Friday, July 28, 2017

(សូមទស្សនាវីដេអូ) ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បើកប្រាក់គោលនយោបាយដល់ និវត្តជន ជនពិការ និងគ្រួសារមរណៈ

រដ្ឋបាល​ស្រុកកំពង់រោទិ៍​ បើកវគ្គ​បណ្តុះបណ្តាល​ ពីការគ្រប់គ្រង​ឃុំ-សង្កាត់​ តាមបែប​វិមជ្ឈការ​

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋបាលស្រុកកំពង់រោទិ៍ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងឃុំ-សង្កាត់ តាមបែបវិមជ្ឈការ ក្រោមអធិបតីលោក សុខ សំអុល អភិបាលរងស្រុកកំពង់រោទិ៍ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាក្រុមប្រឹក្សាឃុំ ដែលជាប់ឆ្នោតថ្មីមកពីស្រុកកំពង់រោទិ៍ និង ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

គោលបំណងនៃវគ្គនេះ គឺជំរុញឱ្យក្រុមប្រឹក្សាឃុំ មានចំណេះដឹងកើនឡើង និងមានជំនាញគ្រប់គ្រងរដ្ឋបាលឃុំ -សង្កាត់ តាមបែបវិមជ្ឈការ ដើម្បីជួយបំពេញការងារក្នុងអាណត្តិរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

លោក សុខ សំអុល បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានមេរៀនចំនួន៥គឺ៖ ១. ការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់, ២. កិច្ចការរដ្ឋបាលឃុំ-សង្កាត់, ៣. ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ឃុំ-សង្កាត់, ៤. ប្រព័ន្ធកសាងផែនការឃុំ – សង្កាត់ និង ៥. ការជ្រើសរើសមេភូមិ អនុភូមិ និងជំនួយការភូមិ ដោយមានអ្នកចូលរួមសរុប៥៤នាក់ ស្រី០៩នាក់ផងដែរ៕





រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងបង្កើនឱកាសការងារសមស្របតាមតម្រូវការទីផ្សារជូនកម្មករ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង៥០០នាក់ ដោយមានការចូលរួមពីសំណាក់លោក យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ នៅក្រុមហ៊ុនញូស្តារ ខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឱកាសនេះ លោក អ៊ិត សំហេង ក៏បានពាំនាំមកនូវសេចក្ដីនឹករលឹក និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលតែងតែខ្វល់ខ្វាយដល់សុខទុក្ខរបស់បងប្អូនពលករ និងសូមជូនពរសព្វសាធុការពរជ័យជូនដល់បងប្អូនពលករទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ និងបានសម្តែងនូវការកោតសរសើរចំពោះបងប្អូនកម្មករនិយោជិតនៃរោងចក្រញូស្តារដែលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយវិជ្ជាជីវៈ រក្សាសុខដុមរម្យនាក្នុងរោងចក្រ ដែលជាឆ្នាំបាយរួមរបស់បងប្អូនទាំងអស់គ្នា។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់ និងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយាកាសការងារ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្របតាមតម្រូវការទីផ្សារការងារ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម កសាងហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ ដោយរក្សាបានកំណើនថេរជាមធ្យមប្រចាំឆ្នាំ៧% អត្រាភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយមកត្រឹម១៣,៥% និងអត្រាអត់ការងារធ្វើចំនួន០,៧% ប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោក អ៊ិត សំហេង ក៏បានបន្ថែមថា ការតម្លើងប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិត ចំនួន ១៥៣ ដុល្លារ រួមនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបានទទួលពី១៧០ដុល្លារ ទៅ១៨១ដុល្លារសម្រាប់ឆ្នាំ២០១៧។ តម្លៃអគ្គីសនី ទឹកស្អាតត្រូវបានបញ្ចុះ ហើយការឡើងថ្លៃជួលផ្ទះត្រូវបានគ្រប់គ្រងដោយច្បាប់។ ការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗតាមរយៈបេឡាជាតិរបបសន្តិសុខសង្គមដូចជារបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តនាពេលខាងមុខ ការលើកលែងការបង់ពន្ធលើប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត ការតម្លើងប្រាក់បៀវត្សមន្រ្តីរាជការឱ្យបានយ៉ាងតិច ១ លានរៀល លើកលែងការបង់ពន្ធក្នុងការផ្ទេរទ្រព្យសម្បត្តិពីឪពុកម្តាយទៅកូន លើកលែងការបង់ថ្លៃប្រថាប់ត្រា ការធ្វើសំបុត្រកំណើត សំបុត្រមរណភាព អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ និងលិខិតបញ្ជាក់នានាដោយឥតបង់ថ្លៃ ការកាត់បន្ថយអត្រាប្រាក់កម្ចីនៅត្រឹម ១៨% និងការគិតគូរដល់ការផ្តល់សេវា និងភាពងាយស្រួលជូនប្រជាជនកាន់តែច្រើនថែមទៀត។

លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់រោងចក្រ សូមខិតខំអនុវត្តតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ជាពិសេសរបបហានិភ័យការងារ និងរបបថែទាំសុខភាពឱ្យបាន១០០% ។ និយោជក និងកម្មករនិយោជិតត្រូវរក្សាឱ្យបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយចាត់ទុករោងចក្រជាឆ្នាំងបាយរួម ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕




មន្ទីរសាធារណៈការខេត្តកណ្ដាល ប្រកាសឱ្យពលរដ្ឋ យករថយន្ដទៅឆៀក តាមក្រុង-ស្រុក

មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូន ដំណឹងដល់ប្រជាពលរដ្ឋ ដែលមានរថយន្ដសូមយកទៅឆៀក ដែលចាប់ផ្ដើមឡើងនៅថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ក្នុងក្រុង-ស្រុកចំនួន៨។

យោងតាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាល ដែលទទួលបាននៅ រសៀលថ្ងៃនេះ បានបញ្ជាក់ថា មន្ទីរសាធារណៈការបានសហការជាមួយមជ្ឈមណ្ឌល ត្រួតពិនិត្យលក្ខណៈ បច្ចេកទេស រថយន្ដចល័ត (ឆៀកចល័ត) ដែលនឹងដាក់តាមទីតាំងត្រួតពិនិត្យ នៅក្រុងតាខ្មៅ ស្រុកស្អាង ស្រុកលើកដែក ស្រុកពញាឮ ស្រុកមុខកំពូល ស្រុកខ្សាច់កណ្ដាល ស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង ដោយចំណាយពេល៣ថ្ងៃ សម្រាប់ដាក់នៅទីតាំងនីមួយៗ ដែលបង្ហាញជូននៅក្នុងសេចក្ដី ជូនដំណឹង របស់មន្ទីរ។
បញ្ជាក់បន្ថែមពីលើសេចក្ដីជូនដំណឹងនេះ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាល លោក ម៉ឹង យូឡេង បានបន្ថែមថា ក្រុមការងារក្រសួងសាធារណៈការ បានដាក់រថយន្ដឆៀកចល័ត នៅតាមគោលដៅ ក្នុងក្រុង-ស្រុកចំនួន៨នេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយការស្ទះចរាចរណ៍ ហើយការ ឆៀករថយន្ដនេះ មិនសំដៅ ទៅលើតែប្រជាពលរដ្ឋរស់នៅ ខេត្តកណ្ដាលនោះឡើយ ប៉ុន្ដែបងប្អូនប្រជាពលរដ្ឋទាំងរស់ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងទៀត ក៏អាចយកទៅឆៀកបានផងដែរ ៕




ចាប់ពីថ្ងៃស្អែកនេះតទៅ កម្ពុជា នឹងទទួលរងនូវកូនរដូវប្រាំង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្យុះទី៨ ឈ្មោះ សុនកា បានថយឥទ្ធិ​ពលមកជាសម្ពាធទាបខណៈជ្រលងសម្ពាធទាបខ្សោយអូសបន្លាយលើកម្ពុជា។ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០១៧ ព្យុះទី៩ ឈ្មោះនេសាទ បានកើតឡើង និងកំពុងស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដែលនឹងធ្វើឱ្យកម្ពុជាទទួលរងនូវកូនរដូវប្រាំងក្នុងមួយរយៈពេលខ្លី ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។


លោកនាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលដោះស្រាយបញ្ហា​ទឹកជំនន់​ជូនពលរដ្ឋ​បានទាន់ពេល​ និងស្នើ​ឲ្យបង្កើន​ការយកចិ​ត្ត​ទុកដាក់​បន្ថែមទៀត​

យោងតាមការបង្ហោះផ្សាយក្នុងទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ព្រមទាំងស្ថាប័ន មន្ទីរពាក់ព័ន្ធ រួមទាំងសមាគម អង្គការ ម្ចាស់មូលនិធិ ដៃគូនានា កាកបាទក្រហមកម្ពុជា និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានយកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហាទឹកជំនន់ ព្រមទាំងបានជួយជួសជុលផ្ទះប្រជាពលរដ្ឋ ផ្លូវថ្នល់ និងស្ពានដើម្បីបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ទាន់ពេលវេលា។

លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា សូមអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវបន្តតាមដានឃ្លាំមើល និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និង សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕








ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី អន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរ៥នាក់

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៥នាក់ ដូចមានរាយនាមខាងក្រោម ដែលបានធ្វើដំណើរតាមរថយន្តឆ្លងកាត់ស្ថានទូតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីគេចពីប្រតិបត្តិការឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់របស់អាជ្ញាធរម៉ាឡេស៊ី។


ហេតុអ្វីបានជាមន្រ្តីកូរ៉េខាងជើងមានវត្តមាននៅហ្វីលីពីន មុនវេទិកាតំបន់អាស៊ាន?

