Thursday, May 11, 2017

រដ្ឋមន្រ្តីក្រសួងការងារ ទទួលជួបសំដែងការគួរសម និងប្រជុំ​ពិភាក្សាការងារ​ ជាមួយលោក​ រដ្ឋមន្រ្តីក្រសួង​ធនធានមនុស្ស​ នៃប្រទេស​ម៉ាឡេស៊ី​

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសំដែងការគួរសម និងប្រជុំពិភាក្សាការងារថ្នាក់រដ្ឋមន្រ្តីលើកទី២ ជាមួយលោក Dato’ Sri Richard Riot Anak Jaem រដ្ឋមន្រ្តីក្រសួងធនធានមនុស្ស នៃប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាលើការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរស្ដីពីការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី៕










សមា​ជិកគណៈគ្រប់គ្រង​វេទិកាសេដ្ឋកិច្ច​ពិភព​លោក សរសើរថា​ការរៀបចំវេទិកា​សេដ្ឋកិច្ច​ពិភាពលោកថ្ងៃនេះ គឺបានទទួលនូវការទាក់ទាញពីអ្នកចុលរួមយ៉ាងច្រើនកុះករ ដែលកន្លងមកពុំធ្លាប់មាន

ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ លោក ហ្វីលីព រ៉ុស្លើរ (Philipp Rosler) សមាជិកគណៈគ្រប់គ្រងវេទិកាសេដ្ឋកិច្ចពិភពលោក បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ច ពិភពលោក ស្តីពីអាស៊ាន ឆ្នាំ២០១៧។

លោក ហ្វីលីព រ៉ុស្លើរ (Philipp Rosler) បានបន្ថែមថា ការរៀបចំវេទិកាថ្ងៃនេះ គឺបានទទួលនូវការទាក់ទាញពីអ្នកចុលរួមយ៉ាងច្រើនកុះករ ដែលកន្លងមក ពុំធ្លាប់មាន។ លោក ហ្វីលីព បានជំរាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា កាលពីម្សិលមិញគឺ រូបលោក បានចូលរួមវេទិកាបើកចំហរជាមួយនិស្សិតនៃសកលវិទ្យាល័យតិកណូ។ លោកផ្ទាល់បានសង្កេតឃើញ ថាយុវជនកម្ពុជាពិសេសនិស្សិតកម្ពុជាមានសក្តានុពលខ្ពស់ និងកំពុងមានការស្រេកឃ្លានយ៉ាងខ្លាំងក្នុង ការទទួលយកនូវចំណេះដឹងសម្រាប់អនាគតរបស់ពួកគេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថាការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនៅកម្ពុជាថ្ងៃនេះ នឹងផ្តល់ឱកាសដល់មន្រ្តី និងប្រជាជនកម្ពុជា ពិសេសនិស្សិតនិង យុវជន បានសិក្សារៀនសូត្រទទួលបានចំណេះដឹង និងបទពិសោធដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ចង់បាននោះគឺ ការកាត់បន្ថយគម្លាតចំណេះដឹងរវាងពលរដ្ឋ និងពលរដ្ឋក្នុងតំបន់ និងក្នុងពិភពលោកតែម្តង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណ មន្រ្តីក្រុមការងារ WEF ដែលបានសហការរៀបចំវេទិកាដ៏មាន សារៈសំខាន់នេះ។ ពិធីបើកវេទិកាជាផ្លូវការនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៧ គឺចាប់ផ្តើមនៅម៉ោង ១:៣០ នាទីរសៀលនេះ នៅសណ្ឋាគារសុខា ភ្នំពេញ៕





ប្រធាន​ក្រុមហ៊ុនអាកាស​ចរណ៍ Air Asia វាយត​ម្លៃខ្ពស់ចំ​ពោះការរៀប​ចំវេទិកាសេដ្ឋកិច្ច​ពិភព​លោក ក្នុងប្រ​ទេសកម្ពុជា ដែល​ឆ្លុះបញ្ចាំង​ពីការអភិវឌ្ឍរបស់​កម្ពុជា

