Tuesday, October 19, 2021

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

 នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ ឯកឧត្តម ថេត អូសៀស (Ted Osius) ។

ក្នុងជំនួបនោះ ឯកឧត្តម ថេត អូសៀស (Ted Osius) រួមជាមួយនឹងសមាជិកក្រុមហ៊ុនទាំងអស់បាន សម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានជោគជ័យ។ ឯកឧត្តម ថេត អូសៀស (Ted Osius) ក៏បានគោរព ជម្រាបជូនសម្ដេចតេជោ នូវចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពល វិស័យឧស្សាហកម្ម វិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា វិស័យហិរញ្ញវត្ថុ និងការនាំចេញនាំចូល។ ឯកឧត្តមក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគាំទ្រកម្ពុជានៅពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះអាស៊ាននៅពេលខាងមុខ ក៏ដូចជាជួយដល់កម្ពុជាលើវិស័យសេដ្ឋកិច្ច នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជម្ងឺកូវីដ១៩ ក៏ដូចជាជួយកម្ពុជាក្នុងការកសាងសមត្ថភាព និងបញ្ហាសន្តិសុខថាមពលផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ថេត អូសៀស (Ted Osius) ដែលត្រូវបានតែងតាំងជា ប្រធាន និងជាអគ្គនាយកប្រតិបត្តិរបស់ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកផងដែរ ដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា ហើយសម្ដេចក៏បានសម្ដែងនូវសេចក្តីរីករាយ ដែលក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានទទួលស្គាល់នូវភាពជឿនលឿនរបស់កម្ពុជាក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងការទទួលបានផ្លែផ្កាជាវិជ្ជមាននេះ ។ សម្ដេចតេជោ បានជម្រាបជូន ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាននូវផែនការចូលរួមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុរបស់កម្ពុជា ក៏ដូចជាវិធានការឆ្ពោះទៅមុខរបស់កម្ពុជា ដែលរួមមាន បន្តគ្រប់គ្រងជំងឺកូវីដ១៩ ជំរុញការកែទម្រង់ផ្នែកធុរកិច្ចឲ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគឲ្យបានកាន់តែច្រើន ជំរុញការកែទម្រង់លើគ្រប់វិស័យ និងជំរុញការបង្កើនសកម្មភាពធុរកិច្ច និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា។

ជាទីបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នូវសក្តានុពលអំពីការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ព្រមជាមួយការអំពាវនាវ ឲ្យវិនិយោគិនសហរដ្ឋអាមេរិកពិចារណាមកវិនិយោគនៅកម្ពុជានាពេលខាងមុខផងដែរ៕

 









លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញចុះសាកសួរសុខទុក្ខអាជីវករ ផ្សារសាមគ្គីទីរួមខេត្តកំពត

កំពត៖ នាព្រឹកទី១៨ ខែ តុលា ឆ្នាំ២០២១ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត កំពត បានអញ្ជើញចុះសាកសួរសុខទុក្ខជាមួយអាជីវករផ្សារសាមគ្គីទីរួមខេត្តកំពតក្នុងសង្កាត់ កំពង់បាយ ក្រុងកំពត  អមដំណើរដោយលោកស្នងការខេត្តលោកអភិបាលក្រុង លោក  លោកស្រីប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។ 

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តល់ជូនថវិកាមួយចំនួនជូនដល់លោកតា លោកយាយ និងបានណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុកជាពិសេសមិនត្រូវយកភាស៊ីពីជនចាស់ជរាដែលមានអាយុចាប់ពី៦០ឡើងឬក្មួយតូចៗដែលលក់បន្លែបង្កា ត្រីបន្តិចបន្តួចនោះឡើយហើយលោកក៏បានទទួលយកសំណូមពរមួយចំនួនរបស់អាជីវករដើម្បីដោះស្រាយជូនពួកគាត់ផងដែរ៕







បទវិភាគអន្តរជាតិ៖ ប្រទេសចិនមានជំនឿចិត្តដើរ «ជំហាននីមួយៗ» ឱ្យបានល្អ ក្នុងដំណើរស្តារសេដ្ឋកិច្ចឡើងវិញ


