Wednesday, September 05, 2018

តំណាងអង្គទូតចំនួន២២ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៥ បានចូលរួមកិច្ចប្រជុំសភាលើកដំបូង ក្នុងអាណត្តិថ្មី

នៅក្នុងកិច្ចប្រជុំសភាលើកដំបូងក្នុងអាណត្តិថ្មី ដែលធ្វើឡើងតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ មានតំណាងអង្គទូត២២ប្រទេស និងតំណាងអង្គការអន្តរជាតិធំៗចំនួន៥ ដែលភាគច្រើនក្រោមស្លាកអង្គការសហប្រជាជាតិ បានចូលរួមសាក្សីតាមការអញ្ជើញរបស់ភាគីកម្ពុជា ខណៈដែលស្ថានទូត៩ផ្សេងទៀតមិនបានចូលរួមឡើយ។ តំណាងអង្គទូតដែលចូលរួមភាគច្រើននៅតំបន់អាស៊ី ខណៈប្រទេសមួយចំនួននៅលោកខាងលិច ដូចជាអូស្រ្តាលី ស៊ុយអែត ប៊ុលហ្គារី អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ និង ប្រទេសអង់គ្លេស ពុំបានចូលរួម និងឆ្លើយតបចំពោះការអញ្ជើញនោះទេ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា កម្ពុជា បានអញ្ជើញស្ថានទូតចំនួន៣១ នៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំសភាលើកដំបូងនៅក្នុងអាណត្តិថ្មីនេះ ប៉ុន្តែមានតែស្ថានទូត២២ប្រទេសទេដែលបានចូលរួម ខណៈ៩ទៀត មិនបានឆ្លើយតបនឹងការអញ្ជើញនេះឡើយ។ អ្នកនាំពាក្យរដ្ឋសភា មិនទាន់ដឹងអំពីមូលហេតុ ដែលតំណាងប្រទេសទាំងនោះមិនចូលរួមនៅឡើយទេ។ លោក បានសម្តែងនូវការសោកស្តាយចំពោះការអវត្តមានរបស់តំណាងអង្គទូតទាំងនោះ។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «យើងមានការសោកស្តាយដែរព្រោះកម្ពុជាចង់ទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសទាំងអស់ ហើយកម្ពុជាបានខិតខំអនុវត្ត និងអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យតាំងពីឆ្នាំ១៩៩៣មក ប៉ុន្តែការខិតខំរបស់យើងមានការលំបាកនិងឧបសគ្គជាច្រើនតាមផ្លូវនេះ»
លោកបានបន្តទៀតថា «លោកខាងលិចវាយតម្លៃមិនបានត្រឹមត្រូវទេ ចំពោះសភាពការណ៍នៅកម្ពុជា បើសិនជាពួកគេចង់ឱ្យកម្ពុជាដូចលោកខាងលិចគឺថាមិនអាចធ្វើបានភ្លាមៗទេ ព្រោះ​ថាកម្ពុជា មិនមែនមានប្រពៃណីដូចលោកខាងលិចទេ អញ្ជឹងយើងខិតខំអនុវត្តលទ្ធិប្រជាធិបតេយ្យបានប៉ុណ្ណឹង គួរតែអបអរសាទរហើយ»។ ដោយឡែក សម្រាប់អង្គការអន្តរជាតិ មានអង្គការធំៗចំនួន៥ ក្នុងចំណោម១១ បានមកចូលរួមក្នុងកិច្ចប្រជុំនេះក្នុងនោះមាន អង្គការ UNDP ខុនរ៉ាតរបស់អាល្លឺម៉ង់ UNFPA យូនីសេហ្វ និង អង្គការពាណិជ្ជកម្មពិភពលោកជាដើម។
សូមជម្រាបថា បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេលជាង១ខែក្រោយពេលបោះឆ្នោតនោះ រដ្ឋសភានីតិកាលថ្មី បានលេចចេញជារូបរាងនៅព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ហើយក៏ជាថ្ងៃដែលបានឃើញវត្តមានតំណាងរាស្ត្រទាំង១២៥រូប មកពីគណបក្សប្រជាជនកម្ពុជា ដែ​លនឹងធ្វើការបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងអាណត្តិទី៦ រយៈពេល៥ឆ្នាំផងដែរ។ ដូច​បណ្តាអាណត្តិកន្លងទៅដែរដោយអនុលោមតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ការបើកសម័យប្រជុំលើកដំបូងនីតិកាលថ្មីនៃរដ្ឋសភានៅថ្ងៃទី០៥ ខែកញ្ញានេះ ធ្វើឡើងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី។ ក្រៅពីសមាសភាពតំណាងរាស្ត្រទាំង១២៥រូប ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។
ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងថ្ងៃនេះ ចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ ចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពលោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។
លុះនៅពេលរសៀលតំណាងរាស្ត្រទាំង១២៥រូប ចូលទៅកាន់ព្រះបរមរាជវាំងដើម្បីធ្វើពិធីស​ច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រខ្មែរមុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។ ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ៕

