Thursday, May 11, 2017

កំពតនឹង​ក្លាយជាទី​ក្រុងលំដាប់​អន្តរជាតិ ក្រោម​គម្រោង​របស់ក្រុមហ៊ុន ​Pallas Group

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្តល់គម្រោងអភិវឌ្ឍន៍មួយ ដែលមានតម្លៃរហូតដល់ទៅ ២៣,២០ពាន់លានដុល្លារ លើគម្រោងដែលមានឈ្មោះថា “French Riviera Marina” ដើម្បីអភិវឌ្ឍន៍ខេត្តកំពត និងខេត្តកែប ដែលនៅជិតគ្នានេះឲ្យក្លាយជាតំបន់មួយ ដែលមានសក្តានុពលសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋាន ផ្សារទំនើប កំពង់ផែ និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត។
លោក ឈាង សុផាន់ណា ប្រធានផ្នែកលក់អន្តរជាតិរបស់ក្រុមហ៊ុន Pallas Group បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់លោកមានគម្រោងអភិវឌ្ឍន៍នៅខេត្តកំពត និងនៅខេត្តកែប សម្រាប់ធ្វើជាតំបន់រស់នៅ តំបន់ធុរកិច្ច និងតំបន់ទេសចរណ៍ និងអគារលំហែកាយ ដូចជាស្ទូឌីយោខ្សែភាពយន្ត មជ្ឈមណ្ឌលជិះសេះជាដើម ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតហើយ កាលពីថ្ងៃទី១២ ខែតុលា ហើយការសាងសង់គម្រោងនេះគ្រោង នឹងចាប់ផ្តើមក្នុងខែមីនាឆ្នាំក្រោយ។
លោកបន្តថា ៖ «នេះជាគម្រោងទីមួយដែលមិនធ្លាប់មាន នៅប្រទេសកម្ពុជា ដែលមានទំហំធំលំដាប់អន្តរជាតិ និងសំដៅទទួលយកភ្ញៀវបរទេស មកពីគ្រប់តំបន់ជុំវិញពិភពលោក»។
យោងតាមឯកសាររបស់ក្រុមហ៊ុនបានបង្ហាញថា Pallas Group ជាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ នឹងវិនិយោគលើផ្ទៃដីចំនួន៤១៥៨ហិកតា នៅខេត្តកំពត និងមួយទៀតនៅក្នុងខេត្តកែប លើផ្ទៃដីចំនួន ១៤៤ហិកតា។ ទីរួមខេត្តកំពតមានចម្ងាយ ១៤៨គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងភ្នំពេញ រីឯខេត្តកែបមានចម្ងាយ១៧០គីឡូម៉ែត្រ ។
កញ្ញា Siriluck Choochart ប្រធានក្រុមហ៊ុន Pallas Group បានថ្លែងថា ៖ «គម្រោង “French Riviera Marina” នៅខេត្តកំពត និង Kep Marina នៅខេត្តកែប នឹងក្លាយជាគោលដៅជាអន្តរជាតិ សម្រាប់ការរស់នៅ សម្រាប់ការធ្វើធុរកិច្ច ទេសចរណ៍ និងការផលិតខ្សែភាពយន្ត។ ក្រុមហ៊ុន Pallas នឹងបង្កើតការងារជាង៥ម៉ឺនកន្លែង នៅក្នុងអំឡុងពេលសាងសង់ និងរាប់ពាន់នាក់ ក្រោយពេលការអភិវឌ្ឍធ្វើរួចរាល់»។កញ្ញាបានបន្ថែមថា  «គម្រោងនីមួយៗត្រូវបានបង្កើតឡើង ដើម្បីឲ្យស៊ីគ្នាទាំងស្រុង ជាមួយនឹងបរិស្ថាន ដោយប្រើប្រាស់មធ្យោបាយសាងសង់ទំនើប និងវត្ថុធាតុដើមកម្រិតខ្ពស់បំផុត ហើយគម្រោងទាំងនោះ នឹងក្លាយជាសំណង់ដែលល្អជាងគេបង្អស់ និងយ៉ាងប្រណិត»។
លោក ពឹង សេរី នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Angkor Real Estate ដែលបានពុះដីឡូត៍លក់ក្នុងទំហំដីជាង៤ហិកតា និងបោះទុនវិនិយោគជិត៤លានដុល្លារ ស្ថិតនៅក្នុងឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត និងលក់ដីឡូត៍សម្រាប់សាងសង់វីឡាលំហែកាយក្នុងតម្លៃ៥២០០០ដុល្លារ ក្នុងមួយឡូត៍។ លោកបានថ្លែងថា ខេត្តកំពតជាខេត្តមានសក្តានុពលយ៉ាងខ្លាំងលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ដោយសារខេត្តនេះមានទីតាំង និងបរិយាកាសល្អប្រសើរ ហើយខេត្តមួយនេះមានព្រែកធំជាងគេ ដែលហូរចាក់ទៅកាន់សមុទ្រ ធៀបជាមួយខេត្តតំបន់ឆ្នេរដទៃទៀត។ លោកបន្តថា ទីផ្សារដីឡូត៍ក្នុងខេត្តនេះមានភាពល្អប្រសើរ ដោយសារវាមានទីតាំងជាប់ក្បែរមាត់សមុទ្រ ទើបការលក់រហូតមកទល់ពេលនេះ សម្រេចបានជាង ៩០ភាគរយ។
