Wednesday, March 02, 2022

ទស្សនៈមិត្តអ្នកអាន៖ កាលៈទេសៈខ្លះមិនអាចប្រើចំនួនទ័ពដ៏ច្រើន ដើម្បីយកប្រៀបឈ្នះលើគូសត្រូវបានទេ ហើយមេទ័ពត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ

(ភ្នំពេញ)៖ ស្របពេលដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិនានា កំពុងមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការតាមដានព្រឹត្តិការណ៍នយោបាយលើពិភពលោក ជាពិសេសព្រឹត្តិការណ៍សង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលកំពុងឈ្លានពានដោយកងទ័ពរុស្ស៉ី រយៈពេល១សប្តាហ៍មកនេះ Fresh News បានទទួលលិខិតមិត្តអ្នកអានមួយ ដែលបង្ហាញអំពីទស្សនៈទាក់ទងនឹងការដឹកនាំ ជាពិសេសគឺយុទ្ធសាស្រ្តច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកៀរគរ និងប្រើប្រាស់កម្លាំងក្នុងការផ្តួលរំលំរបបប៉ុលពត។

ក្នុងលិខិតមិត្តអ្នកអាននេះ បានរៀបរាប់ដូចតទៅ៖

មេទ័ពដ៏មានយុទ្ធសាស្រ្តច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយរបស់កម្ពុជា គឺចាប់ផ្តើមចេញពីយុទ្ធមិត្តតែ ៤រូបប៉ុណ្ណោះ រួមដំណើរតស៊ូរំដោះកម្ពុជា បានជោគជ័យពីរបបប្រល័យយពូជសាសន៍ប៉ុលពត? ខ្ញុំសូមទាញអារម្មណ៍ប្រិយមិត្តក្នុងបណ្តាញទំនាក់ទំនងសង្គមថា៖

ក្នុងអំឡុងពេលដែលកម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) កម្ពុជាគ្មានលទ្ធភាពអ្វីក្រៅពីឈរតម្រង់ជួរចូលណ្តៅសាកសពម្តងមួយៗឡើយ គ្មានប្រទេសណា ឬអ្នកណាមួយហ៊ានចេញមុខមកអន្តរាគមន៍ទេ។

ក្នុងឆ្នាំ១៩៧៧ យើងអាចពិពណ៌នាបានថា៖ ដោយបារមី និងវត្ថុស័ក្តិសិទ្ធគ្រប់គ្រងថែរក្សាប្រទេសកម្ពុជា បានជំរុញដាស់តឿនទឹកចិត្តសមមិត្ត ហ៊ុន សែន ដែលក្នុងពេលនោះមានតួនាទីជាមេបញ្ជាការវិរៈសេនាធំ (តំបន់ស២១) កាន់កាប់កម្លាំងក្នុងដៃចំនួន១៧៧៦នាក់ បានសម្រេចចិត្តជ្រើសយកយុទ្ធមិត្តទុកចិត្តតែ ៤រូបប៉ុណ្ណោះ ចាកចេញពីមាតុប្រទេសទៅស្វែងរកការគាំទ្រពីប្រទេសជិតខាង មកជួយរំដោះប្រទេសកម្ពុជា រហូតទទួលបានជ័យជំនះ លើបនប្រល័យពូជសាសន៍ប៉ុលពត។

សេចក្តីសង្ខេបខាងលើ សូមបងប្អូនជនរួមជាតិ មេត្តាពិចារណា!

ហេតុអ្វីបានជាសមមិត្ត ហ៊ុន សែន បោះបង់កងកម្លាំងទាំង១៧៧៦នាក់ ហើយជ្រើសយកតែយុទ្ធមិត្តទុកចិត្តតែ ៤រូបប៉ុណ្ណោះទៅជាមួយ ដើម្បីធ្វើការតស៊ូរំដោះប្រទេសមួយទាំងមូល?

តើទេពកោសល្យអ្វី ដែលអាចធ្វើឲ្យប្រទេសជិតខាង ទទួលយកសំណូមពរដោយបញ្ជូនកងទ័ពស្មគ្រ័ចិត្តវៀតណាមគៀកស្មារជាមួយកងទ័ពរណសិរ្សរំដោះប្រជាជនកម្ពុជា រហូតទទួលបានជោគជ័យលើរបបប៉ុលពត?