កាលពីថ្ងៃពុធ ហ្វីលីពីនបានចេញផ្សាយថា គណៈប្រតិភូកូរ៉េខាងជើងមួយក្រុម ដឹកនាំដោយអនុរដ្ឋមន្រ្តី ការបរទេសលោក Choe Hui-choi បាន និងកំពុងមានវត្តមាននៅទីក្រុង Manila មុនវេទិកាតំបន់ អាស៊ានលើកទី២៤ (ARF) ដែលនឹងប្រារព្ធឡើងនៅដើមខែសីហាខាងមុខនេះ។ កិច្ចប្រជុំរវាងទីក្រុង Pyongyang និងទីក្រុង Manila បង្ហាញពីការកត់សម្គាល់មួយនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដែលកំពុងត្រូវបានបង្កឡើងដោយបញ្ហាជាច្រើន ចំពេលដែលបញ្ហាកូរ៉េខាងជើងកំពុងតានតឹងឡើង។

ដូចដែលខ្ញុំបានកត់សម្គាល់ ទំនាក់ទំនងកូរ៉េខាងជើងជាមួយប្រទេសអាស៊ាន មិនមែនជារឿងថ្មីនោះទេ បើទោះបីជាបញ្ហាជាច្រើននៃទំនាក់ទំនងនេះ ជួបនឹងបញ្ហាក៏ដោយ។

វេទិកាតំបន់អាស៊ាន (ARF) ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ គឺជាឱកាសដ៏កម្រមួយ ដែលការ អភិវឌ្ឍវិស័យការទូតស្តីពីបញ្ហាកូរ៉េខាងជើងអាចកើតមានឡើង។ វេទិកានេះនឹងត្រូវបានចូលរួមដោយកូរ៉េខាងជើង ក៏ដូចជាសមាជិកប្រាំប្រទេសទៀត ដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ចិន និងរុស្ស៊ី។ កូរ៉េខាងជើងគឺជាអ្នកចូលរួមមួយនៅ ARF ចាប់តាំងពីឆ្នាំ ២០០០មក ហើយការវិត្តន៍កន្លងទៅ បានរួមបញ្ចូលកិច្ចប្រជុំដោយឡែក ដោយតួអង្គផ្សេងៗ ក៏ដូចជា ឱកាសជួបប្រជុំគ្នា។

ក៏ប៉ុន្តែ នៅឆ្នាំនេះ ការប៉ាន់ស្មានស្តីពីសារជាតិនៃការចូលរួមរបស់កូរ៉េខាងជើងនៅក្នុង ARF ស្ថិតក្នុង កម្រិតខ្ពស់។ កត្តានេះ ឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពតានតឹងអំពីបញ្ហាកូរ៉េខាងជើង ក៏ដូចជា បញ្ហាផ្សេងៗទៀត ដែលត្រូវបានវិវត្តន៍មុនវេទិកាតំបន់អាស៊ាន។

កូរ៉េខាងជើង មិនបានបង្ហាញពីសញ្ញានៃការកាត់បន្ថយការសាកល្បងនុយក្លេអ៊ែររបស់ខ្លួនទេនៅឆ្នាំនេះ ដោយក្នុងនោះ មានការសាកល្បងមីស៊ីលឆ្លងទ្វីប ICBM នៅថ្ងៃទី៤ ខែកក្កដា ហើយនេះ គឺជាការការគំរាមកំហែងរបស់ពីកូរ៉េខាងជើង។ ក៏ប៉ុន្តែ ក្រៅអំពីជំហផ្ទាល់ទាំងនេះ រដ្ឋាភិបាលទីក្រុង Pyongyang ក៏បានបន្តល្បែងការទូតរបស់ខ្លួនផងដែរ ដោយក្នុងនោះមាន កិច្ចប្រជុំផ្នែកការទូត ជាមួយមន្រ្តីហ្វីលីពីន ដើម្បីស្នើឱ្យពួកគេកុំដាក់សម្ពាធ លើខ្លួនកាន់តែខ្លាំងនៅ ក្នុងកិច្ចប្រជុំអាស៊ាន។

សហរដ្ឋអាមេរិក ស្ថិតក្រោមប្រធានាធិបតីលោក Donald Trump បានបង្កើនការដាក់សម្ពាធផ្នែកការទូត និងសេដ្ឋកិច្ចលើកូរ៉េខាងជើង ព្រមទាំងអំពាវនាវឱ្យប្រទេសអាស៊ានកាត់ ផ្តាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាល ទីក្រុង Pyongyang ថែមទៀតផង។ ទន្ទឹមនឹងនោះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងថ្មី ដោយដឹកនាំដោយ ប្រធានាធិបតី Moon Jae-in បានបង្ហាញពីការបើកចំហកាន់តែខ្លាំង ចំពោះទំនាក់ទំនងការទូត ជាមួយកូរ៉េខាង ជើង បើទោះបីជា មានការគំរាមកំហែងកាន់តែខ្លាំងពីកូរ៉េខាងជើងក៏ដោយ។

វាមិនទាន់ច្បាស់លាស់ថា អ្វីនឹងកើតឡើងនៅឯកិច្ចប្រជុំ ARF នៅខែក្រោយនោះទេ។ រដ្ឋាភិបាលហ្វីលីពីននៅមិនទាន់ច្បាស់ថា នឹងពិភាក្សាអ្វីនៅក្នុងកិច្ចប្រជុំជាមួយនឹងគណៈ ប្រិតភូកូរ៉េខាងជើង នោះទេ។ បើទោះបីជា រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Alan Peter Cayetano បញ្ជាក់ថា រដ្ឋមន្រ្តីកូរ៉េខាងជើងលោក Ri Su-yong នឹងចូលរួមកិច្ចប្រជុំ ARF នេះ។ គាត់បន្តថា ហ្វីលីពីន នឹងបន្តប្រឹក្សាជាមួយសមាជិកអាស៊ាន និងសមាជិកផ្សេងទៀតលើអ្វីដែលគាត់លើកឡើងថា “ជាកិច្ចខិតខំប្រឹងប្រែងរួមស្តីពីឧបទ្វីបកូរ៉េ។”

