Monday, December 04, 2017

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញរៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្រ្តីបង់ក្លាដែស នៅវិមានសន្តិភាព

នៅល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញរៀបចំ​ពិធីលៀង​សាយភោជន ជូនលោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ​ប្រជាមានិត​បង់ក្លាដែស ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ច​ផ្លូវការរយៈពេល​៣ថ្ងៃ​​​ក្នុង​​​ប្រទេសកម្ពុជា។

ពិធីលៀងសាយភោជននាពេលនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រុមប្រតិភូនៃ​សាធារណរដ្ឋ​ប្រជាមានិតបង់ក្លាដែសជាច្រើនរូប ព្រមទាំងបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធ​ស្នាលបំផុត។

តាមរយៈដំណើរទស្សនកិច្ចរបស់ លោកស្រីនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នាពេល​នេះ​​គឺបានពង្រឹងនូវកិច្ចសហប្រតិបត្តិការ ការទំនាក់ទំនងជាទ្វេភាគី ជាពិសេសផ្តោតលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកទេស ដូចអ្វីដែលកម្ពុជា និងបង់ក្លាដែស បានចុះហត្ថលេខាលើឯកសារ​ចំនួន១១​កាលពីព្រឹកមិញនេះផងដែរ ៕







(សូមទស្សនាវីដេអូ) លិខិតមិត្តអ្នកអាន៖ ពលរដ្ឋខ្មែរបួងសួងសុំ​សេចក្តីសុខនៅប្រាង្គ​ប្រាសាទអង្គររីឯក្រុមអ្នក​នយោបាយក្បត់​ជាតិខំបួងសួងឱ្យបរទេស​ដាក់ទណ្ឌកម្មប្រឆាំង​ខ្មែរ

(សូមទស្សនាវីដេអូ) នាយករដ្ឋមន្រ្តីបង់ក្លាដែស កោតសរសើរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា

ដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដែស នៅកម្ពុជាទទួលបានលទ្ធផលជាវិជ្ជមានសម្រាប់ប្រទេសទាំងពីរ

បន្ទាប់ពីមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីលោកនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។

ក្រោយពីជំនួបទ្វេភាគីរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ កម្ពុជា-បង់ក្លាដែស ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនត្រូវបានធ្វើឡើង ដោយផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស វិស័យពលកម្ម ការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យា ជលផល និងទេសចរណ៍ ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ។

នៅវេលាម៉ោងប្រមាណ ១១ៈ០០នាទីព្រឹកថ្ងៃដដែលនេះ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស បានអញ្ជើញចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។ បន្ទាប់មក នៅវេលាម៉ោងប្រមាណជាង ៣រសៀល លោកស្រីនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមធុរជនកម្ពុជា ដែលសម្របសម្រួលដោយសភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដើម្បីពិភាក្សាក៏ដូចជាទាក់ទាញការនិយោគទៅកាន់ប្រទេសរបស់លោកស្រី។

នៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃដដែលនេះ លោកស្រី សេក្ខ ហាស៊ីណា បានជួបពិភាក្សាការងារជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញ ហើយបន្ទាប់មកលោកស្រី ក៏បានអញ្ជើញចូលជួបសន្ទនា និងពិភាក្សាការងារជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ។

នៅវេលាម៉ោង ០៦៖៣០នាទីល្ងាចនេះដែរ កម្ពុជាក៏បានរៀបចំអាហារពេលល្ងាចជូនលោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដែស ដោយមានការចូលរួមពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាពផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសកម្ពុជារួច លោកស្រីនាយករដ្ឋមន្រ្តី បង់ក្លាដែស នឹងអញ្ជើញចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ៕







នាយករដ្ឋមន្រ្តីបង់ក្លាដែស កោតសរសើរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា

នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្តីពីលទ្ធផលដំណើរទស្សនកិច្ច និងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ (កម្ពុជា-បង់ក្លាដែស) ដែលបានប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានថ្លែងកោតសរសើរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍនៅកម្ពុជា។

