Saturday, December 23, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ខេត្តកែបនេះគឺជា​ខេត្តលេខ១ ដែលបាន​បោះឆ្នោតគាំទ្រ​គណបក្សប្រជាជនកម្ពុជា

ក្នុងឱកាសអញ្ជើញសម្ពោធអាគារសិក្សា «វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស» ខេត្តកែប នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តីបានថ្លែងថា លោកសូមអរគុណ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកែបទាំងមូលដែលតែងតែគាំទ្រដល់ការដឹកនាំរបស់លោក និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ទោះបីជាខេត្តនេះតូចបន្តិចមែន តែរាល់ការបោះឆ្នោតកន្លងមក គឺគណបក្សប្រជាជនតែងតែឈ្នះដាច់ ឈ្នះរហូតដល់ជាង៩០%។ លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា តាមរយៈលទ្ធផលនេះ គឺបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់គណបក្រប្រជាជន។ ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ក្រោមដំបូលសន្តិភាព ទើបកម្ពុជាមានឱកាសអភិវឌ្ឍន៍គ្រប់ទីកន្លែងរួមទាំងខេត្តកែបផង

នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាទាំងមូលមានសមិទ្ធផលជាច្រើនបានកើតមានឡើងក្រោមដំបូលនៃសុខសន្តិភាព។ សុខសន្តិភាពដែលយើងរកបានដោយលំបាកវាផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍនៅគ្រប់ទីកន្លែងទាំងអស់ តាមរយៈការប្រែក្លាយតំបន់សមរភូមិសង្រ្គាមឱ្យទៅជាតំបន់មានការអភិវឌ្ឍ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោធអាគារសិក្សា នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ខេត្តកែបនាពេលបច្ចុប្បន្ន មានស្ថានភាពខុសគ្នាដាច់ស្រឡះពីខេត្តកែប ដែលទើបបង្កើតឡើងកាលពីឆ្នាំ១៩៩២ ដែលត្រូវបំបែកចេញពីខេត្តកំពត។ ស្ថានភាពខេត្តកែបពេលនេះ និងពេលនេះខុសគ្នាស្រឡះ ហើយបើប្រៀបធៀបកាលពីឆ្នាំ១៩៧៩ និងរហូតមកដល់បច្ចុប្បន្ន គឺវាកាន់តែដាច់ឆ្ងាយគ្នាតែម្តង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា មិនមែនតែខេត្តកែបនោះទេ គឺ សន្តិភាពបានផ្តល់ឱ្យយើងគ្រប់យ៉ាង ប៉ុន្តែអវត្តមាននៃសន្តិភាពដែលយើងកើតមាននៅឆ្នាំ១៩៧០ ដែលកម្ពុជាពោរពេញដោយសង្រ្គាម ពេលនោះ មានតែការបាត់បង់តែប៉ុណ្ណោះ ប្រជាជនត្រូវរត់ចោលដីធ្លី រត់ចោលផ្ទះសម្បែង រត់ចោលសាលារៀន។ យើងចាប់ផ្តើមរួមគ្នាធ្វើដំណើរពីស្ថានភាពលំបាកលំបិន។ បើយើងក្រឡេកមើលវិស័យអប់រំវិញ ក្រឡេកមើលគ្រូបង្រៀនរបស់យើង បានដឹកដៃយើងទៅរៀននៅកន្លែងណាខ្លះកាលពីពេលនោះ ឪពុកម្តាយយើងបានទៅរៀននៅកន្លែងណាខ្លះកាលពីពេលនោះ  មិនមែនគ្រាន់តែការខ្វះអគារសិក្សា ខ្វះសាលារៀននោះទេ ក៏ប៉ុន្តែសូម្បីតែការទាក់ទងនឹងជីវភាពរស់នៅដែលពេលនោះរៀនដូរអង្ករ បន្ទាប់មករៀនដូរមុខទំនិញ៩មុខដើម្បីការរស់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កាត់ធ្ងន់ថា មិនមែនតែតំបន់កែប ឬកំពតនេះទេ តំបន់ព្រំដែនកម្ពុជា-ថៃ ដែលជាតំបន់សមរភូមិចុងក្រោយ ក៏បានក្លាយទៅជាតំបន់អភិវឌ្ឍអស់ហើយ ហើយលោកក៏បានសាងសង់អគារសិក្សានៅក្នុងតំបន់ទាំងនោះផងដែរដើម្បីបម្រើដល់វិស័យអប់រំផងដែរ៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អរគុណ​បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងកូនក្មួយសិស្សានុ​សិស្សដែលបានទទួល​លោកយ៉ាងរាក់ទាក់នៅ​លើទឹកដីខេត្តកែប

នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញសម្ពោធអាគារសិក្សា «វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស» ខេត្តកែប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងកូនក្មួយសិស្សានុសិស្សដែលបានទទួលលោកយ៉ាងរាក់ទាក់នៅលើទឹកដីខេត្តកែប។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា ដោយមើលឃើញពីតម្រូវការខ្វះខាតចាំបាច់បន្ថែមនៅក្នុងបវិវេណ “សាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស” លោកនាយករដ្ឋមន្រ្តី បានផ្តល់ជូនបន្ថែមនូវអគារសិក្សាថ្មី១ខ្នង កម្ពស់៤ជាន់ មាន២០បន្ទប់ (ជាន់ទី១ទី២ និង៣សំរាប់ថ្នាក់សិក្សា និងបន្ទប់ពិសោធន៍ ជាន់ទី៤សំរាប់កាត់ដេរ និង Computer) ថែមអាគារស្នាក់នៅសម្រាប់គ្រូបង្រៀន និងអាគារស្នាក់នៅរបស់សិស្ស១ខ្នង២ជាន់១០បន្ទប់ និងផ្តល់ជូន Computer ៤០គ្រឿង Printer ១០គ្រឿង Copy machine ២គ្រឿង ដល់វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអោយក្រសួងអប់រំជាសហការជាមួយអាជ្ញាធរខេត្ត ធ្វើការសិក្សាក្នុងការបង្កើត សាកលវិទ្យាល័យនៅខេត្តកែបនេះ ដែលអាចជួយសម្រួលដល់ក្មួយៗនៅទីនេះ និងក្មួយៗមកពីខេត្តកំពតក៏អាចមកសិក្សានៅទីនេះបានដែរ។ ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរនូវការខិតខំរបស់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំបង្រៀនកូនក្មួយដែលមានអត្រាប្រឡងជាប់ជាង៩០%៕







(មានវីដេអូ)៖ តើកម្មករនិយោជិត ទទួលបានផលប្រយោជន៍អ្វីខ្លះសម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨?

ឧស្សាហកម្មវាយនភ័ណ្ឌ និងផលិតស្បែកជើងមានចំនួនជាង១ពាន់រោងចក្រសហគ្រាស និងបានផ្តល់ការងារជូនប្រជាពលរដ្ឋធ្វើប្រមាណជាង ៨០ម៉ឺននាក់។ រាជរដ្ឋាភិបាល បានលើកទឹកចិត្តអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើវិស័យឧស្សាហកម្មវាយនភ័ណ្ឌ និងផលិតស្បែកជើង ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន។

សូមទស្សនាវីដេអូ «តើកម្មករនិយោជិត ទទួលបានផលប្រយោជន៍អ្វីខ្លះសម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨?» ដូចខាងក្រោម៖