បើទោះបីជាមានការធានាដោយពាក្យសម្តីរបស់លោក Cayetano ក៏ដោយ សហគមន៍អន្តរជាតិនឹងរង់ ចាំមើលថា តើសេចក្តីថ្លែងការរួមរបស់អាស៊ាន នឹងធ្វើឡើងយ៉ាងដូចម្តេច។ គោលបំណងថ្មីៗនេះរបស់កូរ៉េខាងជើងក្នុងការកាត់បន្ថយការដាក់សម្ពាធនោះ ត្រូវបានបរាជ័យ បើទោះបីជា កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Pyongyang កាលពីឆ្នាំមុន នៅពេលដែលឡាវធ្វើជាប្រធាន ARF សេចក្តីថ្លែងការណ៍នៅតែបញ្ចប់ជាមួយការដាក់ប្រឆាំងទៅនឹងកូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍របស់អាស៊ានពីមុនៗមក ស្តីពីកូរ៉េខាងជើង ក៏មានភាពប្រឆាំងផងដែរ ដោយសារប្រទេស អាស៊ាន ជាច្រើនមានការព្រួយបារម្ភអំពីឥរិយាបថរបស់កូរ៉េខាងជើង។

កូរ៉េខាងត្បូង មិនបានចេញផ្សាយថា បដិសេធទៅនឹងលទ្ធភាពនៃការជួបប្រជុំជាមួយសមភាគី កូរ៉េខាងជើង របស់ខ្លួននៅវេទិកា ARF ខាងមុខនេះទេ។ ក្រៅពីកិច្ចប្រជុំដោយឡែក ដែលត្រូវបានគេរំពឹងថា នឹងកើតមាន ឡើងរវាងអ្នកចូលរួម ARF ក៏ដូចជា មន្រ្តីរដ្ឋបាលលោក Trump ដែលនឹងនិយាយអំពីបញ្ហាសន្តិសុខ រួមទាំងបញ្ហាកូរ៉េខាងជើងនោះ នឹងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីអ្នកសង្កេតការណ៍ទាំងអស់៕


(សូមទស្សនាវីដេអូ) ស្ថានភាពជំនន់​ទឹកភ្លៀង បានចាប់ផ្តើមធូរស្រាល នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ

(សូមទស្សនាវីដេអូ)៖ លោក ញឹម វណ្ណដា ចុះជួបមន្ត្រីតាមបណ្តាខេត្តនានា ដើម្បីក្តាប់ស្ថានការណ៍ជំនន់ទឹកភ្លៀង និងផ្តល់អំណោយត្រៀមទុកសង្គ្រោះពលរដ្ឋ ដែលរងផលប៉ះពាល់ និងរងគ្រោះពីទឹកជំនន់

អាស៊ានត្រូវតែជៀសចេញពីជម្លោះមហាអំណាចនៅក្នុងអាស៊ី

ក្រោយសង្រ្គាមត្រជាក់នៅទស្សវត្សរ៍ ៩០ គឺជាយុគសម័យសន្តិភាពមួយនៅតំបន់អាស៊ី។ ប្រទេសមហាអំណាចទាំងអស់មានភាពស្រស់ស្រាយនឹងគ្នា ហើយទំនាក់ទំនងចិន និងអាមេរិកគឺល្អ។ ប្រទេសចិននៅតែត្រូវការជំនួយពីប្រទេសដទៃទៀត រួមទាំងសមាជិកអាស៊ានផងដែរ។​

សព្វថ្ងៃនេះយើងត្រឡប់មកវិញនូវយុគសម័យនៃការប្រកួតប្រជែងរបស់មហាអំណាចគឺប្រទេសចិនទល់នឹងអាមេរិក ចិនទល់នឹងឥណ្ឌា រុស្ស៊ីទល់នឹងអឺរ៉ុប ។ល។ បច្ចុប្បន្នប្រទេសចិនពេញចិត្តនឹងការអនុវត្តយុទ្ធសាស្រ្តរបស់ខ្លួនដូចជា ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងកោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង ខណៈដែលចិនគាំទ្រឱ្យមានស្ថាប័នតំបន់ដែលដឹកនាំដោយអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន ឬកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។​

វាមានសន្ទុះកាន់តែងខ្លាំងឡើងនៅទស្សវត្ស ៦០ នៅពេលដែលអាស៊ានត្រូវបានបង្កើតឡើង អំឡុងពេលមានការប្រកួតប្រជែងដ៏ខ្លាំងរវាងមហាអំណាច នៅពេលដែលសង្រ្គាមត្រជាក់ ឡើងដល់ចំណុចកំពូល និងសង្រ្គាមវៀតណាម។​