នៅក្នុងសន្និសីទកាសែតនៅព្រឹកមិញនេះ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បានលើកឡើងថា បង់ក្លាដែស និងកម្ពុជា បានប្តេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ដើម្បីឈានទៅកម្រិតថ្មីមួយទៀត តាមរយៈការចុះអនុស្សរណៈ ចំនួន១១ចំណុចជាមួយគ្នា។ លោកស្រីបានបន្តថា អនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខាថ្ងៃនេះ ផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស វិស័យពលកម្ម ការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យា ជលផល និងទេសចរណ៍។ អនុស្សរណៈទាំងនេះ នឹងចូលរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពហុវិស័យ រវាងប្រទេសទាំងពីរ។

លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បានបន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាប្រឈមផ្នែកសន្តិសុខមួយចំនួន ដែលប្រទេស និងតំបន់កំពុងតែជួបប្រទះ ហើយបានធ្វើការប្តេជ្ញាចិត្តរួមគ្នា ប្រឆាំងអំពើភេរវកម្មឆ្លងដែនផងដែរ។

លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស ក៏បានថ្លែងអំណរអរគុណផងដែរ ចំពោះការធានា និងការគាំទ្ររបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះកិច្ចពិភាក្សាតាមវិស័យជាមួយអាស៊ាន និងកិច្ចសន្ទនាមេគង្គ-គីងហ្គា។ ទន្ទឹមនឹងនោះលោកស្រី ក៏បានប្រកាសប្តេជ្ញាផ្តល់ទីជម្រកដល់ជនជាតិរ៉ូហ៊ីងហ្កា ប្រមាណ៧០ម៉ឺននាក់ មកពីប្រទេសមីយ៉ាន់ម៉ា ហើយនឹងបន្តចរចាជាមួយ មីយ៉ាន់ម៉ា ដើម្បីឱ្យពួកគេបានត្រឡប់ទៅភូមិកំណើតរបស់ពួកគេវិញ។

លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បានមានប្រសាសន៍ថា កម្ពុជា គឺជាមិត្តជិតខាងដ៏ជិតស្និទ្ធ ហើយមានទស្សនៈរួមគ្នា ក្នុងការកសាងសន្តិភាពនៅក្នុងតំបន់ និងពិភពលោក។ ប្រជាជននៃប្រទេសទាំងពីរ មានភាពឈឺចាប់ស្រដៀងគ្នា ពីអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល។ ក្រៅពីនោះក៏មានការប្រើប្រាស់ភាសាបាលី និងមានពិធីបុណ្យចូលឆ្នាំក្នុងខែមេសាដូចគ្នាផងដែរ។ លោកស្រីបានបញ្ជាក់ទៀតថា លោកស្រីនឹងដាក់ព្រះនាម ព្រះបរមរតនកោដ្ឋ នៅលើវិថីដ៏ល្បីមួយនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស ផងដែរ។

លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស ក៏បានសម្តែងនូវក្តីសប្បាយរីករាយចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា គឺនៅលើទឹកដីអរិយធម៌ដ៏ចំណាស់នៃចក្រភពអង្គរ៕






កម្ពុជា-បង់ក្លាដែស ប្តេជ្ញាបន្តរួមដំណើរជាមួយគ្នាក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាកម្ពុជា និងបង់ក្លាដែស នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា។ លោកបានថ្លែងដូចនេះ នៅក្នុងសន្និសីទកាសែតរួមគ្នា ជាមួយលោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ស្តីពីលទ្ធផលដំណើរទស្សនកិច្ច និងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ការទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាសន៍ថ្មីមួយទៀតសម្រាប់កម្ពុជា និងបង់ក្លាដែស ដែលកាលពីឆ្នាំ២០០១ លោកស្រីនាយករដ្ឋមន្ត្រីបានមកបំពេញទស្សនកិច្ចម្តងរួចមកហើយ។