(ប៉េកាំង)៖ ថ្ងៃទី ១៨ ខែតុលា ស្ថាប័នផ្លូវការនៃប្រទេសចិនបានប្រកាស ទិន្នន័យដំណើរការសេដ្ឋកិច្ចជាតិចិន ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ តាមការគណនាជាជំហានដំបូងបានឱ្យដឹងថា ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ តម្លៃផលិតផលក្នុងស្រុកសរុបរបស់ចិន គឺ ៨២,៣១៣១ទ្រីលានប្រាក់យាន់ចិន កើនជាង ៩.៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន បើមើលពីទិន្នន័យលើវិស័យការប្រើប្រាស់ ផលិតកម្មឧស្សាហកម្ម ការវិនិយោគទ្រព្យសម្បត្តិថេរ ការប្រកបអាជីព និងប្រាក់ចំណូលរបស់ប្រជាជនជាដើមអាចឃើញថា សូចនាករម៉ាក្រូសំខាន់ៗក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះគឺស្ថិតក្នុងក្របខណ្ឌដ៏សមរម្យជាទូទៅ។ ប្រការនេះបានបង្ហាញថា សេដ្ឋកិច្ចចិនបានទប់ទល់ការប្រឈម និងការសាកល្បងជាច្រើនដោយមានប្រសិទ្ធភាព ដែលបានរក្សាការស្តារការអភិវឌ្ឍឡើងវិញជាបន្តបន្ទាប់ ល្បឿនកំណើនសេដ្ឋកិច្ចនៅតែឈរនៅលំដាប់ជួរមុខ ក្នុងចំណោមតួអង្គសេដ្ឋកិច្ចសំខាន់ៗ នៅលើពិភពលោកដដែល។

អ្នកផងទាំងពួងអាចឃើញថា សមិទ្ធផលជាទូទៅនៃសេដ្ឋកិច្ចជាតិចិន ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ បានតាំងមូលដ្ឋានដ៏ល្អប្រសើរសម្រាប់ត្រីមាសទីបួន។ បើមើលពីការប្រើប្រាស់អាចឃើញថា ការប្រកបអាជីវកម្មប្រកបដោយស្ថិរភាពជាទូទៅ និងកំណើនប្រាក់ចំណូលជាបន្តបន្ទាប់របស់ប្រជាជន នឹងមានអំណោយផលដល់ការបង្កើនសមត្ថភាពចំណាយ។ ព្រមពេលជាមួយគ្នានេះ កម្រិតកំណើននៃប្រាក់ចំណូលរបស់ប្រជាជន បានដើរស្របគ្នាជាមួយកំណើនសេដ្ឋកិច្ច ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ បើមិនគិតពីកក្តាតម្លៃ នោះបានកើនឡើង ៩.៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន គិតជាមធ្យមក្នុងរយៈពេលពីរឆ្នាំកន្លងមក បានកើនឡើង ៥.១ភាគរយ ។

បើមើលពីវិស័យវិនិយោគអាចឃើញថា តាំងពីចូលឆ្នាំនេះមក ការវិនិយោគក៏បានលេចចេញនិន្នាការកែលម្អជាទូទៅផងដែរ ។ ក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ គិតជាមធ្យម ការវិនិយោគក្នុងឧស្សាហកម្មផលិតកម្មនៃប្រទេសចិន ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ បានកើនឡើង ៣.៣ភាគរយ។ ដោយឡែក ឆ្នាំនេះជាឆ្នាំទីមួយ នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ ទី ១៤ គម្រោងសាងសង់សំខាន់ៗមួយចំនួន នឹងបើកការដ្ឋានជាបន្តបន្ទាប់ ហើយរដ្ឋាភិបាលក៏បានពន្លឿនការដាក់ចេញ ប័ណ្ណបំណុលពិសេស ប្រការទាំងនេះក៏មានអំណោយផលដល់ការកើនឡើង នៃការវិនិយោគក្នុងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធផងដែរ។

ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ការស្តារសេដ្ឋកិច្ចចិនឡើងវិញជាបន្តបន្ទាប់ វាមានសារសំខាន់ណាស់ចំពោះសេដ្ឋកិច្ចពិភពលោក។ ប្រទេសចិនជាគន្លឹះមួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្មសកល ព្រមពេលជាមួយគ្នានេះ ទីផ្សារចិនដែលមានភាពកាន់តែបើកទូលាយ ក៏បានផ្តល់ឱកាសកម្រមានដល់អ្នកវិនិយោគ នៅទូទាំងពិភពលោកផងដែរ។ ពីខែមករាដល់ខែសីហា ឆ្នាំនេះ ទុនបរទេសដែលប្រទេសចិនបានប្រើប្រាស់ជាក់ស្តែង បានកើនឡើង ២២.៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ អ្នកវិនិយោគបរទេសបានបណ្តាក់ទុនពិតប្រាកដក្នុងប្រទេសចិន ដែលអាចបញ្ជាក់បន្ថែមទៀតថា អ្នកវិនិយោគនៅទូទាំងពិភពលោកមានចំណាប់អារម្មណ៍ និងទំនុកចិត្តយ៉ាងខ្លាំងចំពោះទីផ្សារចិន។

