Wednesday, April 29, 2020

ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ

 ទីបំផុតទៅ «ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ដែលជាច្បាប់ថ្មីសន្លាងនៅក្នុងប្រទេស​កម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២០​នេះ។

ច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពីខែមេសា ឆ្នាំ២០២០កន្លងទៅនេះ បានចាប់ផ្តើមរៀបចំ និងតាក់តែងឡើងនូវច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ចំពេលប្រទេសកម្ពុជារងការរាតត្បាតនៃជំងឺកូវីដ១៩។ ច្បាប់នេះត្រូវបានរៀបចំឡើងក្នុងល្បឿនមួយយ៉ាងលឿន ហើយត្រូវបានរដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញអនុម័តជាបន្តបន្ទាប់​ត្រឹមរយៈពេលតែមួយខែប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រី​ ធ្លាប់បានគូសបញ្ជាក់ថា ច្បាប់នេះគឺជាឧបករណ៍ផ្នែកច្បាប់ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងប្រទេសនៅពេលមានគ្រោះអាសន្នផ្សេងៗ ខណៈបច្ចុប្បន្នកម្ពុជាមិនទាន់មានច្បាប់សម្រាប់ការគ្រប់គ្រងប្រទេសពេលមានអាសន្ននៅឡើយ។

រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអះអាងថា ច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «នៅ​ពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធា​រណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។

ច្បាប់ថ្មីនេះ ក៏ផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។

ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក៏កំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន បានបញ្ជាក់ថា ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខ នឹងគ្រោះថ្នាក់ជាអាទិ៍, គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស, គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ, ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់​ធ្នាប់​សាធា​រណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់​កម្រិត​ទូទាំងប្រទេស។

ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានចំនួន ៥ជំពូក និងចែកចេញ ១២​មាត្រា។ មាត្រា៤ ជំពូកទី៣ បានកំណត់ថា នៅពេលប្រទេសជាតិ ត្រូវបានប្រកាសដាក់ស្ថិតនៅក្នុងភាពអាសន្ន រាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានដូចខាងក្រោម៖
១៖ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។
២៖ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។
៣៖ ហាមឃាត់ ឬ កម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ។
៤៖ ហាមឃាត់ ឬ កម្រិតមិនឱ្យបុគ្គលចេញពីលំនៅឋាន ឬ ទីសំណាក់ណាមួយ។
៥៖ ដាក់ចេញវិធានការចត្តាឡីស័ក ឬ ការដាក់ឱ្យនៅដោយឡែកក្នុងករណីគ្រោះអាសន្នបន្ទាន់ ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។
៦៖ ដាក់ចេញវិធានការទាក់ទងនឹងកំណែន និងជម្លៀសពលរដ្ឋ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៧៖ ដាក់ចេញវិធានការទាក់ទងនឹងកំណែន ដកហូត គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ និងសេវា ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ នីតិវិធីនៃការធ្វើកំណែន និងសំណងត្រូវកំណត់ដោយរាជរដ្ឋាភិបាល។
៨៖ ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៩៖ ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
១០៖ ដាក់ចេញនូវវិធានការឃ្លាំមើល និងតាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ក្នុងគោលបំណងឆ្លើយតបចំពោះភាពអាសន្ន។
១១៖ ហាមឃាត់ ឬ ការកម្រិតការចែកចាយ ឬ ការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានការភ័យខ្លាចដល់សាធារណជន ឬ ចលាចល ឬ ដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬ ធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពនៃភាពអាសន្ន។
១២៖ ដាក់ចេញវិធានការដទៃទៀតដែលសមស្រប និងចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ ក្នុងមាត្រានេះ បានចែងទៀតថា វិធានការអនុវត្តពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចត្រូវបានដាក់ចេញសម្រាប់ទូទាំងប្រទេស ឬ ដែនដីកំណត់ជាក់លាក់ណាមួយ។ ក្នុងករណីចាំបាច់ រាជរដ្ឋា​ភិបាល​អាចបង្កើតយន្តការ ឬប្រគល់សិទ្ធិអំណាចទៅអាជ្ញាធរមានសមត្ថកិច្ចណាមួយ ឬប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ ដើម្បីធានាដល់ការអនុវត្តវិធានការខាងលើ។

