Friday, September 23, 2022

ព្រះមហាក្សត្រកម្ពុជា ស្តេចយាងទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រ ខេត្តហ៊ូណាន ដែលសម្តេចឪ និងសម្តេចម៉ែ ធ្លាប់បានយាងបំពេញព្រះរាជទស្សនកិច្ច ក្នុងអំឡុងឆ្នាំ ១៩៦៣


ព្រះមហាក្សត្រកម្ពុជា ស្តេចយាងទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រ ខេត្តហ៊ូណាន ដែលសម្តេចឪ និងសម្តេចម៉ែ ធ្លាប់បានយាងបំពេញព្រះរាជទស្សនកិច្ច ក្នុងអំឡុងឆ្នាំ ១៩៦៣

តាមសំណើសូមយាង របស់ ឯកឧត្តម សុី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហរទ័យ ស្តេចយាងបំពេញព្រះរជាទស្សនៈកិច្ចជាផ្លូវការ នៅខេត្ត hunan សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ ។

ដោយឡែកនៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រក្នុងខេត្ត ហ៊ូណាន សាធារណរដ្ឋប្រជាមានិតចិន ។

សូមបញ្ជាក់ថា រម្មណីយដ្ឋានប្រវត្តិសាស្ត្រនេះ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គធ្លាប់បានយាងបំពេញព្រះរាជទស្សនកិច្ច ក្នុងអំឡុងឆ្នាំ ១៩៦៣ ហើយព្រះករុណាព្រះបរមរតនកោដ្ឋ បានប្រទានគូររូបគំនូរគេហដ្ឋាន របស់លោកប្រធាន ម៉ៅ សេទុង ដោយស្នាព្រះហស្ថព្រះអង្គផ្ទាល់ រួចរាល់ត្រឹមតែមួយយប់ប៉ុណ្ណោះ គឺភូមិកំណើតលោកប្រធាន ម៉ៅ សេទុង ដើម្បីឧទ្ទិសដល់ការចងចាំវីរភាព ដ៏អង់អាចក្នុងការតស៊ូប្តូរផ្តាច់រំដោះប្រទេសជាតិពីការឈ្លានពានរបស់បរទេស។

ដោយ: ទទក


សម្តេចតេជោ ហ៊ុន សែន ចង់ឃើញការនាំចេញអង្ករពីកម្ពុជាទៅកាន់បង់ក្លាដេស មានស្ថេរភាព តាមរយៈការវិនិយោគផ្ទាល់ពីក្រុមហ៊ុនវិនិយោគបង់ក្លាដេស


នៅរសៀលថ្ងៃទី២២កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជំនួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដេស ខណៈដែលសម្តេចនិងលោកជំទាវនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ 


ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកជំទាវ ដែលបានបញ្ជូនរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅរាជធានីភ្នំពេញ កាលពីដើមខែសីហាកន្លង។ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបង់ក្លាដែស ដែលបានផ្ដលវ៉ាក់សាំង covid ១៩ ដល់ប្រទេសមីយ៉ាន់ម៉ា ចំនួន ១លានដូសកន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណលោកជំទាវ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយដែលដាក់ព្រះនាមព្រះករុណា សម្ដេចឪ នរោត្តម សីហនុ នៅប្រទេសបង់ក្លាដែស ហើយព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឈ្មោះផ្លូវការផ្ដល់កិត្តិយសដល់ឪពុករបស់លោកជំទាវ ដែលចាត់ទុកជាបិតាស្ថាបនិករបស់ប្រទេសបង់ក្លាដែស ជាប្រធានាធិបតីទី១ និងក្រោយមកក្លាយជានាយករដ្ឋមន្ត្រី ។

