Tuesday, September 21, 2021

អភិបាលខេត្តបន្ទាយមានជ័យ ពិនិត្យមើលស្ថានភាពទឹកនៅប៉ោយប៉ែត និងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋលើទួលសុវត្ថិភាព

បន្ទាយមានជ័យ ៖នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការយោធាខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី  អាជ្ញាធរដែនដី បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីចាត់វិធានការកាយបើកមុខទឹករំដោះទឹកភ្លៀងជន់លិច ផ្លូវ និងតំបន់ប្រជាពលរដ្ឋរស់នៅក្បែមាត់អូរព្រំដែនមួយចំនួន។

ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានផ្តល់ស្បៀងអាហារ មានអង្ករ ទឹកសុីអុីវ ទឹកត្រី និងទឹកបរិសុទ្ធជូនបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៧០គ្រួសារ ដែលមករស់នៅលើទីកន្លែងទួលសុវត្ថិភាពដែលក្រុមការងារក្រុង/សង្កាត់បានរៀបចំចំនួន ៣ទីតាំង ។

លោក អ៊ុ រាត្រី បានបញ្ជាក់ថា ស្ថានភាពទូទៅក្នុងក្របខណ្ឌទូទាំងខេត្តបន្ទាយមានជ័យ  ស្ថានភាពទឹកមិនទាន់មានបញ្ហាបង្ករអោយជន់លិចធ្ងន់ធ្ងរនោះ ស្ថានភាពទឹកមានការហក់ឡើងខ្លាំង ក្នុងតំបន់មួយចំនួន ក្នុងរយៈពេល២សប្តាហ៍នេះ ដោយរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ បង្ករឲ្យមានការឡើងជន់លិចផ្លូវ សាលារៀន ដំណាំរួមផ្សំ កសិកម្មតិចតូច និងលិចក្រោមផ្ទះសម្បែងប្រជាពលរដ្ឋរស់នៅតំបន់ទំនាប ជាប់មាត់ស្ទឹង អូរជាដើម។

ជាមួយគ្នានោះ លោកអភិបាលខេត្តក៍បានអំពាវនាវ ដល់ថ្នាក់ដឹកនាំមន្ត្រីមូលដ្ឋានអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណៈ ទាំងសម្ភារៈ កងកម្លាំងដើម្បីត្រៀមចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ ក្នុងករណីកើតមានទឹកជំនន់ធ្ងន់ធ្ងរជាយថាហេតុណាមួយកើតឡើង។ដោយឡែកពុកម៉ែប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួនពីគ្រោះដោយប្រការណាមួយនោះ។

សម្រាប់បងប្អូនរស់នៅលើទីទួលសុវត្ថិភាព សូមរក្សាអនាម័យ និងគោរពវិធានការ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួន៕







កាកបាទក្រហមក្រុងស្វាយរៀង ផ្តល់អំណោយមនុស្សធម៌ជូនដល់គ្រួសារមានជីវភាពខ្វះខាត និងជនពិកា

ស្វាយរៀង៖នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ លោក ណុប ចំរើន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមក្រុងស្វាយរៀងបានចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារមានជីវភាពខ្វះខាត និងជនពិកា ចំនួន ០២  គ្រួសារ  ។

គ្រួសារដែលបានទទួលអំណោយពីកាកបាទក្រហមក្រុងស្វាយរៀងរួមមាន៖

១-ឈ្មោះ ពុត ដានី ភេទប្រុស    អាយុ ៤៧ ឆ្នាំ នៅភូមិអណ្ដូងតាសី សង្កាត់ព្រៃឆ្លាក់ ។

២-ឈ្មោះ ម៉ៅ ម៉ារិន ភេទប្រុស អាយុ ៦៥ ឆ្នាំ នាក់ នៅភូមិតាណរ សង្កាត់ស្វាយតឿ ។

 អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទូលបាន អង្ករចំនួន ៣០ គ.ក្រ មី ១ កេះ ទឹកត្រី ចំនួន៣យួ ត្រីខកំប៉ុង ១០ កំប៉ុង ម៉ាស់ ២ ប្រអប់ ចានស្រាក់ ១ កាធុនញ៉ូម ១ ថវិកាសុទ្ធចំនួន៥០.០០០៛ ៕