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ លោក តាន់ស្រ៊ី Anthony F. Fernandees ប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia នៅសណ្ឋាគារសុខាភ្នំពេញបានវាយតម្លៃខ្ពស់ ចំពោះកម្ពុជា ដែលបានរៀបចំនូវវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍ ភាពស្រស់ថ្លា និងថាមពល ដែលកម្ពុជាកំពុងតែមានសុខសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយយ៉ាងល្អប្រសើរ ពិសេសទៅទៀតនោះ គឺយុវជនកម្ពុជាពោរពេញទៅដោយសក្តានុពលនិងមានភាពឈ្លាសវៃ ប្រកបដោយឆន្ទះខ្ពស់ដើម្បីទទួលបាននូវភាពជោគជ័យទាំងឡាយសម្រាប់អនាគតរបស់ពួកគេ។
តាមរយៈកិច្ចសន្ទនាគ្នានេះ លោកប្រធានក្រុមហ៊ុនបានសំដែងនូវភាពសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លោកតាន់ស្រ៊ី Anthony F. Fernandees ក៏បានជំរាបជូន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ី នឹងធ្វើការ ហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់ទីក្រុងព្រះសីហនុ ដោយការហោះហើរជាលើកដំបូង ដែលមានចំនួន ៤ជើងក្នុង១សប្តាហ៍។ ក្រោយរយះពេល៣ខែបន្ទាប់មកគឺនឹងមានការហោះហើរជារៀងរាល់ថ្ងៃ។ លោកប្រធានក៏បានបញ្ជាក់ផងដែរថា ឥឡូវនេះក្រុមហ៊ុនរបស់លោក កំពុងការលក់សំបុត្រនៃការហោះហើរ ត្រង់មកពីទីក្រុងកូឡាឡាំពួរមកកាន់ទីក្រុងព្រះសីហនុ ហើយរូបលោកមានជំនឿជឿជាក់ថា ការហោះហើរត្រង់នោះនឹងជួយជំរុញភ្ញៀវទេសចរណ៍មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត ជាពិសេសក្នុងរយះពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុនលោក នឹងអាចនាំភ្ញៀវទេសចរណ៍ប្រមាណ ៣លាននាក់មកកាន់ ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះការហោះហើរត្រង់ជាលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ពីទីក្រុងកូឡាឡាំពួរ មកកាន់ទីក្រុងព្រះសីហនុ។ ការហោះហើយត្រង់នេះ គឺនឹងនាំមកនូវការទាក់ទាញភ្ញៀវទេសចរណ៍ មកកាន់កម្ពុជាផង និងម៉្យាងវិញទៀត គឺនឹងផ្តល់នូវជំរើសដល់ប្រជាជនកម្ពុជា ដែលនឹងត្រូវធ្វើការហោះហើរត្រង់ ពីរាជធានីភ្នំពេញ ឬពីក្រុងព្រះសីហនុ និងទៅកាន់ទីក្រុងកូឡាឡាំពួរទៀតផង ៕


លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៤ យាងចូល ៦៥ព្រះវស្សា

នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ព្រះជន្ម៦៤ ព្រះវស្សាយាងចូល ៦៥ ព្រះវស្សារបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន និងភរិយា តាងនាមថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរឥតឧបមាចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញាណ និងព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជានុរាស្រ្ត និងកិច្ចការការបរទេសនាពេលកន្លងមក៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៤ យាងចូល ៦៥ព្រះវស្សា

នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ព្រះជន្ម៦៤ ព្រះវស្សាយាងចូល ៦៥ ព្រះវស្សារបស់ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា តាងនាមសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត អភិវន្ទសម្តែងនូវអំណរសាទរឥតឧបមា ចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ ទីឃាយុកោ ហោហិ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការប្រកបដោយកត្តញ្ញូកតវេទីតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយ ព្រះគុណធម៌ ព្រះមនុស្សធម៌ចំពោះជាតិមាតុភូមិ និងប្រជានុរាស្រ្ត និងកិច្ចការបរទេសរបស់ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការជំរុញសេដ្ឋកិច្ចសង្គមទៅកាន់ភាពរីកចម្រើនរុងរឿងជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក៕



ស្នងការនគរបាលខេត្តព្រះវិហារថ្មី ត្រូវបានប្រកាសតែងតាំង ជំនួសស្នងការចាស់ដែលចូលនិវត្តន៍

