Tuesday, May 09, 2017

ក្រសួងមហា​ផ្ទៃរកឃើញផលិត​ផលគ្រឿងសំ​អាងក្លែង​ក្លាយជាង៦៨​តោន​

ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានជំរុញឲ្យក្រុមមន្រ្តីជំនាញត្រូវពង្រឹងក្នុងការទប់ស្កាត់បន្ថែម ដើម្បីកុំឲ្យទីផ្សារកម្ពុជាក្លាយទៅជាកន្លែងធុងសំរាម សម្រាប់នាំចូលនូវផលិតផលក្លែងក្លាយ និងរបស់របរខូចគុណភាពចរាចណ៍នៅលើទីផ្សារ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការចុះបង្ក្រាបផលិតផលក្លែងក្លាយ និងផលិតផលខុសច្បាប់នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ លោក មៀច សុផាត់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា មន្រ្តីជំនាញត្រូវចាត់វិធានការឲ្យបានតឹងរឹងកុំឲ្យជនខិលខួចលួចបន្លំយកផលិតផលក្លែងក្លាយមកលក់បានឲ្យសោះ។
ការបញ្ជាឲ្យមន្ត្រីក្រោមឱវាទបង្កើនការទប់ស្កាត់ការនាំចូលផលិតផលគ្រឿងសំអាងក្លែងក្លាយនេះ ធ្វើឡើយបន្ទាប់ពីសមត្ថកិច្ចជំនាញបានរកឃើញនិងរឹមអូសបាននូវផលិតផលគ្រឿងសំអាងក្លែងក្លាយប្រមាណជាង ៦៨តោន កំពុងលក់នៅលើទីផ្សាកម្ពុជាដែលមានតម្លៃរាប់លានដុល្លារ ។

លោកបន្តថា មន្ត្រីពាក់ព័ន្ធត្រូវសហកាគ្នាដើម្បីចាប់ជនល្មើសយកទៅផ្តន្ទាទោស តាមផ្លូវច្បាប់នៅពេលដែលរកឃើញថា បានប្រព្រឹត្តបទល្មើសនាំចូលផលិតផលក្លែងក្លាយមកលក់លើទីផ្សារកម្ពុជា។
ជាមួយគ្នានោះដែរអ្នកពាក់ព័ន្ធទាំងអស់រួមទាំងប្រជាពលរដ្ឋ ប្រសិនបើមានកន្លែងណាមានលក់របស់ក្លែងក្លាយ ត្រូវរាយការណ៍មកគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីចាត់វិធានការភ្លាមៗក្នុងការទប់ស្កាត់ ដើម្បីការពារផលប្រយោជន៍សាធារណៈ និងការពារសុខភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ផលិតផលក្លែងក្លាយ ដែលរឹបអូសបានទាំងអស់នេះ បើសិនជាប្រជាពលរដ្ឋយកទៅប្រើប្រាស់ ធ្វើឲ្យស្បែកក្លាយទៅជា រលាក រលួយ កើតមហារីក និងអាចធ្វើកើតជាជំងឺផ្សេងៗទៀត៕





No comments:

Post a Comment