Wednesday, March 02, 2022

វិភាគអន្តរជាតិ៖ តើសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងជំរុញ​ឱ្យចិនវាយយកតៃវ៉ាន់ ឬ?

(ប៊ែរឡាំង)៖ ខណៈរុស្ស៊ីនៅតែបន្តវាយប្រហារលើទីក្រុងជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន ក្រុមអ្នកតាមដានស្ថានការណ៍ជាច្រើនបាន និងកំពុង យកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពរបស់ចិន ទៅនឹងជម្លោះសព្វថ្ងៃ នៅចំពោះមុខការប្រៀបប្រដូចសកម្មភាពរបស់រុស្ស៊ី នៅអ៊ុយក្រែន និងការទាមទាររបស់ចិនលើកោះតៃវ៉ាន់។

ក្រុមមន្ត្រីចិនបានប្រកាន់ជំហរអព្យាក្រឹតចំពោះសង្រ្គាមនៅអ៊ុយក្រែន ហើយបានច្រានចោលការប្រៀបប្រដូចគ្នារវាងតៃវ៉ាន់ និងអ៊ុយក្រែន។ តួយ៉ាង កាលពីថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថាការប្រៀបធៀបរវាងតៃវ៉ាន់ និងអ៊ុយក្រែន គឺបង្ហាញយ៉ាងច្បាស់ពីការខ្វះខាតចំណេះដឹងជាមូលដ្ឋានលើប្រវត្តិសាស្ត្រនៃបញ្ហាតៃវ៉ាន់។

«តៃវ៉ាន់មិនមែនជាអ៊ុយក្រែនឡើយ»។ នេះជាការបញ្ជាក់របស់លោកស្រី ដោយបន្ថែមថាតៃវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្ដាច់បានរបស់ចិន។ ជាការពិត ទីក្រុងប៉េកាំងបានទាមទារអធិបតេយ្យភាពរបស់ខ្លួនជាយូរណាស់មកហើយលើកោះតៃវ៉ាន់ ហើយតែងតែព្រមានជារឿយៗថានឹងប្រើប្រាស់ កម្លាំងយោធាវាយយកតៃវ៉ាន់ នៅក្នុងករណីចាំបាច់។ ដូនតាចិនបានប្រាប់កូនចៅរបស់ខ្លួនថា «ឱ្យលាក់បាំងសមត្ថភាព រង់ចាំឱកាសល្អមកដល់»។ តើឱកាសល្អ ដែលចិនត្រូវបញ្ចេញសមត្ថភាព បានមកដល់ហើយមែនទេ?

* ចំណុចដូច និងខុសគ្នារវាងតៃវ៉ាន់ និងអ៊ុយក្រែន

គេអាចនិយាយបានថាតៃវ៉ាន់ និងអ៊ុយក្រែន គឺជាដែនដីដ៏អភ័ព្វដូចគ្នា ដែលកើតមកនៅក្បែរមហាអំណាចដែលរង់ចាំតែលេបត្របាក់ពួកគេ គ្រប់ពេលវេលា។ រដ្ឋាភិបាលតៃវ៉ាន់បានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន តែក៏ឆ្លៀតសង្កត់ធ្ងន់ដែរពី ស្ថានភាពខុសគ្នារវាងតៃវ៉ាន់ និងអ៊ុយក្រែន។

នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំចង់បញ្ជាក់ថាស្ថានភាពនៅអ៊ុយក្រែន គឺមានភាពខុសគ្នាជាមូលដ្ឋានពីតំបន់ច្រកសមុទ្រតៃវ៉ាន់»។ លោកស្រីបន្ថែមថា «ច្រកសមុទ្រតៃវ៉ាន់ត្រូវបាន ហ៊ុមព័ទ្ធដោយរបាំងធម្មជាតិ ហើយតៃវ៉ាន់មានភូមិសាស្ត្រយុទ្ធសាស្ត្រដែលអ្នកដទៃគ្មាន។ រីឯយោធារបស់យើងមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការពារទឹកដី កំណើតរបស់យើង ហើយយើងនឹងបន្តអភិវឌ្ឍសមត្ថភាពដើម្បីធ្វើដូច្នេះឱ្យបាន ក្រោមការគាំទ្រពីប្រទេសជាដៃគូដែលកំពុងចូលរួមចំណែកក្នុងការរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់»។

យ៉ាងណាក៏ដោយ បើតាមក្រុមអ្នកជំនាញ, ខណៈចិនបដិសេធការប្រៀបធៀបរវាងតៃវ៉ាន់ និងអ៊ុយក្រែន ទីក្រុងប៉េកាំងនៅតែបន្តវិភាគ និងតាមដាន ស្ថានការណ៍ ក៏ដូចជាប្រតិកម្មរបស់សហគមន៍អន្តរជាតិឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន ដែលលោកខាងលិចហៅថា ជាទង្វើឈ្លានពាន។

លោកស្រី បូននី ក្លាស័រ (Bonnie Glaser) ជានាយកកម្មវិធីអាស៊ី នៃមូលនិធិ German Marshall Fund of the United States បានលើកឡើងថា ទីក្រុងប៉េកាំង នឹងរៀនសូត្រពីមេរៀនសង្រ្គាមនៅអ៊ុយក្រែន ដើម្បីស្វែងរកមើលថាតើមានចំណុចណាខ្លះអាចយកមកប្រើ ឬបញ្ចូលក្នុងយុទ្ធសាស្ត្រ របស់ខ្លួនចំពោះតៃវ៉ាន់។ លោកស្រីបន្ថែមថាច្បាស់ណាស់ ចិនក៏នឹងតាមមើលផងដែរលើសាមគ្គីភាពរបស់ NATO និងសម្ពន្ធមិត្តដទៃរបស់អាមេរិក ជាពិសេស គឺការអនុវត្តទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៊ីតែម្ដង ថាតើវាបង្កការខាតបង់ដល់កម្រិតណា?