នៅជំហានក្រោយ ប្រទេសចិននឹងមិនអន្ទះសា ហើយនឹងដើរ «ជំហាននីមួយៗ» ឱ្យបានល្អក្នុងដំណើរស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងន័យបំផុសកម្លាំងរស់រវើកក្នុងទីផ្សារ បង្កើនកម្លាំងចលករនៃការអភិវឌ្ឍ និងបញ្ចេញ សក្តានុពលនៃតម្រូវការក្នុងស្រុកឥតឈប់ឈរ ដើម្បីធានាអះអាងឱ្យសម្រេចបាននូវគោលដៅសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមពេញមួយឆ្នាំនៃប្រទេសចិន៕ (#CCFR Comment#)

ដោយ៖ Fresh News





ក្រសួងសុខាភិបាល ណែនាំអភិបាលរាជធានី-ខេត្ត ចាត់ចែងចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកបានជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ១៩ និងអ្នកមានជំងឺប្រចាំកាយ

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានបន្ថែម ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ។

ក្នុងន័យនេះ ក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ក្រុមមនុស្សលើ និងអំពាវនាវដល់អ្នកមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ទៅទទួលវ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា៕

សូមអានសេចក្តីជូនព័ត៌មានបន្ថែមខាងក្រោម៖




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យចៀសវាងបញ្ជូនអ្នកជំងឺកូវីដ១៩ ពីខេត្តមកព្យាបាលនៅរាជធានីភ្នំពេញ ព្រោះអាចបង្កឱ្យគ្រោះថ្នាក់

 (ភ្នំពេញ)៖  នាយករដ្ឋមន្រ្តី ហ៊ុន សែន  បានអំពាវនាវដល់ជនរួមជាតិឱ្យជឿទុកចិត្តមន្ទីរពេទ្យនៅតាមបណ្តាខេត្ត ហើយចៀសវាងនូវការបញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្តាខេត្តមករាជធានីភ្នំពេញ ព្រោះអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ មិនអាចជួយបាន ដោយសារតែការធ្វើដំណើរតាមផ្លូវ និងត្រូវម៉ាស៊ីនត្រជាក់។

តាមរយៈសំឡេងមួយផ្ញើទៅកាន់ជនរួមជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើមានការចាត់បញ្ជូនអ្នកជំងឺពីខេត្តមកកាន់រាជធានីភ្នំពេញ នឹងនាំឱ្យមានគ្រោះថ្នាក់ទៅវិញទេ ខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់»

ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីសង្កេតឃើញថា មានការបញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្តាខេត្តមករាជធានីភ្នំពេញ ដែលការបញ្ជូននេះមិនមែនជាការសម្រេចចិត្តរបស់មន្ទីរពេទ្យនោះទេ ប៉ុន្តែជាការបញ្ជូនដោយក្រុមគ្រួសារអ្នកជំងឺ។ លោកនាយករដ្ឋមន្ត្រីញ្ជាក់ថា ករណីនេះកន្លងទៅបានបង្កឱ្យគ្រោះថ្នាក់ដល់អ្នកជំងឺ ឬកាន់តែធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរថែមទៀត។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា យោងតាមការស្រាវជ្រាវរបស់គ្រូពេទ្យ ប្រសិនបើអ្នកជំងឺនេះធ្វើដំណើរឆ្ងាយតាមរថយន្ត ដោយមានម៉ាស៊ីនត្រជាក់ ធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់ទៅវិញ ដែលមកដល់មន្ទីរពេទ្យពិបាកស្រោចស្រង់តែម្តង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិឱ្យទុកចិត្តមន្ទីរពេទ្យរបស់យើង នៅតាមបណ្តាខេត្តដែលយើងបានខិតខំកសាង ក្នុងរយៈពេលកន្លងទៅ ជាមួយនឹងការពង្រឹងសមត្ថភាពព្យាបាលរបស់មន្ទីរពេទ្យនៅតាមខេត្ត។ ការធ្វើបែបនេះ ដើម្បីចៀសវាងការធ្វើឱ្យកកកុញអ្នកជំងឺនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ។

«អ្វីដែលជាបញ្ហាធំជាងគេគឺបញ្ហាការពារអាយុជីវិតអ្នកជំងឺ ដើម្បីកុំឱ្យគ្រោះថ្នាក់ដោយការចាត់បញ្ជូន ដោយមិនមានការទទួលខុសត្រូវច្បាស់លាស់ ហើយធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺនោះវិញ តាមរយៈការបញ្ជូនមករាជធានីភ្នំពេញ ដែលគ្មានាករចាំបាច់ ខណៈដែលខេត្តក៏មានលទ្ធភាពព្យាបាលជំងឺនេះដែរ»។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៦,៨៦០នាក់, អ្នកជាសះស្បើយសរុបចំនួន១១១,១៤៩នាក់, ស្លាប់សរុបចំនួន២,៦៧០នាក់៕



លោកនាយករដ្ឋមន្រ្តី អំពាវនាវអ្នកមិនទាន់ចាក់វ៉ាក់សាំង ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

