Wednesday, April 29, 2020

លិខិតមិត្តអ្នកអាន៖ ជឿទុកចិត្តជួយយកអាសាគ្នាទៅវិញទៅមក កងទ័ពទាំងពីរកម្ពុជា-ចិនពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ថ្មីៗកន្លងទៅនេះយន្តហោះដឹកអីវ៉ាន់របស់កងទ័ពជើងអាកាសប្រទេសចិន បានចុះចតនៅអា​កា​សយានដ្ឋានអន្តរជាតិភ្នំពេញម្តងទៀតដោយបំពាក់នូវសម្ភារៈបរិក្ខារពេទ្យសំរាប់ប្រយុទ្ធប្រ​ឆាំងនឹងជំងឺកូវីដ-១៩ ហើយទន្ទឹមនឹងនេះ បាននាំមកនូវមនោសញ្ចេតនា និងមិត្តភាពដ៏ជ្រាលជ្រៅ និងការជូនពរល្អប្រសើរពីប្រជាជនចិនជាង១៤០០លាននាក់ និងពីយោធិនចិនចំនួន២លា​ននាក់។ នេះគឺជាជំនួយលើកទី៣ ដែលក្រសួងការពារជាតិចិន បានផ្តល់សម្ភារពេទ្យសំរា​ប់ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនចំពោះក្រសួងការពារជាតិកម្ពុជា ហើយបានបង្ហាញច្បាស់លាស់ថែមទៀត នូវមិត្តភាពដូចបងប្អូនដែកថែបរវាងកងទ័ពទាំងពីរកម្ពុជា និងចិន ព្រមទាំងសេចក្តីសម្រេចចិត្តមឹងម៉ាត់ ក្នុងការពួតដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ទោះបីជាជំងឺកូវីដ-១៩​ កំពុងរីករាលដាលនៅពិភពលោក ប្រទាញមនុស្សឲ្យឆ្ងាយចេញពីគ្នាក៏ប៉ុន្តែទឹកចិត្តរបស់កងទ័ពទាំងពីរ និងប្រទេសទាំងពីរ កម្ពុជានិងចិន ជាប់ទល់នឹងគ្នាកាន់តែជិតស្និទ្ធ ក៏ដូចជាដៃរបស់យើងចាប់កាន់តែរឹងមាំ។ ពេលប្រទេសចិន ស្ថិតនៅគ្រាលំបាកធ្ងន់ជាងគេ មិត្តកម្ពុជាបានផ្តល់ជំនួយភ្លាមៗ។ ៨០ថ្ងៃមុន យន្តហោះមួយគ្រឿងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ រដ្ឋធានីប៉េកាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្ទាន់ បានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាដល់ប្រទេសចិន ខាងវិស័យនយោបាយ និងសីលធម៌ ក៏បានប្រតិបត្តិដំណើរការជាក់ស្តែង ក្នុងការបង្ហាញនូវខ្លឹមសារជាស្នូល នៃសហគមន៍រួមវាសនាចិននិងកម្ពុជា។
លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាកុងសង់ស៊ីសដ៏សំខាន់ស្តីពីការជំរុ​ញ​អភិវឌ្ឍន៍ទំនាក់ទំនងប្រទេសទាំងពីរឲ្យស៊ីជំរៅ និងពួតដៃប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩។ នាថ្ងៃទី២ ខែមីនា ពិធីប្រគល់-ទទួលសម្ភារៈការពារទប់ស្កាត់វីរុសកូវីដ-១៩ របស់ក្រសួងការ​ពារជាតិនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរៀបចំឡើងក្នុងស្ថានទូតចិនប្រចាំកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសា​សន៍ថា ភាគីកម្ពុជាគាំទ្រចិនយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏ជឿជាក់យ៉ាងមុតមាំថា រដ្ឋាភិបាល កងទ័ពយោធា និងប្រជាជនចិន មានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកជម្នះលើកិច្ចប្រយុទ្ធ ទប់ស្កាត់ជំងឺកូវីដ-១៩។ ជំងឺកូវីដ-១៩ ក៏ដូចជាបញ្ជាដើម្បីបំពេញបេសកកម្មពេញទំហឹង កងទ័ពយោធាចិន បានអនុវត្តន៍គោលនយោបាយរបស់មជ្ឈិមបក្ស និ​ងគណៈកម្មការយោធាមជ្ឈិមបក្សយ៉ាងម៉ឺងម៉ាត់ ហើយបានរួមវិភាគទានយ៉ាងលេចធ្លោរក្នុងការប្រយុទ្ធយកជម្នះក្នុងសង្គ្រាម បង្ការនិងគ្រប់គ្រងជំងឺនេះ។