ដោយសារមើលឃើញសក្តានុពលនេះ ទើបក្រុមហ៊ុនលោកបានសហការជាមួយដៃគូមកពីប្រទេសម៉ាឡេស៊ី បានសម្រេចបោះទុនរួមគ្នាក្នុងទឹកប្រាក់ជិត ១លានដុល្លារ ដើម្បីពុះដីឡូត៍លក់លើផ្ទៃដី៧ហិកតា កាលពីពេលថ្មីៗនេះ ហើយរហូតមកទល់ពេលនេះការលក់សម្រេចបានជាង២០ភាគរយហើយ។ ដីឡូត៍ក្នុងគម្រោងថ្មីនេះ មានតម្លៃចាប់ពី ៣៨៦១ដុល្លារឡើងទៅ។
ក្រៅពីគម្រោងដ៏ធំខាងលើរបស់ក្រុមហ៊ុន Pallas Group លោកឧកញ៉ា ទ្រី ភាព ក៏បាននិងកំពុងចាប់ផ្តើមសាងសង់កំពង់ផែលំដាប់អន្តរជាតិមួយ នៅខេត្តនេះផងដែរ ពិសេសអាជ្ញាធរខេត្តកំពត និងក្រសួងទេសចរណ៍ ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី បាននឹងកំពុងសាងសង់ផែទេសចរណ៍មួយ ក្នុងតម្លៃ ១០លានដុល្លារនៅតំបន់មួយដែលមានឈ្មោះថា ត្រើយកោះ ដើម្បីទាក់ទាញ និងផ្លាស់ប្តូរភ្ញៀវទេសចររវាងកម្ពុជា-វៀតណាម និងប្រទេសថៃផងដែរ។
លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានថ្លែងឲ្យដឹងថា គម្រោងវិនិយោគដ៏ធំរបស់ក្រុមហ៊ុន Pallas Group មិនទាន់បានចាប់ផ្តើមនៅឡើយទេ គឺក្រុមហ៊ុនស្ថិតក្នុងដំណាក់កាលសិក្សាលម្អិតនៅឡើយទេ។
លោកបានបន្តថា គម្រោងនេះស្ថិតនៅក្នុងឃុំពីរ គឺឃុំជុំក្រៀល និងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ មានចម្ងាយ១០គីឡូម៉ែត្រពីក្រុងកំពត និងមួយផ្នែកស្ថិតនៅក្នុងទឹកដីខេត្តកែប។
លោក ចាន់ ចេស្តា បានបញ្ជាក់ឲ្យដឹងថា គម្រោងរបស់ក្រុមហ៊ុនខាងលើនេះស្ថិតនៅតាមបណ្តោយមាត់សមុទ្រពីខេត្តកំពតទៅកាន់ខេត្តកែប ហើយទស្សនទាននៃការអភិវឌ្ឍនេះមិនធ្វើការចាក់ដីលុបសមុទ្រនោះទេ ផ្ទុយទៅវិញគឺក្រុមហ៊ុនកាយដីពីក្នុងសមុទ្រយកមកធ្វើជាកោះសិប្បនិម្មិត ដែលអាចព្រួញមួយបាញ់បានសត្វពីរ គឺអភិវឌ្ឍផង និងអភិរក្សផង។
លោកបន្តថា ៖ «ប្រសិនជាគម្រោងនេះធ្វើតាមផែនការ យើងអបអរសាទរ ព្រោះគម្រោងនេះនឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាខេត្តនេះ ហើយខ្ញុំអំពាវនាវឲ្យក្រុមហ៊ុនឯកជនចូលរួមអភិវឌ្ឍសណ្ឋាគារ ផ្ទះសំណាក់ក្នុងខេត្តឲ្យបានច្រើនថែម ទៀត»។ លោកបន្តថា ៖ «អ្វីដែលអាជ្ញាធរខេត្តប្រឹងប្រែងនាពេលនេះគឺខំអភិវឌ្ឍតាមធនធាន ដែលយើងមានស្រាប់សិន»។
លោកបន្តថា អាជ្ញាធរខេត្តក៏មានគម្រោងអភិវឌ្ឍ ដោយធ្វើការសហការជាមួយក្រសួងទេសចរណ៍លើផ្ទៃដីជាង២០០ហិកតា ដើម្បីកសាងតំបន់ទេសចរណ៍ថ្មីនៅតំបន់មួយដែលមានឈ្មោះថាកំពតថ្មី។ គម្រោងនេះ បានឆ្លងគណៈកម្មាធិការឆ្នេររួចហើយ ប៉ុន្តែពេលនេះខេត្តនឹងសិក្សា ជាមួយគម្រោងអភិវឌ្ឍន៍នេះថា តើអាចសហការគ្នាបានយ៉ាងដូចម្តេច។
ខេត្តកំពតមានស្រុកចំនួន៧និងក្រុង១ ដូចជា ស្រុកកំពត ទឹកឈូ ជុំគិរី ដងទង់ កំពង់ត្រាច អង្គរជ័យ បន្ទាយមាសនិងក្រុងកំពតដែលមានប្រជាពលរដ្ឋរស់នៅសរុបចំនួនជាង៦០ម៉ឺននាក់។ ដោយឡែកក្រុងកំពត មានប្រជាពលរដ្ឋរស់នៅជាង ៧ម៉ឺននាក់៕



No comments:

Post a Comment