សម្ដេចតេជោ ហ៊ុន សែ នក៏បានអបអរសាទរដែលបង់ក្លាដែសមានការសាងសង់ស្ពានមួយយ៉ាងវែងក្រោមការដឹកនាំរបស់លោកជំទាវផ្ទាល់ដែលឈ្មោះស្ពាន ផាត់ម៉ា ដែលមានប្រវែងជាង ៦គីឡូម៉ែត្រ អាចប្រើបានទាំងរថយន្ត និងរថភ្លើង ហើយប្រើថវិការបស់ប្រទេសបង់ក្លាដែសសុទ្ធសាធ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការនាំអង្ករចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបង់ក្លាដែស ដែលកន្លងទៅ ក៏មានការចរចាក្នុងការទិញប្រមាណជា ២០ម៉ឺនតោន ពីប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលសម្ដេចចង់បានក្នុងកិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណាដើម្បីឲ្យមានការនាំអង្ករពីប្រទេសកម្ពុជាទៅកាន់បង់ក្លាដែសឲ្យមានស្ថេរភាព ជាពិសេសសម្ដេចក៏បានអញ្ជើញក្រុមហ៊ុនរបស់បង់ មកកាន់កម្ពុជាដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្គរ ជារោងម៉ាស៊ីនកិនស្រូវ ហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដែស។

ជាការឆ្លើយតប លោកជំទាវ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកជំទាវ បានស្នើឲ្យវិស័យឯកជនទៅវិនិយោគនៅប្រទេសកម្ពុជា លើវិស័យកសិកម្ម ជាពិសេស ក្នុងការនាំអង្ករចេញពីកម្ពុជា។

លោកជំទាវ បានជម្រាបសម្តេចតេជោថា បង់ក្លាដែសមានដីតូច ប្រជាពលរដ្ឋច្រើន មិនអំណោយផលក្នុងការធ្វើកសិកម្ម ដោយសារងាយរងគ្រោះដោយសារទឹកជំនន់ ដូច្នេះត្រូវការទិញអង្ករពីខាងក្រៅ។ តាមរយៈនេះ លោកជំទាវ មានប្រសាសន៍ថា យើងអាចមានកិច្ចព្រមព្រៀងជាមួយគ្នា ហើយកន្លងមកប្រទេសទាំងពីរក៏ធ្លាប់បានធ្វើកិច្ចការងារជាមួយគ្នាដែលអាចពង្រីក និងពង្រឹង ធ្វើធុរកិច្ចជាមួយគ្នាឲ្យកាន់តែច្រើន។

លោកជំទាវ ក៏មានបំណងចង់ជំរុញឲ្យកិច្ចព្រមព្រៀងទីផ្សារសេរី ប្រទេសទាំងពីរ ដើម្បីបង្កើនការនាំចេញ និងដើម្បីបង្កើនឱកាសបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះគឺជាការចាំបាច់ដែលយើងអាចចាប់ផ្ដើមការចរចាដើម្បីឲ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា ក៏មានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយចិន ជាមួយនឹងកូរ៉េផងដែរ។

សម្តេចតេជោបន្តថា តាមរយៈកិច្ចព្រមព្រៀងទីផ្សារសេរីនេះ គឺយើងអាចបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីររបស់យើង ដែលជាឱកាសសម្រាប់បង់ក្លាដែស សម្រាប់ពង្រីក និងពង្រឹងទំនាក់ទំនងជាមួយអាស៊ានផងដែរ៕


សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ



នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ UNDP រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ 


នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយ ឯកឧត្តមបានគូសបញ្ជាក់ថា យើងបានជួបគ្នាចុងក្រោយនៅទីក្រុងប៉េកាំងប្រទេសចិន កាលពីប៉ុន្មានឆ្នាំមុន។ ឯកឧត្តមពិតជារីករាយ ជាមួយនឹងកិច្ចសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកយើងក៏បានគាំទ្រទាំងស្រុងជាមួយនឹងក្រុមការងារ អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅកម្ពុជានោះជាពិសេសចំពោះការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ។ 


