ហាត់ប្រាណទាំងអស់ជួយចូលរួមថែរក្សាបរិស្ថាន អនាម័យ ដោយកុំបោះបង់សម្រាម សំបកដប ម៉ាសប្រើរួចនៅតាមបណ្តោយផ្លូវកង់ថ្មីនេះ និងសូមជួយចូលរួមសម្អាតទាំងអស់គ្នាដើម្បីបង្ហាញពីមោទនភាពជាតិយើង៕






គ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន ០២គ្រួសារ រស់នៅភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ទទួលបានអំណោយសង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជា

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោក វន ស៊ីផា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងប្រធាន ព្រមទាំងក្រុមការងារអនុសាខា លោកមេឃុំឈានឡើង លោកមេភូមិត្រែង បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយអគ្គីសភ័យ ចំនួន ០២គ្រួសារ រស់នៅភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក វន ស៊ីផា ក៏ថ្លែងចូលរួមនូវការសោកស្តាយ ចំពោះការខូចខាតទ្រព្យសម្បត្តិ លុយកាក់ និងការរងរបួសផងដែរ។ ជាមួយគ្នានោះ លោកក៏បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តាំផ្ញើដល់ថ្នាក់ដឹកនាំកាកបាទក្រហមគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ជាមួយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ពេលមានបញ្ហាអ្វីកើតឡើងត្រូវតែឆ្លើយតបឱ្យបានទាន់ពេលវេលា។

អំណោយដែលបានផ្តល់ជូនក្នុង ១គ្រួសារមាន៖ របស់អនុសាខាមាន អង្ករ ៥០គីឡូក្រាម ,មី ០១ កេស ,ត្រីខ ០១យួរ ,ទឹកត្រី ០១យួរ ,ទឹកស៊ីអ៊ីវ ១យួរ តង់ធំ ០១ កន្ទេលជ័រ ០១ ឆ្នាំងបាយ ០១ ,ឆ្នាំងសម្ល ០១ ចានបាយ ០៥ ,ចានសម្ល ០២ ស្លាបព្រា ០១ឡូ ឃីត ០១កញ្ចប់ (ភួយ ០១, មុង ០១, ក្រមា ០១, សារុង ០១ ) និងថវិកា ១០០,០០០រៀល។ ក្នុងនោះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឧបត្ថម្ភជាថវិកាក្នុងគ្រួសារ ចំនួន ១០០.០០០ រៀល បន្ថែមទៀត។ ជាមួយគ្នានោះលោកប្រធានកិត្តិយសអនុសាខាក៏បានជួយឧបត្ថម្ភជាថវិកាដល់កម្លាំងជួយអន្តរាគមន៍ ចំនួន ១០០.០០០ រៀល ផងដែរ៕





ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺ០៤នាក់ ព្យាបាលជាសះស្បើយ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថាមិនមានរកឃើញករណីឆ្លងកូវីដ១៩ថ្មីនោះទេ មានតែព្យាបាលអ្នកជំងឺ០៤នាក់ ជាសះស្បើយ។

អ្នកជាសះស្បើយទាំង៤នាក់រួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

៣៖ បុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

៤៖ ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

បុគ្គលទាំង០៤នាក់ ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យខេត្តបង្អែក ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥៨ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤០៩នាក់ និងអ្នកជំងឺ ៤៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