អភិបាលខេត្តកោះកុង ជួបពិភាក្សាការងារជាមួយប្រតិភូអាជ្ញាធរមីន ដើម្បីស្វែងយល់អំពីស្ថានភាពមីនក្នុងភូមិសាស្ត្រ ខេត្តកោះកុង

កោះកុង៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បាន ជួបពិភាក្សាការងារ ជាមួយប្រតិភូអាជ្ញាធរមីន ដឹកនាំដោយលោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន ដើម្បីស្វែងយល់អំពីស្ថានភាពមីននៅខេត្តកោះកុង។

ក្នុងជំនួបពិភាក្សានេះ លោក ព្រំ សុភមង្គល បានជម្រាបអំពីប្រវត្តិសង្រ្គាម ដែលបណ្តាលឱ្យមានការបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់បែកចង្គោមក្នុងប្រទេសកម្ពុជា ដែលមានការគំរាមកំហែងដល់អាយុជីវិតមនុស្ស និងសត្វ ព្រមទាំងការអភិវឌ្ឍន៍នានា។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានសម្រេចចូលជាសមាជិក នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ១៩៩៩ និងចូលជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ២០០០។ កាតព្វកិច្ចនៃរដ្ឋភាគី តម្រូវឱ្យប្រទេសជាសមាជិក ត្រូវធ្វើការបោសម្អាតមីនឱ្យអស់ ក្នុង រយៈពេល ១០ឆ្នាំ ប៉ុន្តែដោយសារទំហំផ្ទៃដីចម្ការមីន ក្នុងប្រទេសកម្ពុជាមានទំហំធំ ធ្វើឱ្យកម្ពុជាមិនអាចអនុវត្តមានគោលការណ៍បាន ដូចនេះកម្ពុជា បានសម្រេចស្នើសូមបោសសម្អាតបន្តទៀតរហូតដល់ឆ្នាំ២០២៥។ ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២០ កម្ពុជា ធ្វើការបោសសម្អាតមីនបានប្រមាណ ២,១០០គីឡូម៉ែត្រក្រឡា និងនៅសល់ប្រមាណ ២,០០០គីឡូម៉ែត្រក្រឡា។ ដូចនេះ ដើម្បីសម្រេចបាននូវគោលដៅនេះ តម្រូវឱ្យមានការរៀបចំផែនការយុទ្ធសាស្ត្រជាតិយ៉ាងច្បាស់លាស់។ 

លោក ព្រំ សុភមង្គល បញ្ជាក់ថា ផែនការមួយក្នុងចំណោមផែនការជាតិដែលបានដាក់ចេញ  គឺ “ភូមិអស់ការគំរាមដោយសារមីន” ហើយដើម្បីសម្រេចបាននូវផែនការនេះ ក្រុមការងារនឹងចុះវាយតម្លៃជាក់ស្តែងចម្ការមីននីមួយៗក្នុងមូលដ្ឋាន។ ជាក់ស្តែងនាពេលនេះ ក្រុមការងារអាជ្ញាធរមីន នឹងចុះទៅស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ដើម្បីធ្វើបច្ចុប្បន្នភាព បញ្ជីចម្ការមីនរួចបញ្ជូនមកក្រុមការងារផែនការសកម្មភាពមីនខេត្ត(ម៉ាពូ) ដើម្បីរៀបចំផែនការមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកបានសំណូមពររដ្ឋបាលខេត្ត ផ្តល់កិច្ចសហការ និងគាំទ្រដល់ក្រុមការងារ និងប្រតិបត្តិករដោះមីនផ្សេងៗ ដែលកំពុងបំពេញការងារក្នុងខេត្តកោះកុង ជាពិសេសប្រសិនជារដ្ឋបាលខេត្ត យល់ឃើញថា តំបន់ណាមានតម្រូវការអភិវឌ្ឍន៍ ហើយមានការគំរាមដោយសារមីន សូមរដ្ឋបាលខេត្ត លើកផែនការមកអាជ្ញាធរមីន ដើម្បីអាជ្ញាធរមីនចាត់ចែងប្រតិបត្តិករចូលមកធ្វើការបោសម្អាតជូន។

