Thursday, May 11, 2017

ប្រធាន​ក្រុមហ៊ុនអាកាស​ចរណ៍ Air Asia វាយត​ម្លៃខ្ពស់ចំ​ពោះការរៀប​ចំវេទិកាសេដ្ឋកិច្ច​ពិភព​លោក ក្នុងប្រ​ទេសកម្ពុជា ដែល​ឆ្លុះបញ្ចាំង​ពីការអភិវឌ្ឍរបស់​កម្ពុជា

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ លោក តាន់ស្រ៊ី Anthony F. Fernandees ប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia នៅសណ្ឋាគារសុខាភ្នំពេញបានវាយតម្លៃខ្ពស់ ចំពោះកម្ពុជា ដែលបានរៀបចំនូវវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍ ភាពស្រស់ថ្លា និងថាមពល ដែលកម្ពុជាកំពុងតែមានសុខសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយយ៉ាងល្អប្រសើរ ពិសេសទៅទៀតនោះ គឺយុវជនកម្ពុជាពោរពេញទៅដោយសក្តានុពលនិងមានភាពឈ្លាសវៃ ប្រកបដោយឆន្ទះខ្ពស់ដើម្បីទទួលបាននូវភាពជោគជ័យទាំងឡាយសម្រាប់អនាគតរបស់ពួកគេ។
តាមរយៈកិច្ចសន្ទនាគ្នានេះ លោកប្រធានក្រុមហ៊ុនបានសំដែងនូវភាពសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លោកតាន់ស្រ៊ី Anthony F. Fernandees ក៏បានជំរាបជូន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ី នឹងធ្វើការ ហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់ទីក្រុងព្រះសីហនុ ដោយការហោះហើរជាលើកដំបូង ដែលមានចំនួន ៤ជើងក្នុង១សប្តាហ៍។ ក្រោយរយះពេល៣ខែបន្ទាប់មកគឺនឹងមានការហោះហើរជារៀងរាល់ថ្ងៃ។ លោកប្រធានក៏បានបញ្ជាក់ផងដែរថា ឥឡូវនេះក្រុមហ៊ុនរបស់លោក កំពុងការលក់សំបុត្រនៃការហោះហើរ ត្រង់មកពីទីក្រុងកូឡាឡាំពួរមកកាន់ទីក្រុងព្រះសីហនុ ហើយរូបលោកមានជំនឿជឿជាក់ថា ការហោះហើរត្រង់នោះនឹងជួយជំរុញភ្ញៀវទេសចរណ៍មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត ជាពិសេសក្នុងរយះពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុនលោក នឹងអាចនាំភ្ញៀវទេសចរណ៍ប្រមាណ ៣លាននាក់មកកាន់ ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះការហោះហើរត្រង់ជាលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ពីទីក្រុងកូឡាឡាំពួរ មកកាន់ទីក្រុងព្រះសីហនុ។ ការហោះហើយត្រង់នេះ គឺនឹងនាំមកនូវការទាក់ទាញភ្ញៀវទេសចរណ៍ មកកាន់កម្ពុជាផង និងម៉្យាងវិញទៀត គឺនឹងផ្តល់នូវជំរើសដល់ប្រជាជនកម្ពុជា ដែលនឹងត្រូវធ្វើការហោះហើរត្រង់ ពីរាជធានីភ្នំពេញ ឬពីក្រុងព្រះសីហនុ និងទៅកាន់ទីក្រុងកូឡាឡាំពួរទៀតផង ៕


No comments:

Post a Comment