ប្រភព៖ Fresh News








តំណាងរាស្ដ្រទាំង១២៥រូប នីតិកាលទី៦ នឹងចូលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំងនៅរសៀលនេះ

តំណាងរាស្ដ្រទាំង១២៥រូប សម្រាប់នីតិកាលទី៦ ដែលទើបនឹងត្រូវរដ្ឋសភាផ្តល់សុពលភាពក្នុងកិច្ចប្រជុំលើកទី១ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នឹងចូលសច្ចាប្រណិធាន​នៅវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨​នេះ នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។ មុនធ្វើដំណើរទៅកាន់ព្រះបរមរាជវាំង តំណាងរាស្ដ្រទាំង១២៥រូប នឹងអញ្ជើញមកជួបជុំគ្នានៅវិមានរដ្ឋសភា វេលាម៉ោង០២៖៣០នាទី ដើម្បីធ្វើដំណើរតាមរថយន្ដរួម។
ពិធី​សច្ចាប្រណិធាន នឹងធ្វើ​ឡើងក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំង​សម្តេចព្រះមហា​សង្ឃ​រាជធិបតី​ទាំងពីរ​គណៈ​។ ក្នុងនោះសម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នឹងអាន​ខ្លឹមសារ​សច្ចាប្រណិធាន ហើយ​សមាជិក​រដ្ឋសភានីតិកាល​ទី​៦ នឹងត្រូវ​ប្រតិបត្តិ​សូត្រ​តាម​។ ​នៅពេល​សូត្រ​សច្ចាប្រណិធានចប់ បារគូ​បន្លឺ​ស័ង្ខ​ជ័យ ក្រោយមក​សមាជិក សមាជិកា ​នៃ​រដ្ឋសភានីតិកាល​ទី​៦ អញ្ជើញ​ទទួលទាន​ទឹក​ពិ​ភ័​ទ្ទស​ច្ចា​។
​សម្រាប់​គ្រឿង​ទ្រង់​-​សម្លៀកបំពាក់​ក្នុង​ព្រះ​រាជពិធី​សច្ចាប្រណិធាន​នេះ គឺ​ព្រះករុណា​នឹង​ព្រះ​ពស្ត្រ​ចងក្បិន​ពណ៌​តាម​ថ្ងៃ​ព្រះ​ភូសា កុ​ត​ពណ៌​ស។ រីឯ​សមាជិកា​រដ្ឋសភា​ (ស្ត្រី) អាវប៉ាក់​ពណ៌​ស​-​សំពត់​ចងក្បិន​ពណ៌​ស៊ី​លៀប​-​ក្រមា​ពានា​ពណ៌​ស៊ីនួន​ខ្លី។ រីឯ​សមាជិក​រដ្ឋសភា ​(បុរស) អាវកុត​ពណ៌​ស​-​សំពត់​ចងក្បិន​ពណ៌​ស៊ី​លៀប​-​ស្រោម​ជើងវែង​ខ្មៅ និង​ស្បែកជើង​ពណ៌​ខ្មៅ​។ បន្ទាប់ពីធ្វើពិធីសច្ចាប្រណិធានរួចរាល់ហើយនោះ តំណាងរាស្ត្រទាំង ១២៥រូប នឹងចាប់ផ្តើមដំណើរការរបស់ខ្លួននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ ដោយនឹងមានការជ្រើសរើសប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការទាំង១០ និងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលផងដែរ។

