Tuesday, May 09, 2017

ទេសរដ្ឋមន្រ្តី យឹម ណុលឡា៖ សន្តិភាព ធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ និងប្រជាជន

លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានថ្លែងថា ព្រោះតែការរក្សា បាននូវសុខសន្តិភាព បានធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ និងប្រជាជនផ្ទុយស្រឡះពីស្ថានភាពក្នុងពេលប្រទេសជួបភ្លើងសង្រ្គាមកាលពីអតីតកាល។

លោក យឹម ណុលឡា ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីឆ្លងស្រះទឹកទំហំ ១២៨មx៤៥ម ជំរៅ ៨ម នៅវត្តអង្គអណ្តែត និងពិធីសំណេះសំណាលជាមួយប្រធានអនុប្រធានក្រុមបក្ស មេភូមិ អនុប្រធានភូមិ សមាជិកភូមិ បេក្ខជនក្រុមប្រឹក្សាឃុំទាំងពេញសិទ្ធិ ត្រៀម និងបម្រុង ប្រជាការពារភូមិ លោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្ស ជាង៦០០នាក់ នៃឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោក កែវ រ៉េមី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស លោក ជីវ សុងហាក់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាំងយ៉ាប និងក្រុមការងារថ្នាក់ឃុំស្រុកផងដែរ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ដែលកំណើនសេដ្ឋកិច្ចមានថេរជាមធ្យមប្រចាំឆ្នាំ៧% ហើយផលិតផលសរុបក្នុងស្រុកជាមធ្យមសម្រាប់មនុស្សម្នាក់ៗកើនពី៥៥៨ដុល្លារអាមេរិកក្នុងឆ្នាំ២០០៦ ដល់១៣០០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ នេះក៏អាស្រ័យដោយកម្ពុជា មានសុខសន្តិភាពពេញលេញ និងដោយសាររាជរដ្ឋាភិបាលមានចក្ខុវិស័យ និងមានគោលនយោបាយជាអាទិភាព ៤ត្រឹមត្រូវគឺ ទឹក, ផ្លូវ, ភ្លើង និងធនធានមនុស្ស។ ដោយសារកម្ពុជាមានកំណើនសេដ្ឋកិច្ច ដូច្នេះទើបហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានស្ថាបនាតាំងពីជនបទដាច់ស្រយោល រហូតដល់ពីប្រជុំជនភូមិឃុំស្រុកខេត្តរាជធានី ព្រមជាមួយនោះបៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធបានកើនឡើង រីឯតម្លៃអគ្គីសនី និងទឹកក៏ត្រូវបានចុះថ្លៃដែរ។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា ដើម្បីឈ្នះឆ្នោតក្រមប្រឹក្សាឃុំនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានក្រើនរំលឹកដល់ប្រធានក្រុមបក្ស អនុប្រធានក្រុមបក្ស មេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើមហើយធ្វើតែអំពើល្អជានិច្ច៕




No comments:

Post a Comment