ក្នុងពេលសង្គ្រាម ឬ ក្នុងកាលៈទេសដទៃទៀតដែលសន្តិសុខជាតិប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នអាចធ្វើឡើងតាមរបបអាជ្ញាសឹក។

នៅក្នុងមាត្រា៧ ក្នុងជំពូកទី៤ និយាយពីទោសប្បញ្ញត្តិ បានចែងថា អំពើដោយចេតនារារាំង ឬ បង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់​ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ដល់ ៥លានរៀល។ ចំពោះអំពើរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើនេះ នាំឱ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ។

ក្នុងមាត្រា៨ នៃជំពូកដដែល បានចែងថា អំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលដែលមានចែងក្នុងមាត្រា៥ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់​ពី ១០ម៉ឺនរៀល ដល់ ១លានរៀល។ ដោយឡែកអំពើមិនគោរពតាមវិធានការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល កាលបើអំពើនេះនាំឱ្យមានចលាចលជាសាធារណៈ។

ដោយឡែកនីតិបុគ្គលដែលមានចេតនារារាំង ឬ បង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផន្ទាទោសពិន័យជាប្រាក់ពី ១០០លានរៀល ដល់ ១,០០០​លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬ ច្រើនដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។

រីឯនីតិបុគ្គលដែលប្រព្រឹត្តអំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលដែលមានចែងក្នុងមាត្រា៥ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០លានរៀល ដល់ ៥០០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ណ។

ច្បាប់នេះ ក៏បាននិយាយពីការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច ពេលប្រទេសត្រូវដាក់ក្នុងភាពមានអាសន្នផងដែរ។ មាត្រា១០ ក្នុងជំពូក៤ បាននិយាយថា មន្ត្រីមានសមត្ថកិច្ចដែលប្រើប្រាស់សិទ្ធិអំណាចតាមទំនើងចិត្តដោយរំលោភបំពាំនខុសពីគោលបំណងនៃច្បាប់ ហើយបង្កការប៉ះពាល់ដល់រូបរាងកាយ ឬការខូចខាតដល់ទ្រព្យសម្បត្តិរបស់បុគ្គលដទៃត្រូវទទួលខុសត្រូវចំពោះអំពើ ដែលខ្លួនបានប្រព្រឹត្តស្របតាមច្បាប់របស់កម្ពុជា៕










