Monday, October 02, 2023

សម្តេចតេជោ ហ៊ុន សែន អបអរសាទរជូនកម្មករ-កម្មការិនី ដែលទទួលបានការដំឡើងប្រាក់ឈ្នួល ឆ្នាំ២០២៤, បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារ


ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរជូនដល់ កម្មករ និយោជិត ដែលទទួលបានការដំឡើងប្រាក់ឈ្នួល នៅឆ្នាំក្រោយនេះ ទោះបីជាសភាពការណ៍សេដ្ឋកិច្ចពិភពលោក កំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្សរ៍ជូន កម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង។

ខ្ញុំសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាប័នពាក់ព័ន្ធដែលរក្សាបាននូវចំណុចសំខាន់៣គឺ៖ ទី១៖ ដំឡើងបានបៀវត្សទោះច្រើនក្តីតិចក្តី ទី២៖ រក្សាបានការងារធ្វើ ទី៣៖ បង្កើតបានការងារថ្មី។ បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង»។

«In a situation where the world’s economy is in downturn, increasing the wages for workers is a good thing, yet what’s more important in the difficult time is to maintain jobs and to create new jobs. I would like to congratulate the government, workers, and relevant institutions that could maintain three main points, including (1) increase the salary no matter how much; (2) maintain the jobs; (3) create new jobs.

A sight increase on salary is better than losing a job and losing the whole income.»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ បានសម្រេចដំឡើងឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យរោងចក្រ និងវាយនភណ្ឌ ដល់ចំនួន២០៤ ដុល្លារ នៅឆ្នាំ២០២៤ ខាងមុខនេះ ដែលប្រាក់ឈ្នួលនេះ បានកើនឡើង៤ដុល្លារបើធៀបនឹងឆ្នាំ២០២៣។ កម្មករនិយោជិតជាច្រើន បានសម្តែងនូវការសប្បាយរីករាយការដំឡើងប្រាក់ឈ្នួលនេះ និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាល បានខិតខំសម្របសម្រួលរហូតមានការដំឡើង ក្នុងខណៈដែលសេដ្ឋកិច្ចពិភពលោក ជួបការលំបាកផងដែរ៕






ខេត្តសៀមរាបទទួលបានសមិទ្ធផលថ្មីមួយទៀត ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន គឺអគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ថ្មី

សៀមរាប៖ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ មានធ្វើពិធីប្រគល់-ទទួលអគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ផ្តល់តាមរយៈ  ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានបញ្ចប់ និងរៀបចំពិធីប្រគល់-ទទួលមករដ្ឋបាលខេត្តសៀមរាប សម្រាប់ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីប្រើប្រាស់ក្នុងការផ្តល់សេវាជូនប្រជាជន ក្នុងការសម្រាកព្យាបាលជម្ងឺ ។ ពិធីប្រគល់ ទទួលនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក សាតូ រីយូតា លេខាទី២ នៃការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីប្រធានមន្ទីរ លោកវេជ្ជបណ្ឌិត តំណាងអង្គការ(JICA)  ប្រធានទីប្រឹក្សាក្រុមហ៊ុន AZUSA SEKKEI ក្រុមគ្រូពេទ្យ និង វិស្វករសំណង់ជនជាតិជប៉ុនផងដែរ ។ 

