Thursday, May 11, 2017

អគ្គនាយកស៊ីម៉ាក់៖ កម្ពុជាកំពុងរស់នៅក្រោមម្លប់សន្តិភាព ដែលមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រជាង៥០០ឆ្នាំ

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសរសេរក្នុង Facebook ផ្លូវការរបស់លោក ដោយបានអំពាវនាវ សូមប្រជា​ពលរដ្ឋកម្ពុជាជាពិសេសយុវជន​ ត្រូវខិតខំថែរក្សាសន្តិភាព និងសែ្វងយល់ពីដើមចមនៃសង្គ្រាម​ស៊ីវិល ព្រោះប្រជាជនកម្ពុជាភាគច្រើនលើសលប់ ពិតជាបានដឹង​ បានលឺ​ និងបានឆ្លងកាត់ភ្លើងសង្គ្រាមនៅកម្ពុជា​ឆ្អែតហើយ ខណៈបច្ចុប្បន្នកំពុងបានរស់នៅក្រោមម្លប់សន្តិភាពដែលមិនធ្លាប់មាន ក្នុងប្រវតិ្តសាស្ត្រជាង៥០០ឆ្នាំរបស់កម្ពុជា​។​
ដើម្បីជាពុទ្ធិដល់ប្រជាពលរដ្ឋ និងយុវជននោះ លោក ហេង រតនា បានលើកជាឧទាហរណ៍របស់ប្រទេសនៅអាហ្រិក ដែលហែកហួរដោយសង្គ្រាមស៊ីវិល រាប់សិបឆ្នាំមកហើយ ធ្វើឲ្យប្រទេសនេះគ្មានសុខសន្តិភាពឡើយ ប្រជាពលរដ្ឋរស់នៅក្នុងសេចក្តីភ័យខ្លាចរាល់ថ្ងៃ។
លោក ហេង រតនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា សង្គ្រាមនិងចលាចលសង្គម​ នៃប្រទេសអាហ្រ្វិក៖​
ប្រជាជនកម្ពុជាភាគច្រើនលើសលប់ពិតជាបានដឹង​ បានលឺ​ និងបានឆ្លងកាត់ភ្លើងសង្គ្រាមនៅកម្ពុជា​ ហើយបច្ចុប្បន្នកំពុងបានរស់នៅក្រោមម្លប់ សន្តិភាពដែលមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រជាង៥០០ឆ្នាំរបស់កម្ពុជា​។​ នៅពេលនេះ​ បណ្តាលប្រទេសមួយចំនួននៅលើសកលលោកនេះកំពុងរស់នៅជាមួយសង្គ្រាម និងការចលាចលសង្គម​ ជាពិសេសប្រទេសនៅអាហ្រ្វិក និយាយជារួម​ និយាយដោយឡែកនៅប្រទេសអាហ្រ្វិកកណ្តាល​ដែលមន្ត្រីកងខេមរភូមិន្ទ​របស់យើងចំនួន៤នាក់បានពលី​ ហើយពួកឧទ្ទាមចំនួន៨នាក់ងាប់ និងរបួសជាច្រើននាក់ក្នុងពួនស្ទាក់ប្រយុទ្ធគ្នាមួយនោះ ប្រទេសមួយនេះមានប្រជាជនចំនួនប្រមាណតែជិត៥លាននាក់​ មានផ្ទៃដីធំជាងកម្ពុជាជាង៣ដង​ (ជាង៦០០ពាន់គីឡូម៉ែត្រក្រឡា)​។​ មានសង្គ្រាមនិងចលាចលសង្គមតាំងពីឆ្នាំ១៨៨០មកជាហូរហែរ។​ប្រទេសក្បែរខាងមានប្រទេស​ស៊ូដង់​ ប្រទេសស៊ូដង់ខាងត្បូង​ ប្រទេសឆាត​ ប្រទេសកុងហ្គូ​ ប្រទេសសាធារណរដ្ឋកុងហ្គូ​ និងប្រទេសកាមារ៉ូន​ ក្នុងចំណោមប្រទេសជាប់ដែនទាំង៦​ សុទ្ធតែជាប្រទេសកំពុងមានសង្គ្រាម​ លើកលែងតែប្រទេសកាម៉ារូនមានស្ថានភាពប្រសើរជាងគេ។ សង្គ្រាមនៅប្រទេសអាហ្រ្វិកកណ្តាលនេះបានក្លាយជាសង្គ្រាមសាសនាទៅហើយ!!!​ ពួកឧទ្វាមសាសនាអ៊ីស្លាម និងសាសនាគ្រីស្ត។​
សូមប្រជា​ពលរដ្ឋកម្ពុជាជាពិសេសយុវជន​ ត្រូវខិតខំថែរក្សាសន្តិភាព និងសែ្វងយល់ពីដើមចមនៃសង្គ្រាម​ស៊ីវិល។​ ការលើកឡើងថា​ គ្មានសម្ភារៈសឹក​ គ្មានកងទព័​ និងគ្មានមេដឹកនាំជាទាហាន​ ថាមិនអាចបង្កសង្គ្រាមបានឡើយ។​ ការអះអាងបែបនេះគ្មានមូលដ្ឋាន និងជាការបោកប្រាស់ ​ភូតភរ ព្រោះថាសង្គ្រាម គឺកើតចេញពីគោលនយោបាយ និងការដឹកនាំរបស់នរណាម្នាក់​ តាមបែបនិយមជ្រុល​ ហើយដឹកនាំធ្វើបាតុកម្ម​ កូដកម្ម​ ឧទ្ទាមកម្ម​ ភេវរកម្ម​ ទ័ពព្រៃ​ ទ័ពឈ្លបជាដើម។ល។​ ដោយចេញមកពីការញុះញង់​ បណ្តុះភាពស្អប់ខ្ពើម​ កំហឹងឈឺចាប់​ ប្រណែនឈ្នានីស​ ប្រកាន់ពូជសាសន៍​ សាសនា​ និងពិសេសគឺ​មនោគមនយោបាយបែបបរទេសនិយមជ្រុលជាដើម។ល។​
នៅប្រទេសស៊ីរី​ដើមចមសង្គ្រាមចាប់ផ្តើមសំខាន់ចោទរដ្ឋាភិបាលឈរលើមូលហេតុតែ៣គឺ​ ១-អំពើពុករលួយ​ ២-គ្មានការងារធ្វើ​ និង​ ៣-ការគាបសង្កត់សិទិ្ធសេរីភាព​ ចេញពីក្រុមយុវជនបាតុកម្ម​ រហូតមានសង្គ្រាមមកដល់ពេលនេះ​ ព្រោះថា​ មានដំបៅរុយវារោម​ និងភ្លើងពីកំទេចចំបើង​ អាចឆេះព្រៃទាំងមូលបាន!​ អ្នកឈឺចាប់ពិតប្រាកដ​ គឺប្រជាពលរដ្ឋ៕



No comments:

Post a Comment