ពិធីប្រកាសជាផ្លូវការ ប្តូរ និងតែងតាំង ស្នងការនគរបាលខេត្តព្រះវិហារថ្មី ត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
លោក យិន ចំណាន ស្នងការរងនគរបាលខេត្តក្រចេះ ទទួលផែនធនធានមនុស្ស ត្រូវបានប្រកាសតែងតាំងជំនួសលោក ស៊ី គិរី ស្នងការខេត្តព្រះវិហារបច្ចុប្បន្ន ដែលត្រូវចូលនិវត្តន៍៕




អគ្គនាយកស៊ីម៉ាក់៖ កម្ពុជាកំពុងរស់នៅក្រោមម្លប់សន្តិភាព ដែលមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រជាង៥០០ឆ្នាំ

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសរសេរក្នុង Facebook ផ្លូវការរបស់លោក ដោយបានអំពាវនាវ សូមប្រជា​ពលរដ្ឋកម្ពុជាជាពិសេសយុវជន​ ត្រូវខិតខំថែរក្សាសន្តិភាព និងសែ្វងយល់ពីដើមចមនៃសង្គ្រាម​ស៊ីវិល ព្រោះប្រជាជនកម្ពុជាភាគច្រើនលើសលប់ ពិតជាបានដឹង​ បានលឺ​ និងបានឆ្លងកាត់ភ្លើងសង្គ្រាមនៅកម្ពុជា​ឆ្អែតហើយ ខណៈបច្ចុប្បន្នកំពុងបានរស់នៅក្រោមម្លប់សន្តិភាពដែលមិនធ្លាប់មាន ក្នុងប្រវតិ្តសាស្ត្រជាង៥០០ឆ្នាំរបស់កម្ពុជា​។​
ដើម្បីជាពុទ្ធិដល់ប្រជាពលរដ្ឋ និងយុវជននោះ លោក ហេង រតនា បានលើកជាឧទាហរណ៍របស់ប្រទេសនៅអាហ្រិក ដែលហែកហួរដោយសង្គ្រាមស៊ីវិល រាប់សិបឆ្នាំមកហើយ ធ្វើឲ្យប្រទេសនេះគ្មានសុខសន្តិភាពឡើយ ប្រជាពលរដ្ឋរស់នៅក្នុងសេចក្តីភ័យខ្លាចរាល់ថ្ងៃ។
លោក ហេង រតនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា សង្គ្រាមនិងចលាចលសង្គម​ នៃប្រទេសអាហ្រ្វិក៖​
ប្រជាជនកម្ពុជាភាគច្រើនលើសលប់ពិតជាបានដឹង​ បានលឺ​ និងបានឆ្លងកាត់ភ្លើងសង្គ្រាមនៅកម្ពុជា​ ហើយបច្ចុប្បន្នកំពុងបានរស់នៅក្រោមម្លប់ សន្តិភាពដែលមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រជាង៥០០ឆ្នាំរបស់កម្ពុជា​។​ នៅពេលនេះ​ បណ្តាលប្រទេសមួយចំនួននៅលើសកលលោកនេះកំពុងរស់នៅជាមួយសង្គ្រាម និងការចលាចលសង្គម​ ជាពិសេសប្រទេសនៅអាហ្រ្វិក និយាយជារួម​ និយាយដោយឡែកនៅប្រទេសអាហ្រ្វិកកណ្តាល​ដែលមន្ត្រីកងខេមរភូមិន្ទ​របស់យើងចំនួន៤នាក់បានពលី​ ហើយពួកឧទ្ទាមចំនួន៨នាក់ងាប់ និងរបួសជាច្រើននាក់ក្នុងពួនស្ទាក់ប្រយុទ្ធគ្នាមួយនោះ ប្រទេសមួយនេះមានប្រជាជនចំនួនប្រមាណតែជិត៥លាននាក់​ មានផ្ទៃដីធំជាងកម្ពុជាជាង៣ដង​ (ជាង៦០០ពាន់គីឡូម៉ែត្រក្រឡា)​។​ មានសង្គ្រាមនិងចលាចលសង្គមតាំងពីឆ្នាំ១៨៨០មកជាហូរហែរ។​ប្រទេសក្បែរខាងមានប្រទេស​ស៊ូដង់​ ប្រទេសស៊ូដង់ខាងត្បូង​ ប្រទេសឆាត​ ប្រទេសកុងហ្គូ​ ប្រទេសសាធារណរដ្ឋកុងហ្គូ​ និងប្រទេសកាមារ៉ូន​ ក្នុងចំណោមប្រទេសជាប់ដែនទាំង៦​ សុទ្ធតែជាប្រទេសកំពុងមានសង្គ្រាម​ លើកលែងតែប្រទេសកាម៉ារូនមានស្ថានភាពប្រសើរជាងគេ។ សង្គ្រាមនៅប្រទេសអាហ្រ្វិកកណ្តាលនេះបានក្លាយជាសង្គ្រាមសាសនាទៅហើយ!!!​ ពួកឧទ្វាមសាសនាអ៊ីស្លាម និងសាសនាគ្រីស្ត។​
សូមប្រជា​ពលរដ្ឋកម្ពុជាជាពិសេសយុវជន​ ត្រូវខិតខំថែរក្សាសន្តិភាព និងសែ្វងយល់ពីដើមចមនៃសង្គ្រាម​ស៊ីវិល។​ ការលើកឡើងថា​ គ្មានសម្ភារៈសឹក​ គ្មានកងទព័​ និងគ្មានមេដឹកនាំជាទាហាន​ ថាមិនអាចបង្កសង្គ្រាមបានឡើយ។​ ការអះអាងបែបនេះគ្មានមូលដ្ឋាន និងជាការបោកប្រាស់ ​ភូតភរ ព្រោះថាសង្គ្រាម គឺកើតចេញពីគោលនយោបាយ និងការដឹកនាំរបស់នរណាម្នាក់​ តាមបែបនិយមជ្រុល​ ហើយដឹកនាំធ្វើបាតុកម្ម​ កូដកម្ម​ ឧទ្ទាមកម្ម​ ភេវរកម្ម​ ទ័ពព្រៃ​ ទ័ពឈ្លបជាដើម។ល។​ ដោយចេញមកពីការញុះញង់​ បណ្តុះភាពស្អប់ខ្ពើម​ កំហឹងឈឺចាប់​ ប្រណែនឈ្នានីស​ ប្រកាន់ពូជសាសន៍​ សាសនា​ និងពិសេសគឺ​មនោគមនយោបាយបែបបរទេសនិយមជ្រុលជាដើម។ល។​
នៅប្រទេសស៊ីរី​ដើមចមសង្គ្រាមចាប់ផ្តើមសំខាន់ចោទរដ្ឋាភិបាលឈរលើមូលហេតុតែ៣គឺ​ ១-អំពើពុករលួយ​ ២-គ្មានការងារធ្វើ​ និង​ ៣-ការគាបសង្កត់សិទិ្ធសេរីភាព​ ចេញពីក្រុមយុវជនបាតុកម្ម​ រហូតមានសង្គ្រាមមកដល់ពេលនេះ​ ព្រោះថា​ មានដំបៅរុយវារោម​ និងភ្លើងពីកំទេចចំបើង​ អាចឆេះព្រៃទាំងមូលបាន!​ អ្នកឈឺចាប់ពិតប្រាកដ​ គឺប្រជាពលរដ្ឋ៕



ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី កោតសរសើរចំពោះស្ថិរភាពនយោបាយ សន្តិភាព និងគោលនយោបាយគាំទ្រអ្នកវិនិយោគរបស់កម្ពុជា

លោក លី គុនជីន (Li Qun Jin ) ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (The Asian Infrastructure Investment Bank (AIIB) បានថ្លែងកោតសរសើរចំពោះស្ថិរភាពនយោបាយ សន្តិភាព និងគោលនយោបាយគាំទ្រ អ្នកវិនិយោគរបស់កម្ពុជា។ លោក បានថ្លែងដូចនេះ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។
លោក Li Qun Jin ពេញចិត្តចំពោះស្ថិរភាពនយោបាយ សន្តិភាព និងមានគោលនយោបាយគាំទ្រអ្នកវិនិយោគ ដែលផ្តល់នូវកិច្ចគាំពារ និងទំនុកចិត្តដល់អ្នកវិនិយោគិន។ លោកបន្ថែមថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវមួយ ដែលពោរពេញទៅដោយសក្តានុពលខ្ពស់បំផុត ហើយធនាគារ AIIB គឺគាំទ្រនូវការអភិវឌ្ឍរបស់កម្ពុជា។
លោក Li Qun Jin ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលមានការរីកចម្រើនយ៉ាងឆាប់ជាទីបំផុត។ កម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍។ ការអភិវឌ្ឍន៍ដែលប្រកបដោយភាពរស់រវើក គឺពិតជាជំរុញសេដ្ឋកិច្ចឱ្យកាន់តែរីកលូតលាស់ទៅមុខដែលនឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់ល្អប្រសើរ។ លោក Li Qun Jin ក៏បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីផងដែរថា នៅពេលនេះធនាគារ AIIB មានសមាជិកចំនូន ៧០ ប្រទេសហើយ ក្នុងនោះមានទាំងសមាជិកមកពីប្រទេសតំបន់អឺរ៉ុប និងកាណាដាផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកអំពីការខិតខំទាក់ទាញវិនិយោគទុនក្នុងការជំរុញ ការអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យបានច្រើននៅក្នុងប្រទេស ក្រៅអំពីការអភិវឌ្ឍវិស័យកសិកម្ម។ កម្ពុជាត្រូវការវិនិយោគផ្នែកឧស្សាហកម្មឱ្យកាន់តែច្រើនក្នុងការពង្រឹងកំណើនសេដ្ឋកិច្ច។ កម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥- ២០២៥ ដែលកំពុងតែជំរុញនិងពង្រឹងវិស័យឧស្សាហកម្មផ្សេងៗទៀត ជាពិសេសឧស្សាហកម្មដែលមានស្រាប់រួមផ្សំគ្នា ដើម្បីធ្វើយ៉ាងណាជំរុញកម្ពុជាឱ្យរីកចម្រើនឆាប់រហ័សលឿនទៅមុខ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ធនាគារ AIIB ដែលធ្វើជាសហប្រធានក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនេះ។ លោក ក៏បានបញ្ជាក់អំពីវិស័យអាទិភាពសំខាន់ទាំងបួនរបស់កម្ពុជារួមមាន៖ ១-ការអភិវឌ្ឍធនធានមនុស្ស, ២-ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ៣-ការផ្គត់ផ្គង់និងដោះស្រាយទឹក និង ៤-វិស័យថាមពលអគ្គិសនី៕