ថ្លែងក្នុងជួបពិភាក្សានេះ លោកស្រី មិថុនា ភូថង បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណចំពោះក្រុមការងារអាជ្ញាធរមីន ដែលបានមកបំពេញបេសកកម្ម ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែងនូវផ្ទៃដីចម្ការមីនក្នុងខេត្តកោះកុង។ ខេត្តកោះកុង ជាខេត្តមួយនៅជាប់ព្រំដែន ដែលមានការពង្រាយមីនតាមបន្ទាត់ព្រំដែនច្រើន។ រដ្ឋបាលខេត្តនឹងគាំទ្រ សហការជាមួយក្រុមការងារអាជ្ញាធរមីន និងប្រតិបត្តិករដែលមានគម្រោងចូលមក និងកំពុងបំពេញការងារក្នុងទឹកដីខេត្តកោះកុង ដើម្បីបោសសម្អាតមីន ពង្រីកផ្ទៃដីមានសុវត្ថិភាព សម្រាប់ធ្វើការអភិវឌ្ឍន៍ និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍អាជ្ញាធរមីន៕






អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យដំណើរការបើកសាលារៀនវិញ នៅវិទ្យាល័យបឹង កុក និងវិទ្យាល័យដីដុះ

កំពង់ចាម ៖ លោក អ៊ុន ចាន់ ដា អភិបាលខេត្ត កំពង់ចាម អមដំណើរ ដោយមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅថ្ងៃទី ២០  ខែកញ្ញា ឆ្នាំ ២០២១នេះ បានអញ្ជើញចុះពិនិត្យដំណើរការបើកសាលារៀនវិញរបស់សិស្សានុសិស្ស  នៅវិទ្យាល័យបឹងកុក និងវិទ្យាល័យដីដុះក្រុងកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះដែរ លោក  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ លោកគ្រូ អ្នកគ្រូ និងសិស្សទាំងអស់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសុខភាព គឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ ៣កុំ ជាពិសេសត្រូវ ចេះការពារខ្លួនឯង រៀងៗខ្លួន ។ ក្នុងករណីបើមាន អាការះមិនស្រួលត្រូវប្រញាប់ រាយការណ៍ទៅឲ្យលោកគ្រូ អ្នកគ្រូ ដើម្បីយកសំណាកធ្វើតេស្តរក មេរោគកូវីដ- ១៩ ហើយធ្វេីការ ព្យាបាលឲ្យបានទាន់ពេលវេលា  ដេីម្បីទប់ស្កាត់កុំឲ្យឆ្លងរាលរីកដាលទៅអ្នកដទៃទៀត ។  

គួររំលឹកថា រដ្ឋបាលខេត្ត កំពង់ចាម បានបើកឲ្យ សិស្សានុសិស្សចូលរៀនវិញ ចែកចេញជាពីរតំណាក់កាលដោយតំណាក់កាល * ទី ១ ៖ ឲ្យសិស្សចាប់ពីថ្នាក់អនុវិទ្យាល័យ ឡើងទៅ និងសាលាពុទ្ធិក : ចូលរៀន នៅថ្ងៃទី២០ ខែកញ្ញា និង តំណាក់កាល ទី ២ ៖ ឲ្យសិស្ស ថ្នាក់បឋមសិក្សា ចូលរៀននៅថ្ងៃទី១១ ខែតុលា ដែលការសម្រេចឲ្យសិស្សចាប់ពី អនុវិទ្យាល័យចូលរៀនមុននេះ ដោយសារពួកគាត់បានចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ រួចហើយ ម្យ៉ាងទៀត ពួកគាត់ ស្ថិតនៅក្នុងវ័យមួយដែលទទួលបានការអប់រំច្រើនអំពីវិធានការ ការពារការឆ្លងរាលដាលនៃជំងឺកូ វីដ- ១៩ ។ ជាមួយគ្នា នោះ  លោកគ្រូ អ្នកគ្រូ ត្រូវបានចាក់ វ៉ាក់សាំងគ្រប់ចំនួន និងធ្វើការ ពិនិត្យសំណាករកមេរោគកូវីដ -១៩  ផងដែរ ៕





អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមបន្តណែនាំដល់អាណាព្យាបាលដែលមានកូនតូចៗ ប្រញាប់ទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងរៀនរស់សម្របខ្លួនជាមួយជំងឺកូវីដ១៩

កំពង់ឆ្នាំង៖ លោក លន់ លឹមថៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមបានបន្តណែនាំដល់បង ប្អូនប្រជាពលរដ្ឋដែលជាអណាព្យាបាលរបស់កូនៗតូចដែលមានអាយុពី៦ឆ្នាំដល់១២ឆ្នាំ ត្រូវនាំទៅទទួលចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ដោយឥតគិតថ្លៃឲ្យបានគ្រប់ៗគ្នា ពីព្រោះក្មេងៗ ជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ហើយត្រូវចេះសម្របខ្លួនរស់នៅជាមួយក្នុងរបត់ថ្មី មួយទៀត។ ការបញ្ជាក់បែបនេះគឺធ្វើឡើងនៅក្នុងឱកាសដែលលោក លន់ លឹមថៃ និងលោកស្រី រួមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀតបានអញ្ជើញនាំយកចង្ហាន់ និងគ្រឿង ឧបភោគបរិភោគជាច្រើនមុខដើម្បីប្រគេនព្រះសង្ឃដែលកំពុងជួបការលំបាកដោយសារជំងឺកូវីដ១៩ នៅវត្តព្រះនគរដែលជាវត្តដាច់ស្រាយលមួយស្ថិតនៅឃុំទ្រាន  ស្រុកកំពង់សៀម ខេត្តកំពង់ចាមនាថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១នេះ។

ឆ្លៀតនៅក្នុងឱកាសនេះដែរលោកតំណាងរាស្ត្រមណ្ឌលកំពង់ចាមមានប្រសាសន៍ បញ្ជាក់ថាបណ្តាប្រទេសនៅលើពិភពលោកបានឆ្លងជំងឺកូវីដ១៩ រួមទាំងប្រទេសកម្ពុជាយើង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានចាត់ វិធានការបន្ទាន់ៗជាច្រើនដើម្បីកុំឲ្យមានការឆ្លងរាលដាលធ្ងន់ធ្ងរ ជាពិសេសការស្វែងរក វ៉ាក់សាំងការពារជំងឺកូវីដ១៩ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺដើម្បីតែជីវភាព សុខភាព និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ហើយទោះបីបងប្អូនប្រជា ពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងហើយក្តី ក៏ត្រូវនាំគ្នាបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនរបស់រាជរដ្ឋភិបាលនិងវិធានការនានារបស់ក្រសួងសុខាភិបាល។ 

នៅក្នុងឱកាសនេះដែរលោកក៏បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខនិងជូនពរពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និង លោក ហេង សំរិន ប្រធានរដ្ឋសភាជូនដល់់លោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋផងដែរ។ ហើយក្រៅពីការប្រគេចង្ហាន់ជាច្រើនមុខដល់វត្តព្រះនគរខាងលើនេះឯកឧត្តម និងលោក  ជំទាវ រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតក៏បានផ្តល់ថវិកាឧបត្ថមដល់កងកំលាំង លោកយាយ លោកតាក្នុងម្នាក់ៗ២មុឺនរៀលនិងប្រគេនបច្ច័យកសាងវត្ត១លាន១សែន៥ម៉ឺនរៀល សរុប ជាថវិការចំណាយអស់៣លាន៦សែនរៀល៕





អំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានផ្តល់ដល់ប្រជាពលរដ្ឋពិការជើងដោយសារឆក់ខ្សែភ្លើង

បន្ទាយមានជ័យ ៖ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋឈ្មោះ នួន ថា អាយុ ៤៨ ភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពិការជើងដោយសារឆក់ខ្សែភ្លើង។