លោកនាយករដ្ឋមន្ត្រីបានបន្តថា កិច្ចពិភាក្សានាព្រឹកនេះ បានពិភាក្សាផ្តោតជាសំខាន់ អំពីទំនាក់ទំនងទ្វេភាគីក្នុងភាពកក់ក្តៅ និងស្និទ្ធស្នាលជាពិសេសផ្តោតលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកទេស។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះគឺពោរពេញដោយលទ្ធផល ដែលជាផ្នែកដ៏សំខាន់សម្រាប់ការបន្តដំណើររួមគ្នា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្តថា ក្នុងកិច្ចពិភាក្សានេះ កម្ពុជាបានផ្តល់នូវការគាំទ្រចំពោះសំណូមពរភ្លាមៗរបស់បង់ក្លាដែស ក្លាយជាដៃគូតាមវិស័យជាមួយអាស៊ាន ហើយកម្ពុជានឹងប្រឹងប្រែងដើម្បីសម្រេចកិច្ចការនេះ។ លោកបន្តថា កម្ពុជានឹងប្រឹងប្រែងជួយឱ្យបង់ក្លាដែស ក្លាយជាដៃគូពិភាក្សាជាមួយប្រទេសឥណ្ឌា។ ទន្ទឹមនឹងនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំពឹងថាបង់ក្លាដេស និងមីយ៉ាន់ម៉ា នឹងរកឃើញរូបមន្តមួយ ដើម្បីឱ្យប្រជាជនរ៉ូហីងហ្គា អាចធ្វើមាតុភូមិនីវត្តន៍វិលត្រឡប់ទៅកាន់ប្រទេសមីយ៉ានម៉ាវិញបាន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលយកសំណើរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែសក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ចនៅបង់ក្លាដែសជាថ្មីម្តងទៀតនាពេលសមស្របខាងមុខ៕













ពិធីចុះហត្ថលេខាលើឯកសារចំនួន១១ និងការថ្លែងការណ៍រួម រវាងនាយករដ្ឋមន្រ្តីកម្ពុជា និងបង់ក្លាដេស បានបញ្ចប់ហើយ

ពិធីចុះហត្ថលេខា លើឯកសារចំនួន១១ និងការថ្លែងការណ៍រួម រវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និង លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នៅវិមានសន្តិភាព បានបញ្ចប់ហើយ នាវេលាម៉ោង១០៖៤៨នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគី របស់នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ។
ក្រោយពេលបញ្ចប់ជំនួបទ្វេភាគី និងពិធីចុះហត្ថលេខាលើឯកសារចំនួន១១ ក៏ដូចជាការថ្លែងការណ៍រួមនេះ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នឹងអញ្ជើញបន្តដំណើរចូលគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ៕



ពិធីចុះហត្ថលេខាលើឯកសារចំនួន១១ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីកម្ពុជា និងបង់ក្លាដេស បានចាប់ផ្តើមហើយ

ពិធីចុះហត្ថលេខា លើឯកសារចំនួន១១ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន  និងលោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នៅវិមានសន្តិភាព បានចាប់ផ្តើមហើយ នាវេលាម៉ោង ១០៖១៥នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគី រវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។

ឯកសារចំនួន១១នោះរួមមាន៖
១៖ សេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីបង់ក្លាដេស។ ចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការ បរទេសកម្ពុជា និង លោក Abul Hassan Mahmood All រដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដេស។
២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការលើបញ្ហាពាក់ព័ន្ធ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាពរហូតដល់ឆ្នាំ២០៣០។ ចុះហត្ថេលខាដោយ លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ និង លោក Md. Abul Kalam Azad នាយកសម្របសម្រួលកិច្ច ការគោល ដៅអភិវឌ្ឍន៍ដោយចីរភាព នៃខុទ្ទកាល័យនាយករដ្ឋមន្រ្តីបង់ក្លាដេស។
៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។ ចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក លោក Abul Hassan Mahmood All រដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដេស។
៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក Rashed Khan Menon MP រដ្ឋមន្រ្តីក្រសួងអាកាស ចរណ៍ស៊ីវិលនិងទេសចរណ៍បង់ក្លាដេស។
៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីម៉ូឌែលសម្រាប់កិច្ចសហ ប្រតិបត្តិការរវាង ស្ថាប័នចំណុះក្រុមប្រឹក្សា ពាណិជ្ជកម្មចម្រុះ។ ចុះហត្ថលេខាដោយ លោក ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយ លោក លោក Abul Hassan Mahmood All រដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដេស។
៦៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ស្ថាប័នលើកិច្ចការពាក់ព័ន្ធនឹងការជំរុញ វិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគបង់ក្លាដេស។ ចុះហត្ថលេខាដោយ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូមិអមនាយករដ្មឋន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងលោក Kazl M. Aminul Islam ប្រធានប្រតិបត្តិការអាជ្ញាធរអភិវឌ្ឍវិនិយោគបង់ក្លាដេស។
៧៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍។ ចុះហត្ថលេខាដោយលោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយលោក Zunaid Ahmed Palak អនុរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានបង់ក្លាដែស។
៨៖ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យវារីវប្បកម្ម និងនេសាទ។ ចុះហត្ថលេខាដោយ លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយលោក M.d Maksudul Hasan Khan អគ្គលេខាធិការក្រសួងនេសាទ និងបសុសត្វបង់ក្លាដែស។
៩៖ អនុស្សារណៈយោគយល់គ្នាស្តីពីសហប្រតិបត្តិការក្នុងការអភិរក្ស ប្រវត្តិសាស្រ្តសង្រ្គាម បូជនីយស្ថាន សង្គ្រាម និងកេរដំណែលសង្គ្រាម។ ចុះហត្ថលេខាដោយលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយលោក Aparup Chowdhury អគ្គលេខាធិការក្រសួងកិច្ចការសង្គ្រាម រំដោះជាតិ បង់ក្លាដែស។
១០៖ អនុស្សារណស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិក្សាស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងយុទ្ធសាស្រ្តបង់ក្លាដែស។ ចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយលោក Md. Shahidul Haque អគ្គលេខាធិការក្រសួងការបរទេស បង់ក្លាដែស។
១១៖ កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្ម និង ឧស្សាហកម្មបង់ក្លាដែស។ ចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយ លោក Md. Shafiul Islam ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស ៕







