Monday, November 14, 2022

ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី សូមសម្តែងនូវការអបអរសាទរប្រកបដោយមោទនភាពបំផុត និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

 (ភ្នំពេញ)៖ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សូមសម្តែងនូវការអបអរ សាទរ និងជូនពរដោយ ស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន, កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពិតជាបានដំណើរការទៅ យ៉ាងរលូន ប្រកប ដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។
ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោ ជាប្រធានអាស៊ាន បានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានានៅក្នុងតំបន់និងលើពិភពលោក។ ជោគជ័យដ៏ត្រចេះត្រចង់ ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះ ពិតជាបានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិ ដ៏សម្បើមមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនេះ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្តេចបានប្រកបដោយសុវត្ថិភាព ក្នុងការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅទីក្រុងបាងកកប្រទេសថៃ៕





វិភាគអន្តរជាតិ៖ ហេតុអ្វី លោក ពូទីន មិនមកចូលរួមកិច្ចប្រជុំកំពូល G20?

(មូស្គូ)៖ លើកចុងក្រោយបំផុតដែលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មើលឃើញថាខ្លួនឯងមាន «ភាពឯកោ» នៅឯកិច្ចប្រជុំកំពូល G20 នោះគឺកាលពីឆ្នាំ២០១៤កន្លងទៅ បន្ទាប់ពីទីក្រុងមូស្គូ បានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន ហើយនៅពេលនោះដែរ លោកទទួលបានការស្វាគមន៍យ៉ាងសោះអង្គើយពីសំណាក់មេដឹកនាំលោកខាងលិច ជាហេតុ ជំរុញឱ្យលោកចាកចេញពីកិច្ចប្រជុំមុនកាលកំណត់។

៨ឆ្នាំក្រោយមក ពោលគឺនៅក្រោយការឈ្លានពានចូលអ៊ុយក្រែនកាលពីខែកុម្ភៈ មកទល់នឹងសព្វថ្ងៃ និងការសម្លុតគំរាមលោកខាងលិចជាមួយអាវុធនុយក្លេអ៊ែរ មេដឹកនាំវ័យ ៧០ឆ្នាំ រូបនេះបានសម្រេចចិត្តមិនមកចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងព្រឹត្តទៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះនោះទេ។ ក្រុមអ្នកវិភាគខ្លះ បាននិយាយថាវិមានក្រឹមឡាំង កំពុងព្យាយាមការពារលោក ពូទីន ពី «ព្យុះរិះគន់ និងការថ្កោលទោស» នៅក្នុងប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែអវត្តមានរបស់លោក ពូទីន ក៏អាចធ្វើឱ្យ រុស្ស៉ីប្រថុយនឹងភាពឯកោបន្ថែមទៀតដែរ ខណៈកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់លោកខាងលិច។

បើតាមនាយកក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Dialogue of Civilisations Institute លោក អាឡិចហ្ស៉ី ម៉ាឡាឈិនកូ (Alexei Malashenko)​ លោក ពូទីន បានសម្រេចចិត្តមិន ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 អាចមកពីលោកមិនចង់រងភាពអាម៉ាស់ជាសាធារណៈសាជាថ្មី ដូចពីកាលពីកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងប្រ៊ីសបែន (Brisbane) ប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៤ ជាពេលដែលមេដឹកនាំលោកខាងលិចបង្ហាញភាពសោះកក្រោះ និងមិនចង់និយាយរកលោក ពូទីន នៅឯពិធីថតរូបប្រពៃណីគ្រួសារ G20។ «នៅឯកិច្ចប្រជុំកំពូល អ្នកនឹងត្រូវនិយាយទៅកាន់មនុស្សម្នា ហើយថតរូបជុំគ្នា...ប៉ុន្តែថាតើនរណាដែលលោក ពូទីន នឹងនិយាយរក ហើយថាតើគាត់នឹងឈរថតរូបយ៉ាងដូចម្ដេច»? នេះការលើកឡើង របស់លោក ម៉ាឡាឈិនកូ។

ការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលកំពុងបង្កឱ្យមានវិបត្តិថាមពល និងការខ្វះខាតស្បៀងអាហារ នឹងក្លាយជារបៀបវារៈដ៏សំខាន់នៅឯកិច្ចប្រជុំកំពូល G20។ វិមានក្រឹមឡាំង បានអះអាងថាលោក ពូទីន មិនមកចូលក្នុងកិច្ចប្រជុំកំពូល G20 គឺដោយសារតែលោកមានកាលវិភាគមមាញឹកពេកពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន ដោយមិនបានបញ្ជាក់អ្វីលម្អិត ផ្សេងពីនេះឡើយ។

* គ្មានអ្វីត្រូវនិយាយ

វិមានក្រឹមឡាំងបាន​ឱ្យដឹងថាលោក ពូទីន បានសម្រេចចិត្តមិនចូលរួមកិច្ចប្រជុំ G20 ដោយផ្ទាល់ ហើយក៏នឹងមិនថ្លែងសុន្ទរកថាតាមវីដេអូណាមួយនោះដែរ។ ម្លោះហើយបើធៀបទៅ នឹងលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះតាមរយៈប្រព័ន្ធវីដេអូ គេរំពឹងថាលោក ហ្សេលេនស្គី អាចនឹងបញ្ចុះបញ្ចូលឱ្យ មេដឹកនាំពិភពលោកចាត់វិធានការឆ្លើយតបមួយយ៉ាងរឹងមាំប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ ក្រុមប្រតិភូរុស្ស៉ីនឹងត្រូវបានដឹកនាំរដ្ឋមន្ត្រីការបរទេស លោក សឺហ្គៃ ឡាវរ៉ូវ នៅឯ កិច្ចប្រជុំកំពូល G20។ តែបើគេចាំមិនភ្លេចទេ លោក ឡាវរ៉ូវ ធ្លាប់បានដើរចេញពីកិច្ចប្រជុំ G20 នៅឯកោះបាលីម្ដងរួចមកហើយកាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីការឈ្លានពាន របស់រុស្ស៉ីលើអ៊ុយក្រែន ទទួលរងការថ្កោលទោស ហើយលោកក៏អាចនឹងទទួលបានស្វាគមន៍យ៉ាងសោះកក្រោះបែបនេះម្ដងទៀតក៏ថាបាន។

អ្នកវិភាគនយោបាយ លោក កុងស្ដង់ទីន កាឡាឆេវ (Konstantin Kalachev) យល់ថាការបដិសេធមិនចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលីរបស់លោក ពូទីន បានឆ្លុះបញ្ចំង នូវ «អារម្មណ៍មួយថាសង្រ្គាមអ៊ុយក្រែនហាក់ដូចជាគ្មានច្រកចេញ»។ លោក កាឡាឆេវ បានសង្កត់ធ្ងន់ថា «លោក ពូទីន មិនមានអ្វីត្រូវនិយាយនោះទេ ហើយលោកក៏មិនមានសំណើ ណាមួយស្ដីពីអ៊ុយក្រែន ដែលអាចធ្វើឱ្យភាគីទាំងសងខាងពេញចិត្តនោះដែរ»។ បើទោះជាបានកែនកងទ័ពបម្រុងរាប់សែននាក់ កាលពីខែកញ្ញាក៏ដោយ ក៏កងទ័ពរុស្ស៉ីនៅតែបន្ត ទទួលបរាជ័យយ៉ាងអាម៉ាស់ជាបន្តបន្ទាប់ ដោយកាលពីខែកញ្ញាកន្លងទៅនេះ កងទ័ពរុស្ស៉ីបានដកថយចេញពីតំបន់ខាកៀវ ស្ថិតនៅភាគឦសាននៃប្រទេសអ៊ុយក្រែន និងកាលពី ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកានេះ រុស្ស៉ីបានប្រកាសដកកងទ័ពចេញពីទីក្រុងខឺសុន (Kherson) ជាទីក្រុងយុទ្ធសាស្ត្រមួយដ៏សំខាន់ ក្នុងតំបន់ភាគខាងត្បូង។

* បង្កើតបក្សសម្ព័ន្ធប្រឆាំងលោកខាងលិច

ខណៈកំពុងពាក់មុខយក្សដាក់គ្នាជាមួយមេដឹកនាំលោកខាងលិច លោក ពូទីន បាន និងកំពុងពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសដែលមានទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ ឬក៏ មានទំនោរប្រឆាំងនឹង «អនុត្តរភាព» របស់សហរដ្ឋអាមេរិកលើកិច្ចការសកល។ នៅត្រង់ចំណុចនេះ លោកស្រី តាទីយ៉ាណា ស្ដាណូវ៉ាយ៉ា (Tatiana Stanovaya) ជាស្ថាបនិកនៃ ក្រុមហ៊ុនវិភាគនយោបាយ R.Politik បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងទស្សនៈយល់ឃើញរបស់លោក ពូទីន ការសម្រេចចិត្តមិនចូលរួមកិច្ចប្រជុំកំពូល G20 នឹងមិនរារាំង ឬក៏បង្ក ឧបសគ្គដល់រុស្ស៉ី ក្នុងការកងសាងទំនាក់ទំនងជាមួយបណ្ដាប្រទេសដែលប្រកាន់ «ជំហរមជ្ឈភាព» នោះទេ ហើយលោកក៏ជឿជាក់ដែរថាខ្សែបន្ទាត់ប្រឆាំងសហរដ្ឋអាមេរិករបស់ រុស្ស៉ី កំពុងទទួលបានការគំាទ្រកាន់តែច្រើន»។

វិមានក្រឹមឡាំង បានទទូចជារឿយៗថារុស្ស៉ីមិន​បានឯកោដូចលោកខាងលិចអះអាងនោះទេ ខណៈរុស្ស៉ីស្វះស្វែងពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា ក្នុងគោលបំណងមួយដែលលោកស្រី ស្ដាណូវ៉ាយ៉ា យល់ថាលោក ពូទីន កំពុងព្យាយាមបង្កើតបក្សសម្ព័ន្ធ ឬក្រុមចម្រុះមួយប្រឆាំងនឹងលោកខាងលិច។ ប៉ុន្តែ ក្រុម អ្នកវិភាគនយោបាយ នៅតែជឿថាការព្យាយាមរបស់លោក ពូទីន ទំនងជានឹងមិនទទួលជោគជ័យឡើយ។ ជាក់ស្ដែង នៅក្រោយលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីសម្រុកចូល ឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ មិនមានប្រទេសធំៗណាមួយឈរនៅខាងរុស្ស៉ីនោះទេ ក្នុងនោះរួមមានទាំងចិនផងដែរ។ ការឈ្លានពានរបស់រុស្ស៉ី ក៏បានជំរុញឱ្យ បណ្ដាប្រទេសមួយចំនួននៅក្បែរខាង ក្នុងតំបន់អាស៊ីកណ្ដាលដែលជាដែនឥទ្ធិពលរបស់រុស្ស៉ី ដូចជាកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន ចាប់ផ្ដើមសម្លឹងមើលលើសម្ព័ន្ធភាពនៅតំបន់ ផ្សេងទៀតផង។

បើតាមលោក កាឡាឆេវ ការប្រឈមមុខរបស់រុស្ស៉ីជាមួយលោកខាងលិច បានជំរុញឱ្យទីក្រុងមូស្គូ ស្ថិតនៅលើគម្លាតរវាងនយោបាយពិភពលោក និងការធ្វើការសម្រេចចិត្តលើ បញ្ហាសំខាន់ៗមួយចំនួន។ លោកបន្ថែមថា រុស្ស៉ីមិនមែនជា «រដ្ឋឯកោ» ដូចកូរ៉េខាងជើងនោះទេ ប៉ុន្តែ រុស្ស៉ីក៏នឹងលែងមានសារៈសំខាន់សម្រាប់របៀបវារៈនយោបាយពិភពលោក ទៀតនោះដែរ ប្រសិនបើមិនមានជាប់ពាក់ព័ន្ធនឹងប្រធានបទ «សង្រ្គាមលោកលើកទី៣» ទេនោះ៕ Fresh News