 (ភ្នំពេញ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តអំពាវនាវដោយទទូចទៅកាន់ប្រជាពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីបានកងការពារសុខភាពពីការយាយីនៃជំងឺកូវីដ១៩។

ក្នុងសារសំឡេងផ្ញើជូនជនរួមជាតិនាព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តី បានបង្ហាញលទ្ធផលនៃការកត់សម្គាល់ថា ក្រោយពេលបុណ្យភ្ជុំបិណ្ឌដែលមានការបើកលំហរសកម្មភាពរបស់ប្រជាពលរដ្ឋនោះ មិនមានផ្ទុះការរីករាតត្បាតជំងឺកូវីដ១៩នោះឡើយ។ លោកនាយករដ្ឋមន្ត្រី បានចាត់ទុកលទ្ធផលទទួលបាននេះ គឺជាអានុភាព និងជាលទ្ធផលមួយកើតចេញពីការចាក់វ៉ាក់សាំង ដែលកម្ពុជាសម្រេចបានស្ទើរតែ ១០០ភាគរយតាមផែនការ។

បើទោះបីជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី នៅតែបង្ហាញការព្រួយបារម្ភចំពោះប្រជាពលរដ្ឋមួយចំនួនដែលមិនទាន់បានចាក់វ៉ាក់សាំងសូម្បីតែមួយដូសនៅឡើយ។ លោកនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យពួកគេទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។

លោកនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងដូច្នេះ «សូមអំពាវនាវបងប្អូនទៅចាក់វ៉ាក់សាំង បើមិនទាន់បានចាក់ដូសទី ឬដូសទី២ ត្រូវតែទៅចាក់ដូសទី១ និងដូសទី២។ [...] សូមកុំរារែកជាមួយការចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះយើងពុំមានអ្នកចាក់វ៉ាក់សាំងណាម្នាក់ទទួលរងគ្រោះដោយសារតែវ៉ាក់សាំងនោះទេ»។

ក្នុងសារសំឡេងនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរឱ្យរៀបចំយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋនៅតាមដំបន់ដាច់ស្រយាល។ លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ត្រូវដឹកជញ្ជូន ឬស្ពាយយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋឱ្យដល់តាមខ្នងផ្ទះ សម្រាប់តំបន់ដាច់ស្រយាលនោះ។

ក្នុងសារសំឡេងនេះលោកនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរកុមារតូចៗអាយុ ៦ឆ្នាំ ទៅ ១២ឆ្នាំ ដែលបានចូលរួមចាក់វ៉ាក់សាំងក្នុងល្បឿនមួយលឿនជាងគេ ចាក់ក្រោយគេ តែបានចំនួនច្រើនជាងគេ បើធៀបជាមួយមនុស្សពេញវ័យ។

លោកនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាល បានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាជម្នះបាននូវការលំបាកបណ្តាលមកពីជំងឺកូវីដ១៩ ដោយអាចឈានទៅកាត់បន្ថយអត្រាឆ្លង និងអត្រាស្លាប់ដោយសារជំងឺកូវីដ១៩។

សូមបញ្ជាក់ថា កម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៨ ខែតុលា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុប ១៣,៦០៩,៥២១នាក់ ស្មើនឹងជាង ៨៥ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។

ក្នុងនោះអ្នកចាក់ដូសទី២ បានចំនួន ១២,៧១៤,៦៧៥នាក់ និងអ្នកចាក់ដូសទី៣ បានចំនួន ១,៤៨០,៧៤៧នាក់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការវ៉ាក់សាំងនេះ ជាគន្លឹះដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា មកដល់ពេលនេះកម្ពុជាមានវ៉ាក់សាំងនៅក្នុងឃ្លាំងគ្រប់គ្រាន់សម្រាប់ចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។

លោកនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជា នឹងឈានទៅបើកសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ បើស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ ស្ថិតក្នុងស្ថានភាពដូចពេលបច្ចុប្បន្ន៕



សិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សេចក្ដីណែនាំអន្តរក្រសួងស្ដីពីបែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្ដល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក អម សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ លោក ឈាង បូរ៉ាប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង និងសហការីបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សេចក្ដីណែនាំអន្តរក្រសួងស្ដីពីបែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្ដល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី-ខេត្ត ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមប្រព័ន្ធអនឡាញ (Zoom)ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងមហាផ្ទៃ។

សិក្ខាសាលាផ្សព្វផ្សាយ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃតំណាងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លេខាធិការដ្ឋានគ.ជ.អ.ប, នាយកដ្ឋានមុខងារនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្តជាច្រើនរូប។ 

