Wednesday, April 29, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋទូទាំងប្រទេស

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈ Facebook បានថ្លែងបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូន ប្រជាពលរដ្ឋនៅទូទាំងប្រទេសចៀសវាងគ្រោះ​ថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិត។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើកបរត្រូវគោរពច្បា​ប់ចរាចរណ៍ មានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើ​ម្បីសុវត្ថិភាពទាំងអស់គ្នា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «បើកបរត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ នៅពេលនេះ ការរិតបន្តឹងច្បាប់ច​រាចរណ៍ គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្ត ត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗ ឲ្យបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការរឹតបន្តឹងនេះគឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដើ​ម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួ​សស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អា​យុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសារ របស់បងប្អូនណាម្នាក់ឡើយ។ សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើម្បីសុខសុវត្ថិភាព ទាំងអស់គ្នានៅទូទាំងប្រទេស៕




No comments:

Post a Comment