Wednesday, April 03, 2019

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារទី១) អាចប្រើបានរយៈពេល ៥០ឆ្នាំទៅមុខថែមទៀត ដើម្បីបម្រើផលប្រយោជន៍ប្រជាជន

នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការរំលឹកឡើងវិញអំពីប្រវត្តិ ស្ពានជ្រោយចង្វារទី១ ដែលក្នុងសម័យសង្គ្រាមក្នុងអំឡុងឆ្នាំ ១៩៧២ ស្ពាននេះត្រូវបានកាត់ផ្តាច់ពីគ្នា ដែលធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក យ៉ាងខ្លាំងក្នុងការធ្វើដំណើរដោយត្រូវជិះទូក និងជិះកាណូតឆ្លង ដើម្បីកាត់ទន្លេស្លាបដ៏ធំមួយនេះ។ រហូតដល់ឆ្នាំ១៩៩២ ក្នុងពេល ប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលស្វះស្វែងរកសុខសន្តិភាព ឯកភាពជាតិ រួបរួមគ្នាបញ្ចប់សង្រ្គាម នៅពេលនោះស្ពានជ្រោយចង្វារទី១ ក៏ត្រូវបានជួសជុល និងតភ្ជាប់ឡើងវិញដោយប្រទេសជប៉ុន ហើយក៏បានប្តូរ ឈ្មោះទៅជាស្ពានមិត្តភាព កម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈ ក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។ នៅចុងឆ្នាំ២០១៧ ដោយសារតែស្ពាននេះមានអាយុកាលច្រើន ហើយស្របពេលកំណើន សេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យ មានការជួសជុលធានាសុវត្ថិភាពឡើងវិញជាបន្ទាន់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោយពីការ ជួសជុលរួចរាល់ដែលបានដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នៅថ្ងៃនេះ គឺយើងអាចប្រើបានរយៈពេល ៥០ឆ្នាំទៅមុខថែមទៀត។ ដូច្នេះថ្ងៃនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់ ឡើងវិញនៃស្ពានជ្រោយចង្វារទី១នេះ ហាក់បីដូចជាសមិទ្ធផលថ្មី មួយទៀតផងដែរ សម្រាប់រាជធានីភ្នំពេញ ក្នុងការបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញចេញចូលរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសការដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ ក៏ជាចំណងដៃថ្មីដល់ប្រជាពលរដ្ឋ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់ពាក់កណ្តាលខែមេសាខាងមុខនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំបងប្អូនជនរួមជាតិធ្វើដំណើរ មានសុខសុវត្ថិភាពទាំអស់គ្នា ហើយចេះយោគយល់អធ្យាស្រ័យឱ្យគ្នា ទៅវិញទៅមក ជាពិសេស ត្រូវចេះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ សូមអរគុណរដ្ឋាភិបាល និងប្រជាជប៉ុនដែលតែងតែជួយកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា៕








គ.ជ.ប បង្ហាញលទ្ធផលផ្លូវការនៃការចុះបញ្ជីបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលផ្លូវការ នៃការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ទាំង២៥មណ្ឌល និងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌទាំង២០៣ មណ្ឌល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលទើបទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ។
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖

ក្រសួងការងារជូនដំណឹងពីការឈប់សម្រាករបស់កម្មករនិយោជិត ដោយមានប្រាក់ឈ្នួល ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងអំពីការអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ក្នុងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឹង ដែលទើបទទួលបាននៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។
ក្រសួងការងារ ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណីចាំបាច់បំផុតដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួន បានក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករ និយោជិតឲ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យបានសមស្រប។
កម្មករ និយោជិត ដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំខ្មែរនេះ មានសិទ្ធិទទួល នូវប្រាក់បំណាច់បន្ថែមដែលមាន ចំនួនស្មើនឹងប្រាក់ឈ្នួល ថ្ងៃធ្វើការធម្មតា។បើតាមក្រសួងការងារ ក្នុងករណីមានលទ្ធភាពម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន គួរចាត់តាំងឲ្យមានការលេងល្បែងកម្សាន្ដនានា នៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ និងដើម្បីលើកទឹកចិត្តដល់បងប្អូនកម្មករ និយោជិតដែលបានបំពេញការងារកន្លងមក៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៖

សេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅលើការបកស្រាយខុសអំពីស្ថិតិបំណុលសាធារណៈកម្ពុជា

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសចក្តីប្រកាសព័ត៌មាន ឆ្លើយតបទៅនឹងសារព័ត៌មានក្នុងស្រុកជាភាសាខ្មែរ និងជាភាសាបរទេសមួយចំនួន ដែលបានដកស្រង់តួលេខពីព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ៧ ដែលក្រសួងបានធ្វើការផ្សព្វផ្សាយជាសាធារណៈហើយបានធ្វើការបកស្រាយខុសបច្ចេកទេស។
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖



គណៈប្រតិភូសភាជាតិនៃកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសហភាលើកទី១៤០ នៅទីក្រុងដូហារ រដ្ឋកាតា

