Sunday, September 10, 2023

អ្នកជំនាញអារ្យធម៌ខ្មែរ៖ មកយល់ទស្សនៈវិជ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពោលថាក្នុងកិច្ចការអភិវឌ្ឍសហគមន៍ទាំងអស់គឺ «Leave No One and No Place Behind-មិនត្រូវបោះបង់ចោលអ្នកណាម្នាក់ ឬទីកន្លែងណាមួយ» តើបានអង្រួនរង្គើនិងចាក់ចំបេះដូងប្រមុខ UN យ៉ាងណា?


FN- (ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៏យើងនេះ ចំពោះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ពិសេស អាស៊ាន-អង្គការសហប្រជាជាតិ ដែលទើបបានបិទបញ្ចប់នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងហ្សាការតា រដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ី ថ្មីៗនេះ គឺ ចំពោះទស្សនៈវិជ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរំលេចពាក្យពេចន៍មួយឃ្លាដ៏សាមញ្ញតែបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅថា ក្នុងកិច្ចការអភិវឌ្ឍសហគមន៍ទាំងអស់គឺ «Leave No One and No Place Behind គឺមិនត្រូវបោះបង់ចោលអ្នកណាម្នាក់ ឬទីកន្លែងណាមួយ» គឺពិតជាបានអង្រួនរង្គើនិងចាក់ចំរបេះដូងប្រមុខUN លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយផ្ទុះនូវការពេញចិត្តនិងកោតសរសើរ ហើយចង់យកឃ្លាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ធ្វើជាពាក្យស្លោករបស់UN ដើម្បីទុកជាទ្រព្យសម្បត្ដិដល់មេដឹកនាំនានានៅជុំវិញពិភពលោក។

លោក រ័ត្ន សណ្តាប់ យល់ថា ចំពោះប្រមុខ UN មានបំណងចង់យកទស្សន:វិជ្ជារបស់សម្ដេចធិបតី ចារឹកជាពាក្យស្លោករបស់អង្គការសហប្រជាជាតិនេះ គឺពិតជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជាតិនៅក្នុងតំបន់អាស៊ានទាំងមូល ព្រោះចាប់តាំងពីប្រវត្ដិនៃការកកើតអាស៊ានពីឆ្នាំ១៩៦៧ មក នេះជាលើកទី១ហើយដែលទស្សន:វិជ្ជារបស់មេដឹកនាំអាស៊ាន ត្រូវបានយកទៅចារឹកជាពាក្យស្លោករបស់ពិភពលោក។

បើពោលឲ្យចំ សម្ដេចធិបតី ដែលទើបទ្បើងកាន់អំណាចជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាន១៥ថ្ងៃប៉ុណ្ណោះ ក្នងការបំពេញភារកិច្ចជូនជាតិ មាតិភូមិ និងប្រជាជន និងជាលើកទី១ ដែលសម្ដេច បានចេញទៅបំពេញបេសកកម្មជាផ្លូវការនៅក្រៅប្រទេសក្នុងនាមជាមេដឹកនាំនៃកម្ពុជា ហើយទស្សនៈវិជ្ជានយោបាយរបស់សម្ដេចធិបតី ត្រូវបានសាយភាយពេញទ្វីបលោក គួរឲ្យមោទនភាពនិងអស្ចារ្យបំផុត។

ស្ថិតក្នុងន័យនេះចំពោះទស្សនៈវិជ្ជារបស់សម្ដេចធិបតី ថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ានលើកនេះ គឺជាការឆ្លុះបញ្ចាំងអំពីរឿងរ៉ាវប្រវត្តិរបស់សម្ដេចផ្ទាល់ ក៏ដូចជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់នូវប្រវត្តិដ៏ជូរចត់កាលពីអតីតកាល ដែលសម្ដេចប្រសូត្រមកចំរបបវាលពិឃាត ពុំបានជួបមុខលោកឪពុកជាទីគោរពស្រឡាញ់ គួរឲ្យខ្លោចផ្សារជាទីបំផុត ដូចយើងឃើញនៅក្នុងខ្សែភាពយន្តរឿងភាគ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីជាភស្ដុតាង។