ឯកឧត្តមបានមានប្រសាសន៍ថា យើងនឹងបង្កើនសាមគ្គីភាពជាមួយបណ្ដាប្រទេស ដែលបានប៉ះពាល់ដោយវិបត្តិទាំងឡាយ រួមទាំងជំងឺ Covid 19 ផងដែរ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីស្ថានភាព សង្គ្រាមនៅអ៊ុយក្រែន និងអតិផរណាបណ្ដាលមកពីសង្គ្រាមនោះ ដែលបង្កើតនូវការលំបាកជាច្រើនសម្រាប់ប្រជាជននៅទូទាំងពិភពលោក។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថាអង្គការសហប្រជាជាតិ គឺឈរលើស្មារតីសាមគ្គីភាពជាមួយប្រទេសកំពុងអភិវឌ្ឍន៍និយាយជារួម និងនិយាយដោយឡែកចំពោះប្រទេសកម្ពុជា។ យើងនឹងខិតខំជំរុញការកែទម្រង់នៃហិរញ្ញប្បទានអន្តរជាតិផងដែរ។ 


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានឆ្លៀតឱកាសទទួលជួបសម្ដេចនាពេលនេះ។ សម្ដេចតេជោក៏បានអរគុណចំពោះអ្វីដែល ឯកឧត្តម បានលើកឡើង ជាពិសេសចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ថា ឯកឧត្តមមានក្រុមការងាររបស់ ឯកឧត្តមដ៏ល្អប្រចាំនៅប្រទេសកម្ពុជា។ សម្រេចតេជោក៏បានមានប្រសាសន៍អំពីជំនួយវ៉ាក់សាំងកូវីដ១៩ របស់អង្គការសហប្រជាជាតិ តាមរយៈក្របខ័ណ្ឌកូវ៉ាក់ ដែលជួយដល់ប្រទេសកម្ពុជាផងដែរ។ ហើយដែលរហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបបានបហរមាណជា ៩៥% ហើយ នៃចំនួនប្រជាជនសរុប ហើយមួយចំនួននៃប្រជាជនក៏បានទទួលវ៉ាក់សាំងដូសជំរុញទី៥រួចទៅហើយ ហើយគិតត្រឹមថ្ងៃទី ២២ កញ្ញានេះ មានអ្នកឆ្លងត្រឹមតែ០៣នាក់តែប៉ុណ្ណោះ។ 


ក្នុងជំនួបនេះ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងនូវ០៣ចំណុចសំខាន់ៗ ៖ 


១) សម្ដេចតេជោ បានគូបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជាជា មួយនឹងអង្គការសហប្រជាជាតិ។ ដែលនៅថ្ងៃនេះ តុលាការកូនកាត់នេះ បានប្រកាសសាលក្រមស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលជាអ្នករងគ្រោះរបបប្រល័យពូជសាសន៍នោះ។ សម្ដេចតេជោបានមានប្រាសាទថា កន្លងមកឯកឧត្តម និងសម្ដេចបានធ្លាប់ធ្វើការជាមួយគ្នា ជាពិសេសរួមទាំងអង្គការសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងនិងរបបប្រល័យពូជសាសន៍ ។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចបានរង់ចាំរយៈពេល ៤៣ឆ្នាំ សម្រាប់ការស្វែងរកយុត្តិធម៌នៅថ្ងៃនេះ ហើយ៤៣ឆ្នាំមុន យើងបានរួចពីការស្លាប់នៃរបបប្រល័យពូជសាសន៍ ដោយមានការជួយពីប្រទេសវៀតណាម។ សម្តេចតេជោបានបញ្ជាក់ទៀតថាការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន ក្នុងគោលដៅដើម្បីបង្ការកុំឱ្យមានព្រឹត្តិការណ៍ស្ថានភាពបែបនេះកើតឡើងសារជាថ្មីទៀត។ 


២) សម្ដេចតេជោ ក៏បានគូសបញ្ជាក់អំពីការចូលរួមរបស់ប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។ កម្ពុជាត្រៀមក្នុងការចូលរួមបន្ថែមនៃកងទ័ពចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ហើយសម្ដេចក៏បានអរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ 