លោក យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា ត្រូវអញ្ជើញដឹកនាំគណៈប្រតិភូសភាជាតិនៃកម្ពុជា ទៅចូលរួមមហាសន្និបាតសហភាពអន្តរសហភាលើកទី១៤០ នៃទីក្រុងដូហារ រដ្ឋកាតា រយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ ១១ ខែមេសា ឆ្នាំ២០១៩ ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ដែលទទួលបាននៅថ្ងៃទី៣ ខែមេសានេះ។
បើតាមសេចក្តីប្រកាសព័ត៌មាន មហាសន្និបាតនោះ គឺជាព្រឹត្តិការណ៍ធំមួយប្រចាំឆ្នាំរបស់អង្គការសភាពិភពលោកមួយ ដែលមានអ្នកចូលរួម១៦០០នាក់ ក្នុងនោះប្រធានសភាចំនួន៨០នាក់ អនុប្រធានសភាមានចំនួន៤០នាក់ និងសមាជិកសភាចំនួនជាង៨០០នាក់។
ក្នុងអំឡុងពេលចូលរួមមហាសន្និបាតនោះ ប្រធានគណៈប្រតិភូរបស់កម្ពុជា នឹងឡើងថ្លែងសុន្ទរកថា ស្តីពី សភាជាវេទិការលើកកម្ពស់ការអប់រំ ដើម្បីសន្តិភាព សន្តិសុខ និងនីតិរដ្ឋ នៅក្នុងកិច្ចពិភាក្សាទូទៅនៃអង្គមហាសន្និបាត។
គណៈប្រតិភូសភាជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំអាស៊ានបូក៣ ក្រុមសម្របសម្រួលសភាតំបន់អាស៊ីន ក្រុមភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វិក វេទិកាសមាជិកសភាជាស្ត្រី វេទិកាសមាជិកសភាវ័យក្មេង ក្រុមប្រឹក្សាភិបាលសហភាពអន្តរសភា គណៈកម្មាធិការអចិន្ត្រៃយ៍នានា និងសមាគមអគ្គលេខាធិការសភាពិភពលោក។
ក្រៅពីនេះ គណៈប្រតិភូក៏នឹងចូលរួមកិច្ចប្រជុំគណៈកម្មាធិការ ក្រុម និងយន្តការនានារបស់សហភាពអន្តរសភា ព្រមទាំងកិច្ចប្រជុំក្រៅផ្លូវការជាមួយគណៈប្រតិភូសភាជាតិនៃបណ្តាប្រទេសជាមិត្តនានាផងដែរ ៕

ខេត្តកំពង់ឆ្នាំង រៀបចំពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩

កំពង់ឆ្នាំង: លោកស្រី តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកំពង់ឆ្នាំង និងជាសមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារភ្នំពេញ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
លោកស្រី អុឹង កន្ថាផាវី បានឱ្យដឹងថា សន្និបាតក្រសួងកិច្ចការនារី ដែលប្រព្រឹត្តទៅអស់រយៈពេល ១ថ្ងៃកន្លះកន្លងមក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងកិច្ចការនារី តំណាងក្រសួង-ស្ថាប័ន សមាជិកាក្រុមប្រឹក្សា ប្រធានគណកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត តំណាងអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍សរុបប្រមាណ ៣០៥នាក់ ស្រី្ត ២៦០នាក់ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញស្ពានជ្រោយចង្វារទី១

នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែបូរួមគ្នាបើកឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអរសោភ័ណភាព និងសុវត្ថិភាពរួចរាល់។
នៅក្នុងពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទៅដល់គឺមានប្រជាពលរដ្ឋនិងមន្រ្តីនៃរាជរដ្ឋាភិបាលជាច្រើន រួមទាំងអង្គទូតនានាប្រចាំកម្ពុជា បានចូលរួមអបអរសាទរចាប់តាំងពីគល់ស្ពានត្រើយខាងលិច រហូត ដល់ចុងស្ពានត្រើយខាងកើតជាមួយទឹកមុខរីករាយ និងមោទនៈបំផុត។ ការជួសជុលស្ពាននេះគឺបានចំណាយថវិកាប្រមាណ៣០លានដុល្លារអាមេរិក ដែលជាជំនួយ ឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពានដែលត្រូវបានជួសជុលរួចស្រេចជាស្ថាពរនេះ គឺមានគុណភាព រឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ប្រទេសជប៉ុន និងកម្ពុជា។
ស្ពានជ្រោយចង្វារទី១ គឺជាស្ពានដ៏សំខាន់ឆ្លងកាត់ទន្លេ សាប ដែលជាតម្រូវការចាំបាច់បំផុតរបស់ប្រទេសជាតិ។ស្ពាននេះមានប្រវែង ៩៧១ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះគឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំបងប្អូនជនរួមជាតិ បើកបរគោរពច្បាប់ចរាចរណ៍ កុំបើកវ៉ាប្រជែងលើស្ពាន និងកុំដឹកទំនិញលើសទម្ងន់ដែលបានកំណត់លើស្ពាន។ យើងចូលរួមថែរក្សាស្ពានថ្នល់ឱ្យនៅបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍សម្រាប់ពលរដ្ឋប្រើប្រាស់តកូនតចៅ៕











ផ្សាយបន្តផ្ទាល់ (Live) សម្តេចតេជោ ហ៊ុន សែន អញ្ជើញដាក់ឱ្យដំណើរការឡើងវិញស្ពានជ្រោយចង្វារទី១ ក្រោយជួសជុលរួចរាល់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៉ីដេហ៉ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញកាត់ខ្សែបូរួមគ្នាដាក់ឱ្យដំណើរការឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអររួចរាល់។
ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