សំណេរខាងលើរបស់លោក ចង់បញ្ជាក់ជូនថា កាលៈទេសៈខ្លះមិនអាចប្រើចំនួនទ័ពដ៏ច្រើន ដើម្បីយកប្រៀបឈ្នះលើគូរសត្រូវបានទេ ហើយមេទ័ពដ៏មានយុទ្ធសាស្រ្តច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយនោះ គឺសម្តេចតេជោ ហ៊ុន សែន លោកដែលបានបង្កើតនូវភាពដ៏អស្ចារ្យនេះឡើងទុកជាប្រវត្តិសាស្រ្តសម្រាប់កូនខ្មែរគ្រប់ជំនាន់៕


ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២

ដោយ៖ លោក គឹម រស្មី



វិភាគអន្តរជាតិ៖ តើសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងជំរុញ​ឱ្យចិនវាយយកតៃវ៉ាន់ ឬ?

(ប៊ែរឡាំង)៖ ខណៈរុស្ស៊ីនៅតែបន្តវាយប្រហារលើទីក្រុងជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន ក្រុមអ្នកតាមដានស្ថានការណ៍ជាច្រើនបាន និងកំពុង យកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពរបស់ចិន ទៅនឹងជម្លោះសព្វថ្ងៃ នៅចំពោះមុខការប្រៀបប្រដូចសកម្មភាពរបស់រុស្ស៊ី នៅអ៊ុយក្រែន និងការទាមទាររបស់ចិនលើកោះតៃវ៉ាន់។

ក្រុមមន្ត្រីចិនបានប្រកាន់ជំហរអព្យាក្រឹតចំពោះសង្រ្គាមនៅអ៊ុយក្រែន ហើយបានច្រានចោលការប្រៀបប្រដូចគ្នារវាងតៃវ៉ាន់ និងអ៊ុយក្រែន។ តួយ៉ាង កាលពីថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថាការប្រៀបធៀបរវាងតៃវ៉ាន់ និងអ៊ុយក្រែន គឺបង្ហាញយ៉ាងច្បាស់ពីការខ្វះខាតចំណេះដឹងជាមូលដ្ឋានលើប្រវត្តិសាស្ត្រនៃបញ្ហាតៃវ៉ាន់។

«តៃវ៉ាន់មិនមែនជាអ៊ុយក្រែនឡើយ»។ នេះជាការបញ្ជាក់របស់លោកស្រី ដោយបន្ថែមថាតៃវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្ដាច់បានរបស់ចិន។ ជាការពិត ទីក្រុងប៉េកាំងបានទាមទារអធិបតេយ្យភាពរបស់ខ្លួនជាយូរណាស់មកហើយលើកោះតៃវ៉ាន់ ហើយតែងតែព្រមានជារឿយៗថានឹងប្រើប្រាស់ កម្លាំងយោធាវាយយកតៃវ៉ាន់ នៅក្នុងករណីចាំបាច់។ ដូនតាចិនបានប្រាប់កូនចៅរបស់ខ្លួនថា «ឱ្យលាក់បាំងសមត្ថភាព រង់ចាំឱកាសល្អមកដល់»។ តើឱកាសល្អ ដែលចិនត្រូវបញ្ចេញសមត្ថភាព បានមកដល់ហើយមែនទេ?

* ចំណុចដូច និងខុសគ្នារវាងតៃវ៉ាន់ និងអ៊ុយក្រែន

គេអាចនិយាយបានថាតៃវ៉ាន់ និងអ៊ុយក្រែន គឺជាដែនដីដ៏អភ័ព្វដូចគ្នា ដែលកើតមកនៅក្បែរមហាអំណាចដែលរង់ចាំតែលេបត្របាក់ពួកគេ គ្រប់ពេលវេលា។ រដ្ឋាភិបាលតៃវ៉ាន់បានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន តែក៏ឆ្លៀតសង្កត់ធ្ងន់ដែរពី ស្ថានភាពខុសគ្នារវាងតៃវ៉ាន់ និងអ៊ុយក្រែន។

នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំចង់បញ្ជាក់ថាស្ថានភាពនៅអ៊ុយក្រែន គឺមានភាពខុសគ្នាជាមូលដ្ឋានពីតំបន់ច្រកសមុទ្រតៃវ៉ាន់»។ លោកស្រីបន្ថែមថា «ច្រកសមុទ្រតៃវ៉ាន់ត្រូវបាន ហ៊ុមព័ទ្ធដោយរបាំងធម្មជាតិ ហើយតៃវ៉ាន់មានភូមិសាស្ត្រយុទ្ធសាស្ត្រដែលអ្នកដទៃគ្មាន។ រីឯយោធារបស់យើងមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការពារទឹកដី កំណើតរបស់យើង ហើយយើងនឹងបន្តអភិវឌ្ឍសមត្ថភាពដើម្បីធ្វើដូច្នេះឱ្យបាន ក្រោមការគាំទ្រពីប្រទេសជាដៃគូដែលកំពុងចូលរួមចំណែកក្នុងការរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់»។

យ៉ាងណាក៏ដោយ បើតាមក្រុមអ្នកជំនាញ, ខណៈចិនបដិសេធការប្រៀបធៀបរវាងតៃវ៉ាន់ និងអ៊ុយក្រែន ទីក្រុងប៉េកាំងនៅតែបន្តវិភាគ និងតាមដាន ស្ថានការណ៍ ក៏ដូចជាប្រតិកម្មរបស់សហគមន៍អន្តរជាតិឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន ដែលលោកខាងលិចហៅថា ជាទង្វើឈ្លានពាន។

លោកស្រី បូននី ក្លាស័រ (Bonnie Glaser) ជានាយកកម្មវិធីអាស៊ី នៃមូលនិធិ German Marshall Fund of the United States បានលើកឡើងថា ទីក្រុងប៉េកាំង នឹងរៀនសូត្រពីមេរៀនសង្រ្គាមនៅអ៊ុយក្រែន ដើម្បីស្វែងរកមើលថាតើមានចំណុចណាខ្លះអាចយកមកប្រើ ឬបញ្ចូលក្នុងយុទ្ធសាស្ត្រ របស់ខ្លួនចំពោះតៃវ៉ាន់។ លោកស្រីបន្ថែមថាច្បាស់ណាស់ ចិនក៏នឹងតាមមើលផងដែរលើសាមគ្គីភាពរបស់ NATO និងសម្ពន្ធមិត្តដទៃរបស់អាមេរិក ជាពិសេស គឺការអនុវត្តទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៊ីតែម្ដង ថាតើវាបង្កការខាតបង់ដល់កម្រិតណា?

លើសពីនេះទៅទៀត ក្រុមអ្នកជំនាញសន្តិសុខយល់ថាចិនដឹងច្បាស់ជាងនរណាៗទាំងអស់ពីភូមិសាស្ត្រខុសគ្នារវាងតៃវ៉ាន់ និងអ៊ុយក្រែន។ ពោលគឺ ខណៈកងទ័ពរុស្ស៊ីអាចឆ្លងព្រំដែនយ៉ាងងាយចូលក្នុងទឹកដីអ៊ុយក្រែន ចិនឯណេះវិញពិបាកនឹងធ្វើដូចរុស្ស៊ីខ្លាំងណាស់។ ពីព្រោះតៃវ៉ាន់ និងចិន គឺខណ្ឌចែកគ្នាដោយទឹកសមុទ្រនៃច្រកសមុទ្រតៃវ៉ានប្រវែងជាង ១៦០គីឡូម៉ែត្រ។ ដូច្នេះប្រតិបត្តិការយោធារបស់ចិនលើតៃវ៉ាន់ គឺជាប្រតិបត្តិការ ទ្រង់ទ្រាយដ៏ធំ និងមានភាពស្មុគស្មាញ។ ម្លោះហើយក្នុងរយៈពេលខ្លី ឬមធ្យម គេពិបាកនឹងនិយាយណាស់ថាតើចិននឹងប្រើកម្លាំងយោធាវាយយក កោះតៃវ៉ាន់ ដែរឬទេ?