នៅពេលនោះ យុទ្ធសាស្រ្តសំខាន់របស់អាស៊ានគឺសាមគ្គីភាព និងភាពអព្យាក្រិត្យជាមួយប្រទេស មហាអំណាច ទាំងអស់។​ការប្រកួតប្រជែងដ៏ខ្លាំងរបស់មហាអំណាច គឺជារឿងអាក្រក់នៅលើ ទឹកដីប្រទេស ជាម្ចាស់ដូចដែល បានបញ្ជាក់នៅក្នុងប្រទេសវៀតណាមអញ្ចឹង ហេតុដូច្នេះបញ្ហានោះមិនមែនថា ខាងណាល្អ ឬអាក្រក់នោះឡើយ ប៉ុន្តែរបៀបដែលទុកឱ្យឆ្ងាយនូវការប្រកួតប្រជែងគ្នាក្នុងចំណោមមហាអំណាច។ ហើយស្ថានភាពនោះត្រូវបានគេធ្វើឡើងដោយមិនប្រកាន់យកភាគីខាងណាមួយ។ សមាជិកអាស៊ានមានភាពឆ្លាតវ័យដោយ      ផ្តោតទៅលើផលប្រយោជន៍រួមនៅក្នុងតំបន់​។​

ប៉ុន្តែទស្សវត្សរ៍៩០ ​ពួកគេក៏ចាប់ផ្តើមអនុវត្តន៍នូវ «ភាពកណ្តាល» ។ នេះនាំទៅរកគំនិតផ្តួចផ្តើមដូចជា ការបង្កើតស្ថាប័នផ្សេងៗ ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក វេទិកាតំបន់អាស៊ាន និងអាស៊ានបូកបី ដើម្បីដើរតួនាទីស្នូលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។​

ប៉ុន្តែឥឡូវនេះការពង្រីកនូវវិសាលភាពដូច្នោះ ប្រហែលជាដាក់អាស៊ាននៅក្នុងស្ថានភាព ដ៏គ្រោះថ្នាក់ទៅនឹង ការប្រកួតប្រជែងរបស់មហាអំណាច ដែលបញ្ឆេះដោយការទាមទារទឹកដីរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងគោលនយោបាយចំណុចស្នូលរបស់លោក Obama ចំពោះអាស៊ី។ ស្ថានភាពនេះបានធ្វើឱ្យអាស៊ានបែកបាក់ ខណៈដែលអាស៊ាននៅតែរក្សាចង់ បន្តនូវគោលជំហរកណ្តាល របស់ខ្លួនក៏ដោយ ក៏ខ្លួនខ្វះនូវសាមគ្គីភាពរឹងមាំដើម្បីទ្រទ្រង់នូវជំហរនេះ។​

វាគឺជាពេលវេលាសម្រាប់អាស៊ានផ្តោតយកចិត្តទុកដាក់លើតំបន់របស់ខ្លួន ជាជាងស្ថានភាពដ៏ធំ របស់អាស៊ីប៉ាស៊ីហ្វិក និងជំរុញឱ្យមានអព្យាក្រិត្យជាថ្មីម្តង ទៀតដូចដែលបានចែងនៅ ក្នុងគោលការណ៏ ដើម្បីរស់រានមានជីវិត៕


(សូមទស្សនាវីដេអូ) មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានត្រៀមលក្ខណៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ

សាលាខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំស្ដីពីការចែករំលែកបទពិសោធន៍ និងការប្រព្រឹត្តទៅ​ នៃដំណើរការ​យកសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ថ្ងៃទី២១​ ខែសីហា​ ខាងមុខ​

កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំស្ដីពីការចែករំលែកបទពិសោធន៍ និងការប្រព្រឹត្តទៅ នៃដំណើរការយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ។

ក្នុងជំនួបប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក ទូច ស៊ុនណារី ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព) ដោយមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងស.ស.យ.កខេត្ត និងអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តផងដែរ។

ក្នុងឱកាសនោះ លោក គិត មីនារិទ្ធ អនុប្រធានប្រធានមន្ទីរអប់រំខេត្ត បានគោរពរាយការណ៍ជូនគណៈអធិបតីថា សម្រាប់ឆ្នាំ២០១៧នេះ ខេត្តកំពង់ឆ្នាំង មាន៦មណ្ឌល បេក្ខជនប្រឡង៤០០៣នាក់ ស្រី២០០១នាក់។

លោកក៏បានជម្រាបជូនយ៉ាងលំអិតថា មណ្ឌលថ្នាក់វិទ្យាសាស្ត្រ មាន៤មណ្ឌល ក្នុងនោះមណ្ឌលវិទ្យាល័យព្រះបាទសុរាម្រឹត (ខាងកើត) មានចំនួន៣២ បន្ទប់ បេក្ខជនប្រឡងចំនួន៨០០នាក់ មណ្ឌលវិទ្យាល័យ ព្រះបាទសុរាម្រឹត (ខាងលិច) មាន២៨ បន្ទប់ បេក្ខន៧០០នាក់។ មណ្ឌលបឋមសិក្សាគំរូក្រុង(ខាងត្បូង) មាន២១បន្ទប់ បេក្ខជន៥២៥នាក់ និងមណ្ឌលបឋមសិក្សាគំរូក្រុង (ខាងជើង) មាន២០បន្ទប់ បេក្ខជន៤៨៦នាក់ បេក្ខជនសរុប២៥១១នាក់ ស្រី១៣៥០នាក់ និងមាន១០១បន្ទប់។