គោលបំណងសិក្ខាសាលា ដើម្បីធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់នូវសេចក្តីណែនាំអន្តរក្រសួងក្នុងក្របខណ្ឌកម្មវិធីកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការណែនាំអំពីគោលការណ៍សំខាន់ៗក្នុងការ ផ្តល់សេវារដ្ឋបាលសម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការធ្វើប្រតិភូកម្ម ស្របតាមគោលការណ៍ បែបបទ នីតិវិធីនិងលក្ខខណ្ឌភ្ជាប់នានាដូចបានកំណត់ក្នុងបទដ្ឋានគតិយុត្តជាធរមានឆ្លើយតបទៅនឹងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ 

មានមតិស្វាគមន៍ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមបែបប្រតិភូកម្មសេវារដ្ឋបាលមួយចំនួនទៅ ឱ្យរដ្ឋបាលរាជធានី-ខេត្ត រួមមាន ៖ - ការចេញលិខិត អនុញ្ញាតធ្វើវារីវប្បកម្ម - ការចេញលិខិត អនុញ្ញាត និងវិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វ (បសុព្យាបាល) - សេវាកម្មត្រួត ពិនិត្យអនាម័យសត្វ និងផលិតផលសត្វ និង - ការប្រមូលកម្រៃសេវាត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅសត្តឃាតដ្ឋាន “ប្រភេទ ខ” - សេវាលើការចេញលិខិត អនុញ្ញាតលក់ដុំលក់រាយថ្នាំកសិកម្ម ឬជីកសិកម្ម ឬចម្រុះនូវថ្នាំកសិកម្ម និងជីកសិកម្ម - សេវាលើដំណើរ ការឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈសម្រាប់អ្នកផ្គត់ផ្គង់ចែកចាយ អ្នកលក់ដុំលក់រាយ។ល។ និងជាពិសេស ដើម្បីធានាការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងមហាផ្ទៃ បានឯកភាពដាក់ចេញនូវសេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧ សណន. កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី " បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី-ខេត្ត" ៕







សារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងសភាពការណ៍រួមក្នុងពេលបច្ចុប្បន្ន នៃជំងឺកូវីដ-១៩ និងដំណើរឆ្ពោះទៅការបើកប្រទេសឡើងវិញ!

 
 សារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងសភាពការណ៍រួមក្នុងពេលបច្ចុប្បន្ន នៃជំងឺកូវីដ-១៩ និងដំណើរឆ្ពោះទៅការបើកប្រទេសឡើងវិញ! (ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១)

វិភាគអន្តរជាតិ៖ ហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ


(កង់បេរ៉ា)៖ សុភាសិតក្រិកបុរាណមួយបានពោលថា «ប្រសិនបើអ្នកចង់បានសន្តិភាព, អ្នកគួរតែត្រៀមខ្លួនឱ្យហើយសម្រាប់ការធ្វើសង្រ្គាម»។ ភាពតានតឹងរវាង សហរដ្ឋអាមេរិក និងចិននាពេលបច្ចុប្បន្ន បានធ្វើឱ្យក្រុមអ្នកជំនាញខ្លះយកសុភាសិតបុរាណមួយនេះមកព្យាករពី «ហានិភ័យសង្រ្គាមនុយក្លេអ៊ែរ» នៅពេល អនាគត ដែលមនុស្សភាគច្រើនយល់ថាវានឹងមិនអាចផ្ទុះឡើងឡើយ ដោយសារតែពួកមហាអំណាចនុយក្លេអ៊ែរសុទ្ធតែញញើតដាក់គ្នាទៅវិញទៅមក ឬគេអាចនិយាយ ម្យ៉ាងទៀតបានថាអាវុធនុយក្លេអ៊ែរទុកប្រើសម្រាប់ «កំញើញ» តែប៉ុណ្ណោះ។


ប៉ុន្តែ ខណៈការប្រជែងដណ្ដើមឥទ្ធិពលគ្នានៅលើពិភពលោករវាងសហរដ្ឋអាមេរិក និងចិន កាន់តែពុះកញ្ជ្រោល, វាបាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភថា «ការវិនិច្ឆយខុស» ណាមួយអាចនឹងរុញឱ្យមហាអំណាចទាំង២ ត្រូវប្រឈមមុខដាក់គ្នាដោយផ្ទាល់នៅក្នុងសង្រ្គាម ហើយបើសង្រ្គាមផ្ទុះឡើងមែនថាតើគេអាចធានា បានទេថាចិន ឬអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរ?