​សូមជម្រាបថា នៅព្រឹកមិញនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងជាព្រះរាជាធិបតីក្នុងពិធីបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៦ ជាមួយនឹងការបង្ហាញវត្តមានតំណាងរាស្ត្រជាប់ឆ្នោ​តទាំង១២៥រូប។ ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ ក៏បានចាប់ផ្តើមការងាររបស់ខ្លួនផងដែរ ក្រោ​មអធិបតីភាពលោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអា​ណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦៕

ព្រះមហាក្សត្រប្រសិទ្ធពរ ដល់រដ្ឋសភាថ្មីមានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត

នៅចំពោះមុខតំណាងរាស្ត្រទាំង១២៥រូប ដែលទើបជាប់ឆ្នោត ទទួលបានសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ និងការសាទរពីអង្គទូតនៃបណ្តាប្រទេសជាមិត្ត ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រសិទ្ធពរ ដល់រដ្ឋសភានីតិកាលទី៦ មានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយមនសិកសាទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិយើងទាំងមូល ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលដូច្នេះនៅ ក្នុងពិធីបើកសម័យប្រជុំលើកដំបូង នីតិកាលថ្មី នៃរដ្ឋសភានៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលរដ្ឋសភានីតិកាលទី៦ ប្រារព្ធបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំង ដោយការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ។

ក្នុងឱកាសពិធីបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា នីតិកាលទី៦ នេះដែរ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានសម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរចំពោះរដ្ឋសភាថ្មី និងសម្តែងក្តីអំណរសាទរដ៏កក់ក្តៅជូនចំពោះ សមាជិក សមាជិការដ្ឋសភាទាំង១២៥រូប ដែលប្រជាពលរដ្ឋបានសម្តែងឆន្ទៈ និងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតកាលពីពេលកន្លងទៅនេះ ៕




(សូមទស្សនាវីដេអូ) ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា តំណាងរាស្ត្រ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នា ក្នុងជំនឿសាសនា ការសិក្សា មានការងារធ្វើសមរម្យ ទៅតាមកម្លាំងសមត្ថភាព និងកំរិតវិជ្ជារបស់ខ្លួន

បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្តនីតិកាលទី៦ ថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ តាមលំដាប់អាយុពីខ្ពស់មកទាប






ព្រះមហាក្សត្រ៖ តំណាងរាស្ត្រ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នា ក្នុងជំនឿសាសនា ការសិក្សា មានការងារធ្វើសមរម្យ ទៅតាមកម្លាំងសមត្ថភាព និងកំរិតវិជ្ជារបស់ខ្លួន

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងពិធីបើកសម័យប្រជុំលើកដំបូង នីតិកាលថ្មី នៃរដ្ឋសភានៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រះអង្គបានមានព្រះបន្ទូលទៅកាន់អ្នកតំណាងរាស្ត្រក្នុងរដ្ឋសភាទាំងអស់ថា តំណាងរាស្ត្រ ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នា ក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ និងមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកំរិតវិជ្ជារបស់ខ្លួន។

ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានមានបន្ទូលផងដែរថា ព្រះអង្គមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភាពនឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋបន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្រប់ដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាស្ថិរភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរិញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។
ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី  បានមានព្រះរាជបន្ទូលបន្ថែមថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។

គួរបញ្ជាក់ថា ក្រៅពីសមាសភាពតំណាងរាស្ត្រទាំង១២៥រូប ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ៕




ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៦ ( ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨)











លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ

នៅព្រឹកថ្ងៃពុធទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចួលរួមក្នុងពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភា​ នីតិកាលទី៦នេះ នឹងចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក។ ក្រៅពីសមាសភាពតំណាងរាស្ត្រទាំង១២៥រូប ការបើកសម័យប្រជុំលើកដំបូងនេះ ក៏នឹងមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋ​ទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។
បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១នៃរដ្ឋសភា នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពលោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពី​សុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។ លុះនៅពេលរសៀលតំណាងរាស្ត្រទាំង ១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ មុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។

ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើ​សតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ៕







សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ត្រូវបានគណបក្សទាំង១៦ ឯកភាពជាឯកច្ឆ័ន្ទ

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ត្រូវបានគណបក្សទាំង១៦ ព្រមព្រៀងគ្នាឯកភាពជាឯកច្ឆ័ន្ទរួចហើយនៅក្នុងកិច្ចប្រជុំពិភាក្សាគ្នា នៅវិមានសន្តិភាព ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឱ្យដឹងថា «សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ត្រូវបានគណបក្សទាំង១៦ឯកភាពគ្នារួចហើយ ហើយសេចក្តីព្រាងនេះអាចនឹងចេញនៅថ្ងៃទី០៦ ខែកញ្ញា នាឱកាសប្រជុំសភាតែម្តង»។ សេចក្តីព្រាងព្រះរាជក្រឹត្យនេះមាន៧ជំពូក និង២១មាត្រា នឹងបញ្ជូនទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិនិត្យសម្រេច ដាក់ទូលថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដើម្បីឡាយព្រះហស្ថលេខា បង្កើតជាផ្លូវការ។
សូមបញ្ជាក់ថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយក្រៅរដ្ឋសភាទាំងនោះចូលរួមបម្រើជាតិ។ សមាសភាពនៃ «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ត្រូវបានជ្រើសចេញពីគណបក្សនយោបាយចំនួន១៦ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះចំនួន២រូប ដែលប្រធានគណបក្សហៅថាជា «ប្រធានប្រតិភូ» និងអនុប្រធាន ឬអគ្គលេខាធិការនៃគណបក្ស ហៅថា «អនុប្រធានប្រតិភូ»។
«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនិងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ ហើយប្រធានគណបក្សនយោបាយទាំងអស់ ដែលចូលរួមកិច្ចពិគ្រោះយោបល់នោះ ក៏បានប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្តើមនេះផងដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី គណបក្សនយោបាយចំនួន៤ផ្សេងទៀត ពុំចូលរួមជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះនៅឡើយ ក្នុងនោះរួមមាន៖ ១៖ គណបក្សមាតុភូមិយើង, ២៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងទី៤៖ គណបក្សខ្មែរឈប់ក្រ៕




លោក សួន សេរីរដ្ឋា ទម្លាយរឿង សម រង្ស៊ី ចាប់ដៃជាមួយក្រុម កុក ស មេដឹកនាំម៉ុងតាញ៉ា ដែលទទួលលុយគាំទ្រពីវៀតណាមសេរី