ចំពោះទស្សនៈវិជ្ជារបស់សម្តេចធិបតីខាងលើនេះ គឺជាគំនិតនិងប្រយោគផុសឡើងពីជីវិតពិតៗរបស់សម្ដេចផ្ទាល់តំណាងឲ្យកុលបុត្ររងគ្រោះ ក្នុងចំណោមមនុស្សដែលត្រូវរងគ្រោះដោយសារសង្គ្រាមនៅកម្ពុជា ក៏ដូចជាតំណាងឲ្យមនុស្សនៅជុំវិញពិភពលោកដែលទទួលរងគ្រោះដោយសារបញ្ហាសង្គ្រាមកើតឡើងផងដែរ។

ដូច្នេះសម្ដេចធិបតី សូមអំពាវនាវឲ្យបណ្ដារដ្ឋសមាជិកទាំងអស់ ត្រូវបន្តកសាងតំបន់នេះឲ្យក្លាយជាទីកន្លែងសន្តិភាព និងវិបុលសុ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីគុយបា សន្យាពង្រីកកិច្ចសហប្រតិបត្តិផ្នែកសេដ្ឋកិច្ចឱ្យរស់រវើក

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស (Miguel Diaz-Canel Bermudez) ប្រធានាធិបតីគុយបា បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ដើម្បីសម្តែងការគួរសម និងស្វាគមន៍សម្តេចធិបតី ក្លាយជា​នាយក​រដ្ឋមន្ត្រីកម្ពុជា និងជជែកលើការពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង​រវាង​ប្រទេសទាំងពីរឱ្យកាន់តែរស់រវើក។

ជំនួបដែលធ្វើឡើងនាល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានាធិបតីគុយបា បានសម្តែងការ​អប​អរសាទរជូនចំពោះសម្តេចធិបតី ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភា​ឱ្យ​ដឹក​នាំរាជរដ្ឋាភិបាលកម្ពុជា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួល​បានជ័យជម្នះក្នុងការបោះ​ឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
លោកប្រធានាធិបតី ក៏បានគូសបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិ​ការ​ល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និងអំពីការបន្តគាំ​ទ្រ​គ្នា​ទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។ លោកប្រធានាធិបតី ក៏បានរំឭក​នូវអនុស្សាវរីយ៍​ល្អៗ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ទៅកាន់ប្រទេសគុយបា កាល​ពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានចាត់ទុកជាឆ្នាំដ៏សំខាន់​នៃការលើកកម្ពស់​ទំនាក់​ទំនង​រវាងប្រទេសទាំងពីរ ដូចស្តែងឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យ​ជាច្រើន ដូចជាកសិកម្ម, សុខាភិបាល, អប់រំ និងកីឡាជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បាថ្លែងអំណរគុណចំពោះការផ្តួចផ្តើមឱ្យមានជំនួបតាមទូរស័ព្ទ, ការ​អបអរសាទរ និងបានជម្រាបជូនលោកប្រធានាធិបតីផងដែរ នូវការផ្តាំផ្ញើសួរសុខ​ទុក្ខ​ពី​សំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ បន្ថែមលើ​ទំនាក់​ទំនងប្រវត្តិសាស្ត្រល្អៗ, សម្តេចធិបតី បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភ និងការ​គាំទ្រ​របស់គុយបា ក្នុងអំឡុងពេលកម្ពុជា ជួបប្រទះការលំបាកបំផុត ជាពិសេស​នៅក្រោយថ្ងៃ​រំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់នេះពិតជាបានឆ្លុះបញ្ចាំងអំពីទំនាក់​ទំនង​ប្រកប​ដោយសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ។
ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹងកិច្ច​សហ​ប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែមក្នុង​វិស័យ​សក្តានុពលផ្សេងៗទៀត។ ក្នុងន័យនេះ សម្តេចធិបតី បានគាំទ្រ និងជំរុញឱ្យមានការរៀប​ចំកិច្ច​ពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅក្នុងពេល​ឆាប់ៗខាងមុខ ដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ក្នុងជំនួបសំណេះសំណាលនេះ លោកប្រធានាធិបតីគុយបា បានអញ្ជើញសម្តេចធិបតី ធ្វើទស្សន​​កិច្ចផ្លូវការនៅគុយបា ក្នុងពេលសមស្របណាមួយ។ ជាការឆ្លើយតប​នឹងការអញ្ជើញនេះ សម្តេចធិបតី បានថ្លែងអំណរគុណ និងបានគូសបញ្ជាក់ថា គុយបា ជាប្រទេសដែលសម្តេចធិបតី មានបំណងចង់អញ្ជើញទៅ ហើយសម្តេចធិបតី នឹងកំណ​ត់ពេលវេលាសមស្របណាមួយក្នុងពេលឆាប់ខាងមុខ៕