សោកនាដកម្មនៃសង្រ្គាមលោកលើកទី១ និងទី២ បានផ្ដល់មេរៀនអាចឱ្យគេយកមកពិចារណាបាន នោះគឺមជ្ឈដ្ឋានទូទៅយល់ថាសង្រ្គាមលោកទាំង២នេះ នឹងមិន ផ្ទុះឡើងទេ ពីព្រោះថាតួអង្គដែលជាអ្នកបង្កសង្រ្គាមមានភាពទន់ខ្សោយជាងអ្នករង់ចាំធ្វើសង្រ្គាម។ តែចុងបញ្ចប់ សង្រ្គាមលោកនៅតែផ្ទុះឡើង។ ជាឧទាហរណ៍ នៅឆ្នាំ១៩១៤, អាល្លឺម៉ង់បានបើកការវាយប្រហារលើប៊ែលហ្សិក ដោយបានអូសអង់គ្លេសជាសម្ព័ន្ធមិត្តរបស់ប៊ែលហ្សិកលូកដៃចូលក្នុងសង្រ្គាមនេះដែរ រហូតដល់បង្ក ទៅជាសង្រ្គាមលោកលើកទី១។ សង្រ្គាមលោកនេះត្រូវបានគេមើលឃើញថាគឺជាសង្រ្គាមរវាងបក្សសម្ព័ន្ធទន់ខ្សោយមួយមានអាល្លឺម៉ង់ អូទ្រីស-ហុងគ្រី ទល់នឹង បក្សសម្ព័ន្ធមហាអំណាចដូចជារុស្ស៊ី, បារាំង និងអង់គ្លេស។ ដូចគ្នាដែរ, កាលពីឆ្នាំ១៩៣៩ ប្រទេសប៉ូឡូញទទួលបានការធានាការពារសន្តិសុខពីអង់គ្លេស និងបារាំង ដែលគេមើលឃើញថាមានអំណាចខ្លាំងជាងកងទ័ពណាហ្ស៊ីអាល្លឺម៉ង់។ ប៉ុន្តែ ហ៊ីត្លែរនៅតែវាយកាន់កាប់ប៉ូឡូញ ដោយអង់គ្លេស និងបារាំងបានត្រឹមឱបដៃ ឈរមើល។


នៅឆ្នាំ១៩៤១, កងទ័ពហ៊ីត្លែរបានបើកការវាយលុកលើអតីតសហភាពសូវៀត ដែលជាប្រទេសមានទឹកដីធំធេង និងប្រជាជនច្រើនជាងអាល្លឺម៉ង់រាប់ដង។ ក្រោយមកទៀត, កងទ័ពជប៉ុនបានវាយប្រហារមហាអំណាចលេខមុខថ្មី គឺសហរដ្ឋអាមេរិក តាមរយៈការទម្លាក់គ្រាប់បែកកម្ទេចមូលដ្ឋានកងទ័ពជើងទឹកអាមេរិកនៅ Pearl Harbor។ នៅក្នុងសង្រ្គាមលោកលើកទី២, បក្សសម្ព័ន្ធត្រីភាគីអាល្លឺម៉ង់, អ៉ីតាលី និងជប៉ុន បានធ្វើសង្រ្គាមប្រឆាំងនឹងប្លុកមហាអំណាចអង់គ្លេស, សូវៀត និងសហរដ្ឋអាមេរិក ហើយនេះជាសង្រ្គាមរវាងអ្នកខ្សោយ និងអ្នកខ្លាំងដែលមើលទៅមិនសមនឹងកើតឡើងទាល់តែសោះ ឬជាលក្ខណៈទ្រីស្តីសាមញ្ញគេអាចនិយាយ បានថាជារឿងមិនគួរឱ្យជឿដែលអ្នកខ្សោយហ៊ានវាយអ្នកខ្លាំង។ នៅត្រង់ចំណុចនេះនិយាយងាយស្ដាប់គឺបណ្ដាលមកពីការជឿជាក់លើខ្លួនឯងជ្រុលខ្លាំងពេក និងការវិនិច្ឆយខុស។


បើគេចាំមិនភ្លេចទេ, កាលពីឆ្នាំ១៩៣៩, ហ៊ីត្លែរបានធ្វើសកម្មភាពបង្ករឿងជាច្រើន ដើម្បីធ្វើតេស្ដមើលថាតើអង់គ្លេស និងបារាំងអាចនឹងលូកដៃចូលជួយតាមដែល ខ្លួនបានសន្យាដែរឬទេ នៅក្នុងករណីអាល្លឺម៉ង់ធ្វើសង្រ្គាមឈ្លានពានប៉ូឡូញ។ ចំណែកឯ ជប៉ុនវិញបានគិតខុសថាការបំផ្លាញមូលដ្ឋានទ័ពជើងទឹកអាមេរិក Pearl Harbor នឹងធ្វើឱ្យអាមេរិកងាកមករកកិច្ចចរចាជាជាងធ្វើសង្រ្គាមប្រឆាំងនឹងខ្លួន។ ចាប់តាំងពីឆ្នាំ១៩៤៥មក, មិនមានសង្រ្គាមលោកផ្ទុះឡើងទេ ហើយជម្លោះយោធា រវាងមហាអំណាចក៏ត្រូវបានបញ្ចៀសផងដែរ តួយ៉ាងដូចជាសង្រ្គាមរវាងអាមេរិក និងសូវៀតជុំវិញវិបត្តិមីស៊ីលគុយបាកាលពីឆ្នាំ១៩៦២ជាដើម។


