Saturday, December 23, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ក្រោមដំបូលសន្តិភាព ទើបកម្ពុជាមានឱកាសអភិវឌ្ឍន៍គ្រប់ទីកន្លែងរួមទាំងខេត្តកែបផង

នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាទាំងមូលមានសមិទ្ធផលជាច្រើនបានកើតមានឡើងក្រោមដំបូលនៃសុខសន្តិភាព។ សុខសន្តិភាពដែលយើងរកបានដោយលំបាកវាផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍនៅគ្រប់ទីកន្លែងទាំងអស់ តាមរយៈការប្រែក្លាយតំបន់សមរភូមិសង្រ្គាមឱ្យទៅជាតំបន់មានការអភិវឌ្ឍ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោធអាគារសិក្សា នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ខេត្តកែបនាពេលបច្ចុប្បន្ន មានស្ថានភាពខុសគ្នាដាច់ស្រឡះពីខេត្តកែប ដែលទើបបង្កើតឡើងកាលពីឆ្នាំ១៩៩២ ដែលត្រូវបំបែកចេញពីខេត្តកំពត។ ស្ថានភាពខេត្តកែបពេលនេះ និងពេលនេះខុសគ្នាស្រឡះ ហើយបើប្រៀបធៀបកាលពីឆ្នាំ១៩៧៩ និងរហូតមកដល់បច្ចុប្បន្ន គឺវាកាន់តែដាច់ឆ្ងាយគ្នាតែម្តង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា មិនមែនតែខេត្តកែបនោះទេ គឺ សន្តិភាពបានផ្តល់ឱ្យយើងគ្រប់យ៉ាង ប៉ុន្តែអវត្តមាននៃសន្តិភាពដែលយើងកើតមាននៅឆ្នាំ១៩៧០ ដែលកម្ពុជាពោរពេញដោយសង្រ្គាម ពេលនោះ មានតែការបាត់បង់តែប៉ុណ្ណោះ ប្រជាជនត្រូវរត់ចោលដីធ្លី រត់ចោលផ្ទះសម្បែង រត់ចោលសាលារៀន។ យើងចាប់ផ្តើមរួមគ្នាធ្វើដំណើរពីស្ថានភាពលំបាកលំបិន។ បើយើងក្រឡេកមើលវិស័យអប់រំវិញ ក្រឡេកមើលគ្រូបង្រៀនរបស់យើង បានដឹកដៃយើងទៅរៀននៅកន្លែងណាខ្លះកាលពីពេលនោះ ឪពុកម្តាយយើងបានទៅរៀននៅកន្លែងណាខ្លះកាលពីពេលនោះ  មិនមែនគ្រាន់តែការខ្វះអគារសិក្សា ខ្វះសាលារៀននោះទេ ក៏ប៉ុន្តែសូម្បីតែការទាក់ទងនឹងជីវភាពរស់នៅដែលពេលនោះរៀនដូរអង្ករ បន្ទាប់មករៀនដូរមុខទំនិញ៩មុខដើម្បីការរស់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កាត់ធ្ងន់ថា មិនមែនតែតំបន់កែប ឬកំពតនេះទេ តំបន់ព្រំដែនកម្ពុជា-ថៃ ដែលជាតំបន់សមរភូមិចុងក្រោយ ក៏បានក្លាយទៅជាតំបន់អភិវឌ្ឍអស់ហើយ ហើយលោកក៏បានសាងសង់អគារសិក្សានៅក្នុងតំបន់ទាំងនោះផងដែរដើម្បីបម្រើដល់វិស័យអប់រំផងដែរ៕








No comments:

Post a Comment