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹង ថា សមិទ្ធផលនៃគម្រោងមួយនេះនឹងចូលរួមក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មសេវាសុខាភិបាល ពិសេសសេវាផ្នែកវះកាត់ និងប្រពោធនកម្មសង្រ្គោះបន្ទាន់ ដែលជាផ្នែកមួយដ៍សំខាន់  ក្នុងការលើកកំពស់គុណភាពនៃការផ្តល់សេវា សម្រាបមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។ លោកវេជ្ជបណ្ឌិត បានបន្ត ទៀតថា ការទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មី និង ឧបករណ៍វេជ្ជសាស្រ្តទំនើបនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក៏ត្រូវធ្វើការដោះស្រាយបញ្ហាកង្វះធនធានមនុស្ស ដែលមានជំនាញសម្រាប់ធានាឲ្យមានការផ្តល់សេវា ឲ្យបានរលូន កាន់តែមានគុណភាពនិងប្រសិទ្ធិភាព ធានាធ្វើយ៉ាងណាឲ្យកិច្ចការគ្រប់គ្រងទូទៅឲ្យមានភាពកាន់តែប្រសើរឡើង រួមបញ្ចូលទាំងកិច្ចការថែទាំជួសជុលរាល់ឧបករណ៍ដែលបានបំពាក់ និងហេដ្ឋារចនាសម្ព័ន្ធទាំងមូលផងដែរ។ ម៉្យាងទៀតសេវាវេជ្ជសាស្ត្រនៅកម្ពុជា ក៏កាន់តែមានប្រសិទ្ធភាពប្រសើរឡើង ហើយដោយតំបន់មួយចំនួន រួមទាំងខេត្តសៀមរាប នៅតែមានបញ្ហាប្រឈមជាច្រើន ទាក់ទាងទៅនឹង អគារ សម្ភារៈបរិក្ខាពេទ្យ និង ធនធានមនុស្ស។ លោកបានបន្តទៀតថា អគារមន្ទីរពេទ្យថ្មី ដែលត្រូវបានប្រគល់ទទួលនេះ បានដាក់បញ្ចូលគ្នា នូវមុខងារវេជ្ជសាស្ត្រ ដែលពីមុនមក ត្រូវបានដាក់ពង្រាយនៅតាមអគារផ្សេងពីគ្នា។ ចំពោះការផ្តល់សេវាវេជ្ជសាស្ត្រនេះគឺធ្វើ ឲ្យអ្នកជម្ងឺទទួលបានល្អក្នុងការថែទាំសុខភាព ប្រកបដោយប្រសិទ្ធភាពនាពេលអនាគត។ នេះជាផ្នែកនៃគម្រោងរបស់រដ្ឋាភិបាលជប៉ុន នូវសម្ភារៈបរិក្ខាពេទ្យ  រួមទាំងមានម៉ាស៊ីនថតកាំរស្មីអ៉ិច និងត្រូវដាក់ឲ្យប្រើប្រាស់នៅតាមមន្ទីរពេទ្យបង្អែកស្រុក មួយចំនួនក្នុងខេត្តសៀមរាប ។

ឆ្លៀតក្នុងឱកាសនោះ លោក ពិន ប្រាកដ  សូមចូលរួមសម្តែងនូវភាពរីករាយ និងស្វាគមន៍ជាទីបំផុតចំពោះវត្តមានគណៈប្រតិភូ ជប៉ុនដែលបានចូលរួមក្នុងពិធីប្រគល់-ទទួលអគារ និងសម្ភារៈ បរិក្ខាពេទ្យដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលគម្រោងនេះមានទឹកប្រាក់ជិត ២០លានដុល្លារ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលទាំងពីរ កម្ពុជា-ជប៉ុន ថ្នាក់ដឹកនាំ  ក្រសួងសុខាភិបាល អាជ្ញាធរខេត្តសៀមរាប  សម្រាប់វិស័យសុខាភិបាលក្នុងខេត្តសៀមរាបរបស់យើង។ លោកអភិបាលរងខេត្ត បានបន្តទៀតថា សមិទ្ធផលដែលជាអំណោយដ៍ថ្លៃថ្លានេះ នឹងត្រូវរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ  ហើយក៏ជាសកម្មភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មសេវាសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពនៃការផ្តល់សេវាជូនប្រជាជនមួយកម្រិតទៀត។ ក្នុងឱកាសនេះ លោកបានណែនាំ និងស្នើឲ្យ អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូពេទ្យ ជាថ្នាក់ដឹកនាំថា ក្រោយការប្រគល់-ទទួលអគារ  និងសម្ភារៈបរិក្ខាពេទ្យនេះទៅ សូមចាត់ចែងរៀបចំសម្ភារបរិក្ខាពេទ្យតាមផ្នែកឲ្យឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋឲ្យបានជ្រាប អំពីលទ្ធភាព និងផ្នែកផ្តល់សេវាទាំងអស់ ដែលនឹងដាក់ឱ្យដំណើរការបន្ថែមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបរបស់យើង៕