ការបញ្ចៀសសង្រ្គាមរវាងអាមេរិក និងសូវៀត អាចធ្វើទៅបានដោយសារតែប្រទេសទាំង២ មានអាវុធនុយក្លេអ៊ែរដូចគ្នា ដែលក្រុមអ្នកជំនាញភាគច្រើនយល់ថា អាវុធនុយក្លេអ៊ែរនេះឯង បានធ្វើឱ្យពួកមហាអំណាចមានការញញើតគ្នាទៅវិញទៅមក។ ប៉ុន្តែ បរិបទសព្វថ្ងៃនៃភាពតានតឹង និងការប្រជែងឥទ្ធិពលគ្នាកាន់តែ ពុះកព្រ្ជោលរវាងអាមេរិក ចិន បាននិងកំពុងបង្កឱ្យមានការសង្ស័យកាន់តែខ្លាំងឡើងថាតើអាវុធនុយក្លេអ៊ែរនៅតែអាចជា «យុទ្ធសាស្ត្រកំញើញ» ដ៏ជោគជ័យអាច បញ្ចៀសសង្រ្គាមបានទៀត ដែរឬក៏យ៉ាងណា?


បើតាមក្រុមអ្នកជំនាញ, ជម្លោះ ឬសង្រ្គាមក្ដៅរវាងសហរដ្ឋអាមេរិក និងចិនអាចនឹងផ្ទុះឡើងនៅពេលអនាគតជុំវិញបញ្ហា «កោះតៃវ៉ាន់» ដែលត្រូវបានគេចាត់ទុកជា កន្លែងគ្រោះថ្នាក់បំផុតមួយនៅលើពិភពលោក ហើយអាវុធនុយក្លេអ៊ែរតែមួយមុខប្រហែលជាមិនអាចបញ្ចៀសសង្រ្គាមនេះបានទេ។ ជាធម្មតា មានអាវុធនុយក្លេអ៊ែរ ប្រហែលជាគ្មានសត្រូវណាហ៊ានឈ្លានពាន ឬតដៃនោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិកដែលមានអាវុធនុយក្លេអ៊ែរធ្លាប់រងការវាយប្រហារនៅក្នុងសង្រ្គាមជាមួយ កូរ៉េខាងជើង, ចិន (សង្រ្គាមកូរ៉េ), វៀតណាម, អ៉ីរ៉ាក់, និងតាលីបង់ ហើយសូម្បីតែអេហ្ស៊ីប និងស៊ីរីក៏ធ្លាប់បើកការវាយប្រហារលើប្រទេសមានអាវុធនុយក្លេអ៊ែរ ដូចជាអ៉ីស្រាអែលដែរ កាលពីឆ្នាំ១៩៧៣។


ដូច្នេះថាតើប្រទេសមួយហ៊ានឈ្លានពានដែនកោះមួយដែលមានសម្ព័ន្ធមិត្តជាមហាអំណាចនុយក្លេអ៊ែរ ដែរឬទេ? រឿងបែបនេះធ្លាប់កើតឡើងម្ដងដែរដោយកាលពី ឆ្នាំ១៩៨២, អាហ្សង់ទីនបានឈ្លានពានដែនកោះ Falkland ដែលជាដែនដីអាណានិគមរបស់អង់គ្លេស។ ជាការពិតណាស់, អាវុធនុយក្លេអ៊ែរមិនធ្លាប់ត្រូវបានប្រើ ឡើយចាប់តាំងពីឆ្នាំ១៩៤៥មក។ ជាទូទៅ អាវុធនុយក្លេអ៊ែរអាចនឹងត្រូវបានប្រើតែនៅក្នុងករណីដែលប្រជាជាតិនុយក្លេអ៊ែរមួយរងការគំរាមកំហែងពីខាងក្រៅ ប៉ុណ្ណោះ តែធាតុពិតជាក់ស្ដែងប្រទេសមាននុយក្លេអ៊ែរកម្រនឹងមានការគំរាមកំហែងពីខាងក្រៅណាស់។ និយាយដល់ចំណុចនេះ, តើការបាត់បង់កោះតៃវ៉ាន់, វាជាការគំរាមកំហែងខាងក្រៅចំពោះសហរដ្ឋអាមេរិកដែរឬទេ? ហើយប្រសិនបើសហរដ្ឋអាមេរិកមិនមានបំណងប្រើប្រាស់អាវុធនុយក្លេអ៊ែរការពារកោះតៃវ៉ាន់, ថាតើសហរដ្ឋអាមេរិកត្រូវធ្វើបែបណា ក្នុងការរារាំងចិនមិនឱ្យវាយយកកោះតៃវ៉ាន់? សហរដ្ឋអាមេរិកនៅតែរក្សាដដែលនូវការពង្រឹងសមត្ថភាពយោធា និងអាវុធ ធម្មតាមិនមែននុយក្លេអ៊ែរដើម្បីផ្ដួលចិន។