លិខិតមិត្តអ្នកអាន៖ ជឿទុកចិត្តជួយយកអាសាគ្នាទៅវិញទៅមក កងទ័ពទាំងពីរកម្ពុជា-ចិនពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ថ្មីៗកន្លងទៅនេះយន្តហោះដឹកអីវ៉ាន់របស់កងទ័ពជើងអាកាសប្រទេសចិន បានចុះចតនៅអា​កា​សយានដ្ឋានអន្តរជាតិភ្នំពេញម្តងទៀតដោយបំពាក់នូវសម្ភារៈបរិក្ខារពេទ្យសំរាប់ប្រយុទ្ធប្រ​ឆាំងនឹងជំងឺកូវីដ-១៩ ហើយទន្ទឹមនឹងនេះ បាននាំមកនូវមនោសញ្ចេតនា និងមិត្តភាពដ៏ជ្រាលជ្រៅ និងការជូនពរល្អប្រសើរពីប្រជាជនចិនជាង១៤០០លាននាក់ និងពីយោធិនចិនចំនួន២លា​ននាក់។ នេះគឺជាជំនួយលើកទី៣ ដែលក្រសួងការពារជាតិចិន បានផ្តល់សម្ភារពេទ្យសំរា​ប់ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនចំពោះក្រសួងការពារជាតិកម្ពុជា ហើយបានបង្ហាញច្បាស់លាស់ថែមទៀត នូវមិត្តភាពដូចបងប្អូនដែកថែបរវាងកងទ័ពទាំងពីរកម្ពុជា និងចិន ព្រមទាំងសេចក្តីសម្រេចចិត្តមឹងម៉ាត់ ក្នុងការពួតដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ទោះបីជាជំងឺកូវីដ-១៩​ កំពុងរីករាលដាលនៅពិភពលោក ប្រទាញមនុស្សឲ្យឆ្ងាយចេញពីគ្នាក៏ប៉ុន្តែទឹកចិត្តរបស់កងទ័ពទាំងពីរ និងប្រទេសទាំងពីរ កម្ពុជានិងចិន ជាប់ទល់នឹងគ្នាកាន់តែជិតស្និទ្ធ ក៏ដូចជាដៃរបស់យើងចាប់កាន់តែរឹងមាំ។ ពេលប្រទេសចិន ស្ថិតនៅគ្រាលំបាកធ្ងន់ជាងគេ មិត្តកម្ពុជាបានផ្តល់ជំនួយភ្លាមៗ។ ៨០ថ្ងៃមុន យន្តហោះមួយគ្រឿងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ រដ្ឋធានីប៉េកាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្ទាន់ បានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាដល់ប្រទេសចិន ខាងវិស័យនយោបាយ និងសីលធម៌ ក៏បានប្រតិបត្តិដំណើរការជាក់ស្តែង ក្នុងការបង្ហាញនូវខ្លឹមសារជាស្នូល នៃសហគមន៍រួមវាសនាចិននិងកម្ពុជា។
លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាកុងសង់ស៊ីសដ៏សំខាន់ស្តីពីការជំរុ​ញ​អភិវឌ្ឍន៍ទំនាក់ទំនងប្រទេសទាំងពីរឲ្យស៊ីជំរៅ និងពួតដៃប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩។ នាថ្ងៃទី២ ខែមីនា ពិធីប្រគល់-ទទួលសម្ភារៈការពារទប់ស្កាត់វីរុសកូវីដ-១៩ របស់ក្រសួងការ​ពារជាតិនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរៀបចំឡើងក្នុងស្ថានទូតចិនប្រចាំកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសា​សន៍ថា ភាគីកម្ពុជាគាំទ្រចិនយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏ជឿជាក់យ៉ាងមុតមាំថា រដ្ឋាភិបាល កងទ័ពយោធា និងប្រជាជនចិន មានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកជម្នះលើកិច្ចប្រយុទ្ធ ទប់ស្កាត់ជំងឺកូវីដ-១៩។ ជំងឺកូវីដ-១៩ ក៏ដូចជាបញ្ជាដើម្បីបំពេញបេសកកម្មពេញទំហឹង កងទ័ពយោធាចិន បានអនុវត្តន៍គោលនយោបាយរបស់មជ្ឈិមបក្ស និ​ងគណៈកម្មការយោធាមជ្ឈិមបក្សយ៉ាងម៉ឺងម៉ាត់ ហើយបានរួមវិភាគទានយ៉ាងលេចធ្លោរក្នុងការប្រយុទ្ធយកជម្នះក្នុងសង្គ្រាម បង្ការនិងគ្រប់គ្រងជំងឺនេះ។
នាថ្ងៃទី២៤ ខែមករា កងទ័ពចូលសង្គ្រាមតាមបញ្ជា យោធាចិនបានបញ្ជូនក្រុមពេទ្យទី១ នៅទូទាំងប្រទេសចិន ចុះជួយឧបត្ថម្ភ ទីក្រុងវូហាន។ កងទ័ពចិន បានទទួលភារកិច្ចធ្ងន់ធ្ងរយ៉ាងក្លា​ហាន សរុបចាត់តាំងបុគ្គលិកពេទ្យជាង៤០០០នាក់ រៀបចំគ្រែសំរាប់ព្យាបាលអ្នកជំងឺ២៨៥៦គ្រែ ហើយទទួលអ្នកឆ្លងជំងឺ៧១៩៨នាក់។ ដោយសារតែមានបច្ចេកទេសជំនាញបរិបូរណ៍បា​ន​ទទួលជោគជ័យពេញលេញក្នុងភារកិច្ចសង្គ្រោះអ្នកជំងឺ ជាពិសេសបានសម្រេចគោលដៅ គឺ វាយប្រយុទ្ធជំងឺប្រកបដោយជោគជ័យ អត់មានបុគ្គលិកណាឆ្លងវីរុស។ ក្រៅពីនេះកងទ័ពចិន ក៏យកចិត្តទុកដាក់ការស្រាវជ្រាវវិទ្យាសាស្ត្រដែរនាថ្ងៃទី១៦ ខែមីនា បានចាប់ផ្តើមការសាកល្ប​ងវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដំណាក់កាលទី១ ជាលើកដំបូងនៅប្រទេសចិន ដែលត្រូវចាក់ពិសោធន៍លើមនុស្ស។ នាថ្ងៃទី១២ ខែមេសា បានឈានដល់ការសាកល្បងចាក់វ៉ាក់សាំង លើមនុស្សដំណាក់កាលទី២ ហើយគឺជាប្រទេសមុនគេឈាន ដល់ដំណាក់កាលទី២។
ទោះខ្យល់ក្តី ទោះភ្លៀងក្តី យើងត្រូវសាមគ្គីគ្នា។ មេរោគមិនរើសអើងជនជាតិ ឬប្រទេសណាមួ​យទេ មនុស្សជាតិគឺជាសហគមន៍រួមវាសនាតែមួយដែលពឹងផ្អែកគ្នាទោះសុខឬទុក្ខ។ មានតែគាំទ្រឧបត្ថម្ភទៅវិញទៅមក ទើបពន្លឺនៃភាពជោគជ័យមកដល់យ៉ាងឆាប់រហ័ស។ ប្រទេសចិនមិនអាចភ្លេចជំនួយទប់ស្កាត់ជំងឺកូវីដ-១៩ ដែលផ្តល់ដោយរដ្ឋាភិបាល និងកងទ័ពនៃប្រទេសនានា រាប់បញ្ចូលទាំងប្រទេសកម្ពុជាជូនចំពោះភាគីចិន។ កងទ័ពចិនកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាមួយកងទ័ពនានានៅលើពិភពលោក ហើយបានផ្តល់ជំនួយសំរាប់ទប់ស្កាត់ជំងឺនេះ អាស្រ័យសមត្ថភាពរបស់ខ្លួនជូនចំពោះកងទ័ពកម្ពុជា ក៏ដូចជាកងទ័ពផ្សេងទៀតដើម្បីថែរក្សាសន្តិសុខ និងសុវត្ថិភាព លើវិស័យសុខាភិបាល អន្តរជាតិពួតដៃបង្កើតសហគមន៍រួមសុខាភិបាលនិងសុខភាពមនុស្សជាតិ។
នៅគ្រាលំបាក ស្គាល់មិត្តពិតប្រាកដ។ នាថ្ងៃទី២៤ ខែមីនា ក្រុមពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កងទ័ពរំដោះប្រជាជនចិន បានអញ្ជើញដល់ក្រុងភ្នំពេញ នេះគឺជាក្រុមពេទ្យលើកទីមួយដែលកងទ័ពចិនបានចាត់តាំងកម្លាំងជូនដល់ពិភពលោកដើម្បីជួយទប់ស្កាត់ជំងឺវីរុសកូវីដ-១៩ បានបង្កើត «លើកដំបូង» ថែមទៀតក្នុងទំនាក់ទំនងកងទ័ពទាំងពីរចិន និងកម្ពុជា។ ជា​ងមួយខែកន្លងមកហើយ ក្រុមពេទ្យ និងអ្នកជំនាញភាគីកម្ពុជាធ្វើការពេញទំហឹងសហការគ្នាជិត្តស្និទ្ធ ពុះពារឧបសគ្គយ៉ាងសកម្មក្តោបក្តាប់ពេលវេលាបានល្អបានបង្កើតនិងកែសម្រួលសម​ត្ថ​ភាពបង្ការ និងគ្រប់គ្រងជំងឺទាំងគ្រប់ដំណើរការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោ​តសរសើរយ៉ាងខ្ពង់ខ្ពស់ រីឯសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញចុះពិនិត្យនៅនឹងក​ន្លែ​ងជាច្រើនដងហើយបានថ្លែងការកោតសរសើរដែរ។
ជំងឺកូវីដ-១៩ បានជំរុញកិច្ចសហប្រតិបត្តិការលើសុខាភិបាល និងវេជ្ជសាស្ត្ររវាងកងទ័ពកម្ពុជា និងចិន ចំណែកឯវិស័យផ្សេងទៀត ក៏មិនផ្អាកដំណើរការទេ នេះបានឆ្លុះបញ្ចាំងឲ្យឃើញនូវជំនឿទុកចិត្តយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់និងកិច្ចសហប្រតិបត្តិការជាក់ស្តែងយ៉ាងស៊ីជំរៅរវាងកងទ័ពទាំងពីរ។
ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី១ ខែមេសា លំហាត់សមយុទ្ធនាគមាស ២០២០ រវាងកងទ័ពកម្ពុជា និងចិន បានប្រារព្ធឡើងតាមពេលកំណត់។ កងទ័ពទាំងពីរចែកជាក្រុមលាយគ្នា ស​​ហការគ្នាធ្វើប្រតិបត្តិការ បានទទួលជោគជ័យពេញលេញ លើគ្រប់មេរៀនលំហាត់ ហើយធានាថា អត់មានបុគ្គលណាមួយ ឆ្លងមេរោគ កូវីដ-១៩ បានអនុវត្តដោយជោគជ័យ ក្នុងការហ្វឹ​កហាត់ទាហានត្រៀមសង្រ្គាមផង និងការបង្កាទប់ស្កាត់មេរោគផង។ នេះបានបន្ថែមសោភ័ណភាព ដ៏ស្រស់ផូរផងថែមមួយកម្រិតទៀត លើប្រវត្តិសាស្រ្តនៃកិច្ចសហប្រតិបត្តិការមេត្រីភាព រវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។ «ជឿទុកចិត្តគ្នា ជួយយកអាសាគ្នាទៅវិញទៅមក»។ ការជួយឧបត្ថម្ភទៅវិញទៅមករវាងកងទ័ពទាំងពីរ កម្ពុជានិងចិន គឺកើតចេញពីក្រអៅបេះដូង អត់ដាក់លក្ខខណ្ឌៈអ្វីសោះ។ រីឯកិច្ចសហប្រតេបត្តិការរវាងកងទ័ពកម្ពុជា និងចិន ក៏ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក មិនសំដៅដល់ភាគីទី៣ទេ។
កងទ័ពទាំងពីរ យើងពួតដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការពារអាយុជីវិត និងសុខភាពរប​ស់ប្រជាជនប្រទេសទាំងពីរដោយពេញទំហឹងនេះបញ្ចាំងឲ្យឃើញនូវស្មារតីសហគមន៍រួមវាស​នា ដែលមិនអាចបំបែកបំបាក់និងស្មារតីអន្តរជាតិនិយម និងមនុស្សធម៌ពិតប្រាកដហើយគឺជាគំរូល្អ នៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីនៅក្នុងអន្តរជាតិ។ ជំងឺកូវីដ-១៩ នៅមិនទាន់បាត់នៅឡើយទេ សភាពការណ៍ទប់ស្កាត់មេរោគនេះនៅតែមានភាពធ្ងន់ធ្ងរដែរ កងទ័ពប្រទេសទាំ​ងពីរមានភារកិច្ចធ្ងន់ត្រូវអនុវត្តន៍ និងមានផ្លូវវែងត្រូវដើរឆ្លង។ ស៊ូឡើងប្រទេសកម្ពុជា ស៊ូឡើងប្រទេសចិន។ ស៊ូឡើង កងយោធពលខេមរភូមិន្ទ។ ស៊ូឡើង កងទ័ពរំដោះប្រជាជនចិន៕

ដោយ៖ វរសេនីយ៍ឯកពិសេស Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំនៅកម្ពុជា

សេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន «ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ទាំងថ្ងៃអាទិត្យ»

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា ការងារនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០តទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។
ជាមួយគ្នានោះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជូនដំណឹងទៀតថា សម្រាប់មជ្ឈមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត និងប្តូរបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ និងនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រចាប់ពីម៉ោង០៩៖០០នាទីព្រឹក ដល់ម៉ោង០៥៖០០នាទីល្ងាច៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋទូទាំងប្រទេស

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈ Facebook បានថ្លែងបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូន ប្រជាពលរដ្ឋនៅទូទាំងប្រទេសចៀសវាងគ្រោះ​ថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិត។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើកបរត្រូវគោរពច្បា​ប់ចរាចរណ៍ មានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើ​ម្បីសុវត្ថិភាពទាំងអស់គ្នា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «បើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ នៅពេលនេះ ការរិតបន្តឹងច្បាប់ច​រាចរណ៍ គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្ត ត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗ ឲ្យបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការរឹតបន្តឹងនេះគឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដើ​ម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួ​សស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អា​យុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសារ របស់បងប្អូនណាម្នាក់ឡើយ។ សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើម្បីសុខសុវត្ថិភាព ទាំងអស់គ្នានៅទូទាំងប្រទេស៕




លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា


នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្ដ្រី  ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។
ក្រោមការដឹនាំរបស់លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០របស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃនាឱកាសនោះ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខា អគ្គនាយក អគ្គនាយករង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ឌិត្យសភានគរបាលកម្ពុជាជាច្រើនរូបទៀត។
អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា កិច្ចប្រជុំឆ្លងផែនការសកម្មភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលនេះ គឺបានប្រព្រឹត្តទៅបន្ទាប់ពីកាលពីពេលថ្មីៗនេះ ក្រសួងក៏ទើបតែបានឆ្លងផែនការសកម្មភាពអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលជាធម្មតាគឺមានការកែសម្រួល និងបន្ថែមធាតុចូលខ្លះៗបន្ថែមទៀត។
ពាក់ព័ន្ធនឹងការកសាងផែនការ និងការដាក់ចេញទិសដៅត្រូវអនុវត្ត លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានជំរុញឱ្យបណ្ឌិត្យសភានគរបាលកម្ពុជឋ ពន្លឿនកិច្ចការទាំងនេះឱ្យបានឆាប់ ទោះមានកិច្ចខ្លះជារឿងថ្មី និងត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធបន្តពង្រឹងយន្តការកែទម្រង់ឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាព ក្នុងនោះក៏ត្រូវបែងចែកកងកម្លាំងបំពេញភារកិច្ចឱ្យបានច្បាស់លាស់ដែរ។
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានបន្តថា សម្រាប់នគរបាលដែលបញ្ចប់ការសិក្សា និងតាំងស៊ុបជាមន្ត្រីនគរបាលជាតិ ត្រូវបែងចែកឱ្យបំពេញការងារនៅអង្គភាពដែលមានតម្រូវការធនធានពិតប្រាកដ និងចាំបាច់ ពោលគឺមិនអាចបណ្ដែតបណ្ដោយឱ្យទៅប្រមូលផ្ដុំនៅអង្គភាពណាមួយដែលមិនសូវមានតម្រូវការនោះទេ។ ដោយឡែកក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង និងអង្គប្រជុំក៏បានពិភាក្សាគ្នាអំពីការផ្ដល់ការលើកទឹកដល់គ្រូនគរបាលដែលមានស្នាដៃល្អ និងអំពីត្រូវការគ្រូបន្ថែមនាពេលខាងមុខដែរ។
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ក៏បានណែនាំថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបន្តបង្កើនការបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីលើមុខជំនាញចាំបាច់ និងទាន់សភាពការណ៍វិវត្តន៍ជាក់ស្ដែងមួយចំនួន ជូនដល់ថ្នាក់ដឹកនាំនគរបាលគ្រប់លំដាប់ថ្នាក់ ដើម្បីបានជាទុនបន្ថែមក្នុងការពង្រីងចំណេះដឹង ពង្រឹងជំនាញ និងសម្រាប់ការអប់រំ ផ្សព្វផ្សាយ ណែនាំដល់មន្ត្រីនគរបាលក្រោមឱវាទ ដោយវគ្គបណ្ដុះបណ្ដាលនោះអាចធ្វើឡើង២ទៅ៣ថ្ងៃក៏បាន។ អង្គប្រជុំក៏បានពិភាក្សាគ្នាដែរអំពីតម្រូវការធនធានកងកម្លាំងនគរបាលប្រចាំឆ្នាំ ដើម្បីបំពេញចំនួនមន្ត្រីនគរបាលដែលចូលនិវត្តន៍ ឬមានបញ្ហាសុខភាព ឬត្រូវបានបណ្ដេញចេញ និងក៏ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងកិច្ចការពារព្រំដែន៕









លោកស្រី ម៉ែន សំអន ថ្លែងអំណរគុណចំពោះសប្បុរសជនបានបរិច្ចាគថវិកាគាំទ្រសកម្មភាពមនុស្សធម៌

ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២០ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាល និងប្រគល់ថវិការរបស់សប្បុរសជនដែលបានបរិច្ចាគគាំទ្រសកម្មភាពមនុស្សធម៌
ទៅកាន់លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាបានដឹកនាំក្រុមការងារសាខាខេត្តស្វាយរៀង មកទទួលថវិការចំនួន២៨,៧០០ ដុល្លារ និង ១៨,៩០០,០០០ រៀល សម្រាប់សាខាស្វាយរៀង សម្រាប់ចូលរួមអបអរសាទរខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដែលពិធីនេះប្រារព្វធ្វើនៅភូមិគ្រឹះរបស់លោកស្រីកិត្តិសង្គហបណ្ឌិតផ្ទាល់ស្ថិតនៅខ័ណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ។

ក្នុងពិធីនោះលោកស្រី ម៉ែន សំអន បាន ថ្លែងអំណរគុណចំពោះសប្បុរសជន និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោក លោកស្រី ទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួននាពេលកន្លងមកក៍ដូចជាពេលនេះ ដើម្បីរួមចំណែកក្នុងសកម្មភាពមនុស្សធម៌។ លោកស្រីបានមានប្រសាសន៍ផ្តាំផ្ញើដល់សប្បុរសជនទាំងអស់ សូមបន្តជួយជាសម្ភារៈថវិកា ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងកើតឡើងនៅលើពិភពលោក ក៍ដូចជាក្នុងប្រទេសកម្ពុជាយើងផងដែ ៕


អភិបាលខេត្តបាត់ដំបង ប្រគល់ធុងបាញ់ថ្នាំ ទឹកថ្នាំបាញ់សម្លាប់មេរោគ និងសាប៊ូ ដល់សាលារៀនចំនួន ៦កន្លែង

បាត់ដំបង៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានប្រគល់ធុងបាញ់ថ្នាំ ទឹកថ្នាំបាញ់សម្លាប់ មេរោគ និងសាប៊ូ ដល់សាលារៀនចំនួន ៦ នៅក្នុងក្រុងបាត់ដំបង ដែលមានការអញ្ជើញចូលរួម អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត លោកនាយក និងលោកគ្រូ អ្នកគ្រូផងដែរ។
សូមជម្រាបជូនថា ក្នុងពិធីប្រគល់សម្ភារៈដែលទទួលបានមានរួមមាន ធុងបាញ់ថ្នាំ ចំនួន ១ នាក់ ទឹកបាញ់ថ្នាំសម្លាប់មេរោគចំនួន ៨០ លីត្រ និងសាប៊ូ ១ កេស ដែលប្រគល់ជូនសាលារៀនចំនួន ៦ រួមមាន វិទ្យាល័យព្រះមុនីវង្ស វិទ្យាល័យ នេតយ៉ង់ វិទ្យាល័យសម្តេចឪ វិទ្យាល័យក្តុលដូនទាវ សាលាហ្វាពន្លឺសិល្បៈ និងវិទ្យាស្ថានគរុកោ និងវិក្រឹតការខេត្តបាត់ដំបង។