អំណោយរួមមាន រទេះរុញ ១គ្រឿង ថវិកា ២ ០០០ ០០០រៀល អង្ករ ៦០ គីឡូក្រាម មី ៥កេស ទឹកសុីអុីវ៥យួរ ទឹកត្រី៥យួរ ត្រីខ៥យួរ ម៉ាស ៤០០ ម៉ាស ទឹកបរិសុទ្ធ ៣កេស និងផ្លែមៀន១កេស។

ប្រជាពលរដ្ឋទទួលបានអំណោយ និងគ្រួសារទាំងអស់ សូមគោរពថ្លែងអំណរគុណដឹងគុណ និងជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រីចៅៗ សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ ប្រកបដោយពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងជៀសឆ្ងាយពីជំងឺកដ៍កាចសាហាវ៕





ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅស្រុកបរិបូណ៌ បានទទួលអំណោយមនុស្សធម៌ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានប្រគល់អំណោយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន ០៩គ្រួសារ មកពីឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ លោក អម សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពី លោក  ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលកន្លងមក តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក ជាពិសេសប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

លោក អម សុភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានដោយធ្វើយ៉ាងណារក្សានូវគោលការណ៍ណែនាំរបស់អាជ្ញាធរ ក៏ដូចជាក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីខ្លួនយើង និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។ ជាពិសេសបញ្ជូនកូនដែលគ្រប់អាយុទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា។ អំណោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន ៥០គីឡូក្រាម ត្រីខកំប៉ុង០១យួរ ៕





រដ្ឋបាលខេត្តត្បូងឃ្មុំ បានទទួលអំណោយដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ត្បូងឃ្មុំ៖នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានទទួលអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំ។

អំណោយទាំងអស់រួមមាន អង្ករ២០តោន ម៉ាស១០០,០០០ម៉ាស អាល់កុល១,០០០លីត្រ ផ្លែតាង៉ែន (មៀនប៉ៃលិន) ០៥ តោន និងថវិកា ១០០លានរៀល ដើម្បីជាការលើកទឹកចិត្ត និងចូលរួមជួយជំរុញឲ្យរដ្ឋបាលខេត្ត បន្តអនុវត្តន៍វិធានការនានាលើការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។
ស្ថិតក្នុងឱកាសនោះលោក ជាម ច័ន្ទសោភ័ណ ក្នុងនាមមន្ត្រីរាជការ កងកម្លាំងននិងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លាតាមរយៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនរដ្ឋបាលខេត្តនាពេលនេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ជំងឺកូវីដ១៩៕


អភិបាលរងខេត្តកំពង់ឆ្នាំង បានជួបប្រជុំជាមួយគណៈប្រតិភូអង្គការកុមារអាស៊ីប្រចាំប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន ZOOM

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បានជួបប្រជុំជាមួយគណៈប្រតិភូអង្គការកុមារអាស៊ីប្រចាំប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូអនឡាញ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន ZOOM។ 

ក្នុងជំនួបនេះអង្គការកុមារអាស៊ីប្រចាំប្រទេសកម្ពុជា បានជម្រាបពីគោលបំណងដើម្បីបញ្ចប់ការគាំទ្ររបស់អង្គការ ជាមួយមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង នាខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ 

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក នៃ ចារី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជូនចំពោះអង្គការកុមារអាស៊ីប្រចាំប្រទេសកម្ពុជា ដែលកន្លងមកតែងតែជួយឧបត្ថម្ភគាំទ្រជាសម្ភារៈ ថវិកា ស្មារតី ដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ៕




ក្រសួងព្រះបរមរាជវាំងប្រកាសថា មិនមានចែងអំពីការចាត់តាំង ព្រះរជ្ជទាយាទ" prince Heritier" ទេ ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំង ព្រះរជ្ជទាយាទ ឡើយ