នាថ្ងៃទី២៤ ខែមករា កងទ័ពចូលសង្គ្រាមតាមបញ្ជា យោធាចិនបានបញ្ជូនក្រុមពេទ្យទី១ នៅទូទាំងប្រទេសចិន ចុះជួយឧបត្ថម្ភ ទីក្រុងវូហាន។ កងទ័ពចិន បានទទួលភារកិច្ចធ្ងន់ធ្ងរយ៉ាងក្លា​ហាន សរុបចាត់តាំងបុគ្គលិកពេទ្យជាង៤០០០នាក់ រៀបចំគ្រែសំរាប់ព្យាបាលអ្នកជំងឺ២៨៥៦គ្រែ ហើយទទួលអ្នកឆ្លងជំងឺ៧១៩៨នាក់។ ដោយសារតែមានបច្ចេកទេសជំនាញបរិបូរណ៍បា​ន​ទទួលជោគជ័យពេញលេញក្នុងភារកិច្ចសង្គ្រោះអ្នកជំងឺ ជាពិសេសបានសម្រេចគោលដៅ គឺ វាយប្រយុទ្ធជំងឺប្រកបដោយជោគជ័យ អត់មានបុគ្គលិកណាឆ្លងវីរុស។ ក្រៅពីនេះកងទ័ពចិន ក៏យកចិត្តទុកដាក់ការស្រាវជ្រាវវិទ្យាសាស្ត្រដែរនាថ្ងៃទី១៦ ខែមីនា បានចាប់ផ្តើមការសាកល្ប​ងវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដំណាក់កាលទី១ ជាលើកដំបូងនៅប្រទេសចិន ដែលត្រូវចាក់ពិសោធន៍លើមនុស្ស។ នាថ្ងៃទី១២ ខែមេសា បានឈានដល់ការសាកល្បងចាក់វ៉ាក់សាំង លើមនុស្សដំណាក់កាលទី២ ហើយគឺជាប្រទេសមុនគេឈាន ដល់ដំណាក់កាលទី២។
ទោះខ្យល់ក្តី ទោះភ្លៀងក្តី យើងត្រូវសាមគ្គីគ្នា។ មេរោគមិនរើសអើងជនជាតិ ឬប្រទេសណាមួ​យទេ មនុស្សជាតិគឺជាសហគមន៍រួមវាសនាតែមួយដែលពឹងផ្អែកគ្នាទោះសុខឬទុក្ខ។ មានតែគាំទ្រឧបត្ថម្ភទៅវិញទៅមក ទើបពន្លឺនៃភាពជោគជ័យមកដល់យ៉ាងឆាប់រហ័ស។ ប្រទេសចិនមិនអាចភ្លេចជំនួយទប់ស្កាត់ជំងឺកូវីដ-១៩ ដែលផ្តល់ដោយរដ្ឋាភិបាល និងកងទ័ពនៃប្រទេសនានា រាប់បញ្ចូលទាំងប្រទេសកម្ពុជាជូនចំពោះភាគីចិន។ កងទ័ពចិនកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាមួយកងទ័ពនានានៅលើពិភពលោក ហើយបានផ្តល់ជំនួយសំរាប់ទប់ស្កាត់ជំងឺនេះ អាស្រ័យសមត្ថភាពរបស់ខ្លួនជូនចំពោះកងទ័ពកម្ពុជា ក៏ដូចជាកងទ័ពផ្សេងទៀតដើម្បីថែរក្សាសន្តិសុខ និងសុវត្ថិភាព លើវិស័យសុខាភិបាល អន្តរជាតិពួតដៃបង្កើតសហគមន៍រួមសុខាភិបាលនិងសុខភាពមនុស្សជាតិ។
នៅគ្រាលំបាក ស្គាល់មិត្តពិតប្រាកដ។ នាថ្ងៃទី២៤ ខែមីនា ក្រុមពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កងទ័ពរំដោះប្រជាជនចិន បានអញ្ជើញដល់ក្រុងភ្នំពេញ នេះគឺជាក្រុមពេទ្យលើកទីមួយដែលកងទ័ពចិនបានចាត់តាំងកម្លាំងជូនដល់ពិភពលោកដើម្បីជួយទប់ស្កាត់ជំងឺវីរុសកូវីដ-១៩ បានបង្កើត «លើកដំបូង» ថែមទៀតក្នុងទំនាក់ទំនងកងទ័ពទាំងពីរចិន និងកម្ពុជា។ ជា​ងមួយខែកន្លងមកហើយ ក្រុមពេទ្យ និងអ្នកជំនាញភាគីកម្ពុជាធ្វើការពេញទំហឹងសហការគ្នាជិត្តស្និទ្ធ ពុះពារឧបសគ្គយ៉ាងសកម្មក្តោបក្តាប់ពេលវេលាបានល្អបានបង្កើតនិងកែសម្រួលសម​ត្ថ​ភាពបង្ការ និងគ្រប់គ្រងជំងឺទាំងគ្រប់ដំណើរការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោ​តសរសើរយ៉ាងខ្ពង់ខ្ពស់ រីឯសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញចុះពិនិត្យនៅនឹងក​ន្លែ​ងជាច្រើនដងហើយបានថ្លែងការកោតសរសើរដែរ។