កំពតនឹង​ក្លាយជាទី​ក្រុងលំដាប់​អន្តរជាតិ ក្រោម​គម្រោង​របស់ក្រុមហ៊ុន ​Pallas Group

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្តល់គម្រោងអភិវឌ្ឍន៍មួយ ដែលមានតម្លៃរហូតដល់ទៅ ២៣,២០ពាន់លានដុល្លារ លើគម្រោងដែលមានឈ្មោះថា “French Riviera Marina” ដើម្បីអភិវឌ្ឍន៍ខេត្តកំពត និងខេត្តកែប ដែលនៅជិតគ្នានេះឲ្យក្លាយជាតំបន់មួយ ដែលមានសក្តានុពលសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋាន ផ្សារទំនើប កំពង់ផែ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត។
លោក ឈាង សុផាន់ណា ប្រធានផ្នែកលក់អន្តរជាតិរបស់ក្រុមហ៊ុន Pallas Group បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់លោកមានគម្រោងអភិវឌ្ឍន៍នៅខេត្តកំពត និងនៅខេត្តកែប សម្រាប់ធ្វើជាតំបន់រស់នៅ តំបន់ធុរកិច្ច និងតំបន់ទេសចរណ៍ និងអគារលំហែកាយ ដូចជាស្ទូឌីយោខ្សែភាពយន្ត មជ្ឈមណ្ឌលជិះសេះជាដើម ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតហើយ កាលពីថ្ងៃទី១២ ខែតុលា ហើយការសាងសង់គម្រោងនេះគ្រោង នឹងចាប់ផ្តើមក្នុងខែមីនាឆ្នាំក្រោយ។
លោកបន្តថា ៖ «នេះជាគម្រោងទីមួយដែលមិនធ្លាប់មាន នៅប្រទេសកម្ពុជា ដែលមានទំហំធំលំដាប់អន្តរជាតិ និងសំដៅទទួលយកភ្ញៀវបរទេស មកពីគ្រប់តំបន់ជុំវិញពិភពលោក»។
យោងតាមឯកសាររបស់ក្រុមហ៊ុនបានបង្ហាញថា Pallas Group ជាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ នឹងវិនិយោគលើផ្ទៃដីចំនួន៤១៥៨ហិកតា នៅខេត្តកំពត និងមួយទៀតនៅក្នុងខេត្តកែប លើផ្ទៃដីចំនួន ១៤៤ហិកតា។ ទីរួមខេត្តកំពតមានចម្ងាយ ១៤៨គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងភ្នំពេញ រីឯខេត្តកែបមានចម្ងាយ១៧០គីឡូម៉ែត្រ ។
កញ្ញា Siriluck Choochart ប្រធានក្រុមហ៊ុន Pallas Group បានថ្លែងថា ៖ «គម្រោង “French Riviera Marina” នៅខេត្តកំពត និង Kep Marina នៅខេត្តកែប នឹងក្លាយជាគោលដៅជាអន្តរជាតិ សម្រាប់ការរស់នៅ សម្រាប់ការធ្វើធុរកិច្ច ទេសចរណ៍ និងការផលិតខ្សែភាពយន្ត។ ក្រុមហ៊ុន Pallas នឹងបង្កើតការងារជាង៥ម៉ឺនកន្លែង នៅក្នុងអំឡុងពេលសាងសង់ និងរាប់ពាន់នាក់ ក្រោយពេលការអភិវឌ្ឍធ្វើរួចរាល់»។កញ្ញាបានបន្ថែមថា  «គម្រោងនីមួយៗត្រូវបានបង្កើតឡើង ដើម្បីឲ្យស៊ីគ្នាទាំងស្រុង ជាមួយនឹងបរិស្ថាន ដោយប្រើប្រាស់មធ្យោបាយសាងសង់ទំនើប និងវត្ថុធាតុដើមកម្រិតខ្ពស់បំផុត ហើយគម្រោងទាំងនោះ នឹងក្លាយជាសំណង់ដែលល្អជាងគេបង្អស់ និងយ៉ាងប្រណិត»។
លោក ពឹង សេរី នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Angkor Real Estate ដែលបានពុះដីឡូត៍លក់ក្នុងទំហំដីជាង៤ហិកតា និងបោះទុនវិនិយោគជិត៤លានដុល្លារ ស្ថិតនៅក្នុងឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត និងលក់ដីឡូត៍សម្រាប់សាងសង់វីឡាលំហែកាយក្នុងតម្លៃ៥២០០០ដុល្លារ ក្នុងមួយឡូត៍។ លោកបានថ្លែងថា ខេត្តកំពតជាខេត្តមានសក្តានុពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ដោយសារខេត្តនេះមានទីតាំង និងបរិយាកាសល្អប្រសើរ ហើយខេត្តមួយនេះមានព្រែកធំជាងគេ ដែលហូរចាក់ទៅកាន់សមុទ្រ ធៀបជាមួយខេត្តតំបន់ឆ្នេរដទៃទៀត។ លោកបន្តថា ទីផ្សារដីឡូត៍ក្នុងខេត្តនេះមានភាពល្អប្រសើរ ដោយសារវាមានទីតាំងជាប់ក្បែរមាត់សមុទ្រ ទើបការលក់រហូតមកទល់ពេលនេះ សម្រេចបានជាង ៩០ភាគរយ។