បើយោងលិខិតផ្លូវការរបស់ក្រសួងព្រះបរមរាជវាំង ដែលបានផ្តល់ជូនអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១នេះ បានបញ្ជាក់ថា ក្រសួងព្រះបរមរាជវាំង មានកិត្តិយស សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ មានអត្ថបទកាសែតបរទេសមួយចំនួន បានចុះផ្សាយពាក់ព័ន្ធដល់ព្រះអង្គម្ចាស់រជ្ជទាយាទ "prince Heritier" នៃព្រះរាជាណាចក្រកម្ពុជា មួយព្រះអង្គ ដាក់សុំទិញក្លឹបបាល់ទាត់ AS Saint-Etenne របស់ប្រទេសបារាំង ក្នុងតម្លៃ ១០០លានអុឺរ៉ូ។

យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិ នៃព្រះរាជាណាចក្រកម្ពុជា មិនមានចែងអំពីការចាត់តាំង ព្រះរជ្ជទាយាទ" prince Heritier" ទេ ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំង ព្រះរជ្ជទាយាទ ឡើយ។





កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយទៅជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់

ស្វាយរៀង៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា រួមដំណើរដោយលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង ក្នុងនោះខូចខាតធ្ងន់ ១ខ្នង មធ្យម ៣ខ្នង និងខូចខាតស្រាល ៨ខ្នង ក្នុងឃុំសំរោង ស្រុកចន្ទ្រា។

អំណោយចែកជូនគ្រួសាររងគ្រោះធ្ងន់ ១ គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយសម្លរ ២ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកាចំនួន ២០០,០០០ រៀល។

ដោយឡែក គ្រួសាររងគ្រោះមធ្យម ៣ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់១ ឃីត ១កញ្ចប់ (ភួយ,មុង,សារុង,ក្រមា) ថវិកាចំនួន ៥០,០០០ រៀល។

និងសម្រាប់គ្រួសាររងគ្រោះស្រាល៨ គ្រួសារ ក្នុង ១គ្រួសារទទួលបានថវិកា ៦០,០០០ រៀល៕






សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

សារលិខិតរបស់សម្តេចតេជោ លើកឡើងថា អង្គការសហប្រជាជាតិ បានអនុម័តយកថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ សម្រាប់ពិភពលោកប្រារព្ធទិវាសន្តិភាពអន្តរជាតិ ដើម្បីឧទ្ទិសដល់ការពង្រឹងឧត្តមគតិសន្តិភាព សំរាប់ប្រជាជន និងបណ្តាប្រទេសទាំងអស់នៅទូទាំងសកលលោក។

សម្រាប់ឆ្នាំ២០២១នេះ នៅក្នុងបរិបទដែលពិភពលោក កំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាតកូវីដ-១៩ ទិវាសន្តិភាពអន្តរជាតិត្រូវបាន រៀបចំក្រោមមូលបទ «ការស្តារពិភពលោកឱ្យមានភាពប្រសើរឡើងវិញ ប្រកបដោយសមធម៌ និងនិរន្តរភាព» ដោយផ្តល់គុណតម្លៃជាចម្បងដល់សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការខិតខំប្រឹងប្រែង រួមគ្នាស្គាពិភពលោកឱ្យរួចផុតពីគ្រោះមហន្តរាយ បង្កឡើងដោយជំងឺរាតត្បាតនេះ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោមានសេចក្តីសោមនស្សរីករាយ សូមចូលរួមជាមួយសហគមន៍អន្តរជាតិ អបអរសាទរប្រារព្ធទិវាសន្តិភាពអន្តរជាតិដ៏មហោឡារិកនេះ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាកល អំពីគុណតម្លៃដ៏វិសេសវិសាលនៃសន្តិភាព និងបង្ហាញពីឆន្ទៈដ៏ខ្ជាប់ខ្លួនរបស់កម្ពុជា នៅក្នុងការបន្តកសាង និងថែរក្សាសន្តិភាព ស្ថិរភាពឱ្យបានគង់វង្ស ឋិតស្ថេរយូរអង្វែង៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖







#សារលិខិត #ហ៊ុនសែន #កម្ពុជា #អគុណសន្តិភាព