វីដេអូលោក Bunna LIVE ពីប្រទេសបារាំង៖ អ្នកនយោបាយប្រឆាំងនិយាយគ្មានការទទួលខុសត្រូវ ចេះតែកុហកភូតភរ បោកប្រាស់អ្នកគាំទ្រ

 

វីដេអូលោក Huy Saravuth Live ពីសហរដ្ឋអាមេរិក៖ បញ្ញវ័ន្តខ្មែរ នៅសម័យនេះ កោតសរសើរយ៉ាងខ្លាំងចំពោះកម្រិតសិក្សារបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី

 

វីដេអូលោក Huy Saravuth Live ពីសហរដ្ឋអាមេរិក៖ ទណ្ឌិតក្បត់ជាតិតពូជ គ្មានចិត្តស្មោះត្រង់ជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិកទេ

 

វីដេអូលោក Bony Khim LIVE ពីសហរដ្ឋអាមេរិក៖ ទណ្ឌិតក្បត់ជាតិតពូជ គ្មានចិត្តស្មោះត្រង់ជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិកទេ

 

ខ្លោងទ្វារតាកាវ កំពុងបញ្ចេញមន្តស្នេហ៍ឆក់យកបេះដូងទេសចរឱ្យចង់ទៅគយគន់

តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ។ ខ្លោងទ្វារតាកាវ បានបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងទាក់ទាញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក។ អនុប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅខ្លោងទ្វារតាកាវ លោក លៀស គឹមលេខ មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរតែងទៅទស្សនាខ្លោងទ្វារនេះ ហើយបានដក់ចិត្តជាមួយនិងការថតរូបមិនចេះណាយ ដោយសារតែខ្លោងទ្វារតាកាវមានកំពូលព្រហ្មមុខ៤ញញឹមស្វាគមន៍ ដោយមានកសិន្ធុទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំដុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញយ៉ាងល្អឯក។ លោក គឹមលេខ ឱ្យដឹងទៀតថា នៅខ្លោងទ្វារតាកាវ មានលក្ខណៈពិសេសម្យ៉ាងទៀត គឺនៅពេលព្រះអាទិត្យរៀបលិច មានពន្លឺចាំងពីលិច រំលេចចេញទៅជាពណ៌មាសក្រាលគ្របលើកំពូលសំណង់បុរាណមួយនេះ ដែលបង្កើតទៅជាសម្រស់ដ៏ស្រស់ស្អាតសម្រាប់ទេសចរឱ្យមកទស្សនា ព្រមទាំងថតរូបភាពមិនសូវអាក់ខាន។ ដោយសារតែខ្លោងទ្វារតាកាវ កំពុងទាក់ទាញភ្ញៀវទេសចរដូចនេះ ភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅទីនេះ តែងតែជួយសម្របសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយរៀបចំដាក់ស្លាកសញ្ញាឱ្យដឹងពីកន្លែងទស្សនា និងកន្លែងគ្រោះថ្នាក់ជាដើម។ ជាពិសេស សំណូមពរដល់ភ្ញៀវជាតិ និងអន្តរជាតិ កុំឡើងជាន់លើដំបូលនៃស្លាបរបស់តួខ្លោងទ្វារ គោរពតាមស្លាកសញ្ញា និងក្រមប្រតិបត្តិអង្គរ ចៀសវាងមានបញ្ហាប៉ះពាល់ដល់ប្រាសាទ និងគ្រោះថ្នាក់ដោយយថាហេតុផ្សេង៕
អត្ថបទ៖ ឆាយ ផាន់នី រូបភាព៖ លោក យី សុថា/ ជា វណ្ណៈ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី

 

ក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បានផ្តល់អង្ករប្រមាណជាង២០តោន ដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង


ពោធិ៍សាត់៖ អង្ករប្រមាណជាង២០តោន ជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ត្រូវបានឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងក្រុមការងារ នាំយកប្រគល់ជូនជាបន្តបន្ទាប់ ជូនដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ប្រមាណ១,០៥៦គ្រួសារ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីរួមចំណែកដោះស្រាយជីវភាពពលរដ្ឋកំពុងជួបការលំបាក។

នៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា និងឯកឧត្តម ខូយ រីដា បានថ្លែងថា ជានិច្ចជាកាលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី តែងតែយកចិត្តទុកដាក់គិតគូរ ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ជាក់ស្តែងថ្មីៗនេះ សម្តេចក៏បានណែនាំដល់បណ្តាអភិបាលខេត្តពាក់ព័ន្ធ និងក្រុមការងារ ត្រូវតាមដាន និងក្តាប់ឱ្យជាប់នូវបញ្ហាប៉ះពាល់នៃទឹកជំនន់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ឯកឧត្តមបណ្ឌិត ប្រាំង ជលសា និងឯកឧត្តម ខូយ រីដា បានថ្លែងទៀតថា បើទោះបីជាពេលនេះ ឯកឧត្តមប្រធានក្រុមការងារចុះជួយខេត្ត កំពុងជាប់បំពេញបេសកកម្មនៅក្រៅប្រទេសក៏ដោយ ក៏លោកតែងតែគិតគូរជានិច្ច ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចនៅចំពោះមុខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលជួបការលំបាក និងប្រឈមធ្ងន់ធ្ងរ ក្នុងស្រុកកណ្ដៀង និងក្រុងពោធិ៍សាត់ ចំនួន១០៥៦គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម។ ទោះបីអំណោយទាំងនេះតិចតួចក្តី តែបានបង្ហាញការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងការជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារទទួលទាននោះទេ។

ឯកឧត្តមបណ្ឌិត ប្រាំង ជលសា និងឯកឧត្តម ខូយ រីដា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមយុវជន ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋ និងបានអន្តរាគមន៍ជួយសម្រួលរកទីទួលសុវត្ថិភាព ឧបត្ថម្ភស្បៀង មានគ្រូពេទ្យប្រចាំការជួយព្យាបាលជូនពួកគាត់។ ថ្នាក់ដឹកនាំទាំង២ បានលើកទឹកចិត្ត និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវជម្នះគ្រប់ឧបសគ្គ តស៊ូព្យាយាម ដើម្បីបន្តការរកស៊ីចិញ្ចឹមជីវិត ស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងការចិញ្ចឹមសត្វឡើងវិញ បន្ទាប់ពីទឹកស្រកចុះ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ក៏បានជម្រាបជូនថា នៅពេលគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ស្ថាបនាបានរួចរាល់ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ នោះស្ថានភាពជំនន់ទឹកភ្លៀង ដែលបង្កឱ្យមានហានីភ័យដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ដូចរាល់ឆ្នាំ នឹងកាត់បន្ថយបានច្រើនផងដែរ។

ឯកឧត្តមបណ្ឌិត ប្រាំង ជលសា និងឯកឧត្តម ខូយ រីដា ក៏បានលើកឡើងថា បើទោះបីស្ថានភាពជំនន់ទឹកភ្លៀង មានការឡើងលឿន និងស្រកចុះលឿនវិញក៏ពិតមែន តែសូមប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ និងត្រូវចូលរួមថែរក្សាសុខភាព ដោយអនុវត្តន៍នូវអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាប់ជាប្រចាំ៕






មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងអន្តរាគមន៍ ចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដែលកំពុងលិចលង់ដោយទឹកជំនន់

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដោយមានការស្នើសុំពីអាជ្ញាធរមូលដ្ឋាន លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ដឹកនាំកម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិចំណោមលិច ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ឱ្យដឹងថា ការចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅពេលនេះ មិនមែនជាលើកទី១ទេ អង្គភាពតែងចុះជួយពួកគាត់ជារៀងរាល់ពេលជួបការលំបាក ។ 

លោកចាត់ទុកថា សកម្មភាពនេះជាការផ្សាភ្ជាប់រវាង កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ នៅជុំវិញតំបន់ឈរជើង ជាក់ស្តែងនៅថ្ងៃនេះដែរ កម្លាំងយើងបានសម្រេចលទ្ធផលប្រមូលផលបានលើទំហំដី ចំនួន ០៥ ហិកតា៕