Tuesday, May 09, 2017

លោក សុខ លូ ៖ រាជរដ្ឋាភិបាលធ្វើអ្វីៗ ដើម្បីប្រយោជន៍ប្រជាជន និងប្រជាជន

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានជម្រាបបងប្អូនប្រជាពលរដ្ឋនៅឃុំដូង ស្រុកបា្រសាទបល្ល័ង្គ ខេត្តកំពង់ធំថា រាជរដ្ឋាភិបាលធ្វើអ្វីៗទាំងអស់ដើម្បីប្រយោជន៍ប្រជាជន និងដើម្បីប្រជាជន សូមបងប្អូនកុំជឿក្រុមញុះញង់ថា អាជ្ញាធរដកដីបងប្អូនដើម្បីយកមកធ្វើជាសម្បទានដីសង្គមកិច្ចឲ្យសោះ។
លោក សុខ លូ ថ្លែងបែបនេះទៅកាន់បងប្អូនប្រជាពលរដ្ឋចំនួន ៥១០នាក់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ក្នុងឱកាសដែលលោកបានចុះទៅជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋនៅទីនោះ។
លោកអភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា សូមបងប្អូនមានភាពនឹងនក្នុងចិត្ត ហើយកុំជឿក្រុមមកឃោសនាញុះញង់ថា រដ្ឋនឹងដកដីពីបងប្អូន ដើម្បីយកមកធ្វើជាដីសម្បទានសង្គមកិច្ច គឺមិនពិតទេ។ គម្រោងសម្បទានដីសង្គមកិច្ច LASED II នៅទីនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាល ដោយមានការគាំទ្រថវិកាពីធនាគារពិភពលោក។ គម្រោងនេះ ធ្វើឡើងដើម្បីផ្តល់ដីលំនៅដ្ឋាន និងដីបង្កបង្កើនផលជូនបងប្អូនដែលខ្វះខាតហើយអត់ដី ដោយយកដីរដ្ឋដែលទំនេរមកចែកជូន គឺមិនមែនដកដីដែលបងប្អូនកំពុងកាន់កាប់អាស្រ័យផលនោះទេ ពោលគឺ ដីដែលបងប្អូនកំពុងប្រើប្រាស់រាល់ថ្ងៃនឹងត្រូវឆ្វៀលចេញជូនបងប្អូនវិញ និងចេញប័ណ្ណកម្មសិទ្ធិជូនចំពោះដីណាដែលបងប្អូនធ្លាប់បានប្រើប្រាស់អាស្រ័យផលជាក់ស្តែង។ គម្រោងនេះទើបតែចាប់ផ្តើមតែប៉ុណ្ណោះ រីឯជំហ៊ានដែលត្រូវធ្វើ គឺនៅច្រើនទៀត។
លោក សុខ លូ បន្តថា ការហ៊ុមដីដែលក្រុមការងារបានធ្វើកន្លងមក គឺធ្វើឡើង សម្រាប់កំណត់អត្តសញ្ញាណកម្មដីឲ្យដឹងច្បាស់ថា ដីរបស់បងប្អូនដែលបានកាន់កាប់អាស្រ័យផលជាក់ស្តែងមានប៉ុន្មាន? នៅត្រង់ណាខ្លះ? ដីណាខ្លះជាដីទំនេរ? ដើម្បីឆ្វៀលជូនបងប្អូនវិញ និងពិនិត្យមើលលទ្ធភាពក្នុងការផ្តល់ដីទំនេរ ជូនបងប្អូនណាដែលខ្វះខាតដីប្រើប្រាស់ពិតប្រាកដតែប៉ុណ្ណោះ មិនមែនដូចអ្វីដែលជនអគតិមួយចំនួននិយាយបំភ្លើស ឃោសនាបោកប្រាស់ដើម្បីកេងចំនេញនយោបាយថា នឹងមានការដកហូតដីពីបងប្អូនដូចកាលពីថ្ងៃមុននោះទេ។ លោកថា ជំហ៊ាននៃការអនុវត្តគម្រោងនេះ នៅមានច្រើនទៀត ហើយក្រុមការងារនឹងធ្វើដោយច្បាស់លាស់ ប្រាកដប្រជា ប្រកបដោយតម្លាភាព សមភាព និងយុត្តិធម៌ជាទីបំផុត ដើម្បីជាប្រយោជន៍ពិតប្រាកដរបស់ប្រជាជននៅឃុំដូងយើងនេះ។
បន្ទាប់ពីបានស្តាប់ក្រុមការងារបច្ចេកទេស និងបានសាកសួរសំនួរជាច្រើនរួចមក បងប្អូនប្រជាពលរដ្ឋបានយល់ និងជឿជាក់លើគម្រោងនេះថា ពិតជានឹងបានជួយបងប្អូននៅឃុំដូងនេះយ៉ាងពិតប្រាកដ មិនដូចពួកអ្នកនយោបាយសន្យាខ្យល់ដែលបានមកកុហកបោកប្រាស់ពួកគាត់កាលពីថ្ងៃមុននោះទេ។
ចុងក្រោយបងប្អូនបានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ដែលបានមកជួបផ្ទាល់ផ្តល់ភាពកក់ក្តៅដល់ពួកគាត់ ហើយពួកគាត់ប្តេជ្ញាដើរតាម និងគោរពតាមគោលនយោបាយរបស់រាជរដា្ឋភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែន ដែលបាននាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ ទៅមុខជានិច្ច៕





No comments:

Post a Comment