នៅត្រង់ចំណុចនេះ លោក Lev Nachman ជាអ្នកស្រាវជ្រាវស្ដីពីចិន មកពីសាកលវិទ្យាល័យ Harvard University បានសង្កត់ធ្ងន់ថាចិននឹងប្រើការទូត ជាមុន ដើម្បីឱ្យមនុស្សគ្រប់គ្នាដឹងថាចិនមិនមែនជាប្រទេសឈ្លានពានគេឯង។ លោកបញ្ជាក់ដូច្នេះថា «ប្រសិនបើដល់ពេលចិនវាយយកតៃវ៉ាន់ ពួកគេ នឹងមិនប្រើប្រាស់វិធីសាស្ត្រដូចដែលរុស្ស៊ីបានប្រើ (លើអ៊ុយក្រែននោះទេ)»។

* តើនឹងមានអ្នកចូលជួយតៃវ៉ាន់ ដែរទេ?

គេត្រូវដឹងថានៅអាស៊ី មិនមានបក្សសម្ពន្ធយោធា NATO នោះទេ ហើយការឆ្លើយតបរបស់លោកខាងលិច ចំពោះជម្លោះណាមួយរវាងចិន និងតៃវ៉ាន់ វាប្រហែលជានឹងមិនដូចគ្នាទៅនឹងចំណាត់ការប្រឆាំងនឹងរុស្ស៊ីឡើយ។ ដូច្នេះបើសង្រ្គាមផ្ទុះឡើងមែន តើមានប្រទេសណាដែលហ៊ានចូលជួយតៃវ៉ាន់។ មកទល់នឹងម៉ោងនេះ, បណ្ដាប្រទេសលោកខាងលិចកំពុងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងផ្ដល់ជំនួយទាំងអាវុធ និងមនុស្សធម៌ឱ្យអ៊ុយក្រែន។

អ៊ុយក្រែនគឺជារដ្ឋឯករាជ្យមួយ រីឯតៃវ៉ាន់មិនត្រូវបានពិភពលោកទទួលស្គាល់ជាផ្លូវការនោះទេ។ អ៊ុយក្រែនទោះបីជាមានសម្ពន្ធមិត្តដូចជាអាមេរិក និង NATO តែមិនមានប្រទេសណាមួយហ៊ានបញ្ជូនទ័ពឱ្យទៅជួយពួកគេប្រយុទ្ធជាមួយរស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរនោះទេ។ នេះអាចនិយាយបានថា «លូកដៃជួយត្រូវគិតជាមុនថាតើចំណេញ ឬក៏ខាត»។

ជុំវិញបញ្ហានេះដែរ លោក Lev Nachman យល់ថាវិធានការឆ្លើយតបរបស់អាមេរិក នឹងមានភាពខុសគ្នាពីអ៊ុយក្រែន ចំពោះជម្លោះរវាងចិន និងតៃវ៉ាន់។ បើតាមលោក Nachman សហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើតៃវ៉ាន់រងការវាយប្រហារពីចិន។ ពីព្រោះថាយុទ្ធសាស្ត្រជាអាទិភាពរបស់ អាមេរិក គឺប្រឆាំងឥទ្ធិពលចិននៅអាស៊ី រីឯតៃវ៉ាន់គឺជាមូលដ្ឋានស្នូលមួយនៃយុទ្ធសាស្រ្តនេះ។ ម្លោះហើយបើអាមេរិកបណ្ដោយឱ្យតៃវ៉ាន់ធ្លាក់ចូលទៅក្នុង ដៃរបស់ចិន នោះឥទ្ធិពលរបស់អាមេរិកនឹងត្រូវសាបរលាបនៅក្នុងតំបន់អាស៊ី ឬអាចនិយាយម្យ៉ាងទៀតបានថាបាត់តៃវ៉ាន់ មានន័យថាអាមេរិកបោះបង់ ចោលយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដូច្នោះដែរ៕

ប្រភព៖ DW (ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២២)

ដោយ៖ Fresh News








សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត)

នៅព្រឹក ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ពី ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ។ កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញ ទៅខេត្តកំពត​ កែប និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុផងដែរ។ មួយផ្នែកនៃកំណាត់ផ្លូវនេះ ក៏បានបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវផងដែរ។



តាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លុវជាតិលេខ៣ ភ្នំពេញ-កំពតនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១។ ការសាងសង់កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណជាង ២១៥លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការធ្វើអោយប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀត បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ និងជោគវាសនារួមគ្នា រវាងកម្ពុជា និងចិន។ សម្តេចតេជោនាយករដ្ឋបានមានប្រសាសន៍ថា នៅសប្តាហ៍ក្រោយនេះសម្តេច និងឯកឧត្តម វ៉ាង វិនធៀន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ ជាបន្តទៀតផងដែរ ដែលជាសមិទ្ធផលដ៏ធំនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៣នេះ ក៏អាចរាប់ជាប្រភេទផ្លូវល្បឿនលឿនផងដែរ ព្រោះផ្លូវនេះគឺមានទទឹងផ្លូវធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ។ សម្តេចតេជោ ក៏បានស្នើអោយក្រសួងសាធារណការ និងដឹកជញ្ជូន គួរពិនិត្យពីការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវទាំងឡាយណាដែលមានទំហំធំៗបែបនេះ។ សម្តេចតេជោ ក៏បានកោតសរសើរពីការរៀបចំដាក់កាមេរាចាប់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៣នេះ ដែលសម្តេចចាត់ទុកថានេះជាការធ្វើទំនើបកម្មមួយនៃការសាងសង់ផ្លូវនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា ក្នុងដំណាក់កាលសាងសង់កំណាត់ផ្លូវជាតិលេខ៣នេះ ក៏មានផលប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋនៅសងខាងផ្លូវផងដែរ តែរាជរដ្ឋាភិបាលបានធ្វើការដោះស្រាយផលប៉ះពាល់ទាំងអស់នោះ ហើយក្រោយសាងសង់រួចប្រជាពលរដ្ឋនៅសងខាងផ្លូវនេះ ជាអ្នកទទួលបានប្រយោជន៍មុនគេ។​ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍យ៉ាងច្រើនពីកំណាត់ផ្លូវជាតិលេខ៣នេះ ស្របពេលកម្ពុជាកំពុងពង្រីកការវិនិយោគច្រើនមកភាគនិរតីនៃប្រទេសកម្ពុជា។ 

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរិញ) ត្រូវដាក់ក្នុងលក្ខខណ្ឌសាងសង់ពិសេសមួយ ពីព្រោះកំណាត់ផ្លូវនេះ មានការពិបាកក្នុងការសាងសង់ ដោយត្រូវប្រើបច្ចេកទេស និងចាក់គ្រឹះខ្លាំង ដូច្នេះ សម្តេចតេជោ រំពឹងថា រដ្ឋាភិបាលចិន នឹងជួយសាងសង់កំណាត់ផ្លូវនេះជាបន្តទៀត។ សម្តេចតេជោបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍បន្តថា មកដល់ពេលនេះ ចិនបានផ្តល់ថវិកាសាងសង់ផ្លូវរួចរាល់នៅកម្ពុជាមានចំនួន២៩ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ, ផ្លូវកំពុងសាងសង់ចំនួន ៣ខ្សែ ប្រវែង ៣៦៩គីឡូម៉ែត្រ សាងសង់ស្ពានរួចរាល់ចំនួន ៩ស្ពាន ប្រវែង ៨,៥៦៥ម៉ែត្រ, ស្ពានកំពុងសាងសង់ មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ប្រវែង៩៩៦ម៉ែត្រ តម្លៃ ៥៦លានដុល្លារ ហើយថវិកាដែលរដ្ឋាភិបាលចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពាន មានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក។សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ មេត្តាកុំដឹកលើសទម្ងន់កំណត់ ហើយកុំឱ្យបើកបរលើសល្បឿនកំណត់ ត្រូវគោរពច្បាប់ចរាចរណ៍ ។ មិនត្រូវបើកបរដោយមានជាតិស្រវឹង បើកបរដោយមានការទទួលខុសត្រូវ ។ 

