Saturday, November 26, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់


នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួនប្រមាណជាង៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅវិមាន៧មករា។ 

តាមរបាយការណ៍របស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា ការអញ្ជើញសំណេះសំណាលរបស់សម្ដេចតេជោ នាពេលនេះគឺបាន បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តមក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ រាជធានីភ្នំពេញ រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញ។  ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ  ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងរាជធានីភ្នំពេញ បាននឹងកំពុងចូលរួមសហការក្នុងការបង្កលក្ខណៈល្អប្រសើរ ។ 


សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្ស ថ្នាក់ភូមិ សង្កាត់ ខណ្ឌ ចំណុះរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំគណបក្សក្នុងស្ថាប័ន ក្រសួងមួយចំនួនទៀតនៅក្នុងថ្ងៃនេះ។  សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់  ក្នុងរាជធានីភ្នំពេញទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អ  ការរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩  ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។ 


នៅក្នុងពិធីសំណេះសំណាលនេះដែរ សម្ដេចតេជោ ក៏បានលើកឡើងនូវសមិទ្ធិផលធំៗមួយចំនួនគួរអោយកត់សម្គាល់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានធ្វើរួមាន ការក្សាបានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម  ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ជម្ងឺកូវីដ១៩ ជាពិសេសគឺការដាក់ចេញនូវយុទ្ធសាស្ត្រវ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋដែលបានបង្កើតភាពស៊ាំបានយ៉ាងល្អ ការរក្សាកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងដោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា ពិសេសគឺពេលគ្រោះទឹកជំនន់បានកើតឡើង  ការគ្រប់គ្រងដំណើរការនៃការបោះឆ្នោតបានយ៉ាងល្អនាពេលកន្លងទៅ លើសពីនេះការអនុវត្តការទូតឯករាជ្យផ្អែកដោយច្បាប់ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅអង្គការសហប្រជាជាតិលើបញ្ហា រុស្ស៉ី-អ៊ុយក្រែន   និងភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន២០២២នៅកម្ពុជា ។ 


សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីនៅរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព  ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជម្ងឺកូវីដ១៩ និងជម្ងឺរាតត្បាតនានា យកចិត្តទុកដាក់ដោះស្រាយបញ្ហាលក់ដូររបស់ប្រជាជនដែឡកើតមានឡើងនៅតាមផ្សារ បញ្ហាចរាចរណ៍ បញ្ហាទឹក ភ្លើង ។ល។ លើសពីនេះសម្ដចតេជោ បានជម្រុញអោយមានការខិតខំដោះស្រាយបញ្ហាជម្លោះរវាង កម្មករ ជាមួយរោងចក្រ ឬ បុគ្គលិកក្រុមហ៊ុន ជាមួយ ក្រុមហ៊ុន និងលើកទឹកចិត្តអោយអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។ 


សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានរួមសហការគ្នា ធ្វើកិច្ចការអភិវឌ្ឍនៅក្នុងរាជធានីភ្នំពេញបានយ៉ាងល្អ ទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់មក៕


សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ



នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សៃស៊ុមផន ភូមិវិហាន (Saysomphone Phomvihane) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីឯកឧត្តមបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

បើតាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅក្រោយជំនួបនេះថា ឯកឧត្តម សៃស៊ុមផន ភូមិវិហាន បានគោរពសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងអបអរចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ជាពិសេសកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ទទួលបានជោគជ័យយ៉ាងធំធេង។

ឯកឧត្តមបានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំអាយប៉ាលើកទី៤៣ ដែលបានសម្រេចជំរុញឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់ ហើយក៏បានគោរពថ្លែងអំណរគុណក្នុងនាមបក្ស និងក្នុងនាមរដ្ឋ ជូនសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ថវិកា ជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ និងរថយន្តដឹកវ៉ាក់សាំង ជួយដល់ប្រទេសឡាវក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ។ 

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុ ន សែន ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម សៃស៊ុមផន ភូមិវិហាន ដែលបានមកចូលរួមកិច្ចប្រជុំអាយប៉ា ដោយផ្ទាល់ នៅកម្ពុជា ដែលការចូលរួមនេះឆ្លុះបញ្ចាំងពីការគាំទ្រ និងធ្វើឱ្យកិច្ចប្រជុំអាយប៉ា ទទួលបាននូវភាពជោគជ័យ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបដល់ប្រធានរដ្ឋសភាឡាវ អំពីយុទ្ធសាស្ត្រផ្ការីក ដែលកម្ពុជាបានដាក់ចេញ ក្នុងការអនុវត្តការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឲ្យទទួលបាននូវភាពជោគជ័យរហូតមកដល់ពេលនេះ៕