៣)សម្ដេចតេជោបានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងក្របខណ្ឌអាស៊ាន ដោយសម្ដេចបានអញ្ជើញ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ២០២២ខាងមុខនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា  ឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងមានវត្តមាន ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្ត្រី ពីបណ្ដាប្រទេស ជាដៃគូសន្ទនារបស់អាស៊ាន។ 


ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍អបអរសាទរ ចំពោះភាពជោគជ័យដ៏អស្ចារ្យនៃតុលាការខ្មែរក្រហមនេះ។ ឯកឧត្តមមានការចងចាំច្បាស់ណាស់ថា សម្ដេចតេជោបានដឹកនាំផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត  ជាមួយនឹងការជួយរបស់ប្រទេសវៀតណាម។ ដូច្នេះក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា នេះជាការងារមួយដែល ឯកឧត្តមបានចងចាំយ៉ាងច្បាស់ ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា  យើងពិតជារីករាយយ៉ាងក្រៃលែង ចំពោះកម្ពុជាដែលបានចូលរួមក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិកន្លងទៅនេះ។ ពាក់ព័ន្ធទៅនឹងបញ្ហា កិច្ចប្រជុំអាស៊ានខាងមុខនេះ ឯកឧត្តម នឹងពិចារណានៃការចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខនេះ ពីព្រោះកន្លងទៅនេះ ឯកឧត្តមក៏ធ្លាប់មកប្រទេសកម្ពុជាផងដែរ តែក្នុងនាមជាអ្នកទេសចរណ៍ ដូច្នេះ ឯកឧត្តមពិតជាចង់ត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី ជាពិសេស ឯកឧត្តមនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP)


នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ នៅមន្ទីរស្នាក់ការរបស់អង្គការសហប្រជាជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ ។


ជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលបានជួបឯកឧត្តមសារជាថ្មីម្ដងទៀត ក្រោយបែកគ្នាមួយរយៈ។ សម្ដេចតេជោបានមានប្រសាសន៍ថា កន្លងមកឯកឧត្តមធ្លាប់បានធ្វើការនៅក្របខណ្ឌមេគង្គ ហើយឯកឧត្តមពិតជាបានស្គាល់កម្ពុជាច្បាស់។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះអង្គការ UNDP ក៏ដូចជាភ្នាក់ងារនៃអង្គការសហប្រជាជាតិ ដែលបានគាំទ្រប្រទេសកម្ពុជា  ជាពិសេសគោលនយោបាយរបស់សម្ដេច ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ 


ឯកឧត្តម Achim Steiner បានមានប្រសាសន៍ថា ឯកឧត្តមពិតជារីករាយដែលបានជួបសម្ដេចតេជោនាពេលនេះ ជាពិសេសនៅទីស្នាក់ការអង្គការសហប្រជាជាតិ។ ឯកឧត្តមបានតាមដានពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយជាពិសេសក៏បានឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាកន្លងមក ហើយនៅក្នុងឆ្នាំខាងមុខនេះ អង្គការ UNDP និងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៍។ ឯកឧត្តមបានបន្តទៀតថា ឯកឧត្តមពិតជាមានមោទនភាពចំពោះអ្វីដែលយើងមានជាភាពដៃគូវាងអង្គការ UNDP ជាមួយនឹងប្រទេសកម្ពុជា។ ឯកឧត្តមក៏រីករាយនៅពេលដែលឃើញកម្ពុជាជោគជ័យលើគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តមបន្តថា អ្វីដែលសំខាន់នៅពេលនេះ គឺពាក់ព័ន្ធទៅនឹងការងារបម្រែបម្រួលអាកាសធាតុ ដែលមានការលើកឡើងពីឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ។ យើងនឹងបន្តធ្វើការងារជាមួយប្រទេសកម្ពុជាជាបន្តទៀត ជាពិសេសលើវិស័យដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះ ។ 