សមាគមខ្មែរចំនួន៥នៅប្រទេសអូស្ត្រាលី ផ្ញើលិខិតជូនប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា នៃប្រទេសអូស្ត្រាលី បញ្ជាក់មូលហេតុដែលតុលាការកំពូលសម្រេចរំលាយ CNRP

សមាគមខ្មែរចំនួន០៥ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ បានផ្ញើលិខិតជូនលោក Scott Ryan ប្រធានព្រឹទ្ធសភា និងលោក Tony Smith ប្រធានរដ្ឋសភានៃប្រទេសអូស្ត្រាលី ដោយបានបញ្ជាក់ជំហរគាំទ្ររបស់ខ្លួន អំពីសេចក្តីសម្រេចរបស់តុលាការកំពូលកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងការរំលាយអតីតគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងមួយ ក្នុងចំណោមគណបកក្សប្រឆាំងដទៃទៀតថា បានធ្វើឡើងស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងលិខិតដដែលនោះ ក៏បានប្រកាសជាឱឡារិកថា សកម្មភាពតវ៉ាប្រឆាំងនឹងការអនុវត្តច្បាប់ ក្នុងប្រទេសកម្ពុជា របស់សហគមន៍ខ្មែរណាមួយក្នុងប្រទេសអូស្ត្រាលីនេះ ជាការរៀបចំដោយមនុស្សមួយក្រុមតែប៉ុណ្ណោះ គឺពុំឆ្លុះបញ្ចាំងនូវទស្សនៈ ឬ គំនិតរួមរបស់ប្រជាពលរដ្ឋខ្មែរអូស្ត្រាលីទាំងមូលនោះឡើយ៕

សូមអានលិខិតរបស់សមាគមខ្មែរចំនួន០៥ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីដូចខាងក្រោម៖









លិខិតមិត្តអ្នកអាន៖ ពលរដ្ឋខ្មែរបួងសួងសុំសេចក្តីសុខនៅប្រាង្គប្រាសាទអង្គររីឯក្រុមអ្នកនយោបាយក្បត់ជាតិខំបួងសួងឱ្យបរទេសដាក់ទណ្ឌកម្មប្រឆាំងខ្មែរ

ខណៈប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ព្រះរា​ជាណាចក្រកម្ពុជា នៅលើទឹកដីអង្គរដ៏សក្តិសិទ្ធអតីតរាជធានីដ៏រុងរឿងរបស់ចក្រភពខ្មែរ ក្រុមជនក្បត់ជាតិដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី បាន ព្យាយាមក្នុងការបំផ្លាញសេចក្តីសុខដែលជាតិ និងប្រជាជនមានតាមរយៈការអំពាវនាវឱ្យមានការងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល និងផ្លាស់ប្តូរេបប និងមេដឹកនាំស្របច្បាប់តាមទម្រង់នៃបដិវត្តន៍ពណ៌ដែលធ្លាប់បានធ្វើនៅប្រទេសមួយចំនួនដូចជានៅរ៉ូម៉ានី ទុយណេស៊ី អេហ្ស៊ីបនិងហ្សាំបាវ៉េជាដើម។

ដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួន និងបក្ខពួកក្បត់ជាតិមួយក្តាប់តូច សម រង្ស៊ី នឹងមិនមានភាពអៀនខ្មាស់ក្នុងការបញ្ចេញផែនការដ៏ទុច្ចរិតកៀងគរអន្តរជាតិដើម្បីដាក់សម្ពាធមកលើកម្ពុជា និងអនុវត្តនូវគោល នយោបាយដ៏ស្មោគគ្រោករបស់ខ្លួនដោយស្នើឱ្យបរទេសកាត់ជំនួ​យមកកម្ពុជា កុំវិនិយោ គនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។ អ្វីដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួកខ្លួនបាននិង កំពុងធ្វើគឺជាការបំផ្លាញជាតិ និងវាយបំបែកឆ្នាំងបាយរបស់ប្រជាជនកម្ពុជាយ៉ាងជាក់ ច្បាស់។ មួយថ្ងៃៗ ទណ្ឌិត សម រង្ស៊ី និងគូកនក្បត់ជាតិរបស់ខ្លួនព្យាយាមបំផ្លាញកម្ពុជា តាមគ្រប់រូបភាពទាំងអស់ទាំងបាតុកម្ម និងការដើរញុះញង់ព្រមទាំងដើរសម្អុយកេរ្តិ៍ឈ្មោះខ្មែរថែមទៀតផង។

ដោយសារតែសន្តានក្បត់ជាតិ និងបំផ្លាញនូវសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ ឃុបឃិតជាមួយបរទេសនេះហើយបានជា បក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល សម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា និងហាមឃាត់សមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកចំនួន ១១៨ រូបមិនឱ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។ បក្ស នេះត្រូវបានរំលាយ ដំ​ណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេដ្ឋកិច្ចទីផ្សារនៅ តែដំណើរការជាធម្មតា។ លើសពីនេះប្រជាជនកម្ពុជាបាននិងកំពុង រីករាយនឹងសន្តិភាព និងការអភិវឌ្ឍរីករាយនឹងកំ​ណើនសេដ្ឋកិច្ចប្រមាណ ៧%ក្នុងមួយឆ្នាំនិងក៏រីករាយដែលគ្មានមារសត្រូវ មករំខាននៅក្នុងដំណើរកសាងជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ខ្លួន។ ពលរដ្ឋខ្មែរជាអ្នក ជ្រោងទង់ជាតិខ្មែរការពារជាតិនិងរាជរដ្ឋាភិបាលស្របច្បាប់ប្រឆាំង នឹងការជ្រៀតជ្រែក របស់បរទេសក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា នៅតែបន្តការពារសមិទ្ធផល ជាតិ សន្តិភាពដែល រកបានដោយពិបាកនេះ។ ការបួងសួងសុំសេចក្តីសុខសម្រាប់ព្រះ រាជាណាចក្រកម្ពុជាគឺដើម្បីសម្តែងនូវគារវៈភក្តីគោរពដឹងគុណ និងធ្វើបដិការកិច្ច ចំពោះបុព្វបុរសខ្មែរទាំងអស់ ហើយសូមឱ្យជួយព្រះរាជាណាចក្រកម្ពុជា ជួបតែសុខសន្តិ ភាព និងមានការអភិវឌ្ឍទៅមុខតរៀងទៅ និងម្យ៉ាងទៀតដើម្បីឱ្យឧបទ្រុប​ចង្រៃ និងក្រុមជនក្បត់ជាតិ និងបរិវារដែលប៉ងបំផ្លាញសន្តិភាពកម្ពុជាសូមឱ្យវិនាសខ្ចាត់​ខ្ចាយពីប្រទេសកម្ពុជាទៅរហូត និងអ្នកដែលចង់បំផ្លាញខ្មែរសូមឱ្យបរាជ័យយ៉ាងអាម៉ាស់បំផុត។

