Friday, July 28, 2017

រាជរដ្ឋា​ភិបាល​ចំណាយប្រាក់​ជិត២០០លាន​ដុល្លារក្នុង​មួយឆ្នាំៗ​សម្រាប់ការជួស​ជុលផ្លូវថ្នល់​

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថារាជរដ្ឋាភិបាល បានចំណាយ ទឹកប្រាក់ជិត២០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីថែទាំ និងជួសជុលផ្លូវថ្នល់នៅទូទាំងប្រទេសជារៀងរាល់ឆ្នាំ។ ជាមួយគ្នា លោករដ្ឋមន្ត្រីបានអំពាវនាវដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់មេត្តាកុំផ្ទុកលើសទម្ងន់ ដែលជាមូលហេតុចំបងនៃការធ្វើឲ្យផ្លូវថ្នល់ឆាប់ខូចខាត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងប្រាប់ក្រុមអ្នកសារព័តមានដូច្នោះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (សាខាភ្នំពេញថ្មី) ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ស៊ុន ចាន់ថុលបានបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំៗ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយទឹកប្រាក់ជិត២០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើការថែទាំ និងជួសជុលផ្លូវថ្នល់ ហើយការចំណាយទឹកប្រាក់ច្រើនបែបនេះ គឺដោយសារតែកម្ពុជាមានផ្លូវថ្នល់ច្រើន។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលក៏បានអំពាវនាវទៅម្ចាស់យានយន្តទាំងអស់ដែលដឹកលើសចំណុះ មេត្តាជួយថែទាំផ្លូវជាតិ ហើយកុំដឹកទំនិញហួសកំណត់ខុសពីច្បាប់ ព្រោះថាកត្តានេះហើយដែលធ្វើឲ្យផ្លួវ ឆាប់រិចរិល ឆាប់ខូច ដែលធ្វើឲ្យខាតបង់ថវិការជាតិដ៏ច្រើនផងដែរ។
សូមរម្លឹកថា ថ្មីៗនេះ លោក ស៊ុន ចាន់ថុល ក៏បានព្រមានចាត់វិធានការចំពោះមន្ត្រីខិលខូចនៅកន្លែងថ្លឹងរថយន្តតាមផ្លូវជាតិមួយចំនួនដែលបណ្តោយរថយន្តទាំងនោះ ផ្ទុកទំនិញលើសកំណត់ ដោយលោកបញ្ជាក់ថា សកម្មភាពអនុញ្ញាតិឲ្យម្ចាស់រថយន្តឆ្លងកាត់ដោយមិនថ្លឹងត្រឹមត្រូវ គឺត្រូវបានថតទុកក្នុងកាំមេរ៉ាសុវត្ថិភាពទាំងអស់៕






No comments:

Post a Comment