ដោយសារមើលឃើញសក្តានុពលនេះ ទើបក្រុមហ៊ុនលោកបានសហការជាមួយដៃគូមកពីប្រទេសម៉ាឡេស៊ី បានសម្រេចបោះទុនរួមគ្នាក្នុងទឹកប្រាក់ជិត ១លានដុល្លារ ដើម្បីពុះដីឡូត៍លក់លើផ្ទៃដី៧ហិកតា កាលពីពេលថ្មីៗនេះ ហើយរហូតមកទល់ពេលនេះការលក់សម្រេចបានជាង២០ភាគរយហើយ។ ដីឡូត៍ក្នុងគម្រោងថ្មីនេះ មានតម្លៃចាប់ពី ៣៨៦១ដុល្លារឡើងទៅ។
ក្រៅពីគម្រោងដ៏ធំខាងលើរបស់ក្រុមហ៊ុន Pallas Group លោកឧកញ៉ា ទ្រី ភាព ក៏បាននិងកំពុងចាប់ផ្តើមសាងសង់កំពង់ផែលំដាប់អន្តរជាតិមួយ នៅខេត្តនេះផងដែរ ពិសេសអាជ្ញាធរខេត្តកំពត និងក្រសួងទេសចរណ៍ ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី បាននឹងកំពុងសាងសង់ផែទេសចរណ៍មួយ ក្នុងតម្លៃ ១០លានដុល្លារនៅតំបន់មួយដែលមានឈ្មោះថា ត្រើយកោះ ដើម្បីទាក់ទាញ និងផ្លាស់ប្តូរភ្ញៀវទេសចររវាងកម្ពុជា-វៀតណាម និងប្រទេសថៃផងដែរ។
លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានថ្លែងឲ្យដឹងថា គម្រោងវិនិយោគដ៏ធំរបស់ក្រុមហ៊ុន Pallas Group មិនទាន់បានចាប់ផ្តើមនៅឡើយទេ គឺក្រុមហ៊ុនស្ថិតក្នុងដំណាក់កាលសិក្សាលម្អិតនៅឡើយទេ។
លោកបានបន្តថា គម្រោងនេះស្ថិតនៅក្នុងឃុំពីរ គឺឃុំជុំក្រៀល និងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ មានចម្ងាយ១០គីឡូម៉ែត្រពីក្រុងកំពត និងមួយផ្នែកស្ថិតនៅក្នុងទឹកដីខេត្តកែប។
លោក ចាន់ ចេស្តា បានបញ្ជាក់ឲ្យដឹងថា គម្រោងរបស់ក្រុមហ៊ុនខាងលើនេះស្ថិតនៅតាមបណ្តោយមាត់សមុទ្រពីខេត្តកំពតទៅកាន់ខេត្តកែប ហើយទស្សនទាននៃការអភិវឌ្ឍនេះមិនធ្វើការចាក់ដីលុបសមុទ្រនោះទេ ផ្ទុយទៅវិញគឺក្រុមហ៊ុនកាយដីពីក្នុងសមុទ្រយកមកធ្វើជាកោះសិប្បនិម្មិត ដែលអាចព្រួញមួយបាញ់បានសត្វពីរ គឺអភិវឌ្ឍផង និងអភិរក្សផង។
លោកបន្តថា ៖ «ប្រសិនជាគម្រោងនេះធ្វើតាមផែនការ យើងអបអរសាទរ ព្រោះគម្រោងនេះនឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាខេត្តនេះ ហើយខ្ញុំអំពាវនាវឲ្យក្រុមហ៊ុនឯកជនចូលរួមអភិវឌ្ឍសណ្ឋាគារ ផ្ទះសំណាក់ក្នុងខេត្តឲ្យបានច្រើនថែម ទៀត»។ លោកបន្តថា ៖ «អ្វីដែលអាជ្ញាធរខេត្តប្រឹងប្រែងនាពេលនេះគឺខំអភិវឌ្ឍតាមធនធាន ដែលយើងមានស្រាប់សិន»។
លោកបន្តថា អាជ្ញាធរខេត្តក៏មានគម្រោងអភិវឌ្ឍ ដោយធ្វើការសហការជាមួយក្រសួងទេសចរណ៍លើផ្ទៃដីជាង២០០ហិកតា ដើម្បីកសាងតំបន់ទេសចរណ៍ថ្មីនៅតំបន់មួយដែលមានឈ្មោះថាកំពតថ្មី។ គម្រោងនេះ បានឆ្លងគណៈកម្មាធិការឆ្នេររួចហើយ ប៉ុន្តែពេលនេះខេត្តនឹងសិក្សា ជាមួយគម្រោងអភិវឌ្ឍន៍នេះថា តើអាចសហការគ្នាបានយ៉ាងដូចម្តេច។
ខេត្តកំពតមានស្រុកចំនួន៧និងក្រុង១ ដូចជា ស្រុកកំពត ទឹកឈូ ជុំគិរី ដងទង់ កំពង់ត្រាច អង្គរជ័យ បន្ទាយមាសនិងក្រុងកំពតដែលមានប្រជាពលរដ្ឋរស់នៅសរុបចំនួនជាង៦០ម៉ឺននាក់។ ដោយឡែកក្រុងកំពត មានប្រជាពលរដ្ឋរស់នៅជាង ៧ម៉ឺននាក់៕