ទឹកដីកម្ពុជាដ៏អច្ឆរិយៈនេះពិតជាបានផ្តល់សេចក្តីសុខ និងជាជ្រកដ៏សុខក្សេមក្សាន្តសម្រាប់ពលរដ្ឋកម្ពុជារៀបជំនាន់មកហើយ។ ប៉ុន្តែសម្រាប់ជនដែលមានបំណងអាក្រក់ ឬក្រុមជនក្បត់ជាតិមិនអាចរស់នៅលើទឹកដីដ៏សក្តិសិទ្ធនេះបានឡើយ។ ពួកគេមិនអាចនៅសុខបានឡើយ និងតែងតែនិររាសព្រាត់ប្រាសចាកឆ្ងាយពីកម្ពុជា និងស្លាប់ចោលឆ្អឹងនៅក្រៅប្រទេស។ អតីតកាលកម្ពុជាបានបង្ហាញយ៉ាងច្បាស់រួចហើយគឺសេនាប្រមុខ លន់ នល់ និងគូកនរបស់ខ្លួនដែល​បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ និងទាញកម្ពុជាស្ថិតក្រោមនឹមរបស់អាមេរិក បំផ្លាញកម្ពុជាបង្កវិនាសកម្ម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ លន់ នល់ បានស្លាប់ចោលឆ្អឹងរបស់ខ្លួននៅលើទឹកដីនៃអ្នកដែលខ្លួនជឿទុកចិត្តបំផុត។

បច្ចុប្បន្ននេះក្រុមជនក្បត់ជាតិនៃអតីតបក្សសង្គ្រោះជាតិដែលបានប៉ុនប៉ងបំផ្លាញ សន្តិភាព និង​ការអភិវឌ្ឍរបស់កម្ពុជា តាមទម្រង់បដិវត្តន៍ពណ៌កំពុងតែរស់នៅនិរទេសខ្លួន គេចពីសំ​ណាញ់ច្បាប់ចំពោះទង្វើឃុបឃិតជាមួយបរទេស និងក្បត់ជាតិនិងប្រជាជនរបស់ខ្លួន។ តើពួក​គេអាចនឹងជួបវាសនាដូចអតីតសេនាប្រមុខ លន់ នល់ ដែរឬទេ? ពិតណាស់! វាសនា និងខ្សែជីវិតរបស់ពួកគេនឹងមិនអាចជៀសផុត ពីខ្សែជីវិតរបស់ លន់ នល់ នោះទេ ប្រសិនបើពួកគេបន្តអនុវត្តផែនការទុច្ចរិតនិងដើរ បំផ្លាញជាតិខ្មែរតាមគ្រប់រូបភាពដូចសព្វថ្ងៃនេះ។ ពួកគេនឹងមិនអាចវិលចូលប្រទេសកម្ពុជាបានឡើយ។ នៅពេលនេះពលរដ្ឋកម្ពុជាបានដឹងយ៉ាងច្បាស់ថា តើនរណាជាអ្នកជួយសង្គ្រោះជាតិ ស្នេហាជាតិ និងប្រជាជនពិតប្រាកដ។ ចេញពីការរួបរួមគ្នាជាមហាគ្រួសារខ្មែរតែ មួយតាមរយៈការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ បាននាំឱ្យមានថ្ងៃរំដោះ ៧ មករា ១៩៧៩ និងមានអ្វីៗដូចសព្វថ្ងៃនេះ។ បើគ្មានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដឹក​នាំដោយគណបក្សប្រជាជនកម្ពុជាក៏គ្មានសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនដូច្នេះដែរ។

នេះគឺជាសច្ចធម៌ប្រវត្តិសាស្ត្រ។ ជាតិនិងប្រជាជនកម្ពុជាកាន់តែមានសេចក្តីសុខ និងការអភិវឌ្ឍកាន់តែខ្លាំងនៅពេលដែលគ្មានអ្នក បំផ្លាញខ្មែរដូចជា សម រង្ស៊ី កឹម សុខា និងគណបក្សសាងគ្រោះឱ្យជាតិដូចពេលនេះ! នៅពេលនេះពលរដ្ឋខ្មែររួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រខ្មែរបាននិងកំពុងបន់ស្រន់ សុំសេចក្តីសុខសម្រាប់ព្រះរាជាណាចក្រកម្ពុជា ចំណែកក្រុមអ្នកនយោបាយអតីតបក្សសង្គ្រោះជាតិ កំពុងនាំគ្នាបន់ព្រះ និងអង្វរចៅហ្វាយនាយរបស់ពួកគេឱ្យបំផ្លាញខ្មែរដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងកម្ពុជាទៅវិញ។ ពេលនេះទើបពលរដ្ឋខ្មែរដឹងច្បាស់ថានរណាជាអ្នកស្នេហាជាតិ និងប្រជាជនពិតប្រាកដ៕

ដោយ៖ ចៅ ចាក់ស្មុក