ជំងឺកូវីដ-១៩ បានជំរុញកិច្ចសហប្រតិបត្តិការលើសុខាភិបាល និងវេជ្ជសាស្ត្ររវាងកងទ័ពកម្ពុជា និងចិន ចំណែកឯវិស័យផ្សេងទៀត ក៏មិនផ្អាកដំណើរការទេ នេះបានឆ្លុះបញ្ចាំងឲ្យឃើញនូវជំនឿទុកចិត្តយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់និងកិច្ចសហប្រតិបត្តិការជាក់ស្តែងយ៉ាងស៊ីជំរៅរវាងកងទ័ពទាំងពីរ។
ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី១ ខែមេសា លំហាត់សមយុទ្ធនាគមាស ២០២០ រវាងកងទ័ពកម្ពុជា និងចិន បានប្រារព្ធឡើងតាមពេលកំណត់។ កងទ័ពទាំងពីរចែកជាក្រុមលាយគ្នា ស​​ហការគ្នាធ្វើប្រតិបត្តិការ បានទទួលជោគជ័យពេញលេញ លើគ្រប់មេរៀនលំហាត់ ហើយធានាថា អត់មានបុគ្គលណាមួយ ឆ្លងមេរោគ កូវីដ-១៩ បានអនុវត្តដោយជោគជ័យ ក្នុងការហ្វឹ​កហាត់ទាហានត្រៀមសង្រ្គាមផង និងការបង្កាទប់ស្កាត់មេរោគផង។ នេះបានបន្ថែមសោភ័ណភាព ដ៏ស្រស់ផូរផងថែមមួយកម្រិតទៀត លើប្រវត្តិសាស្រ្តនៃកិច្ចសហប្រតិបត្តិការមេត្រីភាព រវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។ «ជឿទុកចិត្តគ្នា ជួយយកអាសាគ្នាទៅវិញទៅមក»។ ការជួយឧបត្ថម្ភទៅវិញទៅមករវាងកងទ័ពទាំងពីរ កម្ពុជានិងចិន គឺកើតចេញពីក្រអៅបេះដូង អត់ដាក់លក្ខខណ្ឌៈអ្វីសោះ។ រីឯកិច្ចសហប្រតេបត្តិការរវាងកងទ័ពកម្ពុជា និងចិន ក៏ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក មិនសំដៅដល់ភាគីទី៣ទេ។
កងទ័ពទាំងពីរ យើងពួតដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការពារអាយុជីវិត និងសុខភាពរប​ស់ប្រជាជនប្រទេសទាំងពីរដោយពេញទំហឹងនេះបញ្ចាំងឲ្យឃើញនូវស្មារតីសហគមន៍រួមវាស​នា ដែលមិនអាចបំបែកបំបាក់និងស្មារតីអន្តរជាតិនិយម និងមនុស្សធម៌ពិតប្រាកដហើយគឺជាគំរូល្អ នៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីនៅក្នុងអន្តរជាតិ។ ជំងឺកូវីដ-១៩ នៅមិនទាន់បាត់នៅឡើយទេ សភាពការណ៍ទប់ស្កាត់មេរោគនេះនៅតែមានភាពធ្ងន់ធ្ងរដែរ កងទ័ពប្រទេសទាំ​ងពីរមានភារកិច្ចធ្ងន់ត្រូវអនុវត្តន៍ និងមានផ្លូវវែងត្រូវដើរឆ្លង។ ស៊ូឡើងប្រទេសកម្ពុជា ស៊ូឡើងប្រទេសចិន។ ស៊ូឡើង កងយោធពលខេមរភូមិន្ទ។ ស៊ូឡើង កងទ័ពរំដោះប្រជាជនចិន៕

ដោយ៖ វរសេនីយ៍ឯកពិសេស Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំនៅកម្ពុជា

No comments:

Post a Comment