Thursday, May 11, 2017

លោកនាយករដ្ឋមន្រ្តីឡាវ៖ កម្ពុជាកំពុងមានការរីកចម្រើនជាពិសេស ទីក្រុងភ្នំពេញពោរពេញដោយអគារខ្ពស់ៗជាច្រើនដែលបញ្ជាក់ពីការរីកចម្រើនទៅមុខរបស់កម្ពុជា

នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តីឡាវ Thongloun SISOULITH បានលើកឡើងថា កម្ពុជាកំពុងមានការរីកចម្រើនជាពិសេសទីក្រុងភ្នំពេញពោរពេញដោយអគារខ្ពស់ៗជាច្រើនដែលបញ្ជាក់ពីការរីកចម្រើនទៅមុខរបស់កម្ពុជា។ លោក បានលើកឡើងដូចនេះ ក្នុងឱកាសចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព ។
លោក Thongloun SISOULITH នាយករដ្ឋមន្រ្តីឡាវ បានជម្រាបថា លោកបានមើលពីលើយន្តហោះបានឃើញ កម្ពុជារីកចម្រើន ជាពិសេសទីក្រុងភ្នំពេញពោរពេញដោយអគារខ្ពស់ៗជាច្រើន ដែលបញ្ជាក់ពីការរីក ចម្រើនទៅមុខរបស់កម្ពុជា។ លោក Thongloun SISOULITH បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអញ្ជើញលោកមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន (World Economic Forum on ASEAN) នៅកម្ពុជា។ លោកនាយករដ្ឋមន្រ្តីបានអបអរសាទរចំពោះកម្ពុជា ក្នុងការរៀបចំវេទិកាកម្រិតពិភពលោកនេះ ហើយលោកជឿជាក់ថានឹងទទួលបានជោគជ័យនៅក្រោមការដឹកនាំរបស់លោកហ៊ុន សែន។
លោក Thongloun SISOULITH ក៏បានលើកឡើងពីការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានកិច្ចសហប្រតិបត្តិការគ្នាល្អជាបងប្អូន ហើយអ្វីដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានព្រមព្រៀងនិង បានចុះហត្ថលេខារួចហើយ គឺការងារទាំងនោះកំពុងតែដំណើរការទៅមុខ ប្រសិនបើមានកិច្ចការណាដែលមិនទាន់ដំណើរការ គឺភាគីទាំងពីរនឹងពិនិត្យមើលឡើងវិញឱ្យបានឆាប់។ កន្លងមកមានពាក្យចរចាមអារាមពីការប៉ះពាល់គ្នារវាងកម្ពុជានិងឡាវ នៅតំបន់ព្រំដែន។ នេះគឺគ្រាន់តែជាពាក្យចរចាមអារាមប៉ុណ្ណោះ។
កម្ពុជា និងឡាវកំពុងតែសហការគ្នាយ៉ាងល្អ គឺគណៈកម្មការព្រំដែននៃប្រទេសទាំងពីរកំពុងតែជួបជុំពិភាក្សាការងារ ហើយថ្នាក់ដឹកនាំទាំងពីរ នៅពេលនេះក៏កំពុងតែព្រមព្រៀងគ្នា ជំរុញការងារដែលសេសសល់ ដែលបានព្រមព្រៀងគ្នាហើយនោះ គឺធ្វើយ៉ាងណាឱ្យមានការវិវឌ្ឍន៍ទៅមុខថែមទៀត ព្រមទាំងកំពុងជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ នៅតំបន់ព្រំដែនកម្ពុជា-ឡាវឱ្យឆាប់និងកាន់តែលឿនផងដែរ៕



No comments:

Post a Comment