ទាក់ទងទៅនឹងស្ថានភាពនៃជំងឺកូវីដ-១៩ សម្តេចតេជោបានថ្លែងអំណរគុណដល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលបានធ្វើឱ្យសម្តេចគេចផុតពីការឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ ទោះបីជាកន្លងមកនេះ​ សម្តេចបានប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ក៏ដោយ។ សម្តេចតេជោបាន បន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ទាំងអស់គ្នា ដោយអនុវត្តន៍វិធាន «៣ការពារ និង៣កុំ»ហើយត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមការផែនដែលបានដាក់ចេញ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានអាស៊ានឆ្នាំ២០២២ មិនមែនជារឿងសាមញ្ញនោះឡើយ។ ពេលនេះ បញ្ហាបានកើតឡើងជាបន្តបន្ទាប់ ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង, បញ្ហានៅមីយ៉ាន់ម៉ា, នៅពេលនេះមានបញ្ហាសង្គ្រាម រុស្ស៉ី-អ៊ុយក្រែន បន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ ហើយក៏មិនគាំទ្រការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះទេ។ សម្តេចតេជោ បានមានប្រសាសន៍ថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅពេលនេះ បានក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ។ សម្តេចតេជោនៅតែជឿថា រុស្ស៉ី និងអ៊ុយក្រែន មិនទាន់អស់ឱកាសក្នុងការចរចាគ្នានោះឡើយ ហើយសម្តេចលើកទឹកចិត្តឱ្យមានការចរចាគ្នា។ សម្តេចតេជោបានបញ្ជាក់ថា អ្វីដែលសម្តេចថ្លែងពាក់ព័ន្ធសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន គឺក្នុងនាមទស្សនៈផ្ទាល់ខ្លួនរបស់សម្តេច មិនមែនក្នុងនាមអាស៊ានឡើយ។ សម្តេចតេជោបានបន្តថា សេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ហើយពេលនេះក៏អាចប៉ះពាល់បន្ថែមទៀត ដោយសារសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះសមិទ្ធផលផ្លូវជាតិលេខ៣ នាថ្ងៃនេះ និងបានជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន  ។ ចុងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣ចាប់ពីពេលនេះតទៅ៕



























សម្ដេចតេជោ ហ៊ុន សែន បានហៅការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងចិន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ ដែលសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលស្ថិតនៅក្នុងក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងជោគវាសនារួមកម្ពុជា-ចិន។