សូមបញ្ជាក់ផងដែរថា សម្ភារៈ ដែលបានប្រគល់ជូនសាលានាពេលនេះ គឺទទួលបានពីសប្បុរជននានា ដែលប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ធ្វើការបែងចែកតាមតម្រូវការជាក់ស្តែង៕



កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ​ និងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា

សៀមរាប៖ ក្នុងឱកាសសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះចែកអំណោយដល់គ្រួសាររងគ្រោះធម្មជាតិ ដោយសារខ្យល់កន្ត្រាក់ និងរន្ទះបាញ់ស្លាប់ ចំនួន១៦គ្រួសារ នៅឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០នេះ នៅបរិវេណសាលាឃុំវ៉ារិន លោកស្រី ទាង អេង ទៀ សីហា អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
នៅក្នុងបេសកកម្មមនុស្សធម៌ថ្នាក់ដឹកនាំសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប លោកស្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋសហគមន៍ មានការអត់ធ្មត់ចូលរួមទាំងអស់ គ្នាប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ដែលជាសោកនាដកម្មដំបូងនៃការផ្ទុះជម្ងឺផ្លូវដង្ហើមថ្មីកូវីត១៩ គឺជាមេរៀនសម្រាប់ពិភពលោក ព្រោះតែមិនបានប្រយ័ត្នក្នុងការធ្វើដំណើរ ដែលជាមូលហេតុនៃការចម្លង។
លោកស្រី ក៏បានសម្តែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ រហូតដល់មានការបាត់បង់អាយុជីវិតសមាជិកគ្រួសារទៀត ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកស្រីបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាក បាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ក្នុងឱកាសនោះលោកស្រី ក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជម្ងឺរលាកផ្លូវដង្ហើម កូវីដ១៩ ដោយមេត្តាកុំឲ្យមានការប្រមូលផ្ដុំជួបជុំជាក្រុម និង ត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះ ក្រុមប្រតិបត្តិសាខា ក៏ធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជម្ងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លងជម្ងឺកូវីដ១៩” ផងដែរ ។
ចំពោះអំណោយមនុស្សធម៌ផ្តល់ជូនបងប្អូនរងគ្រោះ ក្នុងមួយគ្រួសារទទួលបានឃីត១កញ្ចប់ កន្ទេល១ អាវយឺត២ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម គ្រួសាររលំផ្ទះ ទទួលបានស័ង្កសី ១៦សន្លឹក និងថវិកា២សែនរៀល គ្រួសាររបើកដំបូលទទួលបានស័ង្កសី ១០សន្លឹក ស័ង្កសី ១០សន្លឹកនិងគ្រួសាររន្ទះបាញ់ស្លាប់ បន្ថែមថវិកា ១លានរៀលផងដែរ៕





ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៥ ខែឧសភា កម្ពុជានឹងមានសីតុណ្ហភាពអប្បបរមាពី២៤-២៧អង្សាសេ និងអតិបរមាពី ៣២-៣៧អង្សាសេ, ភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុ ជាប់ជាបន្តសង្កេតឃើញថា ជ្រលងនៃសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយគ្របដណ្តប់លើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C ។
ផ្នែកខ្លះនៅភាគពាយ័ព្យ និងភាគខាងត្បូង នឹងអាចមានភ្លៀងខ្សោយទៅមធ្យម។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
- សីតុណ្ហភាពអប្បបរមា មានពី ២ ៤-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦°C ។
នៅបណ្តាខេត្តខ្លះអាចមានភ្លៀងធ្លាក់ខ្សោយ ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ។

ជាមួយគ្នានេះ ក្រសួងក៏សូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅបណ្តាខេត្តជាប់សមុទ្រ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ៕


ថ្ងៃនេះក្រសួងសុខាភិបាលជូនព័ត៌មានថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ហើយអ្នកកំពុងបន្តព្យាបាលនៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានជូនព័ត៌មានថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៩នាក់។

ចំណែកអ្នកកំពុងសម្រាកបន្តព្យាបាលជំងឺកូវីដ១៩ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។
សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដូមខាងក្រោម៖