Wednesday, April 29, 2020

កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ​ និងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា

សៀមរាប៖ ក្នុងឱកាសសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះចែកអំណោយដល់គ្រួសាររងគ្រោះធម្មជាតិ ដោយសារខ្យល់កន្ត្រាក់ និងរន្ទះបាញ់ស្លាប់ ចំនួន១៦គ្រួសារ នៅឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០នេះ នៅបរិវេណសាលាឃុំវ៉ារិន លោកស្រី ទាង អេង ទៀ សីហា អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
នៅក្នុងបេសកកម្មមនុស្សធម៌ថ្នាក់ដឹកនាំសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប លោកស្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋសហគមន៍ មានការអត់ធ្មត់ចូលរួមទាំងអស់ គ្នាប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ដែលជាសោកនាដកម្មដំបូងនៃការផ្ទុះជម្ងឺផ្លូវដង្ហើមថ្មីកូវីត១៩ គឺជាមេរៀនសម្រាប់ពិភពលោក ព្រោះតែមិនបានប្រយ័ត្នក្នុងការធ្វើដំណើរ ដែលជាមូលហេតុនៃការចម្លង។
លោកស្រី ក៏បានសម្តែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ រហូតដល់មានការបាត់បង់អាយុជីវិតសមាជិកគ្រួសារទៀត ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកស្រីបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាក បាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ក្នុងឱកាសនោះលោកស្រី ក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជម្ងឺរលាកផ្លូវដង្ហើម កូវីដ១៩ ដោយមេត្តាកុំឲ្យមានការប្រមូលផ្ដុំជួបជុំជាក្រុម និង ត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះ ក្រុមប្រតិបត្តិសាខា ក៏ធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី “របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជម្ងឺកូវីដ១៩” និង “វិធីកាត់បន្ថយហានិភ័យពីការឆ្លងជម្ងឺកូវីដ១៩” ផងដែរ ។
ចំពោះអំណោយមនុស្សធម៌ផ្តល់ជូនបងប្អូនរងគ្រោះ ក្នុងមួយគ្រួសារទទួលបានឃីត១កញ្ចប់ កន្ទេល១ អាវយឺត២ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម គ្រួសាររលំផ្ទះ ទទួលបានស័ង្កសី ១៦សន្លឹក និងថវិកា២សែនរៀល គ្រួសាររបើកដំបូលទទួលបានស័ង្កសី ១០សន្លឹក ស័ង្កសី ១០សន្លឹកនិងគ្រួសាររន្ទះបាញ់ស្លាប់ បន្ថែមថវិកា ១លានរៀលផងដែរ៕





No comments:

Post a Comment