Wednesday, April 03, 2019

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារទី១) អាចប្រើបានរយៈពេល ៥០ឆ្នាំទៅមុខថែមទៀត ដើម្បីបម្រើផលប្រយោជន៍ប្រជាជន

នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការរំលឹកឡើងវិញអំពីប្រវត្តិ ស្ពានជ្រោយចង្វារទី១ ដែលក្នុងសម័យសង្គ្រាមក្នុងអំឡុងឆ្នាំ ១៩៧២ ស្ពាននេះត្រូវបានកាត់ផ្តាច់ពីគ្នា ដែលធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក យ៉ាងខ្លាំងក្នុងការធ្វើដំណើរដោយត្រូវជិះទូក និងជិះកាណូតឆ្លង ដើម្បីកាត់ទន្លេស្លាបដ៏ធំមួយនេះ។ រហូតដល់ឆ្នាំ១៩៩២ ក្នុងពេល ប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលស្វះស្វែងរកសុខសន្តិភាព ឯកភាពជាតិ រួបរួមគ្នាបញ្ចប់សង្រ្គាម នៅពេលនោះស្ពានជ្រោយចង្វារទី១ ក៏ត្រូវបានជួសជុល និងតភ្ជាប់ឡើងវិញដោយប្រទេសជប៉ុន ហើយក៏បានប្តូរ ឈ្មោះទៅជាស្ពានមិត្តភាព កម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈ ក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។ នៅចុងឆ្នាំ២០១៧ ដោយសារតែស្ពាននេះមានអាយុកាលច្រើន ហើយស្របពេលកំណើន សេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យ មានការជួសជុលធានាសុវត្ថិភាពឡើងវិញជាបន្ទាន់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោយពីការ ជួសជុលរួចរាល់ដែលបានដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នៅថ្ងៃនេះ គឺយើងអាចប្រើបានរយៈពេល ៥០ឆ្នាំទៅមុខថែមទៀត។ ដូច្នេះថ្ងៃនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់ ឡើងវិញនៃស្ពានជ្រោយចង្វារទី១នេះ ហាក់បីដូចជាសមិទ្ធផលថ្មី មួយទៀតផងដែរ សម្រាប់រាជធានីភ្នំពេញ ក្នុងការបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញចេញចូលរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសការដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ ក៏ជាចំណងដៃថ្មីដល់ប្រជាពលរដ្ឋ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់ពាក់កណ្តាលខែមេសាខាងមុខនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំបងប្អូនជនរួមជាតិធ្វើដំណើរ មានសុខសុវត្ថិភាពទាំអស់គ្នា ហើយចេះយោគយល់អធ្យាស្រ័យឱ្យគ្នា ទៅវិញទៅមក ជាពិសេស ត្រូវចេះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ សូមអរគុណរដ្ឋាភិបាល និងប្រជាជប៉ុនដែលតែងតែជួយកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា៕








No comments:

Post a Comment