លើសពីនេះទៅទៀត ក្រុមអ្នកជំនាញសន្តិសុខយល់ថាចិនដឹងច្បាស់ជាងនរណាៗទាំងអស់ពីភូមិសាស្ត្រខុសគ្នារវាងតៃវ៉ាន់ និងអ៊ុយក្រែន។ ពោលគឺ ខណៈកងទ័ពរុស្ស៊ីអាចឆ្លងព្រំដែនយ៉ាងងាយចូលក្នុងទឹកដីអ៊ុយក្រែន ចិនឯណេះវិញពិបាកនឹងធ្វើដូចរុស្ស៊ីខ្លាំងណាស់។ ពីព្រោះតៃវ៉ាន់ និងចិន គឺខណ្ឌចែកគ្នាដោយទឹកសមុទ្រនៃច្រកសមុទ្រតៃវ៉ានប្រវែងជាង ១៦០គីឡូម៉ែត្រ។ ដូច្នេះប្រតិបត្តិការយោធារបស់ចិនលើតៃវ៉ាន់ គឺជាប្រតិបត្តិការ ទ្រង់ទ្រាយដ៏ធំ និងមានភាពស្មុគស្មាញ។ ម្លោះហើយក្នុងរយៈពេលខ្លី ឬមធ្យម គេពិបាកនឹងនិយាយណាស់ថាតើចិននឹងប្រើកម្លាំងយោធាវាយយក កោះតៃវ៉ាន់ ដែរឬទេ?

នៅត្រង់ចំណុចនេះ លោក Lev Nachman ជាអ្នកស្រាវជ្រាវស្ដីពីចិន មកពីសាកលវិទ្យាល័យ Harvard University បានសង្កត់ធ្ងន់ថាចិននឹងប្រើការទូត ជាមុន ដើម្បីឱ្យមនុស្សគ្រប់គ្នាដឹងថាចិនមិនមែនជាប្រទេសឈ្លានពានគេឯង។ លោកបញ្ជាក់ដូច្នេះថា «ប្រសិនបើដល់ពេលចិនវាយយកតៃវ៉ាន់ ពួកគេ នឹងមិនប្រើប្រាស់វិធីសាស្ត្រដូចដែលរុស្ស៊ីបានប្រើ (លើអ៊ុយក្រែននោះទេ)»។

* តើនឹងមានអ្នកចូលជួយតៃវ៉ាន់ ដែរទេ?

គេត្រូវដឹងថានៅអាស៊ី មិនមានបក្សសម្ពន្ធយោធា NATO នោះទេ ហើយការឆ្លើយតបរបស់លោកខាងលិច ចំពោះជម្លោះណាមួយរវាងចិន និងតៃវ៉ាន់ វាប្រហែលជានឹងមិនដូចគ្នាទៅនឹងចំណាត់ការប្រឆាំងនឹងរុស្ស៊ីឡើយ។ ដូច្នេះបើសង្រ្គាមផ្ទុះឡើងមែន តើមានប្រទេសណាដែលហ៊ានចូលជួយតៃវ៉ាន់។ មកទល់នឹងម៉ោងនេះ, បណ្ដាប្រទេសលោកខាងលិចកំពុងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងផ្ដល់ជំនួយទាំងអាវុធ និងមនុស្សធម៌ឱ្យអ៊ុយក្រែន។

អ៊ុយក្រែនគឺជារដ្ឋឯករាជ្យមួយ រីឯតៃវ៉ាន់មិនត្រូវបានពិភពលោកទទួលស្គាល់ជាផ្លូវការនោះទេ។ អ៊ុយក្រែនទោះបីជាមានសម្ពន្ធមិត្តដូចជាអាមេរិក និង NATO តែមិនមានប្រទេសណាមួយហ៊ានបញ្ជូនទ័ពឱ្យទៅជួយពួកគេប្រយុទ្ធជាមួយរស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរនោះទេ។ នេះអាចនិយាយបានថា «លូកដៃជួយត្រូវគិតជាមុនថាតើចំណេញ ឬក៏ខាត»។

ជុំវិញបញ្ហានេះដែរ លោក Lev Nachman យល់ថាវិធានការឆ្លើយតបរបស់អាមេរិក នឹងមានភាពខុសគ្នាពីអ៊ុយក្រែន ចំពោះជម្លោះរវាងចិន និងតៃវ៉ាន់។ បើតាមលោក Nachman សហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើតៃវ៉ាន់រងការវាយប្រហារពីចិន។ ពីព្រោះថាយុទ្ធសាស្ត្រជាអាទិភាពរបស់ អាមេរិក គឺប្រឆាំងឥទ្ធិពលចិននៅអាស៊ី រីឯតៃវ៉ាន់គឺជាមូលដ្ឋានស្នូលមួយនៃយុទ្ធសាស្រ្តនេះ។ ម្លោះហើយបើអាមេរិកបណ្ដោយឱ្យតៃវ៉ាន់ធ្លាក់ចូលទៅក្នុង ដៃរបស់ចិន នោះឥទ្ធិពលរបស់អាមេរិកនឹងត្រូវសាបរលាបនៅក្នុងតំបន់អាស៊ី ឬអាចនិយាយម្យ៉ាងទៀតបានថាបាត់តៃវ៉ាន់ មានន័យថាអាមេរិកបោះបង់ ចោលយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដូច្នោះដែរ៕

ប្រភព៖ DW (ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២២)

ដោយ៖ Fresh News








No comments:

Post a Comment