Tuesday, May 09, 2017

កម្ពុជា-ចិន បង្កើន​កិច្ចសហប្រតិបត្តិការវិ​ស័យថាម​ពល​អគ្គិ​សនី ក្រោម​យុទ្ធសាស្ត្រ « ខ្សែ​ក្រវាត់មួយ ផ្លូវមួយ»​

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល យល់ឃើញថា កិច្ចសហប្រតិបត្តិការខាងវិស័យថាមពលអគ្គិសនី ក្នុងក្របខណ្ឌគោលនយោបាយ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ពិតជា ទទួល ជោគជ័យល្អសម្រាប់កម្ពុជា ដោយសារតែធ្វើឲ្យកម្ពុជាមានអគ្គិសនីប្រើប្រាស់ច្រើនជាងមុន នៅតាមតំបន់ជនបទ មិនមានភ្លើងប្រើប្រាស់ទេ សូម្បីតែនៅជាយរាជធានីភ្នំពេញ ក៏មិនមានភ្លើងប្រើប្រាស់ដែរ ប៉ុន្តែពេលនេះ សូម្បីតែក្នុងភូមិ ឃុំតាមផ្លូវ ក៏មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។

លោកបញ្ជាក់ទៀតថា អ្វីដែលរីកចម្រើនខាងថាមពលអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាលទ្ធផលដែលលោកនឹកស្មានមិនដល់ ដោយក្រោមការដឹកនាំប្រមុខរាជរដ្ឋាភិបាល មានយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីច្បាស់លាស់ ជាពិសេស មានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយបណ្តាក្រុមហ៊ុនចិនដែលវិនិយោគលើវិស័យនេះក៏ដូចជាជាមួយរដ្ឋាភិបាលចិន។
លោកបន្តទៀតថា យុទ្ធសាស្ត្រ «ខ្សែក្រវាត់មួយ ផ្លូវមួយ» លើកិច្ចសហប្រតិបត្តិការខាងផ្នែកថាមពលអគ្គិសនីទទួលបានជោគជ័យយ៉ាងខ្លាំងនៅកម្ពុជា ព្រោះថា កន្លងមកបើទោះបីជាពិភពលោកជួបវិបត្តិសេដ្ឋកិច្ចក៏ដោយ ក៏បណ្តាក្រុមហ៊ុនចិននៅតែសម្រេចបានជោគជ័យ ក្នុងការបង្កើតវារីអគ្គិសនី និងរោងចក្រដើរដោយធ្យូងថ្មនៅកម្ពុជាបានយ៉ាងរលូន។
លោក ស៊ុយ សែម បានបន្ថែមទៀតថា ក្នុងប្រទេសកម្ពុជាមានតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីប្រមាណ ១១៩៤ម៉េហ្គាវ៉ាត់ក្នុងមួយថ្ងៃ ប៉ុន្តែខ្សែបណ្តាញអគ្គិសនីគ្របដណ្តប់៧៥ភាគរយនៃភូមិទាំងអស់ និងតំបន់ឧស្សាហកម្មផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា ដោយគ្រោងនឹងសម្រេច១០០ភាគរយ នៅឆ្នាំ២០២០។ ប្រភពអគ្គិសនីក្នុងស្រុកមានចំនួន៣ រួមមានវារីអគ្គិសនី ប្រេង និងធ្យូងថ្ម។ បច្ចុប្បន្ន សហគ្រាសរដ្ឋរបស់រដ្ឋាភិបាលចិនបាននិងកំពុងវិនិយោគគម្រោងវារីអគ្គិសនីចំនួន៧ នៅកម្ពុជា ក្នុងនោះ មាន៦កំពុងដាក់ឲ្យដំណើរការ រីឯ១ទៀតគឺវារីអគ្គិសនីសេសានក្រោមពីរនឹងដំណើរការពេញលេញនៅឆ្នាំ២០១៨ ។ ក្រៅពីនេះ សហគ្រាសចិនក៏វិនិយោគលើថាមពលអគ្គិសនីដើរដោយធ្យូងថ្ម និងវិនិយោគលើខ្សែបណ្តាញបញ្ជូនជាតិ ឬ ខ្សែប៉ូលតង់ស្សង់ផងដែរ។ ទំហំវិនិយោគសរុបរបស់សហគ្រាសចិននៅកម្ពុជាមានចំនួនសរុប ២៩១០,៩៨លានដុល្លារអាមេរិក រហូតមកដល់ពេលបច្ចុប្បន្ននេះ។ លោក ស៊ុយ សែម ក៏សង្ឃឹមថា ក្រោមយុទ្ធសាស្ត្រ «ខ្សែក្រវាត់មួយ ផ្លូវមួយ» មិនថាវិស័យថាមពលអគ្គិសនី ឬវិស័យផ្សេងៗទៀត ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនកាន់តែល្អប្រសើរឡើងថែមទៀត ។
សូមបញ្ជាក់ថា វេទិកាកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពី «ខ្សែក្រវាត់មួយ ផ្លូវមួយ» នឹងបើកធ្វើនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។ តាមគម្រោង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏គ្រោងនឹងអញ្ជើញចូលរួមក្នុងវេទិកានេះផងដែរ៕


No comments:

Post a Comment