សម្ដេចតេជោបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តម ដែលគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងចាកចេញពីប្រទេសក្រីក្រមកជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។ សម្ដេចតេជោក៏បាន មានប្រសាសន៍០៣ចំណុចសំខាន់ៗ ៖ 


១) កម្ពុជាពិតជាត្រូវការការគាំទ្រពី UNDP


២) សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចកំពុងជំរុញគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ហើយកម្ពុជាត្រូវការការគាំទ្រពី UNDP 


៣) សម្ដេចតេជោបានគូសបញ្ជាក់ពីរបញ្ហាបម្រែបំរួលអាកាសធាតុ ដោយឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ហើយក៏បានដាក់ចេញ នូវកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលចំណុចនេះក៏ត្រូវការគាំទ្រពី UNDP ផងដែរ។ 


ជាការឆ្លើយតប ឯកឧត្តម Achim Steiner បានមានប្រសាសន៍ថា ឯកឧត្តមពិតជាឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់សម្ដេចតេជោ អំពីអ្វីដែលកម្ពុជាទទួលបានជោគជ័យលើការអភិវឌ្ឍន៍កន្លងទៅនេះ។ ឯកឧត្តមក៏បានគួរបញ្ជាក់ថា អង្គការ UNDP នឹងបន្តជួយប្រទេសដែលកំពុងអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញប្បទាន ហើយធ្វើយ៉ាងណាជំរុញយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគឱ្យបានខ្ពស់បំផុត។ លើសពីនេះទៅទៀត ឯកឧត្តមក៏បានមានប្រសាសន៍បញ្ជាក់ថា ឯកឧត្តមពិតជាមានមោទនភាពចំពោះអ្វីដែលកម្ពុជាបានទទួលជោគជ័យមកដល់ពេលនេះ ហើយយើងនឹងបន្តជួយដល់កម្ពុជាក្នុងការធ្វើដំណើរទៅមុខទៀត។ ហើយទាក់ទងទៅនឹងការដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះនេះ  UNDP ពិតជារីករាយដែលកន្លងមកបានធ្វើជាដៃគូ ជាមួយនឹងកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជានោះ។ ឯកឧត្តមបានគូសបញ្ជាក់ថា យើងនឹងធ្វើឲ្យកម្ពុជា ទទួលបាននូវភាពជោគជ័យជាពិសេស លើការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបៃតងអាស៊ានវិញ  ឯកឧត្តមបានមានប្រសាសន៍ថា ចំពោះប្រទេសដែលកំពុងមានការអភិវឌ្ឍ ការងារនេះមិនមែនជាឧបសគ្គទេ ជាការងារដែលយើងត្រូវតែយកចិត្តទុកដាក់ ពិសេសក្នុងតំបន់អាស៊ានតែម្ដង។ ឯកឧត្តមបានបញ្ជាក់ទៀតថា គោលនយោបាយបៃតងនេះ អ្វីដែលយើងត្រូវធ្វើគឺការជំរុញធ្វើយ៉ាងម៉េច ឱ្យសេដ្ឋកិច្ចបៃតងនេះ ជាគន្លឹះក្នុងសេដ្ឋកិច្ចក្របខណ្ឌរួម។ នៅឱកាសនោះផងដែរ ឯកឧត្តមក៏បានរំលេចផងដែរថា អង្គការ UNDP មានបទពិសោធន៍ ក៏ដូចជាធ្វើការជាមួយបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក  ដូច្នេះ គោលនយោបាយដោយឈ្លាសវៃ និងប្រសិទ្ធភាពនេះ គឺយើងត្រូវជំរុញការងារនេះរួមគ្នា។ 


ចុងក្រោយ សម្ដេចតេជោ សង្ឃឹមថានៅពេលវេលាសមស្របណាមួយ ឯកឧត្តមនឹងបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា  ហើយនឹងបានឃើញពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ៕