Monday, March 11, 2024

ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើក "វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤”

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១។ វេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

បច្ចេកវិទ្យាឌីជីថល គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញដល់​កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោ​បាយសេដ្ឋកិច្ច និង​សង្គមឌីជីថលតាំងពីពេលសម្តេចតេជោ ហ៊ុន សែន​ ដឹកនាំប្រទេសមកម្ល៉េះ។ ក្នុងនីតិកាលថ្មីដឹកនាំដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើឌីជីថលកាន់តែច្បាស់លាស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះបញ្ចកោណទី៥ បានផ្តោតលើការអភិវឌ្ឍ​សេដ្ឋ​កិច្ច និងសង្គមឌីជីថល។

ផ្អែកលើស្មារតីខាងលើនេះហើយ ទើបក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍រៀបចំឡើងនូវ «វេទិការដ្ឋា​ភិ​បា​លឌីជីថល ឆ្នាំ២០២៤»។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែក​បទពិសោធន៍នៃការ​ធ្វើបរិ​វត្ត​កម្មរដ្ឋាភិបាលឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញ​បរិវត្តកម្មឌីជីថល​នៃ​បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាការបង្ហាញអំពីសមិទ្ធផលរបស់​គណៈកម្មាធិការរដ្ឋា​ភិបាលឌីជីថល​កម្ពុជា ដែលបានបង្កើតឡើងរយៈពេលប្រមាណ១៨ខែកន្លងមកនេះ​ស្របតាមក្របខណ្ឌគោល​នយោ​បាយ​សេដ្ឋកិច្ច និង​សង្គមឌីជីថល២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា​២០២២​-២០៣៥ ជាពិ​សេ​សបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​កម្ពុជា។

វេទិកានេះត្រូវបានបែងចែកចេញជាពីរផ្នែក ដែលផ្នែកទី១ជាទម្រង់សិក្ខាសាលា ដែលមានការរៀបចំកិច្ច ពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗ ពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធទិដ្ឋភាព​គោល​នយោ​​បាយ និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្ត​នៃការ ជំរុញ​ល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។

ផ្នែកទី២ ជាទម្រង់ពិព័រណ៍ឌីជីថល ដែលមានការតាំងពិព័រណ៍ពីបច្ចេកវិទ្យាឌីជីថល ផលិតផល និង​ដំណោះ​ស្រាយបម្រើឱ្យរដ្ឋាភិបាលឌីជីថល​ ដែលមានការចូលរួមពីក្រសួងស្ថាប័ន និងក្រុមហ៊ុនជាតិ និងអន្តរ​ជាតិ​ផង​ដែរ៕