ដោយឡែក មណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គមវិញ មាន២មណ្ឌល គឺមណ្ឌលវិទ្យាល័យ ក្រុងកំពង់ឆ្នាំង មាន៣០ បន្ទប់ បេក្ខជន៧៥០នាក់ ស្រី៣៣០នាក់ និងមណ្ឌលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ មាន៣០បន្ទប់ បេក្ខជន៧៤២ នាក់ ស្រី៣២១នាក់។

ជាមួយគ្នានោះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ក៏បានជម្រុញឲ្យកម្លាំងប្រដាប់អាវុធបង្កើនកម្លាំង ដើម្បីធ្វអន្តរាមន៍នៅគ្រប់បរិវេណមណ្ឌលប្រឡង និងរាយការណ៍បន្ទាន់ទៅអ.ប.ព ក្នុងករណីមានសំណូកសូកប៉ាន់ និងការរំខានណាមួយដល់ដំណើរការប្រឡងរបស់បេក្ខជន។

លើសពីនោះ លោកបានបន្តជម្រុញឲ្យមន្ទីរអប់រំ សហការជាមួយកងកម្លាំង បិទកន្លែងអាជីវកម្មថតចម្លងឯកសារនានាក្នុងរយៈពេលនៃដំណើការប្រឡង ជាពិសេសជាងនេះទៅទៀត លោកបានសំណូមពរឱ្យខាងមន្ទីរសុខាភិបាល ត្រៀមសហការសម្របសម្រួលចាត់បញ្ជូនកម្លាំងទៅប្រចាំការគ្រប់មណ្ឌលប្រឡង ក្នុងករណីមានបេក្ខជនណាម្នាក់មានបញ្ហាមិនស្រួលផ្នែកសុខភាព៕





ផ្លូវមួយខ្សែ និង​ទំនប់​អូរស្វាយលើ​ ដែលរងការ​បំផ្លាញ​ដោយជំនន់​ទឹកភ្លៀង​ ត្រូវបាន​ជួសជុល​ឡើងវិញ​

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងក្រុមការងារ អញ្ជើញចុះពិនិត្យផ្លូវ និងទំបន់ទឹកអូរស្វាយលើ ដែលស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក និងត្រូវបានជួសជុលឡើងវិញ។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា ផ្លូវ និងទំនប់ ដែលរងការខូចខាតទាំងនេះ គឺពិតជាសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋក្នុងឃុំស្រអែម ក្នុងការប្រើប្រាស់ អាស្រ័យផលកសិកម្មជាច្រើន និងលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់។

ដូច្នេះផ្លូវនេះនឹងធ្វើការជួសជុលឡើងវិញ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត៕






ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បើកប្រាក់គោលនយោបាយដល់ និវត្តជន ជនពិការ និងគ្រួសារមរណៈ

នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំពិធីបើកប្រាក់គោលនយោបាយ ដល់និវត្តជន ជនពិការ និងគ្រួសារមរណៈ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ស្នងការរង នាយ នាយរង ការិយាល័យបុគ្គលិក និងនិវត្តជន ជនពិការ គ្រួសារមរណៈ ។

តាមរបាយការណ៍សង្ខេប ដែលអានដោយ លោកឧត្តមសេនីយ៍ត្រី អ៊ូ វណ្ណរិទ្ធ ស្នងការរង ទទួលផែនធនធានមនុស្ស បានឱ្យដឹងថា ការបើកប្រាក់គោលនយោបាយនាពេលនេះ គឺធ្វើទៅតាមគោលការណ៍ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។ សមាជិកដែលត្រូវបើកប្រាក់ សរុបចំនួន ៧៤នាក់ ក្នុងនោះ និវត្តជនមាន៥២នាក់ ជនពិការ០២នាក់ មរណៈ២០នាក់ ហើយការទទួលបានទឹកប្រាក់ គឺទៅតាមឋានន្តរស័ក្តិ និងអតីតភាពការងារ។
មានប្រសាសន៍ទៅកាន់បងប្អូននិវត្តជន ជនពិការ និងសមាជិកគ្រួសារមរណៈ នាពេលនោះ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ ដែលបានចូលរួម បំរើជាតិមាតុភូមិ នាពេលកន្លងមក បានលះបងកំលាំងកាយចិត្ត និងអាយុជីវិត។

លោកឧត្តមសេនីយ៍ទោ ក៏បានសំណូមពរដល់បងប្អូនដែលចូលនិវត្ត ត្រូវពង្រឹងគោលជំហរ ជឿជាក់លើមាគ៌ារបស់ប្រមុខរាជរដ្ឋាភិបាល និងគោរពតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយបន្តជួយផ្តល់បទពិសោធការងារល្អៗ ដល់កងកម្លាំងជំនាន់ក្រោយ និងចូលរួមទាំងអស់គ្នា ក្នុងការងារការពារសន្តិសុខភូមិឃុំ ជាពិសេសជួយផ្តល់ព័ត៌មាន ពេលបានដឹងពីហេតុការណ៍ផ្សេងៗ ក្នុងមូលដ្ឋាន ៕







អភិបាលខេត្តពោធិ៍សាត់ ណែនាំក្មួយៗគរុសិស្ស ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបឋម ត្រូវធ្វើជាឪពុកម្តាយទី២ និងជាពុម្ពបណ្តុះមនុស្សថ្មី

