Tuesday, May 09, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់ពលរដ្ឋកម្ពុជាទាំងអស់ដែលបារម្ភពីសុខភាពលោក

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាថ្មីម្តងទៀតបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបង្ហាញក្ដីបារម្ភពីសុខភាពលោក និងបានផ្ញើសារជូនពរ នៅពេលដែលលោក សម្រាកព្យាបាលជំងឺនៅប្រទេសសឹង្ហបុរីនាពេលថ្មីៗនេះ។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រីបានផ្ញើសារដល់អ្នករិះគន់លោកផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីរួមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍លើកឡើងថា «មានអ្នកចង់ឱ្យខ្ញុំ ព្រះករុណាខ្ញុំស្លាប់ វាជាការប្រមាថ​ទៅដល់អាយុជីវិតអ្នកដទៃ»។ លោកនាយករដ្ឋមន្ត្រី បន្តថា «ខ្ញុំគង់តែស្លាប់ទេ យ៉ាងយូរ ៤០ឆ្នាំទៀតហ្នឹង»។

លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងទៀតថា អ្នកដែលប្រមាថខ្ញុំ នោះក៏គង់តែស្លាប់ដូចតែគ្នាដែរ។ លោក ក៏សុំអភ័យទោស អ្នកដែលបានផ្ដល់ជាជំរកឱ្យលោកស្នាក់នៅ តាមរយៈការផ្ដល់ផ្ទះសម្បែង ការផ្ដល់ចំណីអាហារ ការលាក់បំពួន ទៅតាមលេណដ្ឋាននានា ឥឡូវនេះប្រជាពលរដ្ឋមួយចំនួនក៏បានរស់រានមានជីវិត តែមួយចំនួនទៀតក៏បានស្លាប់ក្នុងរបបប៉ុល ពត ហើយមួយចំនួនទៀត ក៏បានស្លាប់ដោយសារចាស់ជរា។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញទៅព្យាបាលជំងឺនៅប្រទេសសឹង្ហបុរី កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ និងបានត្រឡប់មកដល់កម្ពុជាវិញនៅវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ទី០៧ ខែឧសភា ឆ្នាំ២០១៧។

ជាការកត់សម្គាល់ដំណឹងនៃការមានជំងឺរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន ជាពិសេសអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ចូលរួមសម្តែងសមានចិត្ត អាណិតអាសូរ និងបានផ្ញើសារជូនពរជាបន្តបន្ទាប់ឱ្យលោកនាយករដ្ឋមន្ត្រីឆាប់បានជាសះស្បើយពីជំងឺផងដែរ៕





No comments:

Post a Comment