Monday, December 04, 2017

នាយករដ្ឋមន្រ្តីបង់ក្លាដែស កោតសរសើរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា

នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្តីពីលទ្ធផលដំណើរទស្សនកិច្ច និងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ (កម្ពុជា-បង់ក្លាដែស) ដែលបានប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានថ្លែងកោតសរសើរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍនៅកម្ពុជា។

នៅក្នុងសន្និសីទកាសែតនៅព្រឹកមិញនេះ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បានលើកឡើងថា បង់ក្លាដែស និងកម្ពុជា បានប្តេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ដើម្បីឈានទៅកម្រិតថ្មីមួយទៀត តាមរយៈការចុះអនុស្សរណៈ ចំនួន១១ចំណុចជាមួយគ្នា។ លោកស្រីបានបន្តថា អនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខាថ្ងៃនេះ ផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស វិស័យពលកម្ម ការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យា ជលផល និងទេសចរណ៍។ អនុស្សរណៈទាំងនេះ នឹងចូលរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពហុវិស័យ រវាងប្រទេសទាំងពីរ។

លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បានបន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាប្រឈមផ្នែកសន្តិសុខមួយចំនួន ដែលប្រទេស និងតំបន់កំពុងតែជួបប្រទះ ហើយបានធ្វើការប្តេជ្ញាចិត្តរួមគ្នា ប្រឆាំងអំពើភេរវកម្មឆ្លងដែនផងដែរ។

លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស ក៏បានថ្លែងអំណរអរគុណផងដែរ ចំពោះការធានា និងការគាំទ្ររបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះកិច្ចពិភាក្សាតាមវិស័យជាមួយអាស៊ាន និងកិច្ចសន្ទនាមេគង្គ-គីងហ្គា។ ទន្ទឹមនឹងនោះលោកស្រី ក៏បានប្រកាសប្តេជ្ញាផ្តល់ទីជម្រកដល់ជនជាតិរ៉ូហ៊ីងហ្កា ប្រមាណ៧០ម៉ឺននាក់ មកពីប្រទេសមីយ៉ាន់ម៉ា ហើយនឹងបន្តចរចាជាមួយ មីយ៉ាន់ម៉ា ដើម្បីឱ្យពួកគេបានត្រឡប់ទៅភូមិកំណើតរបស់ពួកគេវិញ។

លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បានមានប្រសាសន៍ថា កម្ពុជា គឺជាមិត្តជិតខាងដ៏ជិតស្និទ្ធ ហើយមានទស្សនៈរួមគ្នា ក្នុងការកសាងសន្តិភាពនៅក្នុងតំបន់ និងពិភពលោក។ ប្រជាជននៃប្រទេសទាំងពីរ មានភាពឈឺចាប់ស្រដៀងគ្នា ពីអំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល។ ក្រៅពីនោះក៏មានការប្រើប្រាស់ភាសាបាលី និងមានពិធីបុណ្យចូលឆ្នាំក្នុងខែមេសាដូចគ្នាផងដែរ។ លោកស្រីបានបញ្ជាក់ទៀតថា លោកស្រីនឹងដាក់ព្រះនាម ព្រះបរមរតនកោដ្ឋ នៅលើវិថីដ៏ល្បីមួយនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស ផងដែរ។

លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស ក៏បានសម្តែងនូវក្តីសប្បាយរីករាយចំពោះដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា គឺនៅលើទឹកដីអរិយធម៌ដ៏ចំណាស់នៃចក្រភពអង្គរ៕






No comments:

Post a Comment