ពោធិ៍សាត់៖ លោក ម៉ៅ ធិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងណែនាំក្មួយៗគរុសិស្ស ក្រោយបញ្ចប់វគ្គបណ្តុះ​បណ្តាលគ្រូបឋម ត្រូវធ្វើជាឪពុកម្តាយទី២ និងជាពុម្ពបណ្តុះមនុស្សថ្មី ឱ្យមានគុណភាព «លោកគ្រូ អ្នកគ្រូ គឺជាគ្រួសារគំរូ ជាឪពុកម្តាយទី២ ជាពុម្ព និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន ដូច្នេះគប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ នៅពេលត្រលប់ទៅតាមមូលដ្ឋានវិញ»។

លោក ម៉ៅ ធិន បានថ្លែងបែបនេះ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល គ្រូបឋមសិក្សាជំនាន់ទី៣៤ នៅសាលាគរុកោសល្យ និងវិក្រិតការខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិស្រង់តូច សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីលោកស្រី ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងគរុសិស្សជាង១០០នាក់ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ០២១៧នេះ។

លោក ឈុន វណ្ណៈ នាយកសាលាគរុកោសល្យ និងវិក្រិតការ ខេត្តពោធិ៍សាត់ បានធ្វើរបាយការណ៍​សង្ខេបពីស្ថានភាពសាលា និងចំនួនគរុសិស្សដែលបានប្រឡងជាប់ចូលរៀន រយៈពេល២ឆ្នាំ មានចំនួន៨៣នាក់ ក្នុងនោះគរុសិស្សឆ្នាំទី១ មានចំនួន៤៥នាក់ និងឆ្នាំទី២ មានចំនួន៣៨នាក់ ក្នុងនោះគរុសិស្សឆ្នាំទី២ ជំនាន់ទី៣៤ ដែលបានឆ្លងវគ្គបណ្តុះបណ្តាល និងបានប្រឡងបញ្ចប់ជាប់ជាស្ថាពរ មានចំនួន៣៧នាក់។

លោក ម៉ៅ ធិន បានថ្លែងអំណរគុណចំពោះគរុសិស្ស ដែលបានទទួលការបណ្តុះបណ្តាល ឱ្យក្លាយខ្លួនជា​គ្រូបង្រៀននាពេលខាងមុខ និងបានផ្តាំផ្ញើថា ពេលត្រលប់ទៅតាមមូលដ្ឋានវិញ ត្រូវអប់រំកុមារឱ្យក្លាយជា​ទំពាំងស្នងប្ញស្សីដ៏ល្អ ចៀសវាងការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងអំពើអបាយមុខផ្សេងៗ ត្រូវធ្វើជា​គ្រួសារគំរូ ជាឪពុកម្តាយទី២ ជាពុម្ព និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន។ ជាពិសេសត្រូវខិតខំ​បន្តស្វ័យវាយតម្លៃខ្លួនឯងជាប្រចាំ ត្រូវបន្តការអភិវឌ្ឍន៍ខ្លួន ដោយកសាងសមត្ថភាពតាមជំហានៗ ត្រូវមានវិធី​សាស្ត្រល្អ មានសម្ភារក្នុងការបង្ហាត់បង្រៀនសិស្ស និងត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន។

ជាមួយគ្នានោះ លោកអភិបាលខេត្តបានប្រាប់ពីសមិទ្ធផលធំៗ ជាច្រើន ដែលបានធ្វើជូនប្រជាពលរដ្ឋ នៅក្នុងខេត្តរបស់លោក ជាពិសេសផ្លូវខ្វាត់ខ្វែងសម្រាប់ធ្វើដំណើរ ដែលទាំងនេះបានកើតមានឡើង ដោយសារតែប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំផ្ទាល់ពី លោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន ។ លោកបានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះ ដោយបញ្ឈប់ និងលើកលែងលើតម្លៃសេវាផ្សេងៗ ជាមួយនឹងការតម្លើងប្រាក់បៀវត្សន៍ជូនមន្ត្រីរាជការ និងតម្លើងប្រាក់ឈ្នួលដល់កម្មករ ដែលក្នុងនោះប្រាក់បៀវត្តន៍បុគ្គលិកអប់រំយើងមានកម្រិតខ្ពស់ជាងគេ។

នាឱកាសនោះ លោក ម៉ៅ ធិន បានរៀបចំឱ្យមានកម្មវិធីពិសាបាយសាមគ្គី ដើម្បីអបអរសាទរ ក្រោយ​បញ្ចប់វគ្គបណ្តុះបណ្តាល គ្រូបឋមសិក្សាជំនាន់ទី៣៤ ដែលទាំងអស់នោះត្រូវបាន​ការជួយឧបត្ថម្ភពី​លោកទាំងស្រុងផងដែរ ៕






មន្ត្រីបុគ្គលិកច្ចេកទេសអាជ្ញាធរជាតិអប្សរា បានបញ្ចប់​វគ្គបណ្តុះបណ្តាល​ភាសាអង់គ្លេស​ ក្រោមកិច្ចសហការ​ពីស្ថានទូត​អាមេរិក​ ប្រចាំកម្ពុជា​

វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញទំនាក់ទំនងទូទៅ និងជំនាញសរសេរ ចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៦ ដល់ខែកក្កដា ឆ្នាំ២០១៧ និងចែកជា៣វគ្គ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន២៣នាក់ ក្នុងនេះមានស្រីចំនួន១០នាក់ មកពីនាយកដ្ឋានចំនួន៨ផ្សេងគ្នានៃអាជ្ញាធរជាតិអប្សរា។
ការបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់មន្ត្រីបុគ្គលិកបច្ចេកទេស ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា គាំទ្រដោយគម្រោង English Language Fellow Programs បានបិទបញ្ចប់ និងប្រគល់វិញ្ញាបនបត្រនៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា។
ក្នុងឱកាសប្រគល់វិញ្ញាបនបត្រនេះ លោកស្រី Monica Davis មន្ត្រីកិច្ចការវប្បធម៌ស្ថានទូតអាមេរិក បានមានប្រសាសន៍ កោតសរសើរចំពោះអ្នកទាំងអស់គ្នា ហើយអ្នកស្រីគិតថា ការធ្វើការបណ្ដើរ រៀនបណ្ដើរ មិនមែនជាការងាយស្រួលទេ។ អ្នកស្រីសង្ឃឹមថាទាំងអស់គ្នានឹងយកចំណេះដឹងទាំងនេះ ទៅបម្រើក្នុងវិស័យផ្សេងៗ ដែលជាប្រយោជន៍ដល់ប្រទេសកម្ពុជាផ្ទាល់។
ក្នុងឱកាសនៃពិធីបិទវគ្គបណ្តុះបណ្តាល លោក ហង់ ពៅ បានថ្លែងថា អ្នកចេះភាសាអង់គ្លេសប្រៀបដូចជាមានប៉ាស្ព័រសម្រាប់ឆ្លងដែន ឬមានអាវុធសម្រាប់ប្រយុទ្ធ។
លោកបន្តថា យើងត្រូវធ្វើការប្រកួតប្រជែងការងារ ដូច្នេះភាសាអង់គ្លេសជាមធ្យោបាយយ៉ាងសំខាន់សម្រាប់ខ្លួនយើង។ អង់គ្លេសជាភាសាសំខាន់ និងសំខាន់សម្រាប់រយៈពេលយូរអង្វែង។ លោកចងឲ្យអ្នកទាំងអស់គ្នា ប្រើភាសាអង់គ្លេសដើម្បីពន្យល់ជនបរទេសឱ្យយល់ពីវប្បធម៌ខ្មែរ ជាជាងឱ្យជនបរទេសពន្យល់ជនបរទេសអំពីវប្បធម៌ខ្មែរ។
កញ្ញា ម៉ៅ ជូណា ជាសិក្ខាកាមមួយរូប បានបង្ហាញនូវទឹកចិត្តរីករាយចំពោះការបណ្ដុះបណ្ដាលនេះថា កញ្ញាពិតជារំភើបណាស់ចំពោះការបណ្ដុះបណ្ដាលមួយនេះ។ វាពិតជាធ្វើឱ្យយើងបានទទួលនូវបទពិសោធន៍ថ្មីៗ ធ្វើឱ្យយើងក្លាហាន។ ពិសេសគឺយើងមានការអភិវឌ្ឍលឿនបំផុត ស្ទើរនឹកស្មានមិនដល់៕







សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រិះគន់ភាពយន្តឯកសារ CNN រឿង «ក្មេងស្រីកម្ពុជាត្រូវបានម្តាយលក់ឱ្យបម្រើផ្លូវភេទ»

ខ្សែភាពយន្តឯកសារ CNN រឿង «ក្មេងស្រីកម្ពុជាត្រូវបានម្តាយលក់ឱ្យបម្រើផ្លូវភេទ» កំពុងត្រូវបានទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលជាបណ្តុំស្ថាប័នសារព័ត៌មានជាច្រើននៅកម្ពុជា។
ក្នុងពេលថ្មីៗនេះ ទូរទស្សន៍ CNN បានចាក់ផ្សាយវីដេអូឯកសារមួយក្រោមចំណងជើងថា «ក្មេងស្រីកម្ពុជាត្រូវបានម្តាយលក់ឱ្យបម្រើផ្លូវភេទ» ជាច្រើនលើកច្រើនសារ។ ពាក់ព័ន្ធនឹងការចាក់ផ្សាយនេះដែរ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានរិះគន់ថា ភាពយន្តនេះមានកំហុសឆ្គងជាច្រើនដោយ សារការបកស្រាយមិនត្រឹមត្រូវ ដែលនាំឱ្យមានផលប៉ះពាល់ដល់កិត្តិនាមប្រទេសកម្ពុជានៅលើសកលលោក។ លោក ក៏បានបន្ថែមថា មិនគួរណាផ្សាយបំភ្លៃ ធ្វើឱ្យប៉ះពាល់ដល់ប្រជាជនកម្ពុជា ដែលជាប្រជាជាតិមួយ គោរពលើកតម្កើងតម្លៃស្រ្តី ជាប្រជាជាតិដែលមានស្នាមញញឹមស្រស់ស្រាយរាក់ទាក់ និងជាប្រទេសមួយដែលជាគោលដៅទេសចរណ៍វប្បធម៌ផងដែរ៕