លោកនាយករដ្ឋមន្រ្តីឡាវ៖ កម្ពុជាកំពុងមានការរីកចម្រើនជាពិសេស ទីក្រុងភ្នំពេញពោរពេញដោយអគារខ្ពស់ៗជាច្រើនដែលបញ្ជាក់ពីការរីកចម្រើនទៅមុខរបស់កម្ពុជា

នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តីឡាវ Thongloun SISOULITH បានលើកឡើងថា កម្ពុជាកំពុងមានការរីកចម្រើនជាពិសេសទីក្រុងភ្នំពេញពោរពេញដោយអគារខ្ពស់ៗជាច្រើនដែលបញ្ជាក់ពីការរីកចម្រើនទៅមុខរបស់កម្ពុជា។ លោក បានលើកឡើងដូចនេះ ក្នុងឱកាសចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព ។
លោក Thongloun SISOULITH នាយករដ្ឋមន្រ្តីឡាវ បានជម្រាបថា លោកបានមើលពីលើយន្តហោះបានឃើញ កម្ពុជារីកចម្រើន ជាពិសេសទីក្រុងភ្នំពេញពោរពេញដោយអគារខ្ពស់ៗជាច្រើន ដែលបញ្ជាក់ពីការរីក ចម្រើនទៅមុខរបស់កម្ពុជា។ លោក Thongloun SISOULITH បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអញ្ជើញលោកមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន (World Economic Forum on ASEAN) នៅកម្ពុជា។ លោកនាយករដ្ឋមន្រ្តីបានអបអរសាទរចំពោះកម្ពុជា ក្នុងការរៀបចំវេទិកាកម្រិតពិភពលោកនេះ ហើយលោកជឿជាក់ថានឹងទទួលបានជោគជ័យនៅក្រោមការដឹកនាំរបស់លោកហ៊ុន សែន។
លោក Thongloun SISOULITH ក៏បានលើកឡើងពីការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានកិច្ចសហប្រតិបត្តិការគ្នាល្អជាបងប្អូន ហើយអ្វីដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានព្រមព្រៀងនិង បានចុះហត្ថលេខារួចហើយ គឺការងារទាំងនោះកំពុងតែដំណើរការទៅមុខ ប្រសិនបើមានកិច្ចការណាដែលមិនទាន់ដំណើរការ គឺភាគីទាំងពីរនឹងពិនិត្យមើលឡើងវិញឱ្យបានឆាប់។ កន្លងមកមានពាក្យចរចាមអារាមពីការប៉ះពាល់គ្នារវាងកម្ពុជានិងឡាវ នៅតំបន់ព្រំដែន។ នេះគឺគ្រាន់តែជាពាក្យចរចាមអារាមប៉ុណ្ណោះ។
កម្ពុជា និងឡាវកំពុងតែសហការគ្នាយ៉ាងល្អ គឺគណៈកម្មការព្រំដែននៃប្រទេសទាំងពីរកំពុងតែជួបជុំពិភាក្សាការងារ ហើយថ្នាក់ដឹកនាំទាំងពីរ នៅពេលនេះក៏កំពុងតែព្រមព្រៀងគ្នា ជំរុញការងារដែលសេសសល់ ដែលបានព្រមព្រៀងគ្នាហើយនោះ គឺធ្វើយ៉ាងណាឱ្យមានការវិវឌ្ឍន៍ទៅមុខថែមទៀត ព្រមទាំងកំពុងជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ នៅតំបន់ព្រំដែនកម្ពុជា-ឡាវឱ្យឆាប់និងកាន់តែលឿនផងដែរ៕