ប៉ុន្តែ ប្រវតិ្តសាស្ត្របានប្រាប់យើងថាអ្វីដែលសំខាន់ នោះគឺ «ការយល់ឃើញរបស់ភាគីដែលចង់ឈ្លានពាន និងឆន្ទៈប្រយុទ្ធរបស់ភាគីម្ខាងទៀត ដែលនេះចង់សំដៅ ទៅលើការយល់ឃើញរបស់ចិន ចំពោះសហរដ្ឋអាមេរិក។ មុននឹងឈ្លានពានប៉ូឡូញ, ហ៊ីត្លែរបានធ្វើសកម្មភាពបង្ករឿងជាច្រើនដើម្បីធ្វើតេស្ដថាតើអង់គ្លេស និងបារាំង អាចនឹងចូលជួយប៉ូឡូញដែរទេ? ដោយឡែក ក្រោយរុស្ស៊ីក្រសោបយក «តំបន់គ្រីមៀ» ពីអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិក និងអឺរ៉ុបមិនបានលូកដៃចូលជួយ, ការដួលរលំរបបដឹកនាំអាហ្វហ្កានីស្ថានដែលអាមេរិកបណ្ដុះបណ្ដាលអស់រាប់សិបឆ្នាំ ក្រោមថ្វីដៃក្រុមតាលីបង់ និងការដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុង ពីសំណាក់ចិន ដោយមិនមានទណ្ឌកម្មជាដុំកំភួនពីសហរដ្ឋអាមេរិក និងអន្តរជាតិ សុទ្ធតែអាចជា «ហេតុផល» ដែលក្រមអ្នកជំនាញយល់ថាអាចឱ្យចិនយកមកធ្វើ ការវិនិច្ឆយលើឆន្ទៈប្រយុទ្ធរបស់សហរដ្ឋអាមេរិក។


ជាក់ស្ដែង, ក្រោយការដួលរលំអាហ្វហ្កានីស្ថានកាលពីសីហាកន្លងនេះ ច្បាស់ណាស់ ថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្ដចិនបានចាប់ផ្ដើមគិតថាតើប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពិតជាមានឆន្ទៈ ឬហ៊ានពលីជីវិតកងទ័ពអាមេរិករាប់ពាន់នាក់ដើម្បីការពារកោះតៃវ៉ាន់ដែរឬទេ? ហើយពួកគេក៏អាចគិត ឬវិនិច្ឆយផងដែរថា ប្រសិនបើដាច់ខាតត្រូវតែបង្រួបប្រង្រួមជាតិជាមួយតៃវ៉ាន់ដោយកម្លាំងយោធា តើគួរតែធ្វើវាឱ្យទាន់ពេលលោក បៃដិននៅកាន់អំណាច ឬក៏យ៉ាងណា?


គួរបញ្ជាក់ថា ចិន និងសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថានឹងមិនអាចដកថយចេញពីតៃវ៉ាន់ឡើយ។ សម្រាប់សហរដ្ឋអាមេរិក ការការពារកោះតៃវ៉ាន់ គឺមាន ន័យស្មើនឹងការពារអំណាចរបស់ខ្លួនឯងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ រីឯចិនវិញ បាត់បង់កោះតៃវ៉ាន់មានន័យដូចជាការប្រគល់មូលដ្ឋានទ័ពដ៏សំខាន់មួយដែលនៅ ជាប់របងផ្ទះខ្លួនឱ្យសហរដ្ឋអាមេរិក។ ការបរាជ័យរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្កានីស្ថាន មិនមែនធ្វើឱ្យអាមេរិកចុះទន់ខ្សោយនោះទេ ប៉ុន្តែវាមើលទៅអាមេរិក ដូចជាទន់ខ្សោយ។ ដូចគ្នាដែរបញ្ហាធំ មិនមែននៅត្រង់ថាតៃវ៉ាន់អាចនឹងបាត់បង់ ឬក៏អត់នោះទេ តែសំខាន់នៅត្រង់ការវិនិច្ឆយខុសរបស់ចិនចំពោះការដោះស្រាយ របស់សហរដ្ឋអាមេរិក ហើយដែល «ការវិនិច្ឆយខុស» នេះឯងអាចនឹងបំផ្លាញសន្តិភាពយូរអង្វែង៕


ប្រភព៖ Aspi-strategist (ថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១)

ដោយៈ Fresh News