កំណាត់ផ្លូវជាតិលេខ៣ប្រវែង ១៣៤,៨២៦គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដែលសាងសង់ឡើង ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្ពោអដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០ ២ ខែមីនា ឆ្នាំ២០២២ នៅឃុំសុភី ស្រុកបាទី ខេត្តតាកែវ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ទៅដល់ក្រុងកំពត ត្រូវបានស្តារម្តងរួចមកហើយនៅឆ្នាំ២០០៨-២០១១ ប៉ុន្តែដោយសង្កេតឃើញថាកំណើន ចរាចរណ៍មានការកើនឡើងគួរឱ្យកត់សម្គាល់ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យធ្វើការពង្រីកកំណាត់ផ្លូវនេះ ចាប់ពីចោមចៅ ដល់បែកគូស ប្រវែង ៦៩,៩០០គីឡូម៉ែត្រ ជា៤គន្លង និងកំណាត់ផ្លូវពីបែកគូស ដល់ក្រុងកំពត ប្រវែង ៦៤,៩២៦គីឡូម៉ែត្រ ជា២គន្លង ដោយក្រាលបេតុងកៅស៊ូAC ឡើងវិញ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្តថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៣ មានប្រវែងសរុប ១៣៤,៨២៦ គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយក្នុងនោះ ខ្សែផ្លូវឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។ គម្រោងសាងសង់នេះចែកចេញជា២កំណាត់ ក្នុងនោះរួមមាន កំណាត់ទីមួយៈ មានប្រវែង៦៩,៩០០គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ-ចោមចៅ (គីឡូម៉ែត្រលេខ ០០+០០០) ដល់បែកគូស (គីឡូម៉ែត្រលេខ ៦៩+៩០០) បានពង្រីកទទឹង តួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ មាន៤គន្លង (២គន្លងទៅ ២គន្លងមក) ក្រាលបេតុងកៅស៊ូAC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹងតួផ្លូវ ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤,៥ម៉ែត្រ រួមមាន គន្លងផ្លូវរថយន្ដ ទទឹង ១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) គន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ។ គន្លងផ្លូវម៉ូតូ ទទឹង ៥ម៉ែត្រ ចែកជា ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ២,៥០ម៉ែត្រ។ ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ២ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រ សងខាងផ្លូវ។ សាងសង់ស្ពានថ្មី ចំនួន ១១កន្លែង ប្រវែងសរុប ៤៤៣ម៉ែត្រ ទទឹង១២ម៉ែត្រ និងពង្រីកស្ពានចាស់ ២កន្លែង ប្រវែងសរុប ៣០ម៉ែត្រ។ កំណាត់ទីពីរៈ មានប្រវែង ៦៤,៩២៦គីឡូម៉ែត្រ ចាប់ពីបែកគូស (គីឡូម៉ែត្រលេខ ៦៩+៩០០) ដល់ក្រុងកំពត (គីឡូម៉ែត្រលេខ ១៣៤+៨២៦) បានពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ មាន ២គន្លង (១គន្លងទៅ ១គន្លងមក) ក្រាលបេតុងកៅស៊ូAC កម្រាស់ ៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ លើទទឹងតួផ្លូវសរុប ១២ម៉ែត្រ រួមមាន គន្លងផ្លូវរថយន្ដ ទទឹង ៧,៥០ម៉ែត្រ ចែកជា ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ។ គន្លងផ្លូវម៉ូតូ ទទឹង ៣,៥០ម៉ែត្រ ចែកជា ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ១,៧៥ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៥០ម៉ែត្រ សងខាងផ្លូវ។ កំណាត់ផ្លូវទាំងពីរនេះ បានសាងសង់លូជ្រុងចំនួន ៣៤កន្លែង លូមូលចំនួន ១៧៧កន្លែង លូដាក់តាមប្រឡាយសងខាងផ្លូវចំនួន ២៧១កន្លែង និងការងារបំពាក់បរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព ព្រមទាំងមាន បំពាក់កាំមេរ៉ាចាប់ល្បឿនអចល័តចំនួន ១០កន្លែង និងសាងសង់ស្ពានថ្មើរជើងរំលងផ្លូវចំនួន ២កន្លែង ផងដែរ។ គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១ បានចំណាយថវិកាសរុបប្រមាណ ២១៥,៣៨៨លានដុល្លារអាម៉េរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់បន្ថែមថា កំណាត់ផ្លូវជាតិលេខ៣ (រាជធានីភ្នំពេញ-ក្រុងកំពត) គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្លងកាត់រាជធានី-ខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺខេត្តតាកែវ ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ ខេត្តព្រះសីហនុ តាមរយៈកំណាត់ផ្លូវជាតិលេខ៣(កំពត-វាលរេញ) ភ្ជាប់ទៅផ្លូវជាតិលេខ៤ (ព្រៃនប់) និងតភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុង តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨។ កំណាត់ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការធ្វើដំណើរកម្សាន្តទៅកាន់ ខេត្តកំពតនិងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ សម្បូរដោយធនធាន ទេសភាព ធម្មជាតិ មានតំបន់ជ្រលងភ្នំ និងតំបន់ឆ្នេរដ៏ស្រស់ត្រកាល ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ កំណាត់ខ្សែផ្លូវនេះមានភាពរឹងមាំធំទូលាយ ដែលសម្រួលដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ ព្រមទាំងបញ្ចៀសបានការកកស្ទះនៅតាមបណ្ដោយផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀតផងដែរ។ ជាងនេះទៀត កំណាត់ផ្លូវជាតិលេខ៣ ក៏ជាផ្នែកមួយនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវ៉េយលេខ១២៣(AH-123) ពីប្រទេសថៃ មកប្រទេសកម្ពុជា តាមរយៈផ្លូវជាតិលេខ៤៨ ហើយឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំការលួង ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ និងបន្តទៅប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ៣៣ កាត់តាមកំពង់ត្រាច ចេញទៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក (កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជាជាមួយប្រទេសជិតខាង៕
ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល