Wednesday, October 11, 2023

វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស គឺជាឱកាសរុស្ស៉ីបង្ហើយសង្រ្គាមអ៊ុយក្រែន ឬ?


(វ៉ាស៊ីនតោន)៖ រុស្ស៉ី ត្រូវបានក្រុមអ្នកវិភាគមួយចំនួនមើលឃើញថាកំពុងទាញយក ឬអាចនឹងទទួលបានផលចំណេញពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ខណៈអ៉ីស្រាអែលកំពុងស្នើសុំជំនួយយោធាពីសហរដ្ឋអាមេរិក ដែលនេះអាចនឹងបង្វែរអាវុធ និងការផ្តោត មួយចំនួនចេញពីសង្រ្គាមនៅអ៊ុយក្រែន ទន្ទឹមនឹងការកើនឡើងតម្លៃប្រេងនឹងជួយជំរុញដល់សេដ្ឋកិច្ចរបស់រុស្ស៉ី។ និយាយឱ្យខ្លីរុស្ស៉ីនឹងទទួលបាន ផលចំណេញពីសង្រ្គាមនេះយ៉ាងហោចក៏ក្នុងរយៈពេលខ្លីដែរ។

សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត NATO បានបដិសេធនូវការព្រួយបារម្ភពាក់ព័ន្ធនឹងសមត្ថភាពរបស់ពួកគេ ក្នុងការបន្តផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន នៅបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសបើកការវាយប្រហារទ្រង់ទ្រាយធំកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនលើអ៉ីស្រាអែល ដែលតែងតែទទួល បានជំនួយយោធារាប់ពាន់ដុល្លារក្នុងមួយឆ្នាំៗពីសហរដ្ឋអាមេរិក។ ប៉ុន្តែ សម្រាប់វិមានក្រឹមឡាំង សង្រ្គាមអ៉ីស្រាអែល និងហាម៉ាសនឹងប្រព្រឹត្តទៅដោយផ្ដល់ ផលចំណេញតិច ឬច្រើនដល់ទីក្រុងមូស្គូ។ ព្រោះយ៉ាងហោចណាស់ សង្រ្គាមនេះអាចនឹងបង្វែរការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុប ចេញពីសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។ ជាក់ស្ដែង ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារ ទី១០ ខែតុលានេះបាននិយាយថាអំពើហិង្សា ដុតបញ្ឆេះឡើងនៅអ៉ីស្រាអែល និងតំបន់ហ្កាហ្សា អាចនឹងបង្វែរការចាប់អារម្មណ៍អន្តរជាតិចេញពីសង្រ្គាមនៅក្នុងប្រទេសរបស់លោក។ «វាពិតជាមានហានិភ័យ ថាចំណាប់អារម្មណ៍របស់អន្តរជាតិ នឹងបង្វែរចេញពីអ៊ុយក្រែន ហើយវាអាចនឹងមានផលវិបាក...»។ នេះជាការបញ្ជាក់របស់លោក ហ្សេលេនស្គី នៅក្នុង បទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង ហ្វ្រង់ ដឺ (France 2)។

ដូចគ្នាដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បានលើកឡើងនៅឯសន្និសីទសារព័ត៌មាន ក្រោយជំនួបជាមួយអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក អះម៉ាត់ អាប៊ូ ហ្គេត (Ahmed Aboul Gheit) កាលពីថ្ងៃចន្ទ ទី៩ ខែតុលាថាគោលដៅរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងទទួលបានជោគជ័យយ៉ាង លឿនរហ័ស ប្រសិនបើសហរដ្ឋអាមេរិកងាកទៅផ្តោតលើសង្រ្គាមអ៉ីស្រាអែល​-ហាម៉ាស ហើយជាលទ្ធផលនឹងមានការថយចុះការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន»។

ជាការពិតណាស់ ជំនួយយោធាមួយផ្នែកធំដែលអ៊ុយក្រែន និងអ៉ីស្រាអែលកំពុងស្នើសុំ គឺមិនត្រួតស៊ីគ្នានោះទេ ហើយណាមួយអ៉ីស្រាអែលបានបង្កើនការបំពេញ ស្តុកអាវុធគួរឱ្យកត់សម្គាល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ៉ីស្រាអែល ត្រូវបានរាយការណ៍ថាកំពុងស្នើសុំមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Iron Dome មីស៊ីលភ្ជាប់ប្រព័ន្ធកំណត់គោលដៅជាក់លាក់ និងគ្រាប់កាំភ្លើងធំ ស្របពេលកំពុងបង្កើនការវាយប្រហារលើក្រុមហាម៉ាស។ នៅត្រង់នេះ មីស៊ីលដែល អ៉ីស្រាអែលត្រូវការសម្រាប់ Iron Dome មិនមែនជាប្រភេទមីស៊ីលតែមួយសម្រាប់ប្រព័ន្ធមីស៊ីលអាមេរិក Patriot និងប្រព័ន្ធ មីស៊ីលអាមេរិកដទៃទៀតដែល អ៊ុយក្រែនកំពុងប្រើ នោះឡើយ។

ក៏ប៉ុន្តែ សម្ពាធលើការផ្គត់ផ្គង់អាចនឹងកើនឡើង ប្រសិនបើអ៉ីស្រាអែលបើកធ្វើសង្រ្គាមជើងគោកវាយចូលក្នុងតំបន់ហ្កាហ្សា។ នេះបើតាមលោក Mark Cancian ជាអតីតវរសេនីយ៍ឯកនៃទាហានម៉ារីនអាមេរិក និងបច្ចុប្បន្នជាទីប្រឹក្សាម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) មានមូលដ្ឋាន ក្នុងទីក្រុងវ៉ាស៊ីនតោន។ លោក Cancian បានកត់សម្គាល់ដូច្នេះថា «សម្ពាធនឹងកើនឡើង នៅពេលដែលពួកគេ (អ៉ីស្រាអែល) ប្រើគ្រាប់នៅក្នុងសង្រ្គាម ទ្រង់ទ្រាយធំ ដោយពួកគេអាចនឹងប្រើប្រាស់ច្រើនសន្ធឹកសន្ធាប់នូវគា្រប់ ឬមីស៊ីលកំណត់គោលដៅច្បាស់ៗ។ ពួកគេអាចនឹងមិនមានគ្រាប់គ្រប់គ្រាន់ឡើយ សម្រាប់សង្រ្គាមរយៈពេលវែង ទោះបីជាមានអាវុធពេញស្តុកស្រាប់ក៏ដោយ»។ ម្យ៉ាងវិញទៀត ការប្រកាសកែនកងទ័ពបម្រុងជាង ៣០០,០០០នាក់ ក៏មានន័យ ថាអ៉ីស្រាអែលត្រូវបង្កើនចំនួនអាវុធដែរ។

អ៊ុយក្រែន និងរុស្ស៉ី បានប្រើប្រាស់អាវុធជា ពិសេសគឺគ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ក្នុងមួយថ្ងៃៗ។ មីស៊ីល ឬអាវុធមិនមានប្រព័ន្ធកំណត់គោលដៅជាក់លាក់ នឹង មិនមែនជាអាវុធមានប្រយោជន៍សម្រាប់អ៉ីស្រាអែល នៅក្នុងសង្រ្គាមទីក្រុងដូចជាក្នុងតំបន់ហ្កាហ្សានោះទេ។ ដូច្នេះអ្វីដែលអ៉ីស្រាអែលត្រូវការគឺអាវុធមានបំពាក់ ប្រព័ន្ធកំណត់គោលដៅជាក់លាក់។ តែបញ្ហានៅត្រង់ថាអ៉ីស្រាអែលត្រូវការ អ៊ុយក្រែនក៏កំពុងត្រូវការដែរដើម្បីអាចវាយប្រហារលើមូលដ្ឋានយោធារបស់រុស្ស៉ី នៅក្រោយសមរភូមិ។ «បញ្ហា នោះគឺយើងមិនអាចផលិតអាវុធមានបំពាក់ប្រព័ន្ធកំណត់គោលដៅជាក់លាក់ក្នុងចំនួនដ៏ច្រើន ក្នុងរយៈពេលខ្លី បាននោះទេ ហើយ ស្ថានការណ៍បែបនេះអាចនឹងតម្រូវឱ្យសហរដ្ឋអាមេរិកយកអាវុធចេញពីឃ្លាំងស្តុក ដែលកំពុងតែថយចុះស្រាប់ទៅហើយនោះ»។ នេះជាការបញ្ជាក់របស់លោក Cancian ជាមួយការបន្ថែមថាទោះជាបីជាសហរដ្ឋអាមេរិក មិនបញ្ឈប់ការផ្ដល់អាវុធឱ្យអ៊ុយក្រែនក៏ដោយ ក៏ការផ្ដល់អាវុធនឹងមានភាពយឺតយ៉ាវដែរ ដែលនេះ នឹងបង្ខំឱ្យអ៊ុយក្រែនត្រូវប្រើអាវុធកំណត់ត្រឹមគោលដៅណាជាអាទិភាពខ្ពស់តែប៉ុណ្ណោះ។

ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក ធ្លាប់បានលើកឡើងជារឿយៗថាបើទោះជាសហរដ្ឋអាមេរិក នឹងនៅតែបន្តផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ក៏វ៉ាស៊ីនតោនត្រូវ ប្រុងប្រយ័ត្នដោយធានាឱ្យបានថាអាចមានសមត្ថភាពឆ្លើយតបទៅនឹងវិបត្តិផ្សេងទៀត។ ក្នុងពេលនេះ ក្រុមមន្ត្រីលោកខាងលិចនៅតែជឿថានឹងមិនមាន ផលប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងជួយអ៊ុយក្រែនវាយបណ្ដេញកងទ័ពរុស្ស៉ីនោះទេ ដ្បិតអ៉ីស្រាអែលមានសមត្ថភាព និងអាវុធគ្រប់គ្រាន់។

* ​ទស្សនៈរបស់លោក ពូទីន

តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគមួយចំនួនដូចជាលោកស្រី Bronwen Maddox ជានាយកប្រតិបត្តិ (CEO) វិទ្យាស្ថាន Chatham House នៅតែមាន ការសង្ស័យដដែល។ លោកស្រី Bronwen Maddox បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg TV​ ថា «ប្រសិនបើត្រូវជ្រើសរើស រវាងអ៉ីស្រាអែល និងអ៊ុយក្រែន វាប្រាកដណាស់ថាសហរដ្ឋអាមេរិកនឹងរើសយកអ៉ីស្រាអែលដោយមិនមានការស្ទាក់ស្ទើរនោះទេ បើទោះជាមិនត្រូវប្រឈមមុខ នឹងការសម្រេចចិត្តដ៏ពិបាកដូចពេលនេះក៏ដោយ។ នេះជាហេតុផលមួយដែលលោក ហ្សេលេនស្គីកំពុងបារម្ភ ហើយលោកក៏បាន និងកំពុងប្រឹងប្រែងរក្សា ចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកដែរ»។

អនាគតជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន បានស្ថិតនៅក្នុងភាពស្រពេចស្រពិល នៅបន្ទាប់ពីសភាទាំង២របស់សហរដ្ឋអាមេរិក បាន ព្រមព្រៀងគ្នាដកចោលនូវកញ្ចប់ជំនួយយោធាថ្មីសម្រាប់ទីក្រុងកៀវ ដើម្បីអាចអនុម័តកញ្ចប់ថវិកាបណ្ដោះអាសន្នមួយបញ្ចៀស shutdown កាលពីពេលថ្មីៗ នេះ។ អនាគតជំនួយយោធានេះអាចនឹងកាន់តែយ៉ាប់យ៉ឺនថែមទៅទៀត ប្រសិនបើជម្លោះអ៉ីស្រាអែល និងហាម៉ាស កាន់តែពង្រឹងការសង្ស័យរបស់ អ្នកតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ ទៅលើការគាំទ្រអ៊ុយក្រែន។

លោក ពូទីន បានប្រាប់អ្នកចូលរួមនៅឯវេទិកាមួយរៀបចំឡើងដោយវិទ្យាស្ថាន Valdai Discussion Club ក្នុងទីក្រុង Sochi ប្រទេសរុស្ស៉ី កាលពីថ្ងៃទី៥ ខែតុលា ថា «ការដែលអ៊ុយក្រែនមានសមត្ថភាពប្រយុទ្ធសព្វថ្ងៃ គឺដោយសារតែការបរិច្ចាគទំហំរាប់ពាន់លានដុល្លារ ដែលខ្លួនទទួលបានជារៀងរាល់ខែ។ តែប្រសិនបើ ការផ្តល់ជំនួយហ៊ានតែ​ឈប់ នោះអ៊ុយក្រែនមុខជានឹងដួលរលំក្នុងពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ»។ ចំណែក ការគាំទ្ររបស់អឺរ៉ុបវិញ ក៏ធ្លាប់រងការរំខានផងដែរ កាលពីប៉ុន្មានសប្ដាហ៍មុននេះ ក្រោយអ៊ុយក្រែន និងប៉ូឡូញពាក់មុខយក្សដាក់គ្នារឿងនាំចេញធញ្ញជាតិ រហូតដល់ថ្នាក់ទីក្រុងវ៉ាសូវី គំរាមបញ្ឈប់ការផ្ដល់ជំនួយ យោធាថ្មីសម្រាប់អ៊ុយក្រែន។ សាមគ្គីភាពរបស់សហភាពអឺរ៉ុបលើការផ្ដល់ជំនួយដល់អ៊ុយក្រែន ក៏កំពុងជួបបញ្ហាប្រឈមដែរពីសំណាក់លោក Robert Fico ដែល ជាអ្នកនយោបាយស្លូវ៉ាគីម្នាក់គាំទ្ររុស្ស៉ី និងដែលគ្រោងត្រឡប់មកកាន់អំណាចជាថ្មីនៅស្លូវ៉ាគី ក្រោយគណបក្សរបស់ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសភា។

គួរបញ្ជាក់ថា សង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស ក៏កំពុងធ្វើឱ្យតម្លៃប្រេងឡើងថ្លៃផងដែរ ហើយនេះអាចនឹងជំរុញដល់សេដ្ឋកិច្ចរុស្ស៉ីអាចមានហិរញ្ញវត្ថុ យកទៅចំណាយលើផលិតអាវុធបន្ថែម ដើម្បីបន្តធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែន៕
ប្រភព៖ Fresh News















សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពិតមែនតែចំណងការទូតផ្លូវការរវាងកម្ពុជា-ឡាវ មានរយៈពេលតែ ៦៧ ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពិតមានលក្ខណៈប្រវត្តិសាស្ត្រយូរអង្វែង

 នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតឡាវប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ ឯកឧត្តម បួរកែវ ភូមិវង្សសៃ បានសម្តែងនូវការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានការគាំទ្រដ៏លើសលប់ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែកក្កដា កន្លងទៅ ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ក្នុងអាណត្តិថ្មីនេះ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវជំនឿជឿជាក់ថា កម្ពុជានឹងកាន់តែរីកចម្រើនលូតលាស់ខ្លាំងក្លាទៅមុខ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ។ មួយវិញទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកទ្បើងផងដែរថា ចំណងមិត្តភាពឡាវ-កម្ពុជា ក្នុងនាមជាអ្នកជិតខាងដ៏ល្អ គឺមានដានប្រវត្តិសាស្ត្រអស់រយៈកាលជាយូរលង់ ហើយមូលដ្ឋានដ៏ល្អនេះ ក៏នឹងរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែមានការរីកចម្រើនរីកលូតលាស់ទៅមុខ បន្ថែមពីលើពីកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ នៅក្នុងវិស័យអប់រំ, ទេសចរណ៍ និងឧស្សាហកម្ម ជាដើម ។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី នៅក្នុងជំនួបនេះ ដើម្បីពិភាក្សាអំពីទិសដៅនៃការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយក្នុងនេះ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបមុនៗរវាង សម្តេចធិបតី ជាមួយនឹង ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ចំនួនពីរដង នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងការចូលរួមក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅក្នុងប្រទេសចិន ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមថា ពិតមែនតែចំណងការទូតផ្លូវការរវាងប្រទេសទាំងពីរ មានរយៈពេលតែ ៦៧ ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពិតមានលក្ខណៈប្រវត្តិសាស្ត្រយូរអង្វែង ។ ដោយឡែក សម្តេចធិបតី ក៏បានរំឭកផងដែរអំពីលទ្ធផលនៃជំនួបជាមួយ ឯកឧត្តមប្រធានាធិបតីឡាវ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ របស់ សម្តេចធិបតី ទៅកាន់ប្រទេសឡាវ កាលពីឆ្នាំ២០២២ ដោយក្នុងនេះ ឯកឧត្តមប្រធានាធិបតីឡាវ បានបញ្ជាក់អំពីបំណងក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងរដ្ឋាភិបាល, ស្ថាប័នសភា, ប្រជាជន និងកងទ័ព ក៏ដូចជារវាងយុវជននៃប្រទេសទាំងពីរ ។ ចំពោះកិច្ចសហប្រតិបត្តិការផ្នែកយោធា, សម្តេចធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យបន្តអនុវត្ត “លំហាត់រួមត្រីភាគីស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណាម (CLV)” ដែលត្រូវបានរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ។

ជាចុងក្រោយ សម្តេចធិបតី និង ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានឯកភាពគ្នាលើទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ វិស័យថាមពល, ទេសចរណ៍, ពាណិជ្ជកម្ម, ការបោះបង្គោលព្រំដែន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធស្ពាន-ផ្លូវ ជាដើម ។ល។










ប្រធានមូលនិធិ The Nippon Foundation៖ កម្ពុជា គឺជាគំរូដ៏ល្អមួយ នៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀតលើសាកលលោកអាចយកជាគំរូ ខណៈដែលប្រទេសមួយចំនួនកំពុងតែរងនូវជម្លោះបែកបាក់ និងអសន្តិសុខ

នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ លោក យ៉ូហេ សាសាកាវ៉ា បានថែ្លងអំណរគុណ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរ សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ លោកប្រធានមូលនិធិ ក៏បានថ្លែងកោតសរសើរប្រទេសកម្ពុជា ដែលពីមុនធ្លាប់ជាប្រទេសរងគ្រោះខ្ទេចខ្ទាំដោយសារភ្នក់ភ្លើងសង្គ្រាមបែកបាក់ ប៉ុន្តែសព្វថ្ងៃបានចាកចេញផុតពីវិនាសកម្មសោកសង្រេងទាំងនោះ ហើយកំពុងតែស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ។ ទាំងនេះ ក៏ដោយសារតែកម្ពុជាមានប្រមុខថ្នាក់ដឹកនាំឆ្នើម តួយ៉ាងដូចជា សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាដើម ។ បន្ថែមលើនេះ លោក យ៉ូហេ សាសាកាវ៉ា ក៏បានសង្កត់ធ្ងន់ទៀតថា កម្ពុជា គឺជាគំរូដ៏ល្អមួយនៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀតលើសាកលលោកអាចយកជាគំរូ ខណៈដែលប្រទេសមួយចំនួនកំពុងតែរងនូវជម្លោះបែកបាក់ និងអសន្តិសុខ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយ លោក យ៉ូហេ សាសាកាវ៉ា ជាលើកទី៤ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបរវាង លោក យ៉ូហេ សាសាកាវ៉ា ជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃដដែលនេះ ជាពិសេស សម្តេចធិបតី បានគូសបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងនៃដំណើរទស្សនកិច្ចរួមគ្នារបស់ឥស្សរជនទាំងពីរ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលខាងមុខ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានថ្លែងនូវការអរគុណចំពោះមូលនិធិ The Nippon Foundation ដែលក្នុងរយៈកាល ៣០ ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជានៅក្នុងវិស័យអប់រំ និងសុខាភិបាល ដោយក្នុងនេះ ប្រជាជនកម្ពុជាជាច្រើនបានទទួលនូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តគាំទ្រចំពោះគម្រោងសកម្មភាពនានា ដែលមូលនិធិ The Nippon Foundation បន្តអនុវត្តនៅកម្ពុជា៕







សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បានឯកភាពលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងការពារជាតិ

 នាព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ជាកិច្ចចាប់ផ្តើម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម ក្នុងជំនួបថ្ងៃនេះ ដែលជាឱកាសដើម្បីពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានសម្តែងនូវការអបអរសាទរសារជាថ្មីជូន សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានជូនពរ សម្តេចធិបតី ទទួលបាននូវជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេស ក្នុងរយៈកាលចុងក្រោយនេះ គឺការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពិតជាបានបង្កលក្ខណៈដល់ដំណើរការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ជាអាទិ៍៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ នៅក្នុងឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ជាដើម ។ល។ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានសម្តែងផងដែរ នូវភាពសប្បាយរីករាយចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ដែលមានការរីកចម្រើនលូតលាស់ជាលំដាប់លើគ្រប់វិស័យ ហើយរដ្ឋាភិបាលវៀតណាមបេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់នៅគ្រប់កម្រិត ជាពិសេសវិស័យពាណិជ្ជកម្ម, ទេសចរណ៍, ការពារជាតិ និងសន្តិសុខ ក៏ដូចជានឹងបន្តសំឡឹងមើលវិស័យសក្តានុពលថ្មីៗបន្ថែមទៀត ។ បន្ថែមពីនេះទៀត ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បានបង្ហាញនូវបំណងក្នុងការគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសវៀតណាម ក្នុងពេលឆាប់ៗខាងមុខនេះ ។

ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បានឯកភាពលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងការពារជាតិ ។ ដោយឡែក ជំនួបនេះ ក៏បានផ្តោតការពិភាក្សាផងដែរអំពីយន្តការត្រីភាគីកម្ពុជា-ឡាវ-វៀតណាម សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ៕









សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ប្រេស៊ីល

 នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងអំទ្បុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការចំនួន ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងជំនួបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល នាពេលនេះ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ព្រមជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ខណៈពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-ប្រេស៊ីល នៅរក្សាដដែល ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅរូ វីអេរ៉ា បានគោរពប្រគល់ជូន សម្តេចធិបតី នូវលិខិតអបអរសាទររបស់ ឯកឧត្តមប្រធានាធិបតីប្រេស៊ីល ក្នុងឱកាសដែល សម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានធ្វើការបញ្ជាក់ផងដែរនូវបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម, អប់រំ, សុខាភិបាល និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយសាទរចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសប្រេស៊ីល ហើយក៏បានជម្រាបផងដែរថា ប្រេស៊ីលក៏គ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីល ។ ជាងនេះទៀត ឯកឧត្តម រដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានសម្តែងនូវការអរគុណចំពោះកម្ពុជា ដែលបានគាំទ្រប្រទេសប្រេស៊ីល ឱ្យក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ។

ទន្ទឹមនឹងនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍, កសិកម្ម, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដែលជាផលប្រយោជន៍រួម ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល បានគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសប្រេស៊ីល ក្នុងពេលវេលាសមស្របណាមួយ ។ ជាការឆ្លើយតប សម្តេចធិបតី បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ និងបានបង្ហាញអំពីបំណងក្នុងការអញ្ជើញ ឯកឧត្តមប្រធានាធិបតីប្រេស៊ីល មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ ជាពិសេសនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី៣០ នៃចំណងការទូតផ្លូវការកម្ពុជា-ប្រេស៊ីល ព្រមជាមួយការបើកដំណើរការស្ថានអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅកម្ពុជាផងដែរ ៕









ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ទើបតែងតាំងថ្មីចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រនៃ ព្រះរាជា​ណា​ចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឯកឧត្តម ទ្រីសម៉ាន់ អ៊ីហ្គោរ៍ ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង វេលាម៉ោង ១១ ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានសហភាពអ៊ឺរ៉ុបតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា។








អ្នកជំនាញ អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលបង្កាន់នាគនៅប្រាសាទបន្ទាយសំរ៉ែ



ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជំរុញការងារជួសជុលបង្កាន់ដៃនាគប្រវែង៣៤ម៉ែត្រ នៅរោងទងទី១ផ្នែកឦសានប្រាសាទបន្ទាយសំរ៉ែ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ 


ចំពោះការជួសជុល ក្រុមការងារមានការលំបាកយ៉ាងខ្លាំង ដោយសារថ្មមានការបែកបាក់ច្រើន ហើយផ្នែកខ្លះនៃចម្លាក់ត្រូវបាត់បង់ តម្រូវឱ្យអ្នកជំនាញស្វែងរកយកដាក់តាមទីតាំងដើមវិញ។  ការងារជួសជុលដែលចាប់ផ្តើមពីខែកក្កដាមកនោះ  ពេលនេះសម្រេចបានជាង៨០ភាគរយ  ហើយការងារដែលនៅសេសសល់គ្រោងនឹងបញ្ចប់ឱ្យបានមុនដំណាច់ឆ្នាំ២០២៣ខាងមុខ។


សូមបញ្ជាក់ថា ប្រាសាទបន្ទាយសំរ៉ែមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រាសាទនេះសាងឡើងនៅពាក់កណ្តាលគ្រិស្តសតវត្សទី១២  ដើម្បីឧទិ្ទសដល់ព្រះនារាយណ៍៕