អាថ៌កំបាំងដែលនាំឱ្យលោក សម រង្ស៊ី រត់ទៅចាប់ដៃជាមួយមេដឹកនាំវៀតណាមដេហ្គា លោក កុក ស នាពេលនេះរហូតដល់ចុះកិច្ចសន្យកាត់ដីខ្មែរ៤ខេត្តទៅជនជាតិភាគតិចនេះគ្រប់គ្រងនោះ ត្រូវបានលោក សួន សេរីរដ្ឋា ទម្លាយជាបណ្ដើរៗហើយ។ បើតាមលោក សួន សេរីរដ្ឋា បានឱ្យដឹងថា ការចាប់ដៃគ្នាជាមួយនឹងជនជាតិភាគតិចវៀតណាម ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៊ី គឺដោយសារតែអ្នកគាំទ្ររបស់ក្រុមប្រឆាំងនៅក្រៅប្រទេសមានការថយចុះយ៉ាងគំហុក។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក សួន សេរីរដ្ឋា បានសង្កត់ធ្ងន់ថា សម រង្ស៊ី ​គ្មានភាពចាំបាច់ទាល់តែសោះក្នុងការចុះកិច្ចព្រមព្រៀងជាមួយដេហ្គា ដែលជាចលនាផ្តាច់ទឹកដី ខណៈជនជាតិដើមភាគតិចនៅភាគឦសានបច្ចុប្បន្នត្រូវបានទទួលស្គាល់ដូចពលរដ្ឋខ្មែរមានសិទ្ធិសេរីភាព បរិបូរណ៍។
អតីតប្រធានគណបក្សអំណាចខ្មែររូបនេះ បានគូសរំលេចថា ករណីកាត់ដីនេះ ព្រោះតែក្រុម សម រង្ស៊ី នៅ​ក្រៅប្រទេសថយចុះអ្នកគាំទ្រទើបពួកគេចាប់ដៃជាមួយ កុក ស ដែលជាមេដឹក​នាំម៉ុងតាញ៉ា។ លោកបានបន្តថា «​តាំងពីខ្ញុំ​បង្កើតចលនាអំណាចពលរដ្ឋខ្មែរនៅក្រៅប្រទេសនោះមក ក្រុម សម រង្ស៊ី នៅក្រៅប្រទេសថមថយអ្នកគាំទ្រហើយពួកគេទៅចាប់ដៃជាមួយ កុក ​ស មេដឹកនាំម៉ុងតាញ៉ា»។​ យ៉ាងណាមិញ លោកក៏បានឱ្យដឹងថា ម៉ុងតាញ៉ាក៏ទទួលលុយពីក្រុមចលនាយួនសេរីនៅក្រៅប្រទេសដែរ ហើយមិនមែនតែក្រុម សម រង្ស៊ី និង​ កឹម សុខា ដែលទទួលលុយ និងការគាំទ្រពីក្រុម កុក ស សូម្បីតែ​សហពន្ធខ្មែរកម្ពុជាក្រោមក៏ទទួលលុយពី​យួនសេរីដែរ​។ ប៉ុន្ដែសម្រាប់លោកមិនលក់ឧត្តមគតិ​ទៅចូលរួមជាមួយពួកគេនោះទេ ដូច្នេះហើយទើប​ពួកគេបង្កើតរឿងលាបពណ៌លោកគ្រប់បែបយ៉ាង។
សូមរំលឹកថា ខណៈសំណុំរឿងក្បត់ជាតិ កាត់ទឹកដីឱ្យជនជាតិម៉ុងតាញ៉ាវៀតណាម កំពុងតែដំណើរការ លោក សម រង្ស៊ី បានផ្តល់ភស្តុតាងថ្មីបន្ថែមនៅក្នុងសំណុំរឿងនេះកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៨ ក្នុងជំនួបជាមួយក្រុមជនភៀសខ្លួនម៉ុងតាញ៉ានៅសហរដ្ឋអាមេរិក ដោយមានវត្តមាន លោក កុក ស មេចលនាវៀតណាមសេរីបង្ហាញវត្តមានផងដែរ តាមរយៈខ្សែអាត់វិដេអូ បង្ហោះតាមហ្វេសប៊ុកសកម្មជនអតីតបក្សសង្គ្រោះជាតិឈ្មោះ សុភ័ណ្ឌ ឡារី។
លោក សម រង្ស៊ី បានគូសបញ្ជាក់សារជាថ្មីពីគោលជំហរថា ខ្លួននឹងទទួលស្គាល់ក្រុមម៉ុងតាញ៉ា និងផ្តល់ស្វ័យភាព កាត់ទឹកដីឱ្យពួកគេគ្រប់គ្រងក្នុងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះដូចការបានចុះកិច្ចព្រមព្រៀងរួមគ្នាកាលពីឆ្នាំ ២០១៣ កន្លងទៅ ព្រមទាំងសន្យាជួយ និង​ចូលរួមផ្លាស់ប្តូររបបដឹកនាំនៅវៀតណាមជាមួយក្រុមម៉ុងតាញ៉ា នាំយកលទ្ធិប្រជាធិបតេយ្យជូនដល់ប្រទេសវៀតណាម ផ្តល់សិទ្ធិសេរីភាពដល់ក្រុមជនជាតិម៉ុងតាញ៉ាថែមទៀតផង។
គួររំលឹកផងដែរថា កាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨កន្លងមក ​សកម្មជនអតីតបក្សប្រឆាំង​ទម្លាយវីដេអូ នៃចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុន រវាងលោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា តាមបណ្តាញទំនាក់ទំនង Facebook ដែលធ្វើឱ្យផ្ទុះការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងផងដែរ។ នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព៕

ប្រភព៖ Fresh News